Tuesday, March 20, 2012

សេចក្តីប្រកាសព៌តមាន ដោយ សហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុង


Source: http://www.eccc.gov.kh/articles/17285

លោកចៅក្រម Laurent Kasper-Ansermet បានដាក់ជូននូវការសុំលាលែងរបស់ខ្លួនពីតួនាទីជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុង ចំពោះលោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ដោយមាន អានុភាពចាប់ពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១២តទៅ។

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ ស្របតាមប្រការ៥ (៦) នៃកិច្ចព្រមព្រៀងនៃអ.វ.ត.ក. លោកសហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុង ឈ្មោះ Laurent Kasper-Ansermet បានជំនួសលោកចៅក្រម Siegfried Blunk ដែលបានលាលែងពីតួនាទីជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិ។ តួនាទីនេះ បានផ្តល់សិទ្ធិក្នុងការដឹកនាំកិច្ចស៊ើបសួរនៅក្នុងសំណុំរឿង០០៣ និង០០៤ ដែលឈរលើមូលដ្ឋាននៃដីកាសន្និដ្ឋានបញ្ជូនរឿងឪ្យស៊ើបសួរចំនួនពីរដែលបានដាក់ចេញដោយសហព្រះរាជអាជ្ញា កាលពីជាងបីឆ្នាំកន្លងមក គឺនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៨។ នៅក្នុងគោលដៅនេះ លោកចៅក្រម Laurent Kasper-Ansermet បានចេញសេចក្តីសម្រេចមួយចំនួន ហើយកាលពីពេលថ្មីៗនេះ បានជូនដំណឹងទៅជនសង្ស័យនៅក្នុងសំណុំរឿង០០៣ និង០០៤ អំពីសិទ្ធិរបស់ពួកគេ (វិធាន ២១) ហើយនឹងធ្វើការស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២នេះ។


សិទ្ធិអំណាចរបស់លោកចៅក្រម Laurent Kasper-Ansermet នៅក្នុងការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និង០០៤ ត្រូវបានជំទាស់រហូតដោយសហចៅក្រមស៊ើបអង្កេតជាតិ (លោកចៅក្រម យូ ប៊ុនឡេង) ទោះបីជាមានមតិយោបល់ដែលដាក់ចេញដោយលោកចៅក្រម Downing និង Chung (ចៅក្រមនៃអង្គបុរេជំនុំជម្រះ) ដែលបញ្ជាក់អះអាងថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុង អាចជំនួសចៅក្រមពេញសិទ្ធិនៅក្នុងករណីនៃការលាលែង ហើយមានអំណាចធ្វើសកម្មភាពដូចគ្នាផងដែរ។

ការជំទាស់ដោយសកម្មដោយលោកចៅក្រម យូ ប៊ុនឡេង នៅក្នុងការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និង០០៤ បាននាំទៅដល់ស្ថានការណ៍នៃភាពមិនអាចដំណើរការបាននៅក្នុងអ.វ.ត.ក.។ ការរៀបរាប់អំពីស្ថានការណ៍នេះ នឹងត្រូវផ្សព្វផ្សាយនៅថ្ងៃនេះ។ លើសពីនេះទៀត ការស៊ើបអង្កេតផ្ទៃក្នុងមួយចំនួន ត្រូវបានធ្វើឡើងដោយលោកចៅក្រម Laurent Kasper-Ansermet តាមវិធាន៣៥ នៃវិធានផ្ទៃក្នុង “ការជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាលតុលាការ”។

កាលពីថ្មីៗនេះ លោកចៅក្រម Laurent Kasper-Ansermet បានរៀបចំការជួបប្រជុំក្រៅផ្លូវការមួយជាមួយលោកចៅក្រម យូ ប៊ុនឡេង។ នៅក្នុងឪកាសនៃជំនួបនោះ លោកចៅក្រម យូ ប៊ុនឡេង បានបដិសេធមិនធ្វើការជជែកពិភាក្សាលើសំណុំរឿង០០៣ និង០០៤នោះទេនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ លោកចៅក្រម យូ ប៊ុនឡេង បានចេញបញ្ជាជាលាយលក្ខណ៍អក្សរមួយចំពោះលោកចៅក្រម Laurent Kasper-Ansermet ដោយបង្គាប់ថា លោកចៅក្រម Laurent Kasper-Ansermet ត្រូវតែបញ្ឈប់ជាបន្ទាន់នូវ “សកម្មភាពខុសច្បាប់” របស់ខ្លួន។ ឧសានវាទនេះ ត្រូវបានធ្វើឡើងម្តងទៀតកាលពីសប្តាហ៍មុន។

ដោយគិតទៅដល់សិទ្ធិរបស់ជនរងគ្រោះក្នុងការទទួលបានការស៊ើបអង្កេតមួយដែលដំណើរការតាមរបៀបត្រឹមត្រូវសមស្រប និងទោះបីជាខ្លួនមានការសម្រេចចិត្តថាត្រូវធ្វើបែបនេះក៏ដោយ លោកចៅក្រម Laurent Kasper-Ansermet ចាត់ទុកថា កាលទេសបច្ចុប្បន្ននេះ លែងអនុញ្ញាតឪ្យខ្លួនអាចបំពេញការងាររបស់ខ្លួនដោយត្រឹមត្រូវនិងដោយសេរីទៀតហើយ។ លោកចៅក្រម Laurent Kasper-Ansermet បានដាក់ជូនការលាលែងរបស់ខ្លួន ដោយមានអានុភាពចាប់ពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១២តទៅ ហើយ នឹងមិនចេញដីកាបង្គាប់ឲ្យមានការស៊ើបអង្កេតថ្មីទៀតទេនៅក្នុងសំណុំរឿង០០៣ និង០០៤ នៅពេលណាដែលកិច្ចស៊ើបអង្កេតដែលកំពុងដំណើរការបច្ចុប្បន្ននេះ ត្រូវបានបញ្ចប់អស់។

លោកចៅក្រម Laurent Kasper-Ansermet សូមបញ្ជាក់សាជាថ្មីយ៉ាងខ្លាំងអំពីក្តីសង្ឍឹមរបស់ខ្លួនថា ដំណោះស្រាយមួយដែលអនុញ្ញាតឪ្យអ.វ.ត.ក. បំពេញអាណត្តិដ៏មានសារសំខាន់របស់ខ្លួន នឹងត្រូវបានរកឃើញ ដើម្បីជាប្រយោជន៍នៃប្រជាជនកម្ពុជានិងយុត្តិធ៌មអន្តរជាតិ។

3 comments:

Anonymous said...

69 style of ah Choymaray!!!

Anonymous said...

Ah stupid bun leng

Anonymous said...

By the interference of Cambodian government, the khmer rouge court sould transfert to ICC in The Hague, Holland.