2012-08-22
ដោយ ជី វិតា
Radio Free Asia
និទ្ទណ្ឌភាព និងប្រព័ន្ធយុត្តិធម៌ទន់ខ្សោយនៅកម្ពុជា គឺជាចំណុចខ្លាំងនៃពាក្យបណ្ដឹងរបស់អង្គការចលនាអំណាចពលរដ្ឋខ្មែរ ដែលបានដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court = ICC) ប្ដឹងចោទរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានប្រព្រឹត្តិបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
មន្ត្រីឃ្លាំមើលតុលាការអន្តរជាតិ អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី (Clair Duffy) នៃអង្គការ OSJI (Open Society Justice Initiative) មានប្រសាសន៍ថា តាមគោលការណ៍ដើម្បីអោយតុលាការព្រហ្មទណ្ឌអន្តរជាតិនេះមានសមត្ថកិច្ចចាត់ការរឿងក្តីព្រហ្មទណ្ឌណាមួយបាននោះ លុះត្រាតែម្ចាស់បណ្ដឹង ឬដើមចោទ អាចបង្ហាញ និងបញ្ជាក់អោយរដ្ឋអាជ្ញា នៃតុលាការនេះជឿជាក់ថា ទី១ បទល្មើសដែលប្ដឹងទៅនោះ មានសភាពធ្ងន់ធ្ងរ ដែលអាចបង្កក្តីបារម្ភដល់សហគមន៍អន្តរជាតិ។ ទី២ មានភស្តុតាងបញ្ជាក់ថា បទល្មើសនោះកើតឡើងយ៉ាងទូលំទូលាយ ជាលក្ខណៈប្រព័ន្ធ។ ហើយទី៣ តុលាការនៅក្នុងប្រទេសនោះ មិនមានឆន្ទៈ ឬមិនអាចរកយុត្តិធម៌ជូនជនរងគ្រោះ។

