ថ្ងៃអង្គារ, 21 ខែកុម្ភៈ 2012
ដោយ សុខ ខេមរា វីអូអេ ខ្មែរ | វ៉ាស៊ីនតោន
«យោបល់របស់យើងជាទូទៅគឺថាក្រុមប្រទេសអ្នកផ្តល់ជំនួយជារួមចាំបាច់ផ្តល់ថវិកាគាំទ្របន្ថែមទៀតចំពោះតុលាការ»។សាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.បបានស្នើសុំថវិកា៩២ លានដុល្លារពីក្រុមប្រទេសអ្នកផ្តល់ជំនួយសម្រាប់ទ្រទ្រង់ដំណើរការកាត់ទោសរយៈពេល២ឆ្នាំគឺឆ្នាំ២០១២ និងឆ្នាំ២០១៣ ទោះបីជាមន្ត្រីសាលាក្តីបានអះអាងថាខ្លួនស្នើសុំតែ៨៩លានក្តី។ នេះបើតាមឯកសារជាសំណើថវិកាដែលតុលាការខ្មែរក្រហមផ្ញើជូនក្រុមប្រទេសអ្នកផ្តល់ជំនួយហើយវីអូអេទទួលបានពីប្រភពស្និទ្ធនឹងតុលាការនិងប្រទេសម្ចាស់ជំនួយ។
នៅក្នុងសំណើកញ្ចប់ថវិកាដដែលនោះបានរៀបរាប់លម្អិតពីគម្រោងចំណាយរបស់ខ្លួនហើយនិយាយឲ្យដឹងថាកញ្ចប់ថវិកាភាគច្រើនគឺសម្រាប់ផ្នែកអន្តរជាតិ ឬអ.ស.ប ហើយកញ្ចប់ថវិកាភាគីកម្ពុជាត្រូវការតែ២០លានប៉ុណ្ណោះគឺមួយឆ្នាំ ១០លានដុល្លារ។ ឯកសារជាង៨០ទំព័រជាភាសាអង់គ្លេសបានបញ្ជាក់ថា៖
«តាមតម្រូវការរំពឹងទុករបស់តុលាការសម្រាប់រយៈពេលពីរឆ្នាំ សាលាក្តីខ្មែរក្រហម ស្នើសុំឲ្យមានការយល់ព្រមលើសំណើថវិកាសរុបចំនួន៩២លានដុល្លា។ ក្នុងចំនួននោះគឺ៤៧,៥លានសម្រាប់ចំណាយឆ្នាំ២០១២ និង ៤៤,៥លានដុល្លារសម្រាប់ចំណាយឆ្នាំ២០១៣ រួមទាំងចំណាយលើបញ្ហាចៃដន្យផងដែរ»។
លោក ម៉ាទីន ណេសឺគី (Martin Nersirky) អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអ.ស.ប បាន គីមូន (Ban Ki-moon) បានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទប៉ុន្មានថ្ងៃមុននេះថាប្រទេសអ្នកផ្តល់ជំនួយកំពុងពិចារណាលើសំណើថវិកាដែលបានទទួលពីសាលាក្តីខ្មែរក្រហមហើយ។
លោក Nersirky ពុំបានបញ្ជាក់លម្អិតអំពីចំនួនថវិកានិងកម្មវិធីលម្អិតនៃកិច្ចប្រជុំរបស់ក្រុមប្រទេសអ្នកផ្តល់ជំនួយដើម្បីពិចារណាចុងក្រោយលើថវិកាកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមពីបទឧក្រិដ្ឋកម្មអន្តរជាតិនានាទាក់ទងនឹងការស្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០ នោះ។
អ្នកការទូតម្នាក់ក្នុងទីក្រុងញូវយ៉កដែលត្រូវចូលរួមប្រជុំសម្រេចអំពីថវិកានោះបានអះអាងថាសំណើថវិកាសាលាក្តីនឹងត្រូវសម្រេចក្នុងកិច្ចប្រជុំក្រុមប្រទេសជាមិត្តនឹងសាលាក្តីប្រមាណ១៥ប្រទេសនៅថ្ងៃទី២៤ខែកុម្ភៈដែលលោកអគ្គលេខាធិការអ.ស.ប Ban Ki-moon ចូលរួមជាអធិបតី។
សាលាក្តីខ្មែរក្រហមកំពុងខ្វះខាតថវិកាបើកឲ្យបុគ្គលិកជាពិសេសបុគ្គលិកភាគីកម្ពុជា ដែលមិនបានទទួលប្រាក់ខែតាំងពីខែតុលាម៉្លេះ។
លោក ហ៊ុយ វណ្ណៈអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានអះអាងថា គណៈប្រតិភូសាលាក្តីខ្មែរក្រហមដែលដឹកនាំដោយលោក ក្រាញ់ តូនី (Tony Kranh) ប្រធានស្តីទីនៃរដ្ឋបាលសាលាក្តីនិងអនុប្រធានរបស់លោកគឺលោក Knut Rosandhaug
បានចាកចេញពីកម្ពុជាហើយកាលពីថ្ងៃអាទិត្យ។ គណប្រតិភូនេះគ្រោងនឹងជួប ប្រជុំជាមួយក្រុមប្រទេសផ្តល់ជំនួយនៅថ្ងៃទី២៤ខែកុម្ភៈបន្ទាប់ពីកិច្ចប្រជុំជាបឋមមួយជាមួយក្រុមប្រទេសអចិន្ត្រៃយ៍នៅថ្ងៃទី២២ ខែកុម្ភៈ ដើម្បីពិភាក្សាពីសំណើថវិកាដែលលោកអះអាងតែចំនួន៨៩លានគឺតិចជាង៣លានដែលឯកសារបានបញ្ជាក់។
«ដំណើរការតុលាការនេះវាអាស្រ័យទៅលើចំណុចពីរសំខាន់។ ទី១ ប្រព័ន្ធដែល មានស្រាប់នៅកម្ពុជា។ ហើយចំណុចទី២គឺថវិកាដែលផ្តល់ដោយប្រទេសអ្នកផ្តល់ជំនួយ។ ដូច្នេះបើខ្វះចំណុចណាមួយក្នុងចំណោមទាំងពីរនេះជាពិសេសបើ ប្រទេសផ្តល់ជំនួយនៅបន្តទៀតទើបតុលាការនេះអាចបញ្ចប់បេសកកម្មនិង ដំណើរការនិងការងាររបស់ខ្លួនបាន»។
ដោយឡែកបុគ្គលិកអ.ស.បដែលគេរាយការណ៍មកថាត្រូវចប់កិច្ចសន្យានៅខែមេសា និងខែឧសភានោះអាចនឹងប៉ះទង្គិចផងដែរពេលគ្មានការបន្តសន្យាថវិកាពីម្ចាស់ជំនួយ។
ក្រុមអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិមួយចំនួនបានទទូចដល់ក្រុមប្រទេស អ្នកផ្តល់ជំនួយដើម្បីជួយដល់តុលាការនេះចប់ដោយគ្មានបរាជ័យ។ តែក្រុមអ្នកឃ្លាំមើលដដែលបានជំរុញដល់សាលាក្តីក៏ត្រូវពង្រឹងខ្លួនពីការរិះគន់រឿងការជ្រៀតជ្រែកផ្នែកនយោបាយ អំពើពុករលួយ បង្ហាញកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងអ.ស.ប ឯករាជ្យភាពរបស់មន្ត្រីតុលាការនិងដោះស្រាយបញ្ហាតែងតាំងចៅក្រមបរទេសដើម្បីបំពេញកិច្ចការផងដែរ។
លោកស្រី Clair Duffy មន្ត្រីឃ្លាំមើលសាលាក្តីនៃអង្គការច្បាប់របស់ស.រ.អាមួយ ឈ្មោះ Open Society Justice Initiative ឬហៅកាត់ថា OSJI បានអះអាងថា កង្វះថវិកាធ្វើឲ្យខូចខាតដល់មុខមាត់តុលាការទាំងមូល ហើយនឹងបង្កើតឲ្យមាន សំណួរច្រើនសួរថាតើតុលាការ អាចដំណើរការទៅមុខយ៉ាងម៉េចបានបើគ្មានលុយនោះ?
«យោបល់របស់យើងជាទូទៅគឺថាក្រុមប្រទេសអ្នកផ្តល់ជំនួយជារួមចាំបាច់ផ្តល់ថវិកាគាំទ្របន្ថែមទៀតចំពោះតុលាការ»។
លោកស្រី Duffy បានពន្យល់បន្ថែមមានបញ្ហាមួយចំនួនដែលតុលាការត្រូវធានា ចំពោះម្ចាស់ជំនួយគឺការជម្រះបញ្ហាជ្រៀតជ្រែកផ្នែកនយោបាយនិងរឿងរ៉ាវ នានាក្នុងតុលាការដើម្បីកុំឲ្យប៉ះទង្គិចដល់អារម្មណ៍ម្ចាស់ជំនួយ។
«ពិតប្រាកដណាស់ ខ្ញុំគិតថាវិបត្តិនៃកេរ្តិ៍ឈ្មោះតុលាការបច្ចុប្បន្នធ្វើឲ្យប៉ះទង្គិច ដល់ក្រុមប្រទេសអ្នកផ្តល់ជំនួយក្នុងការសម្រចថាពួកគេ ត្រូវបន្តផ្តល់ការសន្យា ថវិកាដល់តុលាការឬមិនផ្តល់។ នេះហើយជាអ្វីដែលតុលាការចាំបាច់ត្រូវការ គោរពតាមបទដ្ឋានខ្ពស់បំផុតនៃច្បាប់អន្តរជាតិនិងសិទ្ធិមនុស្ស។ ដូច្នេះក្រុម ប្រទេស អ្នកផ្តល់ជំនួយមានទំនុកចិត្តឡើងវិញ ហើយផ្តល់ថវិកាដល់តុលាការទៀត»។
លោកស្រីក៏បានស្តីបន្ទោសក្រុមប្រទេសអ្នកផ្តល់ជំនួយថាពុំបានជំរុញល្មម គ្រប់គ្រាន់ចំពោះដំណើរការទៅមុខនៃសំណុំរឿង ០០៣ និង០០៤ និងការផ្តល់ថវិកា យឺតយ៉ាវដែលអាចកាត់បន្ថយល្បឿននៃតុលាការ។
លោកបណ្ឌិតចន សូសៀរី (John Ciorciari) សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Gerald Ford School of Public Policy នៃរដ្ឋ Michigan បានហៅវិបត្តិថវិកាជាល្បែងលេងចាប់កូនមាន់និងការមិនពេញចិត្ត ពីប្រទេសម្ចាស់ជំនួយចំពោះការមិនធ្វើឲ្យរីកចម្រើនក្នុងសាលាក្តី ដូចជារឿងវិវាទ រវាងចៅក្រមចំពោះសំណុំរឿង០០៣ និង០០៤ ការមិនតែងតាំងចៅក្រមដើម្បី បំពេញកិច្ចការសំណុំរឿងទាំងនេះ។
«ក្រុមប្រទេសអ្នកផ្តល់ជំនួយអាចទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ចៅក្រមជនជាតិស្វីសមុនពេលផ្តល់ថវិកាបន្ថែម។ សំណុំរឿងទី២ផ្តល់ហេតុផល ដ៏រឹងមាំនៅឡើយសម្រាប់ក្រុមប្រទេសផ្តល់ជំនួយដើម្បីធានាឲ្យតុលាការនេះ ដំណើរការបាន។ តែវាជាការភ្ញាក់ផ្អើលប្រសិនបើប្រទេសផ្តល់ជំនួយច្រានចោល សំណើរបស់កម្ពុជាទាំងស្រុងក្នុងទីក្រុងញូវយ៉កនៅសប្តាហ៍នេះ»។
លោក ឡាត់ គី អ្នកឃ្លាំមើលសាលាក្តីនៃអង្គការសិទ្ធិមនុស្សអាដហុកបានអះអាងថា ក្រុមប្រទេសផ្តល់ជំនួយចាំបាច់ត្រូវផ្តល់ថវិកាដល់សាលាក្តីដើម្បីដំណើរការបានជោគជ័យ។
«វាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាទាំងមូលដែលការបញ្ចប់សាលាក្តីដោយភាពជោគជ័យគឺអាចនឹងបន្សល់នូវកេរដំណែលជាវិជ្ជមាន ដើម្បីស្តារឡើងវិញនូវប្រព័ន្ធតុលាការកម្ពុជានៅក្នុងការជួយស្រោចស្រង់ក៏ ដូចជាការផ្តល់យុត្តិធម៌ជូនទៅដល់ជនរងគ្រោះកម្ពុជានាសម័យបច្ចុប្បន្ន ផងដែរ»។
លោកបានអះអាងថាបញ្ហាសំខាន់ផងដែរដែលតុលាការត្រូវខិតខំធ្វើឲ្យមាន ឯករាជ្យភាពដែលជាក្តីបារម្ភរបស់ប្រទេសម្ចាស់ជំនួយផងដែរ។
អ្នកការទូតក្នុងទីក្រុងញូវយ៉កដែលប្រទេសលោកជាអ្នកផ្តល់ជំនួយសំខាន់ ដល់សាលាក្តីខ្មែរក្រហមបានអះអាងថាសំណុំរឿងបន្ថែម០០៣និង០០៤ នឹងត្រូវពិភាក្សាគ្នាក្នុងពេលមានសំណើអំពីថវិកា។
«រឿងនេះជាក្តីបារម្ភមួយក្នុងចំណោមក្តីបារម្ភជាច្រើន។ តែយើងមិនអាចជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់តុលាការបានទេ»។
អ្នកការទូតរូបនោះបានអះអាងដែរថាបញ្ហាតែងតាំងសហចៅក្រមស្វីស Laurent Kasper-Ansermet និងបញ្ហាផ្សេងៗទៀតពិតជាស្ថិតក្នុងក្តីបារម្ភមែនក្នុងចំណោមប្រទេសអ្នកផ្តល់ជំនួយ ក្រៅពីបញ្ជាក់អះអាងថាសំណើថវិកាស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយទេ។
កញ្ចប់ថវិកាថ្មីត្រូវគេដឹងថាគឺដើម្បីចំណាយទៅលើប្រតិបត្តិការសំណុំរឿង០០២និងសំណុំរឿងបន្ថែម០០៣/០០៤ ដ៏ចម្រូងចម្រាស់ហើយនឹងចំណាយផ្នែករដ្ឋបាលផ្សេងៗផងដែរ។
សាលាក្តីខ្មែរក្រហមដែលរងការចោទប្រកាន់ពីបទពុករលួយនិងការជ្រៀតជ្រែកផ្នែកនយោបាយនោះ បានចំណាយថវិកាជិត១៥០លានដុល្លារពីឆ្នាំ២០០៦ដល់ឆ្នាំ២០១១៕
5 comments:
It a waste of $$$$$$$$$ that ECCC does not find the justice for the Victims of Killing Fields. It must do in the International Courts.
Never trust to KR trial at Hanoi/CPP ECCC because dumb Vietnamese dog Hun Sen always barks/interferes ECCC when his Communist Vietnamese bosses in Hanoi have told this Vietnamese dog Hun Sen what to do.
Hun Sen is guaranteed to be protected by his Communist Vietnamese bosses if he does what his Communist Vietnamese bosses in Hanoi told him. Hun Sen is still stupid and blind to attack his own Khmer people and generous foreigners
ខ្ញុំថា សាលាក្ដីកាត់ទោស ខ្មែរក្រហមដែលមេដឹក
នាំយួនបានបង្កើតក្នុងកម្ពុជា វាគ្រាន់តែលេសមួយ
សម្រាប់ការកាត់ទោសឆ្ពិនភ្នែក ដល់អង្គការសហ
ប្រជាជាតិតែប៉ុណ្ណោះ ពោលគឺពិតជាគ្មានប្រយោជន៍
សំខាន់ចំពោះជនរងគ្រោះខ្មែរជិត២លាននាក់ដែល
បនហាណូយបញ្ជាឱ្យខ្មែរក្រហមយៀកមិញសម្លាប់
ដោយបំបាំងមុខ នោះឡើយ។
..... ALSO , THE UN SHOULD TAKE CARE THE FAMILIES OF THE THREE WITH
THE SAME BENEFIT SUCH AS FREE FOODS , MEDICAL CARE . I WONDER
WHETHER THE UN PLAN TO RAISE MONEY FOR THEIR FUNERALS ?
CPP needs more money to prolong their ruthless regime. Thank you US and UN for supporting the dictator of 32 years to stay in power!!
ប្រទេសម្ចាស់ជំនួយ ត្រូវបើកភ្នែកមើលឱ្យឃើញ
សិនបើមុននឹងជួយ កុំអាងតែមានលុយច្រើនពេក!
Post a Comment