លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង និងជាប្រធានចលនាសង្គ្រោះជាតិ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា នៅទីស្ដីការក្រសួងការបរទេសឥណ្ឌូនេស៊ី ក្នុងក្រុងហ្សាកាតា (Jakarta)។
2012-09-15
ដោយ ម៉ៅ សុធានី
Radio Free Asia
លោក សម រង្ស៊ី ត្រូវបានសភាឥណ្ឌូនេស៊ី អញ្ជើញលោកឲ្យចូលរួមក្នុងកិច្ចពិភាក្សាមួយចំនួនជាមួយសមាជិកតំណាងរាស្ត្រខ្លះ នៃគណបក្សផ្សេងៗគ្នាក្នុងសភាឥណ្ឌូនេស៊ី ផងដែរ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសុក្រ ទី១៤ កញ្ញា មានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងហ្សាកាតា ថា ជំនួបពិភាក្សារវាងលោក ជាមួយលោក ម៉ាទី ណាតាឡេហ្គាវ៉ា កាលពីថ្ងៃទី១៣ ខែកញ្ញា បានផ្ដោតសំខាន់លើស្ថានការណ៍នៅកម្ពុជា និងនៅតំបន់អាស៊ី។ លោកថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី មានជំហរដូចលោកដែរ គឺចង់ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន៖ «គាត់មិនមែននិយាយពីរឿងគណបក្សទេ គាត់និយាយអំពីគោលការណ៍ គឺគាត់គាំទ្រគោលការណ៍ឲ្យមានទំនាក់ទំនងល្អជាមួយនឹងប្រទេសកម្ពុជា គឺមានន័យថា មិនមែនតែជាមួយរដ្ឋាភិបាលទេ គឺជាមួយតំណាងរាស្ត្រ ជាមួយអង្គការក្រៅរដ្ឋាភិបាល។ គាត់យល់ឃើញថា រដ្ឋាភិបាលទាក់ទងគ្នាបានល្អហើយ តែតំណាងរាស្ត្រ និងតំណាងរាស្ត្រ អង្គការសង្គមស៊ីវិល ជាមួយតំណាងប្រជាពលរដ្ឋ ត្រូវតែទាក់ទងគ្នា ដើម្បីពង្រឹងមិត្តភាព នៃប្រទេសទាំងពីរ។ ធ្វើបែបនេះ គឺអាចយកគំរូល្អពីប្រទេសដែលគេបានអនុវត្តលទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំ ដូចជាប្រទេសឥណ្ឌូនេស៊ី»។ លោក សម រង្ស៊ី បានជួបពិភាក្សាជាមួយតំណាងរាស្ត្រឥណ្ឌូនេស៊ី មួយចំនួនទៀត ពីគណបក្សផ្សេងៗនៅក្នុងសភាឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ។



.jpg)



