ទឹកជំនន់នៅខេត្តព្រៃវែង កាលពីខែសីហា ឆ្នាំ២០០២។ AFP PHOTO |
ដោយ ហ៊ុំ ចំរើន RFA 2013-10-31
ប្រជាពលរដ្ឋបានឲ្យដឹងថា អ្នកភូមិដែលទទួលបានអំណោយសប្បុរសធម៌ ដែលអនុប្រធានភូមិនាំទៅចែក ភាគច្រើនជាប្រជាពលរដ្ឋមកពីគណបក្សកាន់អំណាច និងជាប់សែស្រឡាយសាច់ញាតិសន្ដានរបស់ខ្លួន។
ប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ រស់នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង មានប្រសាសន៍នៅថ្ងៃទី៣០ តុលា ថា អនុប្រធានភូមិអាងខ្លួនមានអំណាច បាននាំអំណោយទៅចែកឲ្យប្រជាពលរដ្ឋក្នុងភូមិដោយគ្មានភាពយុត្តិធម៌ឡើយ៖ «អ៊ីចឹង ខ្សែគណបក្សប្រជាជន ហ្នឹង សុទ្ធតែអ្នកមាន អាខ្លះកូនឡើងទៅកូរ៉េ លុយរាប់ពាន់ហើយ ក៏ចែកឲ្យ អាខ្លះគ្នាក្រអត់ឲ្យ ឲ្យអ្នកក្រហ្នឹងប្រហែលជាពីរបីនាក់ទេ រួចពីហ្នឹង សុទ្ធតែអ្នកធូរធារ។ ហើយដល់គណបក្សសង្គ្រោះជាតិ ណេះ អត់មានបាន។ តែចំពោះអ្នកក្រ ខ្ញុំអត់តូចចិត្តទេ គណបក្សប្រជាជន ក៏ដោយ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អនុប្រធានភូមិត្នោត លោក អ៊ុំ ឡូញ ឲ្យដឹងថា ការចែកអំណោយ គឺចែកទៅតាមភាពពិតជាក់ស្ដែង ពុំបានប្រកាន់បក្ខពួករើសអើងនិន្នាការនយោបាយ ក្នុងការចែកអំណោយប្រជាពលរដ្ឋដូចការចោទប្រកាន់នោះឡើយ៖ «ក្នុងការបែងចែកហ្នឹង ឲ្យទៅប្រជាពលរដ្ឋដែលគ្នាខ្សត់ខ្សោយអ៊ីចឹងទៅ ហើយខ្ញុំមិនប្រកាន់បក្សនយោបាយទេ។ អ្នកដែលថាហ្នឹង គឺជារឿងមិនពិតទេ ព្រោះការដែលធ្វើហ្នឹង សុទ្ធតែមានជំនុំអ្នកទាំងបីនាក់ គ្នាពិនិត្យមើលប្រជាពលរដ្ឋណាដែលអត់អ៊ីចឹង ឲ្យគេមុនទៅ ព្រោះរបស់វាតិច។ បើរបស់ ព្រោះអ្នកអត់ៗដូចតែគ្នា ព្រោះប្រជាពលរដ្ឋដល់ទៅជិត ៥០០គ្រួសារណោះ ឲ្យតែ ៥០មកចែកហ្នឹង»។
អំណោយសប្បុរសធម៌ទាំងនោះជាជំនួយរបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ដែលជួយតាមរយៈគណៈកម្មការគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំទៅចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់ និងមានជីវភាពក្រីក្រ ជនពិការ កុមារកំព្រា និងស្ត្រីមេម៉ាយនៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ អំណោយទាំងនោះ រួមមាន អង្ករ ២៥គីឡូក្រាម មី ១កេះ ត្រីខ ១កំប៉ុង និងប្រេងកូឡាមួយប្រអប់ ចែកដល់ប្រជាពលរដ្ឋក្នុងមួយគ្រួសារ។
ប្រជាពលរដ្ឋដែលទទួលបានអំណោយនៅឃុំកំពង់ឫស្សី មានប្រមាណជាង ២០០គ្រួសារ និង ៦ភូមិ។ ហើយប្រជាពលរដ្ឋនៅភូមិត្នោត ដែលបានទទួលអំណោយមានចំនួន ៥៣គ្រួសារ។ ប្រជាពលរដ្ឋទទូចសុំឲ្យម្ចាស់ជំនួយ និងអាជ្ញាធរដែលបាននាំយកអំណោយទៅចែកឲ្យប្រជាពលរដ្ឋ ធ្វើយ៉ាងណាតាមដាន និងនាំអំណោយទាំងនោះទៅចែកឲ្យបានដល់ប្រជាពលរដ្ឋក្រីក្រ និងទទួលរងទុក្ខលំបាកដោយគ្រោះទឹកជំនន់ពិតប្រាកដ៕
3 comments:
Rainsy broken promise, feel sory for the poor khmer who belive in him.
ខ្ញុំជូនចំពោះអស់លោក មេដឹកនាំខ្មែរជាទីគោរព!
សូមមេតាក្រឡេកមើល ប្រជាពលរដ្ឋខ្មែរផង បើមុននឹងធ្វើការអភិវឍ្ឍន៍អ្វីៗ៖
លោកឃើញទេ ពេលលោកធ្វើផ្លូវ គ្រប់គ្រងដោយបរទេស បំណុលមិនទាន់សង ផ្លូវក៏ត្រូវរលាយខូចអស់!
ពេលលោកបង្កើតឲ្យមានរោងចក្រ ពលករខ្មែរពុំមានការបច្ចេកទេស ដែលអាចទទួលយកការងារទាំងនោះបាន!
ពេលលោកកាប់ឈើ លោកលក់ទៅឲ្យបរទេស ពុំមានការឆ្នៃប្រឌិត ដែលអាចឲ្យមានការងារ សម្រាប់ពលរដ្ឋខ្មែរ!
ឡោនិសាទ ឧទ្យានជាតិ ដីរ៉ែ ដីសមទាន សម្បត្តិជាតិ ដូចអង្គវត្ត។ល។ សុទ្ធតែគ្រប់គ្រងដោយបរទេស។
អស់លោក គួរតែបណ្ដុះបណ្ដាលពលរដ្ឋរបស់ខ្លួន ហើយអភិវឍ្ឍន៍អ្វីៗដោយប្រើប្រាស់ធនធានមនុស្សខ្មែរទៅតាមសម្រួល មិនមែនធ្វើអ្វីឲ្យខាងតែបានទាំងកំហ៊ុក ហើយអាងដោះសារថា៖ "យកអ្នកបច្ចេកទេសមក ព្រោះមនុស្សខ្មែរពុំមានតាមតម្រូវការ"
សូមមេតាបញ្ឈប់ធ្វើអ្វីៗទាំងបង្ខំ ផលប្រយោជន៍បានទៅបរទេស បំណុលកូនខ្មែរជាអ្នកសងយ៉ាងនេះទៀតទៅ!
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
Post a Comment