![]() |
RFA/Vann Vichar |
ដោយ វណ្ណ វិចារ RFA 2013-12-09
បុរសជនជាតិអង់គ្លេស ម្នាក់ ឈ្មោះ ហ្វ្រីយ៉េត ហ្គ្រេចថូម៉ាស់ (Freyett Grece Tomas) និងបក្ខពួកពីរនាក់ទៀត ជាជនជាតិខ្មែរអាមេរិកាំង មានឈ្មោះ អ៊ុំ សំអាង និងឈ្មោះ សឿម ដែននី ត្រូវបានតុលាការកម្ពុជា ឃុំខ្លួនអស់រយៈពេលជាច្រើនខែមកហើយ តាមបណ្ដឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ បុរសទាំងបីនាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន កាលពីដើមឆ្នាំ២០១៣ នៅភ្នំពេញ ក្នុងសំណុំរឿងលាងលុយកង្វក់ និងបន្លំឯកសារសាធារណៈ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា សំណុំរឿងនេះជាករណីសម្អាតប្រាក់ដ៏ធំមិនធ្លាប់មាននៅកម្ពុជា ដោយអាជ្ញាធរត្រូវចំណាយពេលស៊ើបអង្កេតជាង ១ឆ្នាំ ទើបឈានដល់ការចាប់ខ្លួន។ លោកបន្តថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបន្តសាកសួរមនុស្សជិត ១០នាក់ផ្សេងទៀត ដើម្បីសិក្សាបន្ត ហើយនឹងបញ្ជូនសំណុំរឿងទៅកាន់តុលាការ។
«សំឡេង»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីស្ថានទូតអង់គ្លេស និងស្ថានទូតអាមេរិក ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣។
ទោះយ៉ាងណាក្តី អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ធ្លាប់បានដាក់លិខិតសួរនាំពីការចាប់ខ្លួនជនជាតិខ្មែរអាមេរិកាំង ទាំងពីរនាក់ ប៉ុន្តែភាគីអង្គភាពប្រឆាំងអំពើពុករលួយមិនបានឆ្លើយតបទេ ក្រោមហេតុផលថា បុរសទាំងពីរនាក់នោះប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរ។ ចំណែកឯជនសង្ស័យជាជនជាតិអង់គ្លេស នោះ បានរកមេធាវីការពារក្តីឲ្យខ្លួនរួចហើយ ហើយមេធាវីនោះក៏បានតតាំងខ្លាំងក្លាជាមួយអង្គភាពប្រឆាំងអំពើពុករលួយដែរ។
បុរសជនជាតិអង់គ្លេស ឈ្មោះ ហ្វ្រីយ៉េត ហ្គ្រេចថូម៉ាស់ ត្រូវបានអាជ្ញាធរប្រាប់ថា រូបគាត់បានស្នើសុំដីសម្បទានសេដ្ឋកិច្ចនៅខេត្តសៀមរាប ចំនួនជាង ១ពាន់ហិកតារ កាលពីឆ្នាំ២០០៩ ដើម្បីដាំល្ហុងខ្វង ប៉ុន្តែក្រសួងកសិកម្ម មិនអនុញ្ញាតទេ។ បុរសរូបនោះបានយកផែនទីដីដែលខ្លួនស្នើសុំនោះ ធ្វើក្លែងបន្លំឯកសារឲ្យក្លាយជាដីដែលអាជ្ញាធរអនុញ្ញាតឲ្យទៅវិញ។ ហើយយកប្លង់ដីធ្លីនេះ ទៅលក់បន្តនៅប្រទេសអង់គ្លេស ចំនួន ៣ដង បានប្រាក់ជាង ៣០លានផោន ឬជាង ៤០លានដុល្លារ។ បុរសរូបនោះក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា បានបង្កើតអង្គការចំនួន១៣ និងបង្កើតក្រុមហ៊ុនចំនួន១០ ដើម្បីបោកប្រាក់ពីប្រទេសអង់គ្លេស និងយកមកចាយវាយ ព្រមទាំងផ្ញើធនាគារនៅប្រទេសកម្ពុជា។
អង្គភាពប្រឆាំងអំពើពុករលួយ នឹងបិទបញ្ចប់ការស៊ើបអង្កេតករណីសម្អាតប្រាក់នេះ នៅរយៈពេល ៥ខែខាងមុខ។ បើសិនជាតុលាការរកឃើញថា បុរសជនជាតិអង់គ្លេស រូបនេះពិតជាបានប្រព្រឹត្តមែននោះ បុរសរូបនេះអាចនឹងត្រូវប្រឈមនឹងការជាប់គុកពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។
ក្រៅពីការប្រកាសពីករណីសម្អាតប្រាក់នេះ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃប្រារព្ធទិវាជាតិប្រឆាំងអំពើពុករលួយ ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន កូកាកូឡា (Coca Cola) ក្នុងការប្ដេជ្ញាចិត្តប្រឆាំងអំពើពុករលួយ និងបានប្រកាសថា នឹងដាក់បញ្ចូលខ្លឹមសារច្បាប់ប្រឆាំងអំពើពុករលួយ ក្នុងកម្មវិធីសិក្សាតាមគ្រឹះស្ថានអប់រំនៅឆ្នាំ២០១៤ ខាងមុខ៕
1 comment:
អង្គភាពបិទបាំងអំពើពុករលួយ!!!!
Post a Comment