Wednesday, September 28, 2011

មាន​ទឹក​ជំនន់​ ខ្វះ​លុយ​ អ្នក​ខ្លះ​មិន​ទៅ​ស្រុក​ថ្ងៃ​ភ្ជុំបិណ្ឌ - Flood, no money, some are not returning home for Pchum Ben

បុណ្យ​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ​យ៉ាង​សំខាន់ និង​ធំបំផុត​សម្រាប់​​ពលរដ្ឋ​កម្ពុជា។ ពិធី​ព្រះពុទ្ធសាសនា​នេះ​​តែងតែ​ប្រព្រឹត្ត​ទៅ​ជារៀង​រាល់​ឆ្នាំ​ក្នុង​​ រយៈពេល​១៥​ថ្ងៃ។

ថ្ងៃអង្គារ, 27 ខែកញ្ញា 2011
ដោយ គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ | ភ្នំពេញ
«អត់សូវ​បាន​លុយ​បាន​កាក់។ អត់​បាន​ទៅ​ស្រុក​ទេ។ វត្ត​នៅ​ភ្នំពេញ​ក៏មិន​បាន​ទៅ វត្ត​នៅ​ស្រែ​ក៏​មិន​បាន​​ទៅ​ គ្រាន់តែ​បាន​ផ្ញើលុយ​កាក់​បន្ដិចបន្តួច​តាមគេ​សម្រាប់​ធ្វើបុណ្យខ្លះ»។
មន្ដ្រី​រាជការ​ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​នានា​រួមទាំង​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ​និង​​សកម្មភាព​ពាណិជ្ជកម្ម​សំខាន់ៗ​ភាគច្រើន​ត្រូវផ្អាក​ដំណើរការ​ សម្រាប់​ឱកាស​បីថ្ងៃ​ចុងក្រោយ​​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​នៅទូទាំង​ប្រទេស​កម្ពុជា។

រាជធានី​ភ្នំពេញ​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​ជា​ពីរ​លាន​នាក់​ បាន​ក្លាយ​ទៅ​ជា​ទីក្រុង​ដែល​មាន​សភាព​ស្ងប់ស្ងាត់​ជាង​ពេល​ធម្មតា។​ ប្រជាពលរដ្ឋ​រស់នៅ​ទីនេះ​ដែល​មួយ​ចំនួន​មាន​ដើមកំណើត​នៅ​​ខេត្ត​នានា​បាន​ត្រឡប់​ទៅ​កាន់​ទីកន្លែង​កំណើត​ដើម្បី​ប្រារព្ធ​ពិធី​សាសនា​នេះ។

ក៏ប៉ុន្ដែ ​លោក ​កាវ​ ចយ​ មកពី​ស្រុក​កំពង់ត្របែក​ ខេត្ត​ព្រៃវែង​មិនបាន​ត្រឡប់​ទៅ​ស្រុក​កំណើត​​ដូច​​អ្នកផ្សេង​ទៀតទេ។ ទម្រេត​ខ្លួន​លើ​ស៊ីក្លូ​ចំណាស់​មួយ​លើ​ចិញ្ចើម​ផ្លូវ​ជាប់នឹង​វាល​ព្រះមេរុ ​ខាង​ជើង​ព្រះបរមរាជវាំង​ បុរស​​អាយុ​៤៧​ ឆ្នាំ​រូប​នេះ​ កំពុង​តែ​សម្លឹង​រក​អតិថិជន។ គាត់​ប្រកបមុខ​របរ​ធាក់​ស៊ីក្លូ​នេះ​ចាប់តាំង​ពី​ឆ្នាំ​១៩៨២ ដោយ​គាត់​សង្ឃឹមថា​ នឹង​អាច​រកប្រាក់​បាន​ងាយ​ស្រួល​ ប៉ុន្ដែ​គាត់​គ្មាន​ទីជម្រក​ទេ​ក្នុង​ក្រុងភ្នំពេញ​នេះ​ទេ​ពោល​គឺ​គាត់​ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​នៅ​ពេលយប់​ដូច​អ្នក​ធាក់ស៊ីក្លូ​មួយ​ចំនួន​ទៀត​ដែរ។ គាត់​មិនត្រឹមតែ​មិន​បាន​ទៅ​​ស្រុក​កំណើត​ទេ ប៉ុន្ដែ​ថែមទាំង​មិន​បាន​ទៅ​វត្តណា​មួយ​ទៀត​ផង។


«អត់សូវ​បាន​លុយ​បាន​កាក់។ អត់​បាន​ទៅ​ស្រុក​ទេ។ វត្ត​នៅ​ភ្នំពេញ​ក៏មិន​បាន​ទៅ វត្ត​នៅ​ស្រែ​ក៏​មិន​បាន​​ទៅ​ គ្រាន់តែ​បាន​ផ្ញើលុយ​កាក់​បន្ដិចបន្តួច​តាមគេ​សម្រាប់​ធ្វើបុណ្យខ្លះ»។

លោក​ កាវ ​ចយ ​ពោល​ថា​ គាត់​អាច​រក​កម្រៃ​ក្នុង​មួយថ្ងៃ​បាន​ចន្លោះ​ពី​១០.០០០​ ទៅ​១៥.០០០ ​រៀល​ ក៏​ប៉ុន្ដែ​គាត់​មិនអាច​សន្សំ​ប្រាក់​ទាំងនេះ​សម្រាប់​ទៅ​ស្រុក​កំណើត​នោះទេ​ ដោយសារ​តែ​ម្ហូប​អាហារ​​ក្នុង​ក្រុង​ភ្នំពេញ​ឡើងថ្លៃ។

លោក ចន្ថា ក៏ជា​អ្នកស្រុក​ម្នាក់ទៀត​មកពី​ខេត្ត​ព្រៃវែង​ដែរ។ គាត់​ប្រកប​របរប៉ះកង់​ក្បែរ​ក្រសួង​បរិស្ថាន​​ដែល​នៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​វិមាន​ឯករាជ្យ​ក្នុង​ក្រុង​ភ្នំពេញ​នោះទេ។ មាន​អាយុ​៤០​ឆ្នាំ ​និង​មានមាឌ​ធំ​​សម្បុរ​ស្រអែម ​លោក​ចន្ថា​ប្រកបរបរ​នេះ​អស់រយៈពេល​ដប់ឆ្នាំ​ហើយ។ ឆ្នាំនេះ​​លោក​​ក៏មិនអាច​​​ទៅ​ចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​នៅស្រុក​មេសាង​ ដែល​ជា​ស្រុកកំណើត​របស់​លោក​ទេ។ លោក​​ត្អូញត្អែរ​ថា ការធ្វើដំណើរ​ទៅ​ស្រុកកំណើត​នឹង​ចំណាយ​សោហ៊ុយ​ច្រើន។

«មូលហេតុ​ដែល​រកលុយ​មិនសូវ​បាន​ព្រោះ​ឥឡូវ​ពិបាករក។ មួយថ្ងៃៗ​រក​បាន​តែ​ ២០.០០០ ​ប៉ុណ្ណឹង​ ហើយ​យើង​ចាយ​នៅ​ភ្នំពេញ​ដឹងស្រាប់​ហើយ​ ទំនិញ​ឡើងថ្លៃ​ទាំងអស់។ ហើយ​រកមួយថ្ងៃ​សម្រាប់​​ចាយ​បាន​តែ​មួយថ្ងៃ ​សល់​តែ​តិចតួច​ប៉ុណ្ណោះ។ នឹក​ថា យើង​រកបាន​តិចហើយ​ តែបើ​សិន​ជា​ទៅស្រុក​​បងប្អូន​នឹក​ថា ​នឹង​សប្បាយ​ដោយសារ​​ដល់​យើង​រកលុយ​មិនបាន​ខ្ជិលទៅ»។

បញ្ហា​ថវិកា​គឺ​ជា​ឧបសគ្គ​មួយ​ដែល​បាន​រារាំង​អ្នក​ប្រកបមុខ​របរ​តូចតាច​ដូច្នេះ​​មិនឲ្យ​មាន​លទ្ធភាព​ធ្វើ​​ដំណើរ​ទៅកាន់​ស្រុកកំណើត។ ក៏ប៉ុន្ដែ​សម្រាប់​លោក ​ជា តូ​ច អ្នក​ធាក់ស៊ីក្លូ​ម្នាក់​ទៀត​មិន​ត្រឹមតែ​ដោយសារ​តែបញ្ហា​ថវិកា​នោះទេ។ ជំនន់​ទឹកភ្លៀង​ដែល​លិច​ភូមិ​របស់គាត់​ក្នុង​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម​ក្នុងពេលនេះ​ជា​ផលវិបាក​មួយ​ទៀត។ ទឹកជំនន់​កំពុង​រាតត្បាត​ក្នុង​​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​ ហើយ​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ជាង​៦០​នាក់​ស្លាប់​ចាប់តាំង​ពី​ខែសីហា​មក។

លោក​ ជា ​តូច ដែល​មាន​អាយុ៥៧​ឆ្នាំ ពាក់​មួកកន្ដឹប​ រង់ចាំ​អតិថិជន​នៅ​ក្បែរ​ផ្សារ​កណ្ដាល​ជាមួយ​នឹង​ស៊ីក្លូ​របស់គាត់។

«ទឹក​លិច​ផ្លូវ​ផង​ អត់លុយ​ផង​ រកមិនបាន។ ពីរ​ឆ្នាំ​ហើយ​មិន​បាន​ទៅ​វត្ត​ដោយសារ​តែ​ក្រពេក។​ ម្នាក់​ឯង​ ហើយ​មាន​ជំងឺ​រោគា​ច្រើនផង»។

បុណ្យ​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ​យ៉ាង​សំខាន់ និង​ធំបំផុត​សម្រាប់​​ពលរដ្ឋ​កម្ពុជា។ ពិធី​ព្រះពុទ្ធសាសនា​នេះ​​តែងតែ​ប្រព្រឹត្តិ​ទៅ​ជារៀង​រាល់​ឆ្នាំ​ក្នុង​​រយៈពេល​១៥​ថ្ងៃ។ គឺ​ចាប់​ពី​ថ្ងៃ១​​រោច​ដល់​ថ្ងៃ​១៤​រោច​ខែ​ភទ្របទ​ គឺ​ហៅថា​ពិធីកាន់បិណ្ឌ។ ពិធី​កាន់បិណ្ឌ​នៅ​ក្នុងឆ្នាំ​នេះ​ បានចាប់​​​ផ្ដើម​ចាប់តាំងពី​ថ្ងៃទី​១៣​ រហូតដល់​ថ្ងៃទី​២៦​ ខែកញ្ញា។ ដោយឡែក​នៅ​ថ្ងៃអង្គារ​ទី២៧ ​ខែកញ្ញា​​នេះ គឺ​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ ​និង​គឺជា​ថ្ងៃចុងក្រោយ​នៃ​ពិធីសាសនា​នេះ។

ជាទូទៅ​ប្រជាពលរដ្ឋ​ខ្មែរ​មានជំនឿ​ថា ​ក្នុង​អំឡុង​ពិធី​បុណ្យ​កាន់បិណ្ឌ ​និង​ភ្ជុំបិណ្ឌ ​ក្រុមគ្រួសារ ​ឬ​បុគ្គល​​គ្រប់រូប​ត្រូវតែ​ព្យាយាម​ធ្វើ​ចង្ហាន់​ទៅវត្ត ​ដើម្បី​ឧទ្ទិស​ផលបុណ្យ​ជូនជីដូនជីតា​ ដែល​បាន​ចែក​ឋាន​ទៅ។​ អ្នកខ្លះ​ព្យាយាម​ទៅ​វត្តឲ្យ​បាន​យ៉ាង​ហោច​ណាស់​ម្តង​ក្នុងរយៈពេល​នៃ​ពិធីបុណ្យ​ពីរ​សប្ដាហ៍​​នេះ​ ដោយ​ពួកគេ​មានជំនឿ​ថា ​ជីដូនជីតា ​បុព្វការីជន​នឹង​ដាក់​ទណ្ឌកម្ម​ ឬដាក់​បណ្ដាសារ​ ប្រសិន​បើ​ព្រលឹង​ខ្មោច​ទាំងនោះ​រក​សាច់ញ្ញាតិ​ ​ឬកូន​ចៅ​មិនឃើញ​ក្នុង​អំឡុង​ពេលនេះ។

ក៏ប៉ុន្ដែ​អ្នក​ចំណាក​ស្រុក​ដែល​ស្វែង​រកការងារធ្វើ​ក្នុង​រាជធានី​ភ្នំពេញ ដែល​វីអីអូ​ខ្មែរ​បាន​សម្ភាស​មួយ​​ចំនួន​មិន​បាន​ទៅ​វត្ត​នោះទេ ​ដោយសារ​តែ​ពួកគាត់​ខ្វល់ខ្វាយ​ពី​ការ​រក​ប្រាក់​ចំណូល​ ត្បិត​​ឱកាស​នេះ​គឺ​ជា​ពេលវេលា​ដែល​គាត់​អាច​តំឡើង​ថ្លៃ​បាន​មួយ​កម្រិត​ផងដែរ​។

ទាំង​លោក​ កាវ ​ចយ​ ទាំង លោក​ ជា តូច បាន​ពោល​​ដូចគ្នា​ថា​ គាត់​បាន​យល់សប្ដិ​ឃើញ​ឪពុកម្ដាយ​ និង​សាច់ញ្ញាត្តិ​ដែល​បានស្លាប់​ទៅ​​ក្នុងសប្ដាហ៍​កន្លង​​ទៅ​បន្ទាប់ពី​ពួកគាត់​មិនបាន​ទៅ​ស្រុកកំណើត​ និង​មិន​បាន​ទៅវត្ត។

ព្រះតេជគុណ ​កង ណម៉ានី ចៅអធិការវត្ត​សំពៅមាស​ ក្រុង​ភ្នំពេញ ​មាន​ថេរដីការ​ថា​​ ពុទ្ធបរិស័ទ្ធ​កម្ពុជា​មិនចាំ​បាច់​ទៅកាន់​ស្រុកកំណើត​សម្រាប់​ធ្វើ​ពិធីបុណ្យ​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​នេះទេ​ ពោលគឺ​អាច​ធ្វើបុណ្យ​​នៅទីណា​ក៏បានដែរ។ រីឯ​វិញ្ញាណក្ខន្ធ​នៃអ្នក​ដែល​បាន​ចែក​ឋាន​ទៅនោះ​ក៏​មិន​អាច​ដាក់​បណ្តាសា​លើ​សាច់ញ្ញាតិ​នោះទេ។

«នៅ​ក្នុង​គម្ពីរ​ដែល​ព្រះសមាសមពុទ្ធ​ទ្រង់សម្ដែង​ទុកមក​មិន​មានពាក្យណា​ដែលថា​ បងប្អូន ​ឬមាតា​​បិតា​ដែល​ស្លាប់ទៅ​ដាក់បណ្ដាសា​កូនចៅ​ដែល​នៅរស់​មិនបាន​ធ្វើ​បុណ្យ​ទេ។ ការ​ដើរ​រក ​(កូនចៅ)​​មានមែន ​ដូចជា​សម័យ​ពុទ្ធកាល​អញ្ចឹង។ ពាក្យ​ចចាមអារាម​ដែល​ថាតៗគ្នា​ ​ថា ​ញ្ញាតិ ​ឬជីដូនជីតា​​ដែល​ទៅកើតជា​ប្រេត​​​ដើររក​គ្រប់​ប្រាំពីរ​វត្ត​ដាក់​បណ្ដាសា ​តាមពិតគ្រាន់​តែ​​ជាពាក្យ​បុរាណខ្មែរយើង​​ចង់​ពញ្ញាក់​ឲ្យកូនចៅ​ចេះ​ធ្វើ​បុណ្យ»។

ក្រៅពី​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មក​ក្រុង​ភ្នំពេញ ​ក្រុមកម្មករ​រោងចក្រ​កាត់ដេរ​មួយចំនួនតូច​មិនមាន​​ឱកាស​ទៅ​លេង​ស្រុក​កំណើត​របស់ខ្លួន​ផងដែរ​ក្នុង​អំឡុង​ពេល​សម្រាក​ស្របច្បាប់​នៃ​ពិធីបុណ្យកាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ​។ មូលហេតុ​ដោយសារ​តែ​ពួកគេ​មិនមាន​សោហ៊ុយ​គ្រប់គ្រាន់​ និង​ដោយសារ​សិប្ប​កម្ម​ដែល​ទទួល​សម្លៀកបំពាក់​ពី​រោងចក្រ​ធំ​មកដេរបន្ដ​ មិន​អនុញ្ញាត្តិ​ឲ្យ​ពួកគេ​ឈប់​សម្រាក។ នេះ​បើ​យោងតាម​សេចក្ដី​អះអាង​របស់​លោក​ ជា ​មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា៕

4 comments:

Anonymous said...

So sad if see in person, I would feed you right away. I love you MAN!

Anonymous said...

^^^^^ I toast to that!

Anonymous said...

ក្នុងមួយថ្ងៃរកបានត្រឹមតែ១ដុល្លារតែប៉ុណ្ណោះ! ចុៈឥឡូវទឹកលេចថ្នល់អស់ តើខ្ញុំបានប្រាក់ឯណាទៅទិញអង្កដាំបាយឱយកូនស៊ីបាន! ចង់ណាស់ទៅលេងភ្ជុំបិណ្ឌ តែវាអត់មានស្តាង។ កំសត់ណាស់ជីវិតកូនខ្មែរ!

Anonymous said...

កុំអស់សង្ឃឹមអីរដ្ឋថាភិបាលកំពុងតែអភិវឌ្ឍន៏ប្រទេសជាតិកាត់បន្ថយពីក្រទៅអត់ដូចតែខ្មែរក្រហមពីមានហូបទៅដាច់
ពោះស្លាប់ ៕៕