ក្រុមអ្នកឃ្លាំមើលបញ្ហាបរិស្ថានអន្តរជាតិ អះអាងថា ការវិនិយោគដាំកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម ក្នុងខេត្តរតនគិរី នៅតែជាបញ្ហាប្រឈមសម្រាប់ពលរដ្ឋនៅតាមមូលដ្ឋាន និងបន្តបំផ្លាញធនធានធម្មជាតិរបស់កម្ពុជា យ៉ាងធ្ងន់ធ្ងរ។
ដោយ តាំង សារ៉ាដា 2013-11-13 RFA
អង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ នេះ បានទាមទារឱ្យក្រុមហ៊ុនវៀតណាម ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) គោរពការសន្យារបស់ខ្លួនកាលពី ៦ខែមុន ក្នុងការដោះស្រាយវិបត្តិបរិស្ថាននៅក្នុងប្រទេសកម្ពុជា ដែលបណ្ដាលមកពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននេះ។
សកម្មភាពកាប់បំផ្លាញព្រៃឈើរបស់ក្រុមហ៊ុនវៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) នៅកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៣។ Global Witness Photo |
កាលពីថ្ងៃទី១៣ ខែឧសភា អង្គការឃ្លាំមើលពិភពលោក បានបញ្ចេញរបាយការណ៍មួយមានចំណងជើងថា «រ៉ាប់ប៊ឺ បារ៉ិនស៍» (Rubber Barons) ទម្លាយឲ្យពិភពលោកដឹងអំពីសកម្មភាពបំពានច្បាប់ជាតិ បំផ្លាញធនធានធម្មជាតិ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងប្រទេសឡាវ ដោយក្រុមហ៊ុនដំណាំកៅស៊ូវៀតណាម ធំៗពីរ គឺក្រុមហ៊ុនឯកជន ហ្វាង អាន់ យ៉ាឡាយ និងក្រុមហ៊ុនរដ្ឋវៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group=VRG)។
ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ បានវិនិយោគលើវិស័យដំណាំកៅស៊ូនៅខេត្តរតនគិរី ក្នុងប្រទេសកម្ពុជា ជាប់ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។ ក្រុមហ៊ុននេះកាន់កាប់ដីនៅខេត្តរតនគិរី ក្រោមផ្លាកសម្បទានដីសេដ្ឋកិច្ចចំនួនជិត ៥ម៉ឺនហិកតារ ខណៈដែលច្បាប់កម្ពុជា កំណត់មិនឲ្យលើសពី ១ម៉ឺនហិកតារ សម្រាប់ក្រុមហ៊ុនមួយ។ ចំណែកក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប វិញ មានអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចសឹងពាក់កណ្ដាលប្រទេស គឺចាប់តាំងពីខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ធ្លាយទៅដល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីក្រុមហ៊ុនវៀតណាម ទាំងពីរនេះបានទេ។
ទោះជាមានរបាយការណ៍នានាអំពីការបំផ្លិចបំផ្លាញបរិស្ថាននៅកម្ពុជា ដោយក្រុមហ៊ុនវិនិយោគបរទេសក៏ដោយ ក៏មន្ត្រីសឹងគ្រប់ជាន់ថ្នាក់របស់រដ្ឋាភិបាល តែងបដិសេធការអះអាងរបស់អង្គការឃ្លាំមើលពិភពលោកមួយនេះ។
តំណាងរាស្ត្ររបស់បក្សកាន់អំណាច លោក ឈាង វុន ថ្លែងថា អង្គការឃ្លាំមើលពិភពលោក នេះ ជាអង្គការមួយមិនដែលសរសេររបាយការណ៍ល្អអំពីកម្ពុជា នោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានទទួលស្គាល់ការងារដ៏មានវិជ្ជាជីវៈខ្ពស់របស់អង្គការឃ្លាំមើលពិភពលោក ហើយថា ក្រុមមន្ត្រីបក្សប្រជាជនកម្ពុជា ខ្វះការទទួលខុសត្រូវចំពោះបញ្ហាបរិស្ថានក្នុងប្រទេសខ្លួនដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ។
មន្ត្រីអង្គការឃ្លាំមើលធនធានធម្មជាតិលើពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស បញ្ជាក់ថា ពលរដ្ឋខេត្តរតនគិរី បានបាត់បង់ដីស្រែចម្ការជាច្រើនហិកតារ បាត់បង់ព្រៃសហគមន៍ និងផ្ទះសម្បែង ដោយសារការបំពានរបស់ក្រុមហ៊ុនវៀតណាម ដែលមានការការពាររឹងមាំដោយកងកម្លាំងប្រដាប់អាវុធកម្ពុជា៕
1 comment:
These trees useless Chheang vun said rubber tree value,because our Viet has jobs,land to lives untill a couple generations is it sucers???????KRANHUN EASAN
Post a Comment