............................
ដោយ៖ ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី5 ខែធ្នូ ឆ្នាំ2013 | 3 ម៉ោង មុន VOD
ក្រុមហ៊ុនទូរស័ព្ទសែលកាត(Cellcard) នៅថ្ងៃព្រហស្បតិ៍នេះ ប្រកាសបញ្ឈប់គម្រោងសែលកាតXG ដែលអតិថិជននឹងមិនមានអាចខលទៅប្រព័ន្ធដូចគ្នាដោយការបន្ថែមនាទីឡើយ ដូចសព្វមួយដងឡើយ។
ក្រុមហ៊ុនសែលកាតប្រកាសបែបនេះ ដោយអនុវត្តទៅតាមសេចក្តីបង្គាប់របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា(TRC)នៃក្រសួងប្រៃសណីយ៍ និងគមនាគមន៍។សេចក្តីបង្គាប់របស់បញ្ញត្តិករទូរគមនាគមន៍ ដាក់កំណត់លើក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ចំពោះអត្រាតម្លៃអប្បបរមាសម្រាប់ការហៅចេញក្នុងប្រព័ន្ធត្រឹម៤.៥សេន ក្នុងមួយនាទី និង៥.៩៥សែនក្នុងមួយនាទី សម្រាប់ការហៅទូរស័ព្ទចេញទៅក្រៅប្រព័ន្ធ។ បទបញ្ជារបស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ចាប់ពីថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០១៣។
បុគ្គលិកសេវាកម្មរបស់ក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា ការបញ្ឈប់គម្រោងនេះភ្លាមៗ ដោយមិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ខលចេញគ្រប់មួយខែនៃការភ្ជាប់ប្រព័ន្ធ គឺធ្វើឡើងតាមតែសេចក្តីបង្គាប់របស់ក្រសួងតែប៉ុណ្ណោះ។
សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនសែលកាត ឲ្យដឹងថា អត្រាតម្លៃគម្រោងសែលកាតធម្មតាគឺតម្លៃ៧សេនក្នុងមួយនាទី និង៨សេន សម្រាប់ការហៅក្រៅប្រព័ន្ធ។ ចំពោះស៊ីមកាតថ្មី អតិថិជន នៅតែរីកករាយជាមួយទឹកប្រាក់មានស្រាប់ក្នុងគណនីព្រមទាំងអត្ថប្រយោជន៍បន្ថែមជាច្រើនទៀត។ ក្រុមហ៊ុនប្រកាសថា នឹងមិនអាចបន្តផ្តល់ជូនការហៅទូរស័ព្ទដោយឥតគិតថ្លៃក្នុងប្រព័ន្ធបានទេ តែនឹងបន្ថែមការផ្តល់ជូនឥតគិតថ្លៃលើចំនួនទិន្នន័យអ៊ិនធើណេតកាន់តែច្រើនជាងមុន។សម្រាប់គម្រោងសេលកាតផ្លឹស ក្រុមហ៊ុន នឹងបញ្ឈប់ចាប់ពីថ្ងៃទី០៥ខែធ្នូ តែរាល់អតិថិជនដែលបានភ្ជាប់គម្រោងមុនថ្ងៃកំណត់នេះ អាចបន្តរីករាយជាមួយប្រយោជន៍របស់គម្រោងតាមអ្វីដែលបានកំណត់ក្នុងសេចក្តីបង្គាប់របស់ក្រសួង។
ចំណែកក្រុមហ៊ុនទូរស័ព្ទចល័តស្មាត(Smart) កាលពីថ្ងៃពុធ បានប្រកាសថា ក្រុមហ៊ុនខ្លួន នឹងផ្លាស់ប្តូរកម្មវិធីខលទូរស័ព្ទមួយចំនួន ដោយនឹងយកតម្លៃ តេចេញក្នុងប្រព័ន្ធ៤.៥សេន/១នាទី ចាប់ពីថ្ងៃទី០៤ខែធ្នូ តាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សម្រាប់កម្មវិធីដូរលុយ អតិថិជនស្មាត នៅតែអាចបន្តរីករាយជាមួយកម្មវិធី Smartដូរលុយ តែលុយដែលដូរបានអាចប្រើសម្រាប់ការផ្ញើសារក្នុងប្រព័ន្ធ និង ប្រើអ៊ិនធើណែត។ សម្រាប់សេវាតេអស់ស្ទះ នឹងត្រូវបានផ្អាកជាបណ្តោះអាសន្ន។
ក្នុងបទសម្ភាសន៍ជាមួយVOD ប្រធាននិយតករទូរគមនាគមន៍កម្ពុជា លោក ម៉ៅ ចរិយា មានប្រសាសន៍ថា ក្រសួងចង់ឲ្យយកថ្លៃដើម ដើម្បីឲ្យការប្រកួតប្រជែងឲ្យមានតម្លាភាព មិនចង់ឲ្យក្រុមហ៊ុនផ្សេងទៀតដួលរលំ និងចង់ឲ្យមានអ្នកវិនិយោគលើសេវានេះកាន់តែច្រើន។ លោកបញ្ជាក់ថា កាលណាក្រុមហ៊ុនទាំងនោះ ដួលរលំ នាំឲ្យរាជរដ្ឋាភិបាល ខាតបង់ថវិកា៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment