Tuesday, October 08, 2013

សមាគមគ្រូគ្រោងដាក់ញត្តិស្នើដំឡើងប្រាក់បៀវត្ស១លានរៀល


......................................
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងរៀបចំអបអរទិវាគ្រូបង្រៀនពិភពលោក នៅចុងសប្ដាហ៍នេះ នាទីលានប្រជាធិបតេយ្យ ក្រោមប្រធានបទ "អំពាវនាវចំពោះគ្រូបង្រៀនទាំងអស់ឲ្យយកចិត្តទុកដាក់ជាគំរូ សម្រាប់គុណភាពអប់រំ"។
ដោយ ដែន អយុធ្យា 2013-10-07 RFA
គ្រូបង្រៀន អះអាងថា តាមរយៈទិវាគ្រូបង្រៀនពិភពលោក នឹងថ្លែងសារអំពាវនាវដល់រាជរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សឲ្យបាន ១លានរៀលក្នុង១ខែ ជូនគ្រូបង្រៀនម្នាក់ៗ។


សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានផ្ញើលិខិតជូន លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែតុលា ស្នើយកទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃទី១៣ ខែតុលា រៀបចំទិវាគ្រូបង្រៀនពិភពលោក ដោយសមាជិកសមាគមកម្មករ និងសិស្សនិស្សិតយ៉ាងតិច ៦០០នាក់ ចូលរួម។

សមាគមគ្រូឲ្យដឹងថា ទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ "អំពាវនាវចំពោះគ្រូបង្រៀនទាំងអស់ ឲ្យយកចិត្តទុកដាក់ជាគំរូ សម្រាប់គុណភាពអប់រំ"។

លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា។ លោកឲ្យដឹងថា ទិវាគ្រូបង្រៀនឆ្នាំនេះនឹងមានហែក្បួនចេញពីទីលានប្រជាធិបតេយ្យ ដើម្បីដាក់ញត្តិជូនក្រសួងអប់រំ យុវជន និងកីឡា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភាជាតិ។

លោក រ៉ុង ឈុន បន្ថែមថា ខ្លឹមសារក្នុងញត្តិ ក្រុមគ្រូបង្រៀនបានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយដំឡើងប្រាក់បៀវត្សអប្បបរមា ១លានរៀលក្នុង១ខែ ផ្តល់សិទ្ធិសេរីភាពជូនគ្រូបង្រៀន និងបញ្ឈប់ការរើសអើងគ្រូបង្រៀននៅកន្លែងធ្វើការ និងត្រូវវិនិយោគលើគ្រូបង្រៀនពីពេលនេះតទៅ ដើម្បីលើកកម្ពស់គុណភាពអប់រំចំណេះទូទៅ និងឧត្តមសិក្សា៖ «បើសិនជាប្រាក់ខែគ្រូបង្រៀនមិនបានដោះស្រាយទេ ការអប់រំរបស់យើងក៏មិនអាចទទួលបានគុណភាព ក៏ដូចជាការអប់រំមិនបានប្រសើរសម្រាប់កូនខ្មែរយើងផងដែរ។ អ៊ីចឹងហើយ ប្រាក់ខែនេះជាគន្លឹះសម្រាប់ជំរុញឲ្យការអប់រំល្អប្រសើរ ក៏ដូចជាជំរុញឲ្យស្ថាប័នរដ្ឋនិមួយៗគ្រប់លំដាប់ថ្នាក់ហ្នឹង មានអភិបាលកិច្ចល្អ»។

បញ្ហានេះដែរ ក្រុមគ្រូបង្រៀនតាមខេត្តមួយចំនួន ក៏បានស្នើឲ្យរាជរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ ត្រូវគិតគូរពីជីវភាពគ្រូបង្រៀនឲ្យបានប្រសើរជាងបច្ចុប្បន្ន ព្រោះសព្វថ្ងៃនេះ ប្រាក់បៀវត្សគ្រូបង្រៀននៅមានចំនួនតិច បើធៀបជាមួយតម្លៃទំនិញនៅលើទីផ្សារបានកើនតម្លៃខ្ពស់ពី ១ថ្ងៃទៅ ១ថ្ងៃ៖ «គ្រូបង្រៀនជួបឧបសគ្គ ដូច្នេះការបង្រៀនរបស់គាត់ គឺមានការយ៉ាប់យ៉ឺនមែនទែន ដោយសិស្សានុសិស្សទទួលពីគាត់មិនបានជោគជ័យ។ យើងឃើញកន្លងមក ការប្រឡងជាដើម គឺសុទ្ធតែបើកចម្លងវិញ្ញាសាចម្លើយទាំងអស់។ គាត់គ្មានទឹកចិត្តបង្រៀន។ សំណូមពរឲ្យដំឡើងប្រាក់ខែឲ្យបើកទៀតទាត់។ ប្រាក់ខែហ្នឹង ត្រូវដំឡើងឲ្យបាន ១លានរៀលក្នុង១ខែ សម្រាប់គ្រូបង្រៀនម្នាក់»។

គ្រូបង្រៀន ឲ្យដឹងថា ពួកគេទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សឲ្យបាន ១លានរៀលក្នុង ១ខែ សម្រាប់គ្រូបង្រៀនម្នាក់ៗ។ ក្រុមគ្រូបង្រៀន អះអាងថា សព្វថ្ងៃនេះកិត្តិយសរបស់គ្រូបង្រៀនបានធ្លាក់ចុះ ដោយសារប្រាក់បៀវត្សតិចតួច និងបង្ខំចិត្តរករបរផ្សេង ដែលផ្ទុយពីឆន្ទៈគ្រូបង្រៀន៖ «ពីព្រោះយើងគិតមើលទំនិញទីផ្សារបច្ចុប្បន្ន វាអត់តុល្យភាពជាមួយទំនិញទីផ្សារ បើធៀបប្រាក់បៀវត្ស ឬប្រាក់ឧបត្ថម្ភប្រចាំខែ។ អ៊ីចឹងហើយ បានជាធ្វើឲ្យវិស័យអប់រំកាន់តែធ្លាក់ដុនដាបទៅៗ ពី១ឆ្នាំទៅ១ឆ្នាំ ចេះតែធ្លាក់កម្រិត។ សូមកុំឲ្យមានការរើសអើង កុំឲ្យធ្វើទុក្ខបុកម្នេញទៅលើលោកគ្រូអ្នកគ្រូ ឬមន្ត្រីរាជការផ្សេងទៀត។ បើកាលណាមានការរើសអើង ប្រទេសយើងនៅក្នុងប្រព័ន្ធការងារមួយ ឬកន្លែងមួយ គឺអត់មានការរីកចម្រើននោះទេ»។

វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពី លោក ឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ និងមន្ត្រីក្រសួងអប់រំ ជុំវិញសំណើយកទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោករបស់សមាគមគ្រូបានទេតាមទូរស័ព្ទ នៅថ្ងៃច័ន្ទ ទី៧ ខែតុលា។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ឲ្យដឹងថា គ្រូបង្រៀននៅទូទាំងប្រទេសចាប់ពីថ្នាក់បឋម ដល់ថ្នាក់វិទ្យាល័យ សរុបមានចំនួនប្រមាណ ១០ម៉ឺន ៥ពាន់នាក់។ ហើយប្រាក់បៀវត្សជាមធ្យមដែលគ្រូបង្រៀនទទួលបាន គឺសម្រាប់គ្រូបឋម ទទួលបានប្រមាណ ៦០ដុល្លារក្នុង១ខែ។ គ្រូអនុវិទ្យាល័យជាមធ្យម ទទួលបាន ៨០ដុល្លារ និងគ្រូវិទ្យាល័យ ទទួលបានប្រាក់ខែជាមធ្យមជាង ១០០ដុល្លារក្នុង១ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments: