Thursday, December 15, 2011

រដ្ឋសភា​គ្រោង​ប្រជុំ​ដកអភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ម្នាក់​របស់​គណបក្ស​ប្រឆាំង - CPP-controlled NatAss to lift SRP MP's parliamentary immunity

ថ្ងៃពុធ, 14 ខែធ្នូ 2011
ដោយ ហេង​ រស្មី វីអូអេ ខ្មែរ | ភ្នំពេញ
«អ្វី​ដែល​ហេតុការណ៍​កើត​ឡើង​គឺ​ដោយសារ​តែ​លោក​មេធាវី​ហ្នឹង ​គាត់​បាន​យក​អ្នកទោស​ហ្នឹង​ទៅ​ ហើយ​លោក​តំណាងរាស្ត្រ ​គាត់​បាន​ដាក់​នៅ​ក្នុង​ឡាន​គាត់​ទៅ។ ខ្ញុំ​ក៏​រាយការណ៍​ពី​ភាព​អសកម្ម​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង ​បាន​វា​កើត​ហេតុ​អីញ្ចឹង​នោះ»។
រដ្ឋសភា​កម្ពុជា​គ្រោង​នឹង​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​រូប​តាម​ការ​ស្នើសុំ​រស់​តុលាការ​ខេត្ត​កណ្តាល។

លោក ​ជាម ​យៀប ​ប្រធាន​គណៈកម្មាធិការ​ទី​២ ​នៃ​រដ្ឋសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ស្អែក​នេះ ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា ​នឹង​កោះប្រជុំ​ ដើម្បី​សម្រេច​ដក​អភ័យឯកសិទ្ធិ​លោក​ ចាន់​ ចេង នៃ​សមាជិក​សភា​តំណាងរាស្ត្រ​គណបក្ស​សម​ រង្សី។

លោក ​ចាន់​ ចេង ​សមាជិក​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី​ត្រូវ​បាន​លោក ​លឹម​ សុគន្ថា​ ចៅក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល​បាន​ផ្ញើ​របាយណ៍​មួយ​ទៅ​ស្ថានប័ន​ដែល​ពាក់ព័ន្ធ​កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ​អំពី​ភាព​មិន​ប្រក្រតី​មួយ ​ចំពោះ​លោក​ចាន់ ​ចេង ​ដោយសារ​តែ​លោក​ចៅក្រម​ បាន​មាន​ប្រសាសន៍​ថា​លោក ​ចាន់ ​ចេង​បាន​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ជន​ដែល​ត្រូវ​ចោទ​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្តាល។

លោក ​ជាម ​យៀប ​បាន​មាន​ប្រសាសន៍​ថា ការ​ដក​អភ័យឯកសិទ្ធិ​សមាជិក​សភា​ណាងរាស្ត្រ​មិនមែន​ជា​រឿង​ធំដុំទេ


«ពាក្យ​ថា​អភ័យឯកសិទ្ធ​ហ្នឹង​ឥត​មាន​ស្អី ​ដែល​ថា​វា​ធំ​ដំ​អី​ណា​ទេ។ វា​ដូច​អាវក្រោះ ​ឬ​អាវ​ភ្លៀង​អញ្ចឹង​ ហើយ​គណៈអចិន្ត្រៃយ៍ ​ឬ​រដ្ឋសភា​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​ដក​អាវភ្លៀង​ចេញ​ ដើម្បី​ឲ្យ​តុលាការ​គេ​មាន​លទ្ធភាព ​អញ្ជើញ​ទៅ​សួរ​ទៅ​តាម​ពាក្យ​បណ្តឹង»។

គម្រោង​កោះប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ ក្នុង​ការ​ដក​អភ័យឯកសិទ្ធិ​សមាជិក​សភា​គណបក្ស​សម ​រង្សី​នេះ នៅ​មិន​ទាន់​ដឹង​ថា រដ្ឋសភា ​បាន​ទទួល​លិខិត​ស្នើសុំ​ពី​ក្រសួង​យុត្តិធម៌​ ឬ​ក៏​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក សំ ប្រជាមានិត​ នាយកខុទ្ធិកាល័យ​ក្រសួង​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​បាន​ដឹង​ថា​ក្រសួង​យុត្តិធម៌​ បាន​ផ្ញើ​លិខិត​ទៅ​ស្ថាប័ន​រដ្ឋសភា​ដើម្បី​ស្នើសុំ​ឲ្យ​ដក​អភ័យឯកសិទ្ធិ​សមាជិក​សភា​តំណាងរាស្ត្រ​លោក ​ចាន់ ​ចេង ​នៅ​ឡើយ​ទេ។

«ខ្ញុំ​ឥត​បាន​ដឹង​ផង​ព្រោះ​ខ្ញុំ​ទើប​តែ​មក​ពី​ប្រជុំ​នៅ​ឯ​ទីក្រុង​រ៉ូម ​ប្រទេស​អ៊ីតាលី។ ទើប​តែ​ថ្ងៃ​ហ្នឹង​ ខ្ញុំ​មក​ដល់»។

លោក ​ចាន់ ​ចេង ​សមាជិក​សភា​តំណាងរាស្ត្រ​ខាង​គណបក្ស​សម ​រង្សី ​បាន​បញ្ជាក់​ថា​ លោក​ឥត​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​មធ្យោបាយ​រំដោះ​លោក​មាស ​ប៉េង ​ចេញ​ពី​ពន្ធនាគារ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា ​លោក​បាន​ផ្ញើ​លិខិត​បំភ្នឺ​ទៅ​រដ្ឋសភា​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​វិច្ឆិកា​ អំពី​ករណី​របស់​លោក ​ហើយ​លោក​ស្នើសុំ​ឲ្យ​រដ្ឋសភា​ពិចារណា​ឡើងវិញ​ មុន​នឹង​សម្រេច​កោះប្រជុំ​ដក​អភ័យឯកសិទ្ធិ​សមាជិក​សភា​របស់​លោក។

«រឿង​បញ្ហា​ដែល​ពាក់ព័ន្ធ​ហ្នឹង​រឿង​គេ​ចោទ​ប្រកាន់​ខ្ញុំ​ផ្តល់​មធ្យោបាយ ខ្ញុំ​ឥត​មាន​ពាក់ព័ន្ធ​អី​ទេ ព្រោះ​អី​រឿង​នេះ​របស់​លោក​មេធាវី​ជួង​ ជូងី ​ដែល​ជា​អ្នក​ការពារ​សិទ្ធ​ឲ្យ​លោក​មាស​ ប៉េង ​ហើយ​គាត់​បាន​ឆ្លើយ ​នៅ​ក្នុង​លិខិត​របស់​លោក​មេធាវី​ហ្នឹង​ទៅ​ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ផ្សេងៗ​ហ្នឹង​មក​ជាមួយ​ហើយៗ​គាត់​ក៏​បាន​ធ្វើ​ពាក្យ​មួយ​ទៅ​ប្រធាន​រដ្ឋសភា​ពី​ថ្ងៃ​មិញ​ហ្នឹង​ ពី​រឿង​បញ្ហា​ហ្នឹង​ ខ្ញុំ​ឥត​មាន​ពាក់ព័ន្ធ​អី​ទេ»។

លោក យឹម សុវណ្ណ អ្នក​តំណាងរាស្រ្ត និង​ជា​អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​នៅ​ក្នុង​របប​ផ្តាច់ការ​សារជាថ្មី​ដោយសារ​តែ​បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​បាន​ប្រើប្រាស់​ជា​ប្រព័ន្ធ​ដើម្បី​រំខាន​ដល់​ការ​បំពេញ​កាតព្វកិច្ច​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្សី។

«ការ​ដែល​បញ្ចប់​ គ្មាន​ហេតុផល​បែប​នេះ​គឺ​ជា​រឿង​មួយ​ឃើញ​យ៉ាង​ច្បាស់​ហើយ​ថា​ ទោះ​ជា​គេ​ធ្វើ​អ្វី​មួយ​ខុស​ច្បាប់​ក៏​ដោយ ​ឬ​មិន​សម​ហេតុ​ផល​អី​ក៏ដោយ ​ឲ្យ​តែ​បាន​រំខាន​ដល់​គណបក្ស​សម​ រង្សី​ បង្អាក់​បន្តុច​ដល់​គណបក្ស​សម ​រង្សី។ ​អា​នេះ​គឺ​ជា​រឿង​មួយ​ដែល​អន្តរជាតិ​ត្រូវ​តែ​ចាប់​អារម្មណ៍ ​បង​ប្អូន​ប្រជាពលរដ្ឋ​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ទូទាំង​ប្រទេស​កម្ពុជា ​ត្រូវ​តែ​ចាប់​អារម្មណ៍​ថា​ គណបក្ស​កាន់​អំណាច​កំពុង​ធ្វើ​អ្វីៗ​នៅ​ក្នុង​ប្រទេស​នេះ​ឲ្យ​ចូល​ទៅ​ក្នុង​របប​ផ្តាច់ការ»។

លោក ​លឹម ​សុគន្ថា​ ចៅក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល​បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​បាន​ប្តឹង​លោក​ចាន់ ​ចេង ​ទេ ​គ្រាន់​តែ​លោក​បាន​ប្តឹង​ទៅ​ក្រសួង​យុត្តិធម៌ ​ក្រសួង​មហាផ្ទៃ​ និង​រដ្ឋសភា​ថា​លោក​ចាន់ ​ចេង ​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិកាណ៍​នោះ​ ក្នុង​ការ​ផ្តល់​មធ្យោបាយ​ដឹក​ជញ្ជូន​ដល់​ជន​ដែល​ត្រូវ​ចោទ​ចេញ​ពី​ពន្ធនាគារ។

«អ្វី​ដែល​ហេតុការណ៍​កើត​ឡើង​គឺ​ដោយសារ​តែ​លោក​មេធាវី​ហ្នឹង ​គាត់​បាន​យក​អ្នកទោស​ហ្នឹង​ទៅ​ ហើយ​លោក​តំណាងរាស្ត្រ ​គាត់​បាន​ដាក់​នៅ​ក្នុង​ឡាន​គាត់​ទៅ។ ខ្ញុំ​ក៏​រាយការណ៍​ពី​ភាព​អសកម្ម​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង ​បាន​វា​កើត​ហេតុ​អីញ្ចឹង​នោះ»។

កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​កញ្ញា ​កន្លង​ទៅ​នេះ ​លោក​ចៅក្រហម ​លឹម ​សុគន្ថា​ នៃ​តុលាការ​ខេត្ត​កណ្តាល​បាន​ចោទ​ប្រកាន់​លោក​មាស ​ប៉េង ​ជំទប់​ទី​២ ​ឃុំ​បន្ទាយដែក ​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល ​ខាង​គណបក្ស​សម ​រង្សី​ ពី​បទ​ផ្សំ​គំនិត​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ចេទនា ​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ​ដោយ​សុចរិត​តាម​មាត្រា​ទី​២៨​នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី។ ពេល​លោក​មាស ប៉េង ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល មាន​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​ រវាង​លោក​ជួង ​ជូងី ​មេធាវី​ការពារ​ក្តី ​និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ។

លោក ​ជួង ​ជូងី​ មេធាវី​ការពារក្តី​លោក​មាស ​ប៉េង ​បាន​និយាយ​ថា​មិន​អាច​មាន​ការ​ឃុំ​ខ្លួន​កូនក្តី​របស់​លោក​បាន​ទេ ​ប្រសិន​ណា​បើ​គ្មាន​ដីកា​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ពី​តុលាការ ​រួច​ហើយ​បាន​ស្នើសុំ​ឲ្យ​លោក​ចាន់ ​ចេង ​អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​សម ​រង្សី ​ដឹក​កូនក្តី​របស់​លោក​មក​ផ្ទះ​វិញ។

លោក ​លឹម ​សុគន្ថា ​ចៅក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល​ធ្លាប់​បាន​និយាយ​ថា លោក​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ត្រឹមត្រូវ​តាម​ច្បាប់៕

1 comment:

Anonymous said...

Ah Knhom Yuon Euy!!

Lmorm Phnhek Kluon Heuy Ah Choy Marai!!

Pou Ker Ban Ter Khmer Knear Kanduoy Mer Ah Kwack Cahngrai Yor!!