ពលរដ្ឋសហគមន៍ដែលមានទំនាស់ដីធ្លីជាង ១០០នាក់ មកពីសហគមន៍បុរីកីឡា បឹងកក់ និងថ្មគោល បានទៅជួបជុំគ្នានៅសាលារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លី និងផ្ទះសម្បែងរបស់របស់ពួកគាត់។ ការជួបជុំគ្នានេះ នាំឲ្យមានការប៉ះទង្គិចគ្នារវាងពលរដ្ឋនិងសមត្ថកិច្ច។
អ្នកតវ៉ាបញ្ហាដីមកពីសហគមន៍ ៣ ប៉ះទង្គិចជាមួយសមត្ថកិច្ច នៅមុខសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ តុលា ឆ្នាំ២០១៣។ RFA/Uon Chhin |
អ្នកតវ៉ា ៦នាក់ក្នុងចំណោមអ្នកតវ៉ាជាង ១០០នាក់ បានរងរបួសនិងសន្លប់ ខណៈដែលកងកម្លាំងប៉ូលិសបំបែកពួកគាត់ដែលព្យាយាមបិទផ្លូវខាងមុខសាលារាជធានី នៅព្រឹកថ្ងៃទី១៧ ខែតុលា។ កងកម្លាំងសមត្ថកិច្ចដែលមានគ្នាច្រើនជាងអ្នកតវ៉ា បានប៉ះទង្គិចគ្នា ១ប្រាវជាមួយពលរដ្ឋដែលភាគច្រើនជាស្ត្រី។
ពលរដ្ឋមកពីសហគមន៍បុរីកីឡា អ្នកស្រី ខែម ស្រី ដែលកំពុងកោសខ្យល់ក្បែររបងសាលារាជធានី ថ្លែងថា អ្នកស្រីត្រូវកម្លាំងសមត្ថកិច្ចប្រើអំពើហិង្សាលើរូបគាត់ ក្នុងគ្រាដែលពួកគាត់គ្រាន់តែចង់ឲ្យអាជ្ញាធរជួយសម្របសម្រួលឲ្យក្រុមហ៊ុនផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន សង់ឲ្យបាន ១០អាគារ តាមកិច្ចសន្យាដែលក្រុមហ៊ុននេះសង់តែ ៨អាគារ។
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញមកទទួលញត្តិពីតំណាងសហគមន៍បុរីកីឡា នៅសាលារាជធានីភ្នំពេញ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត បានចាត់ទុកទង្វើរបស់អាជ្ញាធរថា បានប្រើប្រាស់ហិង្សាមកដោះស្រាយបញ្ហាជាមួយពលរដ្ឋគឺការរំលោភសិទ្ធិមនុស្ស។
ពលរដ្ឋក្នុងសហគមន៍បុរីកីឡា បានតវ៉ាជាច្រើនលើកច្រើនសាទៅសាលារាជធានីភ្នំពេញ ដើម្បីសុំឲ្យមានការដំណោះស្រាយដោយសង់អាគារបន្ថែមដល់ពួកគេ ខណៈដែលពួកគាត់កំពុងរស់នៅក្រោមតង់ ក្រោមជណ្ដើរផ្ទះគេ និងនៅក្បែរគំនរសំរាមដែលក្មេងៗកំពុងប្រឈមនឹងបញ្ហាសុខភាព៕
1 comment:
VERY GOOD JOBS'S POLICEMAN.
Post a Comment