មហាបាតុកម្មគណបក្សសង្គ្រោះជាតិ Siv Channa/RFI |
អត្ថបទចុះផ្សាយនៅថ្ងៃ សៅរ៍ 05 តុលា 2013 ដោយ ប៉ែន បូណា rfi
ពិធីបុណ្យភ្ជុំបិណ្ឌបានបិទបញ្ចប់ហើយត្រឹមថ្ងៃសៅរ៍នេះ។ កម្តៅនយោបាយដែលបានស្ងប់ស្ងាត់ប៉ុន្មានថ្ងៃមកនេះក៏ដល់ពេលត្រូវបញ្ឆេះឡើងវិញដែរ។ នៅថ្ងៃអាទិត្យទី ៦កញ្ញាស្អែកនេះ គណបក្សសង្គ្រោះជាតិនឹងរៀបចំពិធីជួបជុំមហាជនរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យដើម្បីសម្តែងមតិតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ រាជធានីភ្នំពេញដែលមានសភាពស្ងប់ស្ងាត់ប៉ុន្មានថ្ងៃនេះក៏នឹងប្រែក្លាយទៅជាទីលានជួបជុំនយោបាយឡើងវិញ។
ភាពស្ងប់ស្ងាត់ក្នុងរាជធានីភ្នំពេញមានតែត្រឹមថ្ងៃសៅរ៍នេះប៉ុណ្ណោះ។ ចាប់ពីថ្ងៃអាទិត្យស្អែកនេះតទៅ ភ្នំពេញនឹងក្លាយទៅជាទីលានដ៏មមាញឹកវិញហើយ។ មមាញឹកដោយសារម្យ៉ាងអ្នកដែលចាកចេញទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅតាមបណ្តាខេត្តបានវិលត្រឡប់មកវិញដើម្បីត្រៀមបំពេញកិច្ចការជាធម្មតានៅថ្ងៃចន្ទ។
ម្យ៉ាងទៀត កម្តៅនយោបាយក៏បានកម្រើកឡើងវិញដែរ។ គណបក្សសង្គ្រោះជាតិគ្រោងរៀបចំពិធីជួបជុំមហាជនមួយនៅរសៀលថ្ងៃអាទិត្យទី៦កញ្ញានៅទីលានប្រជាធិបតេយ្យ។ ពិធីជួបជុំដែលគេហៅថាជាអង្គសមាជមហាជននេះនឹងមានមនុស្សចូលរួមរាប់ម៉ឺននាក់។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិថា មនុស្សយ៉ាងហោចណាស់មួយម៉ឺននាក់នឹងចូលរួមក្នុងពិធីនោះ។
សហជីព២ដែលគាំទ្របក្សប្រឆាំងគឺសហជីពេសរីកម្មកររបស់លោក ជា មុនី និងសហភាពសហជីពកម្ពុជារបស់លោក រ៉ុង ឈុន ក៏បានប្រកាសចូលរួមក្នុងពិធីជួបជុំនោះដែរ។ មេដឹកនាំសហជីពទាំងពីរបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា ពួកគេបានអំពាវនាវរួចហើយដល់អ្នកគាំទ្រឲ្យចូលរួមក្នុងសមាជមហាជនរបស់បក្សប្រឆាំងនៅថ្ងៃអាទិត្យនេះ។
តាមគម្រោង គណបក្សប្រឆាំងគ្រោងកេណ្ឌមនុស្សពីរម៉ឺននាក់ឲ្យចូលរួម ប៉ុន្តែ សាលារាជធានីភ្នំពេញបានអនុញ្ញាតត្រឹមមួយម៉ឺននាក់ប៉ុណ្ណោះ។ ពិធីជួបជុំនេះគឺជាសកម្មភាពថ្មីមួយទៀតរបស់គណបក្សសង្គ្រោះជាតិក្នុងគោលដៅបង្ហាញកម្លាំងគាំទ្ររបស់ខ្លួនដែលកើតទុក្ខមិនសុខចិត្តចំពោះលទ្ធផលនៃការបោះឆ្នោត។ គណបក្សនេះបានរៀបចំមហាបាតុកម្មពីរលើករួចទៅហើយ ប៉ុន្តែ ការទាមទារឲ្យមានការស៊ើបអង្កេតឯករាជអំពីភាពមិនប្រក្រតីនានាក្នុងពេលបោះឆ្នោតនោះមិនទទួលបានលទ្ធផលទេ។
គណបក្សប្រជាជនកម្ពុជាដែលឈ្នះបាន ៦៨ កៅអីក្នុងសភាមិនបានបង្អង់ចាំការតវ៉ារបស់បក្សប្រឆាំងឡើយ។ ការបង្កើតរដ្ឋាភិបាលថ្មីបានធ្វើឡើងរួចរាល់ហើយ ចំណែករដ្ឋសភាដែលមានតែគណបក្សកាន់អំណាចមួយនោះគ្រោងកោះប្រជុំនៅថ្ងៃទី៨កញ្ញានេះដែរដើម្បីរៀបចំសមាសភាពគណៈកម្មការទាំង៩របស់ខ្លួន។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិនៅតែពហិការមិនចូលប្រជុំដដែល។
លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យស្ទួនគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរមិនចូលរួមកិច្ចប្រជុំនេះទេ ហើយមិនខ្វល់ខ្វាយនឹងការបែងចែកតួនាទីក្នុងសភាឡើយ។ គោលដៅរបស់គណបក្សសង្គ្រោះជាតិពេលនេះគឺប្រមូលស្នាមមេដៃពលរដ្ឋឲ្យបានជាង ៣លាននាក់ដើម្បីធ្វើញត្តិដាក់ទៅអង្គការសហប្រជាជាតិឲ្យជួយអន្តរាគមន៍៕
No comments:
Post a Comment