ដោយ យន់ សាមៀន 2012-01-15
មន្ត្រីឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា បានសំដែងក្ដីបារម្ភពីនិន្នាការដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល កំពុងផ្ដល់តួនាទីដឹកនាំសំខាន់ៗ ទៅឲ្យសាច់ញាតិ និងក្រុមស្និទ្ធនិងពួកគេ។
ក្រសួងការពារជាតិ នៅថ្ងៃសៅរ៍ ទី១៤ មករា បានតែងតាំងលោក ហ៊ុន មាណិត កូនប្រុសទី២ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអនុប្រធាននាយកដ្ឋានចារកិច្ច នៃក្រសួងការពារជាតិកម្ពុជា និងដំឡើងឋានន្តរសក្ដិ ពីស័ក្ដិបួនកន្លះ ទៅស័ក្ដិប្រាំ។ ក្រសួងការពារជាតិក៏បានតែងតាំងលោក ជា តារា អគ្គមេបញ្ជាការរងយោធា ឲ្យក្លាយជាប្រធាននាយកដ្ឋានចារកិច្ច នៃក្រសួងការពារជាតិកម្ពុជា ជំនួសលោកឧត្ដមសេនីយ៍ មល់ រឿប ដែលទទួលមរណភាពកាលពីសប្ដាហ៍មុន ក្នុងវ័យជាង ៦០ឆ្នាំ។
ការតែងតាំងលោក ហ៊ុន មាណិត ជាការតែងតាំងកូនប្រុសលោក ហ៊ុន សែន លើកទី២ ឲ្យមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងកងទ័ព។ កាលពីឆ្នាំ២០១១ ក្រសួងការពារបានតែងតាំងលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ឲ្យក្លាយជាមេបញ្ជាការរងកងទ័ពជើងគោកបន្ថែមលើតួនាទីជាប្រធាន នាយកដ្ឋានប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។
លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងទ័ពកម្ពុជា ត្រូវបានទីភ្នាក់ងារព័ត៌មានចិនដកស្រង់សំដីថា ការតែងតាំងផ្អែកទៅលើស្នាដៃ និងបទពិសោធន៍ផ្នែកយោធាកម្ពុជា។ លោកបន្ថែមទៀតថា នាយកដ្ឋានចារកម្ម ធ្លាប់ទទួលបានជោគជ័យជាច្រើន ក្នុងរយៈពេលដែលកម្ពុជាមានជម្លោះព្រំដែននិងប្រទេសថៃ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគស្ថានការណ៍នៅកម្ពុជា លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមើលឃើញថា ការតែងតាំងចុងក្រោយនេះ ទំនងជាការចង់ឲ្យមានការបន្តវេនដឹកនាំក្នុងរដ្ឋាភិបាល។ លោកព្រមានថា ប្រវត្តិសាស្ត្រកម្ពុជាធ្លាប់មានការឲ្យផ្ដល់តួនាទីដឹកនាំទៅឲ្យ កូន និងមន្ត្រីស្និទ្ធនិងមន្ត្រីដឹកនាំ ប៉ុន្តែស្ថានការណ៍បច្ចុប្បន្ននេះ ប្រហែលជាពលរដ្ឋមិនអាចទទួលយកបានទេ ៖ "ព្រោះមានការប្រែប្រួល ច្រើន មនុស្សចេះដឹងច្រើន ពលរដ្ឋយល់ដឹងច្រើន និងយល់ដឹងពីសេរីភាពច្រើន។ មេដឹកនាំជំនាន់ថ្មី និងក្រុមដឹកនាំថ្មីប្រហែលជាមានការលំបាក"។
កាលពីថ្ងៃទី៧ មករា ប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម បានប្រកាសផ្ដល់បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោត២០១៣ និងអាណត្តិក្រោយៗទៀតទៅឲ្យលោក ហ៊ុន សែន។ អ្នកវិភាគធ្លាប់បានគិតទុកថា លោក ហ៊ុន សែន កំពុងរៀបចំឲ្យលោក ហ៊ុន ម៉ាណែត ស្នងតំណែងលោកទៅថ្ងៃអនាគត។ លោក ហ៊ុន សែន មានវ័យ ៥៩ឆ្នាំ បានដឹកនាំកម្ពុជាអស់រយៈពេល ២៦ឆ្នាំ ហើយលោកគ្រោងនឹងដឹកនាំបន្តទៅទៀត។
មន្ត្រីសិទ្ធិមនុស្សធ្លាប់បានអះអាងថា ការដឹកនាំរបស់លោក ហ៊ុន សែន កំពុងប្រែក្លាយកម្ពុជាទៅប្រទេសផ្ដាច់ការ ដឹកនាំដោយតែគណបក្សប្រជាជនកម្ពុជា។ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅថ្ងៃសៅរ៍ បដិសេធមិនធ្វើអត្ថាធិប្បាយចំពោះការចោទប្រកាន់នេះទេ៕http://www.rfa.org/khmer/indepth/family_tree-01142012233747.html
1 comment:
ជនផ្តាច់ការគេធ្វើតែយ៉ាងនឹង នៅស្រុកណាក៏ដូច
ស្រុកណាដែរ បានស៊ីៗទាំងអស់គ្នា ដល់បែកពោះ
ស្លាប់ក៏តៃហោងទាំងអស់គ្នាទៅ។
Post a Comment