Tuesday, February 07, 2012

មេធាវី​លោក នួន ជា៖ លោក ជា ស៊ីម ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម - Chea Xim involved in Khmer Rouge crimes: Nuon Chea's lawyer

ជា ស៊ីម (ឆ្វេង) និយាយ​ លេង ជាមួយ​ ហ៊ុន សែន

2012-02-07
ដោយ ឡេង ម៉ាលី
Radio Free Asia

សវនាការ​សាលា​ក្ដី​ខ្មែរក្រហម សួរ​ដេញដោល​សាក្សី ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​បញ្ជាក់​លើ​ឯកសារ​ភស្តុតាង​នានា ដែល​មាន​មន្ទិល បាន​បញ្ចប់​ហើយ នៅ​វេលា​ម៉ោង ៣ រសៀល​ថ្ងៃ​ទី ៦ កុម្ភៈ បើ​ទោះ​ជា​មេធាវី​ជន​ជាប់​ចោទ នួន ជា នៅ​មិន​អស់​ចិត្ត​ក្ដី។

ក្នុង​អង្គ​ជំនុំជម្រះ​ដែល​ចាប់​ផ្ដើម​នៅ​ពេល​រសៀល យើង​សង្កេត​ឃើញ​ថា សវនាការ​ដេញដោល​សាក្សី ឆាំង យុ មាន​ភាព​តឹងតែង​ខ្លះៗ នៅ​ពេល​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា ចង់​ទាញ​ឯកសារ​ខ្មែរក្រហម​ឱ្យ​ជាប់​ពាក់ព័ន្ធ​នឹង​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា

ភាព​តានតឹង​នោះ គឺ​មេធាវី​ការពារ​ក្ដី​អន្តរជាតិ​របស់​ជន​ជាប់​ចោទ នួន ជា គឺ​លោក ចាស្ពើរ ប៉ាវ (Jasper Pauw) ម្ដង​ហើយ​ម្ដង​ទៀត បាន​លើក​យក​ឯកសារ​មួយ​របស់​អ្នកស្រាវជ្រាវ ស្ទីវ ហេឌ័រ (Steve Heder) ដែល​សរសេរ​អំពី​កម្មាភិបាល​ជាន់​ខ្ពស់ និង​កម្មាភិបាល​​ខ្មែរក្រហម​នៅ​មូល ដោយ​ចោទ​ប្រកាន់​ លោក ជា ស៊ីម ថា មាន​ការ​ទទួល​ខុស​ត្រូវ​ ចំពោះ​ ការ​សម្លាប់ ​មនុស្ស​ នៅ​ខេត្ត​កំពង់ចាម

លោក ចាស្ពើរ ប៉ាវ៖ «ជា ស៊ីម ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​សម្លាប់​មនុស្ស​ប្រជាជន​ថ្មី និង​អ្នក​ដទៃ​ទៀត នៅ​ពញាក្រែក ក្នុង​ភូមិភាគ​បូព៌ា ហើយ​ខាង​ក្រោម​មក​ទៀត យើង​ឃើញ​ថា មាន​អ្នក​ផ្ដល់​ព័ត៌មាន​ថា មាន​ប្រជាជន​រាប់​ពាន់​នាក់​ស្លាប់​នៅ​ក្នុង​ស្រុក នៅ​ពេល​ដែល​លោក ជា ស៊ីម ជា​លេខា​ស្រុក​នេះ នៅ​ចុង​ឆ្នាំ ១៩៧៧ និង​ដើម​ឆ្នាំ ១៩៧៨»។

មេធាវី​បាន​លើក​យក​ឯកសារ​នេះ​មក​សួរ​សាក្សី ឆាំង យុ ថា តើ​លោក​បាន​សិក្សា​ស្រាវជ្រាវ​លើ​ការ​ចោទ​ប្រកាន់​នេះ​ដែរ ឬ​ទេ? សហ​ព្រះរាជ​អាជ្ញា​ជំទាស់​នឹង​ការ​លើក​យក​យក​ឯកសារ​នេះ ហើយ​សុំ​ឱ្យ​មេធាវី​សួរ​សំណួរ​ផ្សេង



ប្រធាន​ចៅក្រម​នៃ​ជំនុំជម្រះ លោក និល ណុន បញ្ជា​មិន​ឲ្យ​សាក្សី ឆាំង យុ ឆ្លើយ​តប​នឹង​សំណួរ​របស់​មេធាវី​ជន​ជាប់​ចោទ​ទេ ដោយ​សម្អាង​ថា ការ​លើក​យក​ឯកសារ​នេះ​មក​សាកសួរ មិន​ពាក់ព័ន្ធ​នឹង​កិច្ច​ដំណើរ​ការ​រឿង​ក្ដី​នេះ​ឡើយ

បើ​ទោះ​ជា​ដូច្នេះ​ក្ដី មេធាវី​ជន​ជាប់​ចោទ​នៅ​តែ​ព្យាយាម​លើក​ហេតុ​ផល​របស់​ខ្លួន​ថា មូលហេតុ​ដែល​ខ្លួន​សួរ​នេះ ព្រោះ​វា​ជា​ព័ត៌មាន​សំខាន់​សម្រាប់​ដោះ​បន្ទុក​កូន​ក្ដី​របស់​លោក។


ចំណុច​មួយ​ទៀត​មេធាវី​ប៉ាវ ក៏​លើក​យក​រដ្ឋាភិបាល​កម្ពុជា​មក​ពាក់ព័ន្ធ​ដែរ៖ «ខ្ញុំ​នឹង​ឡើង​ចំៗ តែ​ម្ដង គឺ​នៅ​ថ្ងៃ​នេះ​យើង​ស្វែង​រក​ឱ្យ​ឃើញ​ថា តើ​រដ្ឋាភិបាល​បាន​ជ្រៀតជ្រែក​មក​ដល់​កិច្ចការ​របស់ ឌី.ស៊ី ខែម (DC-Cam) ដែរ ឬ​ក៏​យ៉ាង​ណា ទាក់ទង​ទៅ​នឹង​តថាភាព​ពិត​នៅ​ក្នុង​សង្គម​កម្ពុជា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ដោយសារ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​មិន​ទាន់​ដក់​ខ្លួន​ចេញ​ពី​ការ​ជ្រៀតជ្រែក​មក​ក្នុង​កិច្ច​ដំណើរការ​របស់​តុលាការ​នេះ​នៅ​ឡើយ​ទេ ហើយ​ដូច​សហ​ចៅក្រម​អន្តរជាតិ​បាន​លើក​ឡើង»។

ទោះ​បី​ជា​មេធាវី​ខំ​ការពារ​ហេតុ​ផល​របស់​ខ្លួន​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រធាន​ចៅក្រម​លោក និល ណុន មិន​អនុញ្ញាត​ដែរ៖ «អង្គ​ជម្រះ​ មិន​អនុញ្ញាត​ ឱ្យ​លោក ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ អ្វី​ផ្សេង​ ទៀត​ឡើយ។ ប្រសិន​បើ​លោក​អស់​សំណួរ យើង​នឹង​បញ្ចប់​ការ​សួរ​ដេញដោល​របស់​លោក​ចំពោះ​សាក្សី​រូប​នេះ។ ដោយ​ឡែក​សំណួរ​អម្បាញ់មិញ​នេះ ការ​ជំទាស់​របស់​ព្រះរាជ​អាជ្ញា​មាន​ប្រសិទ្ធភាព។ ដូច្នេះ​សាក្សី​មិន​ចាំបាច់​ឆ្លើយ​នឹង​សំណួរ​ចុង​ក្រោយ ដែល​ក្រៅ​អង្គហេតុ​នេះ​ទេ។ ប្រសិន​បើ​លោក​ព្យាយាម​សួរ​របៀប​នេះ​ទៀត គឺ​អង្គ​ជម្រះ​នឹង​មិន​អនុញ្ញាត​ឱ្យ​លោក​​ដាក់​ឯកសារ​នេះ​ដេញដោល​ទៀត​ទេ»។

សវនាការ​នេះ គឺ​បាន​បញ្ចប់​មុន​ម៉ោង​កំណត់ ១​ម៉ោង ដោយសារ​តែ​មេធាវី​របស់​ជន​ជាប់​ចោទ អៀង សារី បោះ​បង់​ពេល​វេលា​សួរ​ដេញដោល។

ប្រធាន​ចៅក្រម​សាលា​ដំបូង លោក និល ណុន បាន​ប្រកាស​ថា សវនាការ​នឹង​ធ្វើ​បន្ត​នៅ​ថ្ងៃ​ពុធ ទី ៨ ខែ​កុម្ភៈ ឆ្នាំ ២០១២។

អង្គ​ជំនុំជម្រះ​នឹង​សួរដេញដោល​ជន​ជាប់​ចោទ នួន ជា ជា​បន្ត​ទៀត​នៅ​ពេល​ព្រឹក ហើយ​ពេល​រសៀល គឺ​ពិនិត្យ​ឯកសារ​ដែល​ភាគី​បាន​ដាក់​នៅ​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ ដែល​ទាក់ទង​ទៅ​បរិបទ (ជុំវិញ) ប្រវត្តិ​បក្ស​កុម្មុយនិស្ត​កម្ពុជា។ បន្ទាប់​ពី​នោះ​កិច្ច​ពិភាក្សា​ដេញដោល​នឹង​ចូល​ដល់​វគ្គ​ទី​ពីរ ស្ដីពី​រចនា​សម្ព័ន្ធ​រដ្ឋបាល និង​ការងារ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ៕

5 comments:

Anonymous said...

The two monkeys are laughing, we are all also involved in Khmer Rouge!

Anonymous said...

គ្មានប្រយោជន៍ទេ លោក និល ណុន បានត្រឹម
តែធ្វើតាមបញ្ជារបស់យួន យួនឱ្យទៅឆ្វេងគឺឆ្វេង។

Anonymous said...

បើអាឆាងយុវិញ ឯកសារទាំងអស់ណើគឺយួនជាអ្នក
ចងក្រងទុក ​រួចហើយបញ្ជូនមកឱ្យ។

Anonymous said...

អាយួន និល ណុន CHOY MRAY ,គ្មានប្រយោជន៍ទេ !

Anonymous said...

និល​ណុន និង​ឆាង​យុជាសត្វសេក​ ឬ​សារិកាថា
តាមការបញ្ជាពីយួន និងរដ្ឋាភិបាលហ៊ុន​ សែន។

ចរិតមុនស្សដោយកាយ វាចា ចិត្ត និង ការប្រ-
ព្រឹត្តិនៃជនទាំងពីររូបនេះ។ដូច្នេះការពិតនៅតែពិត
ឥតគេចផុតពីការពិត។បើអ្នកក្រៅមើលមិនឃើញ
គឺជនទាំងពីរនេះមើលឃើញខ្លួនឯងថា ខ្លួនធ្វើ
និយាយខុសពីការពិតដែរ។