Friday, October 04, 2013

ការ​បញ្ចុះ​សព​ម្តាយ​កូន​ស្រី​ដែល​ប្តី​សម្លាប់​ដ៏​សង្វេគ




Posted Date : 2013-10-03

កំពង់ចាមៈ សាច់​ញាតិ​ដែល​មាន​ក្ដី​សោក​សង្រេង​អនេក​ចំពោះ​ការ​ស្លាប់​យុវនិស្សិត វ័យ​ក្មេង​ដែល​សង្ឃឹម​ពី​អនាគត​ត្រចះ​ត្រចង់​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​និង​ម្តាយ​នាង ដែល​ត្រូវ​សម្លាប់​យ៉ាង​សាហាវ​ព្រៃផ្សៃ​ដោយ​កាំបិត​ខ្វែវ​នៅ​ភូមិ មួយ​ក្នុង​ខេត្ត​កំពង់ចាម កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ បាន​ប្រារព្ធ​ពិធី​បញ្ចុះ​សព​ហើយ​កាល​ពី​ម្សិលមិញ។

យុវតី មួន ចិន្តា អាយុ ២០ ឆ្នាំ​ជា​និស្សិត​ផ្នែក​រដ្ឋបាល​ធុរកិច្ច​នៅ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ រាជធានី​ភ្នំពេញ ត្រូវ​ឪពុក​ចុង​​នាង​ឈ្មោះ ​ឡាំង​ ពិសេស កាប់​ស្លាប់ បន្ទាប់ពី​នាង​បាន​មក​លេង​ផ្ទះ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​បាន​បីថ្ងៃ នៅ​ក្នុង​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។

ជីតារបស់ ចិន្តា អាយុ ៨៤ ឆ្នាំ ឈ្មោះ សេក កាក់ ដែល​ជា​សាច់​ញាតិ​របស់​មេភូមិ​ដែរ​នោះ ​បាន​និយាយ​អំពី​ទុក្ខ​សោក​ចំពោះ​ការ​បាត់​បង់​គ្រួសារ​នេះ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​ខ្លាំង​ណាស់ ចំពោះ​នាង​ពី​ព្រោះ​នាង​ជា​កូន​កំព្រា​តាំង​ពី​អាយុ​បួន​ឆ្នាំ។ ឡាំង ពិសេស ប្រចណ្ឌ​នៅ​ពេល​ដែល​នាង​ទៅ​សិក្សា​នៅ​ភ្នំពេញ ហើយ​នៅ​ពេល​នាង​មក​លេង​ផ្ទះ​ជាមួយ​មិត្តភក្តិ​និង​សាច់​ញាតិ»។

លោកបន្ត​ថា ៖ «កាល​ពី​មុន​ពួកគេ​បាន​ឈ្លោះ​គ្នា​ច្រើន ពី​ព្រោះ​ ចិន្តា មាន​មិត្តភក្តិ​ប្រុស​មក​ពី​សាកល​វិទ្យាល័យ។ គាត់​គិត​ថា នាង​មាន​សង្សារ​ច្រើន»។



សេក ធូ ជា​ម្តាយ​របស់ ចិន្តា បាន​ត្រឡប់​មក​ពី​វត្ត​វិញ​នៅ​ម៉ោង​ប្រហែល​ ១១ ព្រឹក​ថ្ងៃ​អង្គារ ហើយ​បាន​ឃើញ​កូន​ស្រី​និង​ប្តី​កំពុង​តែ​ឈ្លោះ​គ្នា។ នេះ​បើ​តាម​សាច់​ញាតិ​បាន​អះអាង។ ​ជម្លោះ​លើក​នេះ​ជា​ជម្លោះ​យ៉ាង​ចាស់​ដៃ។

បងប្អូន​ស្រី​​របស់​ សេក ធូ គឺ​អ្នក​ស្រី សេក ថាន ​អាយុ ៤៧ គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ផ្ទះ​ជិត​នោះ​ ​គាត់​ថា ​បានឮ​សំឡេង​បង​​ស្រី​របស់​គាត់​យំ។

អ្នក​ស្រី​ថ្លែង​បន្ត ​ថា៖ «នៅ​ពេល​ខ្ញុំ​ឮ​បង​ស្រី​របស់ខ្ញុំ​ស្រែក ខ្ញុំ​ស្ទុះ​ទៅ​ផ្ទះ​នោះ​ ​ហើយ​បាន​ឃើញ​មុខ​របស់​បង​ប្អូន​ស្រី​សុទ្ធតែ​ឈាម​។ ខ្ញុំ​បាន​អង្វរ​ឲ្យ​ ពិសេស ឈប់​ ប៉ុន្តែ​គាត់​មិន​ឆ្លើយ​តប​ទេ»។ គាត់​ថា គាត់ក៏​បាន​ស្រែក​ឲ្យ​គេ​ជួយ​និង​បាន​ទាក់​ទង​ហៅ​នគរបាល។

ប៉ុន្តែ​ សាច់​ញាតិ​និង​គ្រួសារ​ជន​រង​គ្រោះ​និយាយ​ថា មិន​ដែល​មាន​ប្រវត្តិ​កើត​ហិង្សា​ក្នុង​គ្រួសារ​ទេ ពិសេស​រវាង​ប្រពន្ធ និង​កូន​ចុង​ទេ ប៉ុន្តែ ពួកគេ​ធ្លាប់​ឈ្លោះ​ញឹកញាប់​ដែរ។

ជីតា​របស់ ចិន្តា និយាយ​ថា៖ «កាល​ពី​មុន​មិន​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទេ ប៉ុន្តែ​ពួកគេ​ពិត​ជា​ឈ្លោះ​គ្នា​ច្រើន ​​នៅ​ពេល​ណា​ក៏​ដោយ​ដែល​ ចិន្តា ត្រឡប់​មក​ពី​សាកល​វិទ្យាល័យ​វិញ»។

ឡាំង ​ពិសេស បាន​ប្រើ​​កាំបិត​ខ្វែវ​ដោះ​ស្រាយ​​កំហឹង​​គាត់​ ដោយ​បាន​កាប់​ក​របស់​ស្រ្តី​ទាំង​ពីរ​នាក់​នៅ​ពេល​ពួក​គេ​ព្យាយាម​ ស្រែក​ឲ្យ​គេ​ជួយ។ នេះ​បើ​តាម​សាច់​ញាតិ​អះអាង។ ​រយៈ​ពេល​ពីរ​ម៉ោង​បន្ទាប់​​ ​កំហឹងនោះ​បាន​ផ្ទុះឡើង​​កាន់​តែ​ខ្លាំង​ រវាង ឡាំង ពិសេស និង​នគរបាល ហើយ​និង​ហ្វូង​ប្រជា​ជន​​យ៉ាង​ហោច​ជិត ​៥០០​នាក់ ដែល​ព័ទ្ធ​ជុំវិញ​ផ្ទះ​។

ខណៈ​ដែល​នគរ​បាល​​បាន​ព្យាយាម​ ​និយាយ​​ទៅ​កាន់​គាត់​ឲ្យ​ដាក់​អាវុធ​ចុះ ពិសេស នៅ​តែ​និយាយ​ទាំង​​កម្រោល​ និង​បាន​កាត់​ដៃ​ប្រពន្ធ​បង្ហាញ​ទៅ​ហ្វូង​ប្រជា​ជន​​។

លោក គាត វុទ្ធី ​​មេ​ប៉ុស្តិ៍​នគរបាល​​ឃុំថ្ម​ពូន ​បាននិយាយ​​ថា ​៖ «​​យើង​បាន​ព្យាយាម​​ចរចា​និង​ផ្តល់​ឲ្យ​គាត់​នូវការ​បន្ធូ​របន្ថយ​ ទោស​ ប្រសិន​បើ​​គាត់​សារភាព។ ប៉ុន្តែ គាត់​បាន​បិទ​ទ្វារ»។

បន្ទាប់ នគរបាល​បាន​បដិសេធ​មិន​ធ្វើ​តាម​សំណើ​របស់​ប្រជាជន​ដែល​សុំ​ឲ្យ​ប្រើ កម្លាំង​បាយ​ដើម្បី​បញ្ចប់​បញ្ហា​នោះ នៅ​ទី​បំផុត​​ហ្វូង​ប្រជាជន​បាន​ប្រើ​ដុំ​ថ្មគប់​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ និង​បាន​ត្រូវ ឡាំង ពិសេស សន្លប់ ហើយ​បន្ទាប់​មក​ ពិសេស ត្រូវ​បាន​វាយ​រហូត​ដល់​ស្លាប់​ដោយ​ហ្វូង​ប្រជាជន។

នគរបាលបាន​ច្រាន​ចោល​អំពី​ពាក្យ​ចចាម​អារ៉ាម​​ដែល​ថា ​ពិសេស បាន​រំលោភ ចិន្តា នៅ​មុន​ការ​វាយ​ប្រហារ​បន្ទាប់​ពី​កោសល្យ​វិច័យ​​សព កាល​ពី​ល្ងាច​​ថ្ងៃ​អង្គារ។ គ្រួសារ​បាន​យល់​ស្រប​ថា​ ពួកគេ​មិន​ជឿ​ថា វា​ជា​ការ​វាយ​ប្រហារ​លើ​ផ្លូវ​ភេទ​ទេ។

នៅ​ ព្រឹក​ថ្ងៃ​វាយ​ប្រហារ នៅ​ម៉ោង ៨ ព្រឹក​គ្រូ​ពេទ្យ​ក្នុង​ឃុំ​អ្នក​ស្រី ស្រេង សុភា ត្រូវ​បាន​ប្រពន្ធ​ហៅ​ឲ្យ​មក​ពិនិត្យ​ជំងឺ ពិសេស ដែល​គាត់​គិត​ថា ប្តី​មាន​បញ្ហា​សុខភាព។ សុភា បាន​ពិនិត្យ​ឃើញ​ថា គាត់​មាន​សម្ពាធ​ឈាម​ខ្ពស់​និង​​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​ទិញ​ថ្នាំ។

លោក ឡាំង ពិសា ដែល​ជា​ប្អូន​ប្រុស​របស់ ​ពិសេស បាន​ប្រាប់​នគរ​បាល​កាលពី​ម្សិលមិញ​ថា​ ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​សរសៃ​ប្រសាទ នៅ​ពេល​​គាត់​បាន​មក​​យក​សព​ត្រឡប់​ទៅ​ខេត្ត​តាកែវ​។ ប៉ុន្តែ​គាត់​ថា ជំងឺ​នោះ​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ​ចាប់​ពី​ឆ្នាំ ២០០៦ នៅ​ពេល​ដែល​គ្រួសារ​នៅ​ខេត្ត​តាកែវ​បាន​យក​គាត់​ទៅ​ឲ្យ​គ្រូ​ខ្មែរ​ព្យាបាល។

សមាជិក ក្រុមគ្រួសារ​រងគ្រោះ បាន​គ្រោង​នឹង​បរិ​ច្ចាគ​ទ្រព្យ​សម្បត្តិ​ទាំងអស់​របស់​អ្នក​ស្លាប់ ​ដើម្បី​ដាក់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត។ ជីតា​របស់ ចិន្តា គាត់​មាន​សង្ឃឹម​ថា៖ «កូន​ចៅ​គាត់​នឹង​បាន​ទៅ​សោយ​សុខ​ក្នុង​សុគតិភព​មិន​ខាន»។ គាត់​បន្ត​ថា៖ «យើង​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់​ចំពោះ​ការ​ស្លាប់​របស់​ពួកគេ ប៉ុន្តែ​យើង​នឹង​យក​ព្រះធម៌​មក​រំលត់​ទុក្ខ​សោក​របស់​យើង»៕


No comments: