ស្ថាប័នស្រាវជ្រាវដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល បាននាំគ្នាស្វែងរកឫសគល់នៃការប្រឈមផ្នែកសេដ្ឋកិច្ចក្នុងស្ថានភាពជាប់គាំងក្នុងកម្រិតប្រទេសដែលមានចំណូលទាប។ ក្រុមអ្នកសេដ្ឋកិច្ចបាននាំគ្នារិះរកមធ្យោបាយផ្សេងៗ ធ្វើយ៉ាងណាឲ្យកម្ពុជា រួចផុតពីអន្ទាក់ប្រទេសចំណូលទាបកម្រិតមធ្យមនៅលើពិភពលោក។
ទីប្រឹក្សាឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ៃ កល្យាណ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៦ តុលា ឆ្នាំ២០១៣។ RFA/An Sithav |
ដោយ អាន ស៊ីថាវ 2013-10-17
វេទិកាស្រាវជ្រាវអភិវឌ្ឍលើកទីពីរនៅឆ្នាំ២០១៣ ដែលបានធ្វើឡើងនៅថ្ងៃទី១៦ តុលា បានផ្ដោតសំខាន់លើយន្តការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក្លាយជាប្រទេសអភិវឌ្ឍបានយ៉ាងឆាប់រហ័ស។ បទពិសោធន៍ជាក់ស្ដែងដែលបានបង្ហាញនៅលើពិភពលោកថា ប្រទេសដែលប្រែក្លាយទៅជាប្រទេសអភិវឌ្ឍ គឺពិបាកណាស់ ប៉ុន្តែប្រទេសនោះ ងាយនឹងធ្លាក់ចូលក្នុងប្រទេសដែលមានកំណើនយឺតៗ ហើយស្ថិតនៅក្នុងបណ្ដាប្រទេសចំណូលទាបកម្រិតមធ្យមលើពិភពលោក។
កំណើនសេដ្ឋកិច្ចកម្ពុជា ដែលបានព្យាករកើនប្រមាណ ៧% និងចំណូលរបស់ប្រជាពលរដ្ឋជាមធ្យមបានហក់ឡើងដល់ ១ពាន់ដុល្លារ ដែលកំណើននេះ នឹងធ្វើស្ថានភាពអភិវឌ្ឍរបស់កម្ពុជា រួចចាកពីប្រទេសក្រីក្រ ហើយក្លាយជាប្រទេសចំណូលទាបកម្រិតមធ្យមនៅរយៈពេលដ៏ខ្លីខាងមុខ។
អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា លោក អ៊ិនរិច ការូល (Enrique Aldaz-Caroll) មានប្រសាសន៍នៅក្នុងវេទិកាស្រាវជ្រាវអភិវឌ្ឍឆ្នាំ២០១៣ ថា បណ្ដាប្រទេសអភិវឌ្ឍជាច្រើននៅលើពិភពលោក បានមូលដ្ឋានជំរុញឲ្យកំណើនសេដ្ឋកិច្ចខ្លាំង ដោយសារតែកត្តាសំខាន់ពីរ គឺកម្លាំងពលកម្មមានតម្លៃទាប និងធនធានធម្មជាតិនៅទំនេរ និងភាពអំណោយផលច្រើនសម្រាប់ការអភិវឌ្ឍ ដែលធ្វើឲ្យចំណូលមធ្យមរបស់ប្រជាពលរដ្ឋនៃប្រទេសនោះ ក្លាយជាប្រទេសមានចំណូលមធ្យមបាន។ ប៉ុន្តែលោកបញ្ជាក់ថា បន្ទាប់ពីប្រជាពលរដ្ឋទទួលបានចំណូលដល់កម្រិតមធ្យមរួចហើយ ប្រទេសនោះមិនអាចក្លាយជាប្រទេសចំណូលខ្ពស់បានឡើយ។
ទីប្រឹក្សាឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ៃ កល្យាណ មានប្រសាសន៍ថា បទពិសោធន៍កន្លងមកបានបង្ហាញថា ការហក់ឡើងក្លាយជាប្រទេសអ្នកមាន គឺពិបាកណាស់។ លោកបញ្ជាក់ថា ការជួបជុំគ្នារវាងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវេទិកាស្រាវជ្រាវអភិវឌ្ឍនេះ គឺស្វែងរកឱកាសដើម្បីដោះស្រាយបញ្ហាដែលរាំងស្ទះ ទាំងឡាយដែលមិនអាចធ្វើឲ្យកម្ពុជា ប្រែក្លាយជាប្រទេសជឿនលឿនបាននោះ។
លោកបណ្ឌិត ម៉ៃ កល្យាណ៖ «គឺថានាំគ្នាគិតយ៉ាងម៉េច ដើម្បីឲ្យខ្មែរយើងជៀសវាងបញ្ហាហ្នឹង។ អត់មានចម្លើយណាស្រួល ក្នុងជីវិតមានតែរឿងលំបាក។ ប៉ុន្តែកត្តាសំខាន់ឲ្យយើងមានខួរក្បាល ដឹងមុខថា បញ្ហាហ្នឹងស្អី ហើយដោះស្រាយរបៀបម៉េច។ ដូចខ្ញុំជម្រាបហើយ យើងដោះស្រាយបញ្ហាធនធានមនុស្ស បើយើងពង្រឹងធនធានមនុស្ស ទាំងយើងទាំងគេគឺខំ។ ទីពីរ គឺម៉េចឲ្យសេដ្ឋកិច្ចយើងទៅមុខទៀត ប៉ុន្តែអ្វីដែលខ្ញុំព្រួយបារម្ភ គឺត្រូវធ្វើប្រទេសយើងមានស្ថិរភាព»។
លោកបណ្ឌិត ម៉ៃ កល្យាណ មានប្រសាសន៍បន្ថែមថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងជំរុញឲ្យប្រជាពលរដ្ឋកម្ពុជា ជាប្រទេសចំណូលមធ្យមបានយ៉ាងឆាប់រហ័ស ប៉ុន្តែត្រូវមានស្ថិរភាពនយោបាយ។
បន្ថែមលើបញ្ហានេះ អ្នកឯកទេសវិស័យសាធារណៈ និងគ្រប់គ្រងសេដ្ឋកិច្ចរបស់ធនាគារពិភពលោកប្រចាំកម្ពុជា លោក លី សូដេត បានអះអាងថា វិបត្តិនយោបាយនៅកម្ពុជា មិនមានសញ្ញាអវិជ្ជមានណាមួយដែលប៉ះពាល់សេដ្ឋកិច្ចកម្ពុជាឡើយ។ ធនាគារពិភពលោកបានព្យាករសេដ្ឋកិច្ចកម្ពុជា នៅក្នុង២០១៣ សម្រេចបាន ៧%។
ទោះជាយ៉ាងណា ការព្រួយបារម្ភរបស់អ្នកសេដ្ឋកិច្ចកម្ពុជា អាចធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា ជាប់ក្នុងប្រទេសចំណូលមធ្យមកម្រិតទាប ហើយកំពុងកើតនៅប្រទេសហ្វីលីពីន។ មានន័យថា ប្រទេសនេះមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ប៉ុន្តែកំណើននេះមិនអាចហក់ឡើងទៅជាប្រទេសអភិវឌ្ឍបានឡើយនៅរយៈពេលប្រមាណជាង ៣០ឆ្នាំមកហើយ។ ផ្ទុយទៅវិញ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ដែលធ្លាប់អន់ខ្សោយជាប្រទេសហ្វីលីពីននោះ បានក្លាយជាប្រទេសអភិវឌ្ឍខ្លាំងលើសកលលោកនាពេលបច្ចុប្បន្ន។
ឯកសារអំពីគោលការណ៍អភិវឌ្ឍបានបង្ហាញថា កំណើនសេដ្ឋកិច្ចត្រូវឆ្លងកាត់តាមដំណាក់ៗ គឺពីវិស័យកសិកម្មទៅឧស្សាហកម្ម និងទៅសេវាកម្ម ហើយការចាប់យកវិស័យណាមួយ ជាមូលដ្ឋានជំរុញកំណើនសេដ្ឋកិច្ច ត្រូវឆ្លើយតបនឹងសមត្ថភាពប្រជាពលរដ្ឋ និងរៀបចំច្បាប់ជួយលើកស្ទួយវិស័យនោះ។ ការអភិវឌ្ឍប្រទេសដែលប្រាកចាកពីគោលការណ៍អភិវឌ្ឍនេះ នឹងធ្វើឲ្យប្រទេសនោះជាប់ក្នុងអន្ទាក់ចំណូលមធ្យមកម្រិតទាបនៅលើពិភពលោកជារៀងរហូត៕
1 comment:
ECONOMY IS HEAD BODY HANDS AND FOOT!
Post a Comment