ព្រះសង្ឃនិងប្រជាពលរដ្ឋ ពេលប៉ះទង្គិចជាមួយសមត្ថកិច្ចកាលពីថ្ងៃម្សិលមិញ។ រូបថត ស្រេង ម៉េងស្រ៊ុន |
ម៉ៃ ទិត្យថារ៉ា ភ្នំពេញ ប៉ុស្តិ៍ Friday, 11 October 2013
ភ្នំពេញៈ ប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណជា ៣០០ អង្គនិងនាក់ តំណាងឲ្យប្រជាពលរដ្ឋ ៥៥ ម៉ឺននាក់ ដែលជាអតីតជនរងគ្រោះដោយការបណ្តេញចេញដោយបង្ខំពីសំណាក់រដ្ឋាភិបាលអាណត្តិ ទី៤ បានប្រមូលផ្តុំគ្នានៅបរិវេណរូបសំណាក់លោកយាយ ពេញ ដើម្បី ប្រារព្ធធ្វើពិធីទិវាសិទ្ធិលំនៅឋានពិភពលោក បើទោះបីជាពុំមានការអនុញ្ញាតពីសាលារាជធានី ភ្នំពេញ បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសមត្ថកិច្ចដែលព្យាយាមរារាំងពុំអនុញ្ញាតឲ្យដង្ហែយកញត្តិទៅដាក់នៅសាលាក្រុង។
ក្រុមប្រជាពលរដ្ឋមកពី ៥០ សហគមន៍នៅក្នុងរាជធានី ភ្នំពេញ បានមកជួបជុំគ្នានៅក្នុងបរិវេណរូបសំណាក់លោកយាយ ពេញ នៅក្បែររមណីយដ្ឋាន វត្តភ្នំ ដោយពាក់អាវយឺតពណ៌ស និងរំលេចទៅដោយអក្សរថា សហគមន៍អ្នកក្រីក្រជាតំបន់ស្របច្បាប់ ហើយសំឡេងឧគ្ឃោសនសព្ទបានឮកងរំពងឆ្លងឆ្លើយគ្នានៅខាងត្បូង រមណីយដ្ឋាន វត្តភ្នំ ពីសំណាក់អាជ្ញាធរខណ្ឌ ដូនពេញ និងប្រជាសហគមន៍ ដែលជាការរំខានមិនឲ្យប្រជាសហគមន៍ប្រារព្ធពិធីបានទៅដោយរលូន។
អ្នកស្រី ឌុល ចន្ថា អតីត ប្រជាពលរដ្ឋដីក្រហម ដែលត្រូវបានបណ្តេញចេញកាលពីចុងខែ មករា ២០០៩ បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋក្លាយជាខ្លួនគ្មានការងារធ្វើគ្មានផ្ទះសម្បែងរស់នៅកូនបាត់បង់សាលារៀនដោយសារតែការអភិវឌ្ឍរបស់រដ្ឋាភិបាល អាណត្តិ ទី៤ ហើយពលរដ្ឋក្រីក្រទាំងនោះធ្វើអ្វីក៏មិនដែលចេះត្រូវដែរ។
អ្នកស្រី បានថ្លែងទៀតថា៖ «វាអយុត្តិធម៌ណាស់សម្រាប់ពួកយើង ដូច្នេះថ្ងៃនេះ យើងគ្រាន់តែមកបញ្ចេញមតិសោះ បែរជាយកកម្លាំងមករារាំងដោយប្រើពាក្យថា ការពារ ការពារ ស្អីគឺយកមកគ្រាន់បាញ់ផ្សែងបង្ហូរទឹកភ្នែក និងបាញ់យើងតែប៉ុណ្ណោះ ដូចដែលខ្ញុំបានជួបកាលពីពួកគេមកឈូសផ្ទះរបស់ប្រជាពលរដ្ឋពួក ខ្ញុំ»។
អ្នកស្រី ជា ណារ៉េត តំណាងប្រជាពលរដ្ឋ បឹងកក់ ដែល ត្រូវបានជម្លៀសទៅរស់នៅឯឃុំ ភ្នំបាត បានថ្លែងឲ្យដឹងថា បើទោះបីជាអ្នកស្រីជាសហគមន៍ក្រីក្រក៏ដោយប៉ុន្តែអ្នកស្រីក៏ មានសិទ្ធិសេរីភាពដូចប្រជាពលរដ្ឋដទៃដែរ ដូច្នេះប្រសិនបើមានការអភិវឌ្ឍសុំគិតដល់ពលរដ្ឋផង។
អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា៖ «បើរដ្ឋាភិបាល អភិវឌ្ឍយ៉ាងណាសូមឲ្យធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋបានរស់នៅក្នុង ជីវភាពប្រសើរខ្លះផងកុំអភិវឌ្ឍឲ្យតែប្រជាពលរដ្ឋជួបប្រទះទឹកភ្នែក និងឲ្យប្រជាពលរដ្ឋដាក់បណ្តាសានោះ»។
ចំណែក ឯ លោក ផល វណ្ណៈ តំណាងប្រជាពលរដ្ឋមកពីខេត្ត កំពង់ស្ពឺ ដែលត្រូវបានក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ របស់លោក ឧកញ៉ា លី យ៉ុងផាត់ រំលោភបំពានយកដីចាប់តាំងពីឆ្នាំ ២០១០ នោះបានថ្លែងឲ្យដឹងថា មូលហេតុដែលលោកមកចូលរួមប្រារព្ធពិធីនេះគឺលោកជាជនរងគ្រោះដោយសារតែការបាត់ដី និងបាត់ផ្ទះ។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «សូមមេត្តាបញ្ឈប់យកដីប្រជាពលរដ្ឋទៅហើយសុំឲ្យទទួលស្គាល់ថាសហគមន៍ក្រីក្រជាតំបន់ស្របច្បាប់»។
នៅម៉ោងជាង ១០ ព្រឹក ផ្លូវ ព្រះមុនីវង្ស ខាងមុខសាលារាជធានី ភ្នំពេញ ត្រូវបានបិទបន្ទាប់ពីប្រជាពលរដ្ឋសម្រុកចូលដើម្បីយកញត្តិទៅដាក់ ប៉ុន្តែត្រូវបានប្រឈមជាមួយកម្លាំងសមត្ថកិច្ចរាប់រយនាក់ប្រដាប់ ដោយខែល ហើយក៏បានវាយកម្ទេចផ្ទះគំរូតំណាងឲ្យផ្ទះពលរដ្ឋទៀតផង។
នៅ ក្នុងញត្តិដែលប្រជាពលរដ្ឋដាក់ជូនទៅគណៈអភិបាលរាជធានីភ្នំពេញ នោះបានបង្ហាញថាមានប្រជាជនរស់នៅទីក្រុង ភ្នំពេញ ច្រើនជាង ១០ ភាគរយ ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេក្នុងរយៈពេលពីរ ទសវត្សរ៍ ចុងក្រោយនេះ ហើយប្រជាពលរដ្ឋនៅតាមទីជនបទច្រើនជាង ៤០ ម៉ឺននាក់បានរងនូវវិវាទដោយសារទំនាស់ដីធ្លីចាប់តាំងពីឆ្នាំ ២០០៣ មក ហើយប្រជាជនចំនួន ១៥ ម៉ឺននាក់នៅរាជធានី ភ្នំពេញ គ្មានទីជម្រក។
នៅក្នុងញត្តិបានឲ្យដឹងទៀតថា៖ «យើងសូមធ្វើការអំពាវនាវឲ្យមានការអភិវឌ្ឍបែបសមធម៌មួយនៅប្រទេស កម្ពុជា គិតគូរពីប្រយោជន៍ជាតិមុនប្រយោជន៍ផ្សេង»។
សំឡេង ចេញឧគ្ឃោសនសព្ទរបស់មន្ត្រីខណ្ឌ ដូនពេញ បានបន្លឺឡើងតាមរយៈការចងមេក្រូនៅលើរថយន្តកូរ៉េ ដែលបដិសេធពុំព្រមបញ្ចេញអត្តសញ្ញាណ(ក្រុមព្រាយបីសាច)ថា សាលារាជធានីភ្នំពេញពុំបានអនុញ្ញាតឲ្យធ្វើនៅបរិវេណរូបសំណាកលោក យាយ ពេញ នោះទេគឺអនុញ្ញាតឲ្យធ្វើនៅស្នាក់ការរបស់អង្គការនៅឯ បឹងទំពុន ឯណោះ។
ការធ្វើបែបនេះ គឺធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រជាពលរដ្ឋដែលកំពុងតែទទួលរងនូវទឹកជំនន់ពីព្រោះអាជ្ញាធរត្រូវការជួយប្រជាពលរដ្ឋរងគ្រោះទាំងនោះ។
សំឡេងនោះបន្លឺឲ្យដឹងទៀតថា៖ «ពលរដ្ឋទាំងអស់ និងអង្គការដែលចូលរួមធ្វើនៅទីនេះទេ ដែលមិនគោរពច្បាប់ និងបង្កភាពអនាធិបតេយ្យ ពួកយើងត្រូវតែការពារនិងទប់ស្កាត់ភាពអនាធិបតេយ្យទាំងនេះ»។
រដ្ឋាភិបាលពុំបានបំបិទសិទ្ធិរបស់អស់លោកនោះទេ សព្វថ្ងៃនេះសិទ្ធិរបស់លោកវាមានច្រើនហួសពេកទៅហើយ។ រដ្ឋាភិបាលតែងតែបង្កនូវភាពសុខសាន្ត និងសន្តិសុខ អ្វីដែលអស់លោកនិយាយថា រដ្ឋាភិបាលបំបិទសិទ្ធិគឺជាពាក្យញុះញង់ដើម្បីឲ្យប្រជាពលរដ្ឋ ផ្សេងទៀតស្អប់រដ្ឋាភិបាល។
លោកបានថ្លែងថា៖ «ខ្ញុំសូមបដិសេធសម្តីនេះជាសម្តីដ៏ល្ងង់ខ្លៅ។ បងប្អូនមួយក្រុមនេះគឺឧស្សាហ៍ណាស់រាល់បញ្ហានានាដែលមាននៅក្នុងសង្គម គឺតែងតែមានបងប្អូនមួយក្រុមហ្នឹងជាអ្នកអុងអាត់»។
លោកបានថា ពលរដ្ឋដែលមកធ្វើពិធីនៅទីនេះគឺពុំមែនប្រារព្ធពិធី សិទ្ធិលំនៅឋានពិភពលោកទេ គឺមកបង្កភាពអនាធិបតេយ្យ។
មិនអាចធ្វើការទាក់ទងលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី ភ្នំពេញ ដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ។ ចំណែកឯ លោក ឡុង ឌីម៉ង់ មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញក៏ពុំអាចទាក់ទងដើម្បី ធ្វើការអត្ថាធិប្បាយជុំវិញបញ្ហានេះបានដែរ។
លោក អំ សំអាត មន្ត្រី ស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានថ្លែង ឲ្យដឹងថា ប្រជាពលរដ្ឋនៅទូទាំងពិភពលោកបានរំឭកទិវាលំនៅឋានពិភពលោកដើម្បី ជាការផ្ញើសារមួយទៅរដ្ឋាភិបាលនូវបញ្ហាដែលគេត្រូវបានរំលោភអំពី សិទ្ធិមានទីជម្រករបស់ពួកគេ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «អ្វីដែលអាជ្ញាធរបានព្យាយាមរារាំងនោះ គឺបង្ហាញឲ្យប្រជាជនកាន់តែមិនទុកចិត្តអំពីការកែទម្រង់ស៊ីជម្រៅរបស់ រដ្ឋាភិបាលអាណត្តិថ្មីនេះ»៕
1 comment:
I am very enjoyed for this blog. I feel strongly about it and love learning more on this topic. If possible, as you gain expertise, would you mind updating your blog with more information? It is extremely helpful for me
I have appreciate with getting lot of good and reliable information with your post.......
Thanks for sharing such kind of nice and wonderful collection......again, beautiful :) I love reading your posts. They make me happy .
Post a Comment