Friday, October 28, 2011

Cambodia is a farming country, why do Cambodians face food shortage?

ខ្មែរ​ជា​ប្រទេស​កសិកម្ម ហេតុអ្វី​ពលរដ្ឋ​ជួប​ហា​នីភ័យ​ខ្ពស់​ក្នុង​ការ​ខ្វះ​ស្បៀង?

Thursday, 27 October 2011 12:01
សូ វិសាល
The Phnom Penh Post

Synopsis: Even though the Cambodian government announced about increasing rice export overseas from year to year, the majority of Cambodians are still facing food shortage. Is it because the Cambodians are lazy to plot crops or is it because the government development plan is out of target? In the past several years, the government gave out state land as social concessions to families of veterans, but this is minor in comparison to the land it gave out to private companies as economic concessions. It could be that the government wants to control the population through its policy “Khlean, Khlach, Khloa” (hungry, scared and ignorant) so that it can better control them.

បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ពី​កំណើន​នៃ​ការ​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស ដែល​មាន​ការ​កើនឡើង​ជា​បន្តបន្ទាប់​ពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ​ក៏​ដោយ ក៏​ប្រជា​ពលរដ្ឋ​ភាគច្រើន​ នៅ​តែ​ប្រឈម​នឹង​ហា​និភ័យ​ខ្ពស់​ ក្នុង​ការ​ខ្វះខាត​ស្បៀង​អាហារ។

វា​ស្ទើរតែ​ក្លាយជា​ទម្លាប់​ទៅ​ហើយ​ នៅ​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​ ជា​ពិសេស​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ចុះ​ទៅ​ជួប​ប្រជា​ពលរដ្ឋ គេ​តែងតែ​ឃើញ​នាំយក​អំណោយ ជា​ពិសេស​អង្ករ​ និង​គ្រឿង​ឧបភោគ​ បរិភោគ​ផ្សេងៗ​ ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ ហើយ​នៅ​ក្នុង​រយៈពេល​ប្រមាណ​ជា​ពីរ​ខែ​មក​នេះ ទាំង​កាកបាទ​ក្រហម​កម្ពុជា គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មន្តរាយ អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល និង​អង្គការ​ដៃគូ​នានា កំពុង​តែ​មាន​ភាព​មមាញឹក​យ៉ាងខ្លាំង​ក្នុង​ការ​ចុះចែក​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់។

បើ​ទោះបី​ជា​យើង​ពុំមាន​តួលេខ​ផ្លូវការ​ច្បាស់លាស់​ ថា​តើ​មាន​ប្រជា​ពលរដ្ឋ​ចំនួន​ប៉ុន្មាន ដែល​ប្រឈម​នឹង​ហា​និភ័យ​ខ្ពស់​ ក្នុង​ការ​ខ្វះ​ស្បៀង​អាហារ​ក៏ដោយ​ ក៏​តាម​រយៈ​សកម្មភាព​ដែល​តែងតែ​ចុះចែក​អំណោយ​ របស់​ក្រុម​មន្ត្រី​ និង​ភាព​តោកយ៉ាក ​រយីក​រយាក ​របស់​ប្រជា​ពលរដ្ឋ​ជាច្រើន​ ដែល​យើង​អាច​មើលឃើញ​នៅ​គ្រប់​ច្រកល្ហក គ្រប់​ខេត្ត​ក្រុង ដោយ​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាច្រើន ​រខេក​រខាក មើល​ពីមុខ​ធ្លុះ​ទៅ​ដល់​ក្រោយ មាន​ត្រឹម​ឆ្នាំង​ពីរ ចាន​បាយ​បួន​ ១០ និង​ផ្ទះ​ខ្លះ​ ពុំមាន​អង្ករ​សូម្បី​តែ​២០​គីឡូ​ក្រាម​នៅ​លើ​ផ្ទះ​ផង​នោះ វា​ស​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់ ដែល​ប្រឈម​នឹង​ហា​និភ័យ​ខ្ពស់ ខ្វះខាត​ស្បៀង​អាហារ។


បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៨ ក្នុង​នោះ​ ក៏​មាន​អង្គការ Oxfam អង្គការ​ទស្សន​ពិភព​លោក (World Vision) ផង​ដែរ​នៅ​ក្នុង​ទិវា​ស្បៀង​អាហារ​ពិភពលោក កាលពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា កសិករ​កម្ពុជា​ដែល​មាន​ប្រមាណ ៨០ ភាគ​រយ​ គឺជា​ក្រុម​ផលិត​ស្បៀង​ធំ​បំផុត​របស់​កម្ពុជា ហើយ​ក៏ជា​ក្រុម​ដែល​ងាយ​រងគ្រោះ​បំផុត ដោយសារ​ខ្វះ​ស្បៀង​ផង​ដែរ។ ចំណោទ​ត្រង់​ថា បើ​កសិករ គឺជា​ក្រុម​ដែល​ផលិត​ស្បៀង​ធំបំផុត​ ហេតុអ្វី​ក៏​កសិករ​ បែរ​ជា​ក្រុម​ងាយ​រងគ្រោះ​បំផុត​ដោយសារ​ការ​ខ្វះ​ស្បៀង​ទៅ​វិញ​? ​ឬមួយក៏​មកពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្ជិល​ច្រអូស ក្នុងការ​ធ្វើ​កសិកម្ម​? ឬក៏​មកពី​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​មិន​ចំ​ទិសដៅ?

បើ​តាម​អង្គការ​ទាំង​ ៨ ខាង​លើ ការ​ប្រែប្រួល​អាកាស​ធាតុ ព្រមទាំង​កំណើន​ប្រជាជន និង​ភាព​ខ្សត់​ខ្សោយ​នៃ​ធនធាន ដូចជា​ដី និង​ទឹក គឺ​ជា​កត្តា​ចម្បង ដែល​ធ្វើឲ្យ​មាន​បញ្ហា​ប្រឈម​ថ្មីៗ សម្រាប់​កសិករ ក្នុង​ការ​ផលិត​ស្បៀង ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ពួកគេ ​ឲ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ។ សមាជិក​គ្រួសារ ​របស់​ប្រជា​ពលរដ្ឋ​នីមួយៗ បាន​កើនឡើង​ជា​លំដាប់ ប៉ុន្តែ​ផ្ទៃ​ដី​សម្រាប់​ធ្វើ​កសិកម្ម​របស់​ពួកគាត់ មិន​បាន​កើនឡើង​ទេ។

បើ​យើង​និយាយ​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ បើ​ទោះបី​ជា​មួយផ្នែក​អាច​បណ្តាល​មកពី​កម្ពុជា​យើង​កាប់​បំផ្លាញ​ព្រៃឈើ​គ្មាន​ប្រណី​ដៃ​ក្តី​ ក៏​យើង​ពិបាក​នឹង​ទប់ស្កាត់​ណាស់...ការ​មាន​ភ្លៀង​មិន​ទៀងទាត់ ​ភ្លៀង​គំហុក​ខ្លាំងពេក​ ធ្វើឲ្យ​កើតមាន​គ្រោះ​ទឹក​ជំនន់ មិនមាន​ភ្លៀង​សោះ ឬក៏​ការ​ក្តៅ​ហួតហែង​ខ្លាំង​ពេក​ជាដើម។ល។

ប៉ុន្តែ​បើ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​មាន​ប្រមាណ​មិនទាន់​ដល់ ១៤ លាន​នាក់ផង​ នៅ​ពេល​ដែល​ប្រទេស​យើង​ សម្បូរ​ទៅដោយ​ផ្ទៃដី​សម្រាប់​ធ្វើ​កសិកម្ម​ធំ​ល្វឹង​ល្វើយ ដែល​នៅ​តំបន់​ខ្លះ​ ថែមទាំង​មិនទាន់​មាន​មនុស្ស​រស់នៅ​ផង​នោះ​ តែ​បែរជា​ប្រជា​ពលរដ្ឋ​ ពុំមាន​ដី​គ្រប់គ្រាន់​ សម្រាប់​ធ្វើ​កសិកម្ម​ទៅ​វិញ​ វា​ធ្វើឲ្យ​យើង​មាន​ភាព​មន្ទិល​ ទៅ​លើ​សមត្ថ​ភាព​ដឹកនាំ​របស់​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​ដីធ្លី។

ប្រាកដ​ណាស់ នៅ​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ គេ​ឃើញ​រដ្ឋាភិបាល បាន​កាត់​ដីរដ្ឋ​ នៅ​តាម​តំបន់​មួយ​ចំនួន ធ្វើ​ជា​ដី​សម្បទាន​សង្គម​កិច្ច សម្រាប់​ចែក​ជូន​ប្រជា​ពលរដ្ឋ ជា​ពិសេស​អតីត​គ្រួសារ​កងទ័ព ដែល​ពុំមាន​ដីធ្លី​ ប៉ុន្តែ​វា​មាន​ចំនួន​តិចតួច​ខ្លាំង​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​កំណើន​យ៉ាង​ខ្លាំង​របស់​ប្រជា​ពលរដ្ឋ និង​ទំហំ​ដី​ដែល​រដ្ឋាភិបាល​ បាន​ផ្តល់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន។

បើ​តាម​វេប​សាយ​របស់​ក្រសួង​កសិកម្ម គិត​ត្រឹម​ឆ្នាំ ២០១០ រដ្ឋាភិបាល បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន មាន​រហូត​ទៅ​ដល់​ជាង ៩ សែន ៥ ម៉ឺន​ហិកតា។ បើ​តាម​អង្គការ​សង្គម​ស៊ីវិល​ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឲ្យ​ក្រុមហ៊ុន​ឯក​ជន នៅ​តាម​តំបន់​ជាច្រើន បាន​ជាន់​លើ​ផ្ទះ​សម្បែង ដីស្រែ ដី​ចម្ការ​របស់​ប្រជា​កសិករ​ថែម​ទៀត​ ដូចជា​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក​ខេត្ត​កំពង់​ធំ ​ឃុំ​អម​លាំង ស្រុក​ថ្ពង​ខេត្ត​កំពង់​ស្ពឺ ឃុំ​មួយចំនួន ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ និង​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​ទៀត ដែល​ធ្វើឲ្យ​កើត​មាន​ជម្លោះ​ដីធ្លី​ក្តៅ​គគុក​ រហូត​ដល់​មាន​ករណី​ខ្លះ សមត្ថកិច្ច​ ប្រើ​កាំភ្លើង​បាញ់​រះ​ទៅ​លើ​ប្រជា​ពលរដ្ឋ ឬក៏​វាយ​ដំ​ធ្វើ​ឲ្យ​មាន​របួស ដើម្បី​បណ្តេញ​ចេញ​ពី​ដីធ្លី ដែល​ពួកគាត់​កំពុង​រស់នៅ​ ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត ដើម្បី​យក​ដី​ទៅឲ្យ​ក្រុមហ៊ុន។

បើ​យើង​ធ្វើការ​ឆ្លុះ​បញ្ចាំង​ទៅ​លើ​បញ្ហា​វិបត្តិ​ដីធ្លី​ ដែល​កំពុង​បន្ត​កើតឡើង​ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​ច្រើន​ឡើងៗ​ទទួល​រងគ្រោះ​នេះ វា​ប្រាកដ​ណាស់​ថា គឺ​តម្រូវ​ឲ្យ​រដ្ឋាភិបាល ចាំបាច់​ត្រូវ​ពិនិត្យ​មើល​ឡើងវិញ ទៅលើ​គោល​នយោ​បាយ​ដីធ្លី​របស់​ខ្លួន ប្រសិន​បើ​រដ្ឋាភិបាល ចង់​ឲ្យ​ប្រជា​ពលរដ្ឋ អាច​រស់នៅ​ដោយ​ខ្លួនឯង​បាន​ក្នុង​ជីវភាព​ធូរធារ​សមរម្យ​ ថ្លៃថ្នូរ ដោយ​មិន​ចាំបាច់​ពឹង​ផ្អែក​លើ​ជំនួយ​ម្តងម្កាល​នោះ​។ ប្រសិន​បើ​រដ្ឋាភិបាល ​មិន​យក​ចិត្ត​ទុកដាក់ គិត​គូរ​ពី​ការ​បែងចែក​ដីធ្លី​ ទៅ​ដល់​ប្រជា​ពលរដ្ឋ​ សម្រាប់​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ទេ​នោះ នោះ​ប្រជា​កសិករ​ដែល​មាន​ប្រមាណ​ ៨០ ភាគ​រយ នឹង​នៅ​តែ​បន្ត​ខ្វះ​ខាត​ស្បៀង​អាហារ​ជា​រៀង​រហូត ហើយ​រដ្ឋាភិបាល​ក៏​នៅតែ​ខ្វល់ខ្វាយ​ក្នុង​ការ​ស្វែងរក​ជំនួយ ​ដើម្បី​ចែក​ជូន​ប្រជា​ពលរដ្ឋ​ជា​រៀង​រហូត​ផងដែរ។ ឬ​មួយ​ក៏​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន ​មាន​ជីវភាព​រស់នៅ​សមរម្យ​ធូរធារ​ទេ... ដោយ​ចង់​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ រស់នៅ​ ក្នុង​សភាព ឃ្លាន ខ្លៅ ខ្លាច ដើម្បី​ឲ្យ​ខ្លួន​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ដូច​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​ប្រឆាំង​?

នេះជា​ទស្សនៈ​របស់​ការី​និពន្ធ​ មិន​ឆ្លុះ​បញ្ចាំង​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទេ​ / សូម​ចូលរួម​ផ្តល់​យោបល់​តាម​រយៈ visal.so@phnompenhpost.com

4 comments:

Anonymous said...

Bullets to the brain policies.

Anonymous said...

i know, sometimes, one got to wonder out loud! how could a agriculture centered country like cambodia keep on complaining about lack of food, fish, vegetables, etc, etc! makes no sense at all, you know! either somebody lied or people are just hypocrites! only investigation will find out the truth!

Anonymous said...

lack of effective management system, i may say!

Anonymous said...

Ignorant title! If you must know. This is after all a rice planting season, is it not? The flood destroy everything that was agriculturally planted.