Friday, November 01, 2013

បក្ស​សង្គ្រោះ​ជាតិ​ទាក់ទង​បក្ស​ប្រជាជន​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​ចរចា


RFA/Tin Zakariya
គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាក់ទង​ទៅ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ តុលា ដើម្បី​កំណត់​អំពី​កាល​បរិច្ឆេទ​នៃ​ការ​ចរចា​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ ប៉ុន្តែ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​កំណត់​ថ្ងៃ​ជួប​ចរចា រវាង​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ឡើយ។

ដោយ ទីន ហ្សាការីយ៉ា 2013-10-31 RFA

គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាក់ទង​ទៅ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ នៅ​បន្ទាប់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ថា លោក​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​គ្នា​ដើម្បី​កំណត់​អំពី​ថ្ងៃ​ចរចា។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ពី​ជំហរ​ខ្លួន​ក្នុង​ការ​ជួប​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​ខាង​មុខ​ថា គណបក្ស​នេះ​ផ្អែក​លើ​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ។

លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៣១ តុលា ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​លើ​ការ​ជជែក​ពិភាក្សា​ជាមួយ​ប្រជាជន​កម្ពុជា ឈរ​លើ​ស្មារតី​ស្មោះត្រង់ សច្ចធម៌ និង​យុត្តិធម៌ ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​រួម​មួយ។


លោក សម រង្ស៊ី បាន​ប្រកាស​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ថា នៅ​ថ្ងៃ​ទី​៣១ តុលា លោក​ទាក់ទង​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​កំណត់​ថ្ងៃ​ជួប​គ្នា​ចរចា៖ «ថ្ងៃ​នេះ ខ្ញុំ​នឹង​ទាក់ទង​ទៅ​ឯកឧត្តម ស ខេង តាម​យន្តការ​ទំនាក់ទំនង​ដែល​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​ជ្រើស​រើស​ជម្រើស​បែប​ហ្នឹង គឺ​ថា បើ​មាន​បញ្ហា​អី យើង​នឹង​ធ្វើ​ការ​ជំនួប»។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​ថា លោក សម រង្ស៊ី បាន​ទាក់ទង​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ហើយ ប៉ុន្តែ លោក ស ខេង មិន​ទាន់​បញ្ជាក់​អំពី​ការ​កាល​បរិច្ឆេទ​ជួប​ប្រជុំ​គ្នា​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​៣១ តុលា នេះ។

ការ​ប្រកាស​ជំហរ​របស់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ អំពី​ការ​ទាក់ទង​ទៅ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ នៅ​បន្ទាប់​ពី លោក ស ខេង បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៣០ តុលា ថា លោក​ចង់​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​គ្នា​ផ្ទាល់ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​នេះ។

លោក ស ខេង មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​បំណង​ជួប​គ្នា​ចរចា​ឆាប់ៗ គឺ​លោក សម រង្ស៊ី អាច​ទាក់ទង​លោក​តាម​ទូរស័ព្ទ​ដូច​លើក​មុន ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ចរចា។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា ការ​ចរចា​គ្នា​នៅ​ពេល​ខាង​មុខ​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ មាន​របៀបវារៈ​បី មិន​មែន​ជា​លក្ខខណ្ឌ​ទេ។ ទី​១ ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ទី​២ ទាមទារ​ឲ្យ​អ្នក​ដឹក​នាំ គ.ជ.ប លា​លែង​ពី​តំណែង​របស់​ខ្លួន និង​ទី​៣ ទាមទារ​ឲ្យ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​តាម​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល៖ «ខ្ញុំ​បញ្ជាក់​ហើយ មិន​មែន​ជា​លក្ខខណ្ឌ​ទេ គឺ​ជា​របៀបវារៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ យក​ទៅ​ជជែក។ ខ្ញុំ​បញ្ជាក់​ហើយ អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន គឺ​ចង់​ឲ្យ​ប្រទេស​កម្ពុជា មាន​ភាព​ស្រប​ច្បាប់»។

លោក កឹម សុខា បញ្ជាក់​ថា ការ​បើក​ទ្វារ​ចរចា​នេះ មិន​មែន​គណបក្ស​សង្គ្រោះ​ជាតិ បោះ​បង់​ការ​តស៊ូ​មតិ ដូច​ជា​ការ​ធ្វើ​បាតុកម្ម ការ​ដាក់​ញត្តិ ការ​ទាមទារ​តាម​ការទូត រហូត​ដល់​គោលដៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​យុត្តិធម៌។

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ផ្ដិត​មេដៃ​អ្នក​គាំទ្រ​បន្ថែម​ទៀត។ លោក សម រង្ស៊ី បញ្ជាក់​ថា គណបក្ស​សង្រ្គោះ​ជាតិ នឹង​រក​បាន​ញត្តិ​ស្នាម​មេដៃ ៣​លាន ៥​សែន​នាក់ ដើម្បី​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ បន្ទាប់​ពី​គណបក្ស​នេះ​បាន​ដាក់​ញត្តិ​បាន​ជាង ២​លាន​នាក់​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២៥ តុលា នោះ។

អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​លើក​ឡើង​ថា ប្រសិន​បើ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​រក​វិធី​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​រួម​មិន​បាន​ទេ​នោះ កម្ពុជា នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ខ្លាំង​នៅ​ពេល​ខាង​មុខ។

របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​តិចតួច​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​រៀង​រាល់​ឆ្នាំ។ អ្នក​មាន និង​អ្នក​ក្រ​នៅ​កម្ពុជា មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រមាណ ៨០% មាន​ដី​ធ្វើ​កសិកម្ម​តិច​ជាង​មួយ​ហិកតារ ស្រប​ពេល​ដែល​អ្នក​មាន​អំណាច​ប្រមាណ ២០% មាន​ដី​ច្រើន​ជាង ៥០០​ហិកតារ ដែល​គ្រប់គ្រង​ដី​ផលិត​កសិកម្ម​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ប្រទេស​កម្ពុជា។

ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៦​លាន​នាក់ ស្ថិត​នៅ​ក្រោម​បន្ទាប់​ភាព​ក្រីក្រ មាន​ន័យ​ថា ពួក​គាត់​មិន​អាច​រក​ចំណូល​បាន​ប្រមាណ ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។ បន្ថែម​ពី​លើ​នេះ​ទៀត ប្រជាពលរដ្ឋ​ប្រមាណ ៣​លាន​នាក់​ផ្សេង​ទៀត ងាយ​នឹង​ធ្លាក់​ក្រោម​បន្ទាប់​ភាព​ក្រីក្រ​ដែរ ប្រសិន​បើ​កម្ពុជា មាន​វិបត្តិ​សេដ្ឋកិច្ច​បន្ថែម​ទៀត ដូច​ជា ទំនិញ​កាន់​តែ​ឡើង​ថ្លៃ និង​គ្រោះថ្នាក់​ធម្មជាតិ​ផ្សេងៗ៕

1 comment:

Anonymous said...

ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....

ហ៊ុន សែន ធ្លាប់ចង្អុលសួរ សម រង្ស៊ី ថា

៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
ពិតណាស់!
ពិតជាអស្ចារ្យណាស់!

សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....

អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!