លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពីសប្តាហ៍មុន។ រូបថត ហេង ជីវ័ន |
សូរ សមយុទ្ធ ភ្នំពេញ ប៉ុស្តិ៍ TUESDAY, 01 OCTOBER 2013
ក្រោយ ការដួលរលំនៃរបបអាវខ្មៅខ្មែរក្រហម នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩ រហូតមកដល់ឆ្នាំ ១៩៩១ កម្ពុជា ជាប្រទេសមួយ ដែលមានតំបន់គ្រប់គ្រងបួន គឺភាគីរដ្ឋកម្ពុជា នៃរបបលោក ហេង សំរិន ភាគីខ្មែរក្រហម ភាគីខ្មែរតស៊ូ ជាយដែន ខ្មែរ-ថៃ លោកតា សឺន សាន និងភាគី ហ៊្វុនស៊ិនប៉ិច នៃសម្តេច នរោត្តម សីហនុ។ ២០ ឆ្នាំក្រោយមក កម្ពុជា នៅតែជាជាតិមួយ ដែលមាននគរពីរ មិនមែនការបែងចែកទឹកដីទេ តែគឺការបែងចែកមនោគមវិជ្ជានយោបាយដ៏ស៊ីជម្រៅក្នុងបេះដូងរាស្ត្រខ្មែរដែលគាំទ្រគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ មើលទៅដូចជាទឹក និងប្រេង ដែលពិបាកនឹងធ្វើការជាមួយគ្នា ព្រោះពួកគេ ដេកលើគ្រែតែមួយ តែគេមានសុបិនផ្សេងគ្នា។
ស្ទើរពេញមួយថ្ងៃ ដែលប្រមុខរដ្ឋាភិបាល បានចំណាយពេលវេលាដ៏យូរដើម្បីថ្លែងពីគោលនយោបាយរដ្ឋាភិបាល អាណត្តិ ទី ៥ ដោយឆ្លៀតសំពងមន្ត្រីរបស់ខ្លួនដាក់កញ្ចក់ទូរទស្សន៍បង្ហាញរាស្ត្រ ថា រដ្ឋាភិបាលអាណត្តិ ទី ៥ នេះ គឺខុសពីអាណត្តិកន្លងទៅ។ ទោះជាសម្ដីគាត់ ម៉ឺងម៉ាត់យ៉ាងណាក៏ដោយ ក៏អ្នកស្តាប់ អ្នកមើល នៅតែចោទជាសំណួរថា «និយាយលេង ឬនិយាយមែន?» ឬសំណួរចំអកគ្នាថា «ជឿមិនជឿ?»។
សម្រាប់ខ្ញុំជាយុវជនម្នាក់ ខ្ញុំមិនមានជំនឿទាល់តែសោះ ចំពោះនយោបាយកំណែទម្រង់ ក្នុងអាណត្តិ ទី៥ នេះ ព្រោះខ្ញុំមាន ទឡ្ហីករណ៍ ៦ យ៉ាង ជាកត្តាសន្យានុម័តផង ជាកត្តាបរានុម័តផង ដែលកំណត់ជោគវាសនារបស់រដ្ឋាភិបាលនេះថា ងាប់ ឬរស់ ឬមិនងាប់តែរស់ទាំងត្រដរ?
ទី១.មេដឹកនាំរដ្ឋ ពោលគឺនាយករដ្ឋមន្ត្រី នៅដដែល ជាមេទ័ព ដែលតែងតែប្រើទ្រឹស្តីឆ្កែចេះតែព្រុស មនុស្សចេះតែដើរ ឬបើទោះមាន់មិនរងាវ ក៏ថ្ងៃនៅតែរះ។ រាស្រ្តក្នុងនគរ មិនទាន់បាត់ក្តៅរឿងបោះឆ្នោតផង បែរជារៀបចំល្ខោនធំមួយ ដោយម្នាក់ ហៅម្នាក់ឆ្លើយព្រឹកបង្កើតសភាល្ងាច បង្កើតរដ្ឋាភិបាលថ្ងៃស្បថយប់កាន់តំណែងផ្ញើលិខិតអបអរសាទរឲ្យ គ្នាទៅវិញទៅមកកណ្តាលថ្ងៃចែស ត្រូវបានក្រុមប្រឆាំងហៅថា ជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ តែបក្សទេវតាថា នេះជាច្បាប់តម្រូវ។ ម្យ៉ាងដែរអត្ថបទច្បាប់រដ្ឋធម្មនុញ្ញ មួយ ប្រើបានតែមួយបក្ស ត្រូវបានតែមួយក្រុមចុះលោកមិនដឹងទេថា លួចឆន្ទៈរាស្ត្រមកទ្រាប់គូទអង្គុយ ស្មើនឹងប្លន់សិទ្ធិរាស្រ្ត ប្លន់សិទ្ធិរាស្ត្រ ស្មើនឹងឆក់អំណាចរាស្ត្រ ឆក់អំណាចរាស្ត្រ ស្មើនឹងសម្លាប់រាស្ត្រ។ ចង់ធ្វើនាយករដ្ឋមន្ត្រី បក្សប្រជាជន ឬនាយករដ្ឋមន្ត្រី នៃប្រជាជាតិខ្មែរទាំងមូល? បើស្រឡាញ់ ស្មោះស្ម័គ្រមែនចាំបាច់ដាក់បង្អោងឡើងតាមបង្អួចធ្វើអី? ចាំតាមសម្រួលមិនបានទេអី? ពេលមាត់និយាយសន្យាថាកែ តែបានធ្វើកំហុសធំៗពីររួចហើយ នៅថ្ងៃ ទី២៣ និង ២៤ កញ្ញា។
ទី ២.បក្សដឹកនាំរដ្ឋនៅដដែល ពោលគឺ គ.៨៥ នៅតែមានអំណាចខ្លាំងជាងរដ្ឋ ហើយបក្សធំជាងរដ្ឋ គឺជាសារជាតិនៃការដឹកនាំបែបផ្តាច់ការ។ ចង់ធ្វើជារដ្ឋាភិបាលនៃបក្សប្រជាជន ឬធ្វើរដ្ឋាភិបាលនៃប្រជាជាតិខ្មែរ? ក្រែងច្បាប់សរសេរដោយរាស្ត្រ វាទាល់តែដើម្បីរាស្ត្រ បើដើម្បីរាស្ត្រគឺរាស្ត្រមួយនគរ មិនមែនរាស្ត្រនៃបក្សប្រជាជនតែម្ខាងនោះទេ។ បើច្បាប់ដើម្បីរាស្ត្រអ៊ីចឹងរាស្ត្រចង់កែឲ្យទៅជាស្ពៃជ្រក់ ឬជាម៉ាំ ផ្អក ក៏បានដែរឲ្យតែគាត់ចង់បាន ដើម្បីប្រយោជន៍រាស្ត្រ។ បើច្បាប់ថា ៦០ ថ្ងៃបង្កើត ចុះបើថែម ៣០ ថ្ងៃទៀត តើវាចង្រៃអី? ព្រោះរាស្ត្រមួយចំហៀងនគរមិនទាន់ស្ងប់ចិត្ត។ ចង់ឈ្នះឆ្នាំ ២០១៣ ចុះ ២០១៨ លែងចង់ឈ្នះហើយអី? យុត្តិធម៌ជាមូលដ្ឋាននៃឯកភាពជាតិហើយឯកភាព ជាតិ ជាគ្រឹះនៃសន្តិភាព ចុះបើចេះតែយកអំណាចបក្សជាន់ឈ្លីលើច្បាប់នគរ រាស្ត្រឈឺចាប់ទ្រហោយំគ្រប់ទិសទី តើបានឯកភាពជាតិមកពីណា? ហើយអត់ឯកភាពជាតិតើសន្តិភាពពិត កើតមកតាមណា? ២០ ឆ្នាំហើយ រាស្ត្រមើលឃើញថា បក្សទេវតាហាក់ដូចជាទុករាស្ត្រគ្រាន់តែជាស្មៅហើយដរាបណាបក្សនៅតែធំជាងរដ្ឋ នោះរាស្ត្រគ្រាន់តែជាក្រណាត់ជូតមាត់ ដែលរដ្ឋប្រើប្រាស់ពេលត្រូវការតែប៉ុណ្ណោះ។
ទី៣.មនុស្សនៅដដែល ពោលគឺគណៈរដ្ឋមន្ត្រី នៅដដែល គ្រាន់តែដូរពីលំចង់ទៅជា ព្រលឹត គឺនៅតែជាផ្កាវល្លិសម្អុយភាគច្រើនដកមេក្រសួងលុយ? ផ្កាស្អុយ ទោះជាដកពីលើដុំលាមក ទៅដាំលើដុំមាស ក៏នៅតែស្អុយដដែល។ ក្រសួង ការបរទេស និងគណៈរដ្ឋមន្ត្រីគិតយ៉ាងម៉េច? តើមិនមែនក្រសួងគ្រួសារទេឬ? និយាយពីមន្ត្រីទូតនៅក្រៅប្រទេសយ៉ាងហោចណាស់ត្រូវធ្វើការងារ បីយ៉ាង គឺជួយការពាររាស្ត្រខ្លួន ជួយផ្សព្វផ្សាយគោលនយោបាយរដ្ឋ និងរកវិនិយោគទុនមកបង្កើនទ្រព្យក្នុងនគរ។
កន្លងទៅនេះមាននិស្សិតខ្មែរ ពលរដ្ឋខ្មែរជាច្រើន រស់នៅនិងរៀនសូត្រនៅបរទេសបួនដប់ម្ភៃឆ្នាំហើយអត់ដែលស្គាល់មុខមន្ត្រីទូតយ៉ាងម៉េចទេ ព្រោះឮថា មន្ត្រីទាំងនោះ រវល់បង់កេជប់លៀងស៊ីផឹក បើមិនអ៊ីចឹង គឺដើររកក្រុមហ៊ុនមកវិនិយោគក្នុងក្រុមហ៊ុនគ្រួសារខ្លួននៅស្រុកខ្មែរមិនបានទេ។ ចាយប្រាក់ខែនគរ តែមិនបម្រើរាស្ត្រតើជាមន្ត្រីស្អីទៅវិញ? មន្ត្រីចោលម្សៀតព្រោះក្នុងប្រាក់ខែគាត់ ក៏មានលុយពន្ធខ្ញុំ និងម្តាយខ្ញុំ ដែលធ្វើស្រែបែកញើសហូររហាមក្នុងនោះដែរ។ មាត់ថា កែតែគណៈរដ្ឋមន្ត្រី នៅតែមានក្បាលធំជាងខ្លួនដដែល។ ២០ ឆ្នាំហើយ ការតែងតាំងមន្ត្រី គឺហាក់ដូចគ្រាន់តែជាទីលានចែកអំណាចគ្នាស៊ីផឹកជាជាងការរៀបចំកម្លាំងដើម្បីកសាងនគរ។
ទី៤.ប្រព័ន្ធគ្រប់គ្រង និងដឹកនាំគឺនៅដដែល ពោលគឺ ២០ ឆ្នាំហើយ រាស្ត្រខ្មែរសង្កេតឃើញថា ប្រព័ន្ធគ្រប់គ្រងនៅតែប្រើមាត់ជាងច្បាប់ ចំណែកប្រព័ន្ធដឹកនាំគឺប្រើមនុស្សជាងស្ថាប័ន វាទាល់តែគ្រួសារអញ ទើបមានការងារធ្វើ បើមិនអ៊ីចឹងទេ ដាំចេកអេសចៃក្នុងក្រសួងមិនខាន។
ចង់កែទម្រង់រដ្ឋដំបូង ទាល់តែដូរមនុស្ស ដើម្បីឲ្យមនុស្សទៅកែប្រព័ន្ធ។ បើដូរមនុស្សហើយ ត្រូវដូរប្រព័ន្ធទៀត ព្រោះបើដូរតែមនុស្ស តែប្រព័ន្ធនៅដដែល ទោះមនុស្សល្អយ៉ាងណា មិនយូរទេ ប្រព័ន្ធសម្អុយនេះ នឹងប្រែក្លាយអាចារ្យឲ្យទៅជាអាចោរជាមិនខាន ផ្ទុយមកវិញ បើដូរតែប្រព័ន្ធ តែមនុស្សនៅដដែល មិនយូរមិនឆាប់ មនុស្សខូចនេះ នឹងទៅបង្កើតប្រព័ន្ធសម្អុយថ្មីមួយទៀត ដើម្បីគេចផុតពីច្បាប់ថ្មី ហើយដេកស៊ីទ្រព្យនគរ ៥ ឆ្នាំទៀត រួមផ្សំនឹងកត្តាចិត្តសាស្ត្រផង ព្រោះមន្ត្រីទាំងនោះដឹងថា ពេលនេះ ឆ្នាំនេះ អាណត្តិនេះ គឺជាពេលចុងក្រោយសម្រាប់ខ្លួនហើយ ដូចនេះ មិនកែឡើយ មានតែស៊ីថែមស៊ីដោយប្រយ័ត្ន ស៊ីយ៉ាងស្អាត ដើម្បីសោយសុខនៅចុងជីវិត។ អ្នកណាមិនដឹងថា មនុស្សរត់លឿន ទាល់តែឈរឲ្យនឹងសិន ដើម្បីឈរឲ្យនឹង ទាល់តែជើងរឹងមាំ ដើម្បីឲ្យជើងរឹងមាំ ទាល់តែជើងមានកម្លាំង ដើម្បីឲ្យជើងមានកម្លាំងទាល់តែស៊ីឆ្អែត ដើម្បីឲ្យក្រពះឆ្អែត វាទាល់តែក្បាលពូកែរកស៊ី ចុះបើក្បាលជាប្រព័ន្ធ វានៅដដែលតើរត់លឿនឬមិនលឿន? ឆ្អែត ឬមិនឆ្អែត? កែបាន ឬមិនបាន?
ទី៥.គោលនយោបាយភាគច្រើនបំផុត ស្ទើរទាំងអស់ គឺដដែល អ្វីដែលលើកឡើង នៅវិមានសន្តិភាព ហើយដែលថ្មី គឺជាអនុសាសន៍ មិនមែនជាគោលនយោបាយធំៗ ស៊ីជម្រៅចាំបាច់ សម្រាប់ការអភិវឌ្ឍ និងធ្វើកំណែទម្រង់នោះទេ ហើយប្រសាសន៍អស់ទាំងនោះរាស្ត្រខ្មែរ បានឮជាង ៣០ ឆ្នាំហើយ នៅពេលស្តាប់ឮម្តងទៀត អ្នកស្រែភូមិខ្ញុំគាត់ថា «អត់ស្កៀបអីតិចអាវ៉ាអើយ» ខ្ញុំសួរគាត់ថា ហេតុអី? អាដែលអាដែលទេអាតូចអើយ! កន្លងទៅតាមរយៈអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានរៀបចំរួចហើយ ដើម្បីឲ្យមន្ត្រីរដ្ឋាភិបាលទាំងលើទាំងក្រោម ទាំងតូច ទាំងធំ បានចូលរួមឆ្លើយបំភ្លឺសំណួររាស្រ្តម្ចាស់ឆ្នោតហើយខ្ញុំតែងតែបានចូលរួម តាមភូមិ តែភាគច្រើន មន្ត្រីរដ្ឋាភិបាល មិនទៅទេ គេថាជាប់បេសកកម្ម បើទៅវិញពេលពលរដ្ឋសួរមេភូមិ មេភូមិថា ឲ្យចាំសួរមេឃុំ ពេលជួបមេឃុំថា ចាំសួរមេស្រុក ដល់ទៅឃើញមេស្រុក ថាចាំជួបមេខេត្ត ដល់បានជួបមេខេត្ត ថាចាំសួររដ្ឋមន្ត្រីដល់ពេលឡើងមកជួបរដ្ឋមន្ត្រី គេថា ឲ្យទៅសួរមេខេត្ត ជួបខេត្ត ថាសួរស្រុក ជួបស្រុកថា សួរឃុំ ជួបឃុំថាសួរភូមិ ដល់ពេលត្រឡប់ដល់ភូមិ គាត់ថា «ហួសសមត្ថភាពដោះស្រាយមិនកើត» អ៊ីចឹងបើជួបទៀត ក៏គ្មានអ្វីប្លែកព្រោះមនុស្សដដែល។ មនុស្សដដែលវាតាអាដែលនឹង។ មន្ត្រីភាគច្រើនប្រើគ្នាចង់ងាប់ចង់រស់ តែមិនដែលឲ្យគ្នារៀនសូត្រអ្វីថ្មីឡើយ។
ទី៦.២០ ឆ្នាំហើយដែលខ្ញុំបានឮអំពីមូលដ្ឋានគ្រឹះ នៃនយោបាយចតុកោណ ដោយចាប់ផ្តើមពីមនុស្ស ផ្លូវ ភ្លើង ទឹក។ មិនខុសទេ ទាំងនេះ ពិតជាមួយចំណែកធំ នៃមូលដ្ឋានសេដ្ឋកិច្ច និងការអភិវឌ្ឍមែនហើយ កន្លងទៅរាស្ត្រខ្មែរឃើញផ្លូវស្ពានថ្នល់ ខ្វាត់ខ្វែង ក៏ប៉ុន្តែក្នុងស្ថានភាពឱនភាពថវិកា ចាយច្រើនជាងចូលតាំងពីឆ្នាំ ១៩៩៣ មក ដែលនៅមិនទាន់ដោះស្រាយចេញនោះ ក្នុងរយៈពេល ៥ ឆ្នាំនេះ រដ្ឋមិនអាចមានលុយសង់នូវហេដ្ឋារចនាសម្ព័ន្ធឲ្យគ្រប់គ្រាន់នឹងតម្រូវការសម្រាប់ជាសរសៃឈាមសេដ្ឋកិច្ចបានឡើយ។ ចំណែកឯធនធានមនុស្សវិញ មើលទៅសាលាគ្រាន់តែជានិមិត្តរូបច្រើនជាងការអប់រំ រៀនគ្រាន់តែយកសញ្ញាបត្រជាងចំណេះវិស័យអប់រំ មានតែរូបភាពតែខ្វះខ្លឹមសារពិត និយាយរួមទៅគ្រឹះទាំងបួននេះនៅទាប នៅខ្សោយណាស់ បើធៀបនឹង មហិច្ឆតាកំណែទម្រង់ក្នុងអាណត្តិ ទី៥។ លើសពីនេះក៏មានការលើកឡើងពីការផ្តល់ឱកាសឲ្យកាន់តែច្រើនដល់យុវជន តែបើខ្ញុំចាំមិនខុស បេក្ខជនតំណាងរាស្ត្រវ័យក្មេងរបស់បក្សទេវតាទាំង ១៤ រូបគឺសុទ្ធតែកូនមន្ត្រីធំគ្រាក់ៗ មិនមានវត្តមាន កូនអ្នកស្រែសកម្មជនបក្សណា បានឈរឈ្មោះម្នាក់ឡើយនេះគេមិនហៅថាឱកាសទេគេហៅថាប្រហោង។
សរុប ទៅក្នុងនាមជាយុវជនម្នាក់ ខ្ញុំគ្មានជំនឿទាល់តែសោះថា រដ្ឋាភិបាលអាណត្តិ ទី ៥ នេះកែទម្រង់អ្វីជាធំដុំកំភួននោះគឺមិនអាចទេ។ មិនស្លាប់ តែរស់ទាំងត្រដរ។ វិធីតែមួយគត់ជួយសង្គ្រោះជីវិតរដ្ឋាភិបាលនេះសម្រាប់ឆ្នាំ ២០១៨ បានគឺត្រូវអនុវត្តនយោបាយលូកដៃដាច់ដៃលូកជើងដាច់ជើង ចំពោះមន្ត្រីណាក៏ដោយ ដែលប្រឆាំងនឹងនយោបាយកំណែទម្រង់រដ្ឋ។ បើគ្រាន់តែកោកៗ សឹកមាត់ត្រដោក ឆ្អែតតែពោះក្របី ដូចអាណត្តិមុននោះ «កុំសង្ឃឹមអាវ៉ា នាំគ្នាដាំចេកទៅ»៕
និសិត្សក្មេងវត្ត កូនអ្នកស្រែ សូរ សមយុទ្ធ Sosamyuth@gmail.com ពី កំពង់ឆ្នាំង
5 comments:
What if the new person their brain still the Communist brain!
Need to change the Communist System out! Replace the Democracy System in!!!
ចង់កែទម្រង់រដ្ឋត្រូវតែដូរមនុស្ស ដើម្បីឲ្យមនុស្សទៅកែប្រព័ន្ធ
Yuon spy Kiet Chhon still stands.
Oh Lord Jesus Christ, please save us all from evils!!!
Amen!
As long as AH HUN SEN Vietcong slave still a leader and who give a fuck about many different faces in his government?
Change start with AH HUN SEN Vietcong slave himself!
strange that Lauk Aun Porn Monirath has grey hair when Lauk Kiet Chhon doesn't. He's probably been working harder than his former boss.
Post a Comment