Thursday, October 17, 2013

យុវតី​ក្រីក្រ​​ខ្មែរ​ម្នាក់​ក្លាយ​ជា​តួឯក​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ឯកសារ​ហូលីវូដ


មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​​​១៩ ខែ​ធ្នូ ឆ្នាំ​២០១១ បាន​បោះឆ្នោត​កំណត់​យក​ថ្ងៃ​ទី​១១ ខែ​តុលា ជា​ទិវា​កុមារី​អន្តរជាតិ។ ទិវា​នេះ​លើក​កម្ពស់​សិទ្ធិ​កុមារី គូស​បញ្ជាក់​ពី​វិសមភាព​យេនឌ័រ ដែល​មាន​នៅ​សេសសល់​រវាង​កុមារី​និង​កុមារា ព្រមទាំង​ដោះស្រាយ​នូវ​ទម្រង់​ផ្សេងៗ​នៃ​ការ​រើសអើង និង​ការ​រំលោភ​បំពាន​ដែល​កុមារី​បាន​ទទួល​រងគ្រោះ​នៅ​ជុំវិញ​ពិភពលោក។

យុវតី ជិន សុខា ក្នុង​ឈុត​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​លើក​កម្ពស់​កុមារី។

ដោយ ខែ សុណង RFA 2013-10-17 

ទិវា​កុមារី​អន្តរជាតិ​នៅ​ឆ្នាំ​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​របស់​កុមារី​កម្ពុជា ដែល​ផលិត​ដោយ​ហូលីវូដ (Hollywood) ស្ដីពី​ការ​លើក​កម្ពស់​កុមារី។

នៅ​លើ​ផ្ទាំង​សំពត់​ស កុមារី​ម្នាក់​បាន​បង្ហាញ​ទឹក​មុខ​ញញឹម​ដោយ​ភាព​ស្រស់​ស្រទន់ ថ្ពាល់​ខួច សម្បុរ​សណ្ដែក​បាយ ដៃ​ល្វត​ល្វន់ រាំ​របាំ​អប្សរា​ពត់​ពេន​នៅ​ក្នុង​ភាព​ងងឹត​ស្លុប។ នោះ​គឺ​យុវតី ជិន សុខា ក្នុង​វ័យ ១៧​ឆ្នាំ។

អ្នក​ពោល​បាន​ចាប់​ផ្ដើម​ពោល​ប្រដេញ​នឹង​ចម្រៀង បាន​ផ្ដើម​ដោយ​ពាក្យ​ថា នេះ​ជា​រឿង​សាមញ្ញ​បំផុត។ អ្នក​ពោល​បាន​ប្រៀប​ប្រដូច​នាង​ទៅ​នឹង​បុប្ផា​ដែល​មាន​សម្រស់ ប៉ុន្តែ​ជីវិត​របស់​នាង​មាន​ភាព​ស្រអាប់​ងងឹត​សូន្យ។ ភាព​ងងឹត​របស់ សុខា គឺ​នាង​រស់នៅ​ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​នៅ​លើ​គំនរ​សំរាម ប៉ុន្តែ​ជីវិត​នាង​មាន​ពន្លឺ​ស្រស់​ថ្លា​ឡើង​វិញ នៅ​ពេល​ដែល​នាង​បាន​ចូល​សាលារៀន។

យុវតី ជិន សុខា ត្រូវ​បាន​ក្រុមហ៊ុន​ឯកសារ ១០ គុណ​នឹង ១០ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា (Ten Time Ten) ជ្រើសរើស​ឲ្យ​សម្ដែង​ពី​ជីវិត​តស៊ូ​នៅ​លើ​គំនរ​សំរាម​ដើម្បី​បាន​ចូល​រៀន។

សុខា ដែល​កើត​មក​ក្នុង​ត្រកូល​អ្នក​ស្រែ​មាន​ជីវភាព​ក្រីក្រ មាន​បងប្អូន​ដល់​ទៅ ៩​នាក់ ហើយ​នាង​ជា​កូន​ទី​៨។ ជីវិត​គ្រួសារ សុខា បាន​ចាប់​ផ្ដើម​ធ្លាក់​ដុនដាប​នៅ​គ្រា​ដែល​ម្ដាយ​នាង​បាន​ស្លាប់​នៅ​ពេល​សម្រាល​កូន​ភ្លោះ​ទី​១០ និង​ទី ១១ នៅ​ផ្ទះ​ក្នុង​ខេត្ត​ស្វាយរៀង។ ក្រោយ​មក​នាង​នៅ​សល់​បងប្អូន​តែ ៤​នាក់​ប៉ុណ្ណោះ ដោយសារ​តែ​បងប្អូន​របស់​នាង​បាន​ស្លាប់​ជា​បន្តបន្ទាប់​ដោយសារ​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ។ ដោយសារ​ម្ដាយ​នាង​ស្ដាប់​ចោល ដី​ស្រែ​ក៏​មាន​តិច​តួច ឪពុក​របស់​នាង​បាន​នាំ​កូន​មក​ភ្នំពេញ រក​ការងារ​ធ្វើ។


ជិន សុខា៖ «ម៉ែ​ខ្ញុំ​ស្លាប់​ហើយ គឺ​ឪពុក​របស់​ខ្ញុំ​ហ្នឹង គឺ​គាត់​បាន​នាំ​កូន​ទាំង​អស់​ហ្នឹង​មក​ធ្វើការ មក​នៅ​ទីក្រុង​ភ្នំពេញ តាម​បង​ច្បង​របស់​ខ្ញុំ។ ពេល​ខ្ញុំ​មក​ដំបូង គឺ​អត់​មាន​ផ្ទះ​នៅ​ទេ រយៈពេល ៦​ខែ ខ្ញុំ​រស់នៅ​តាម​ចិញ្ចើម​ថ្នល់ រស់នៅ​ក្រោម​តំណក់​ទឹក​ភ្លៀង លើ​សំរាម លើ​ភក់​ជ្រាំ​ទាំង​អស់​ហ្នឹង។ ខ្ញុំ​ដើរ​រើស​អេតចាយ ប៉ា​ខ្ញុំ​គាត់​ទៅ​រែក​ដី»។

ប៉ុន្តែ​ជា​អកុសល សុខា ជួប​គ្រោះ​ភ័យ​ម្ដង​ទៀត គឺ​នាង​បាន​បាត់​បង់​ឪពុក។ រំលឹក​ដល់​រឿង​នេះ សុខា បាន​អោន​មុខ​ចុះ៖ «គាត់​លេប​ថ្នាំ គាត់​ថា គាត់​ខក​បំណង​ក្នុង​ឆាក​ជីវិត​ខ្លួន​ឯង គាត់​បាត់បង់​ម្ដាយ​របស់​ខ្ញុំ អ៊ីចឹង​គាត់​អស់​ជំនឿ​លើ​ខ្លួនឯង»។

ពេល​នោះ​ហើយ​ជីវិត សុខា កាន់​តែ​អួអាប់ នាង​បាន​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​អ៊ំ​នៅ​ឯ​ខេត្ត​វិញ។ នៅ​ទី​នោះ​នាង​ធ្វើការ​ផ្ទះ និង​ជួយ​ការងារ​ស្រែ​ចម្ការ​ច្រើន​ពេក នាង​តែង​ខកខាន​មិន​បាន​ទៅ​រៀន​ពេញ​លេញ​ប្រមាណ ៣​ឆ្នាំ ទើប​នាង​ត្រឡប់​មក​រស់នៅ​ភ្នំពេញ​វិញ។ នៅ​ទី​នេះ នាង​បាន​បង្ខំ​ចិត្ត​ដើរ​រើស​របស់​របរ​ផ្សេងៗ​នៅ​ទី​កន្លែង​ចាក់​សំរាម​ដើម្បី​រស់។

ជីវិត​មិន​ស្រអាប់​រហូត​នោះ​ទេ សុខា បាន​រីក​មុខមាត់​ថ្មី​នៅ​ពេល​នាង​បាន​ជួប​បុរស​អ្នក​ថត​រូប​ជនជាតិ​អាមេរិក​ម្នាក់ ឈ្មោះ បៀល ស្មិត (Bill Smith) ដែល​ជួយ​នាង​ឲ្យ​បាន​ទៅ​រស់នៅ និង​ទំនុកបម្រុង​ឲ្យ​បាន​រៀន​សូត្រ​ដោយ​អង្គការ ថ្ងៃ​ថ្មី​នៅ​កម្ពុជា។

យុវតី ជិន សុខា ថ្លែង​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០១៣ នៅ​រោងភាពយន្ត​ក្នុង​មជ្ឈមណ្ឌល​លក់​ទំនិញ​​សុរិយា។ RFA/Khe Sonorng


បច្ចុប្បន្ន​នាង​រៀន​នៅ​ថ្នាក់​ទី​១០ នៅ​សាលា​ហ្សាមេន (Zaman)។ មុន​នេះ​អង្គការ​បាន​ជួយ​នាង​ឲ្យ​រៀន​នៅ​សាលា​ប៊ែលធី ប៉ុន្តែ​ដោយ​នាង​ជា​ក្មេង​ឆ្លាត​រៀន​ពូកែ ទើប​អង្គការ​នេះ​បាន​បង់​ប្រាក់​ឲ្យ​នាង​រៀន​នៅ​សាលា​ដ៏​ថ្លៃ​មួយ​នេះ ដែល​មាន​ការ​ផ្គត់ផ្គង់​ដោយ​មូលនិធិ បៀល ស្មិត សហរដ្ឋ​អាមេរិក រហូត​ដល់​នាង​រៀន​ចប់​សាកល​វិទ្យាល័យ។

ជិន សុខា៖ «គឺ​ខ្ញុំ​ធ្វើ​ការ​តាំង​ពី​ខ្ញុំ​ត្រឡប់​ម​ពី​ខេត្ត​មក ពី​ផ្ទះ​អ៊ំ​ខ្ញុំ​វិញ គឺ​ខ្ញុំ​អាយុ ៩​ឆ្នាំ ខ្ញុំ​ធ្វើការ​រើស​អេតចាយ​ដល់​ទៅ​អាយុ ១៣​ឆ្នាំ។ បន្ទាប់​មក​លោក បៀល ស្មិត និង​លោក ចរ អូនែល (Jor Onail) គាត់​បាន​យក​ក្មេង​ដទៃ​ទៀត​ដែល​នៅ​ប្លុក​ខ្ញុំ​ហ្នឹង​គាត់​ឃើញ ហើយ​អ្នក​ជិត​ខាង​របស់​ខ្ញុំ គឺ​គាត់​បាន​សុំ ហើយ​និយាយ​អង្វរ​ជាមួយ​អ្នក​បកប្រែ​របស់​គាត់​ហ្នឹង​ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​រៀន»។

ការ​ដែល​បាន​ចូល​សាលា​នេះ​ហើយ គឺ​ជា​ក្ដី​ប្រាថ្នា​របស់ ជិន សុខា ដែល​ធ្វើ​ឲ្យ​នាង​សើច​បាន៖ «ចាស! ខ្ញុំ​មាន​មោទនភាព​ខ្លួន​ឯង​ណាស់។ ខ្ញុំ​បាន​ទៅ​រៀន​នៅ​សាលា​ល្អ ហើយ​ខ្ញុំ​បាន​ចូលរៀន។ ទោះ​បី​ខ្ញុំ​មិន​បាន​សាលា​ល្អ​ក៏​ដោយ តែ​ខ្ញុំ​បាន​ចូលរៀន​គឺ​ខ្ញុំ​អរ​ខ្លាំង​មែន​ទែន»។

ខ្សែភាពយន្ត​ឯកសារ “Girl Rising” ឬ “ការ​លើក​កម្ពស់​កុមារី” ត្រូវ​បាន​បញ្ចាំង​លើក​ទី​១ នៅ​កម្ពុជា ដើម្បី​អបអរ​ទិវា​កុមារី​អន្តរជាតិ ១១ តុលា ២០១៣។ Girl Rising ជា​ភាពយន្ត​ឯកសារ​ដែល​ដឹកនាំ​ដោយ​លោក រីឆាត រ៉ូប៊ីនស៍ (Richard E. Robbins) និយាយ​ពី​ការ​តស៊ូ​ពុះ​ពារ​ដើម្បី​ការ​អប់រំ​របស់​កុមារី ៩​នាក់ មក​ពី​ប្រទេស​ខុសៗ​គ្នា ដែល​មាន​រឿង​ជីវិត​ដ៏​ល្វីង​ជូរ​ចត់។

ក្នុង​ចំណោម​កុមារី​ទាំង ៩​នាក់​នោះ ជិន សុខា ជា​កុមារី​កម្ពុជា​ម្នាក់​ដែល​គេ​ជ្រើសរើស​ឲ្យ​ដើរ​តួ​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​ខ្សែភាពយន្ត​ឯកសារ​មួយ​នេះ។

ខ្សែ​ភាព​យន្ត​ដែល​បង្ហាញ​អំពី​ជីវិត​តស៊ូ​ពុះពារ​ដើម្បី​បាន​ទៅ​សាលារៀន​របស់​ក្មេងៗ នៅ​ក្នុង​ប្រទេស​ចំនួន ៨ ផ្សេង​ទៀត ដូច​ជា​នៅ​ប្រទេស​ហៃទី (Haiti) ប៉េរូ (Peru) អេត្យូពី (Ethiopia) ឥណ្ឌា (India) នេប៉ាល់ (Nepal) អាហ្វហ្គានីស្ថាន (Afghanistan) ជា​ដើម បាន​បញ្ចាំង​ក្នុង​ខ្សែ​ភាព​យន្ត​ឯកសារ​នេះ មាន​ទាំង​ភាព​ក្រីក្រ បញ្ហា​សង្គម បញ្ហា​ជំនឿ​សាសនា ប្រពៃណី និង​គ្រោះ​ធម្មជាតិ ទាំង​នេះ​គឺ​ជា​ឧបសគ្គ​របស់​ក្មេង​ស្រីៗ​មិន​បាន​ទៅ​រៀន។

អង្គការ​យូណេស្កូ (UNESCO) បាន​បង្ហាញ​របាយការណ៍​ថា បច្ចុប្បន្ន​នេះ​មាន​កុមារី ៦៦​លាន​នាក់​នៅ​លើ​ពិភពលោក​មិន​ចូល​សាលារៀន​ឡើយ។

ធនាគារ​ពិភពលោក​ប៉ាន​ប្រមាណ​ថា សម្រាប់​ការ​បន្ត​ការ​រៀន​សូត្រ​បន្ថែម​មួយ​ឆ្នាំ​ទៀត កុមារី​អាច​រក​ប្រាក់​ចំណូល​បាន​រហូត​ដល់ ២០% បន្ថែម​ទៀត នៅ​ពេល​អនាគត ហើយ​វា​ទំនង​ណាស់​ថា ពួកគេ​នឹង​មិន​រៀបការ​ទាំង​វ័យ​ក្មេង​ទេ។

ដោយ សុខា បាន​ឆ្លង​កាត់​ជីវិត​ដ៏​ជូរចត់​នេះ​ហើយ ក្ដី​ស្រមៃ​របស់​នាង​នៅ​ថ្ងៃ​អនាគត នាង​ចង់​ក្លាយ​ទៅ​ជា​អ្នក​ជួយ​ទំនុកបម្រុង​ផ្នែក​សង្គមកិច្ច​ដល់​មនុស្ស​ដទៃ​ដែល​មាន​ការ​លំបាក​ទី​ទាល់​ដូច​ជា​រូប​នាង​ដែរ៖ «នៅ​ពេល​ខ្ញុំ​បាត់បង់​ឪពុកម្ដាយ​ក្ដី ពេល​ខ្លះ​ខ្ញុំ​តូច​ចិត្ត​នៅ​ពេល​ដែរ​គេ​កាន់ ឬ​ក៏​អោប គេ​ហៅ​ប៉ា​ម៉ាក់​របស់​គេ ខ្ញុំ​អត់​មាន​នឹង​គេ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ចិត្ត​ថា ខ្ញុំ​មាន​ប្អូន​ស្រី អ៊ីចឹង​ខ្ញុំ​ត្រូវ​តែ​តស៊ូ​ដើម្បី​ឆាក​ជីវិត​របស់​ខ្ញុំ ហើយ​មួយ​ទៀត គឺ​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ផ្នែក​សង្គមកិច្ច​មួយ ហើយ​ខ្ញុំ​ចង់​បើក​អង្គការ​មួយ​ដែរ ដើម្បី​ជួយ​ដល់​ក្មេង​ដទៃ​ទៀត​ដែល​គេ​អត់​មាន​លទ្ធភាព​ចូលរៀន»៕

No comments: