ដោយ ដែន អយុធ្យា 2012-03-19
កម្មករ-កម្មការិនីរោងចក្រដេរសំលៀកបំពាក់ជិត ១ពាន់នាក់ មានទីតាំងក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើកូដកម្មមិនចូលធ្វើការ ដើម្បីទាមទារលក្ខខណ្ឌ ១៥ចំណុច។
លោក ម៉ែន វណ្ណា ជាតំណាងសហភាពការងារកម្ពុជា ប្រចាំរោងចក្រ វិនស៊ីងធិច (WIN SHING TEX)។ លោកបានឲ្យដឹងនៅថ្ងៃទី១៩ ខែមិនា ថា កម្មកររោងចក្រនេះ បានធ្វើកូដកម្មរយៈពេល ៤ថ្ងៃមកហើយ ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុនដកបុគ្គលិករដ្ឋបាលរោងចក្រចំនួន ៣នាក់ ដែលពួកគេចោទថា បានប្រើពាក្យសម្ដីមិនសមរម្យមកលើកម្មករ។
លោកបន្តថា លក្ខខណ្ឌចំនួន ១៥ចំណុច ដែលកម្មករទាមទារ មានដូចជា ស្នើឲ្យថៅកែដំឡើងប្រាក់ថ្លៃធ្វើដំណើរ ដំឡើងប្រាក់រង្វាន់ មិនត្រូវកាត់ប្រាក់ឈ្នួលកម្មករ និងត្រូវថែមប្រាក់ជូនកម្មករធ្វើការថែមម៉ោងជាដើម។
បន្ថែមលើនេះ ក្រុមកម្មករ និងកម្មការិនី ក៏បានឲ្យដឹងដែរថា ប្រសិនបើថៅកែរោងចក្រមិនជួយរកដំណោះស្រាយឲ្យបានសមស្របទេ ពួកគេនឹងបន្តធ្វើកូដកម្មទៀត។ ក្រុមកម្មករបានសង្កត់ធ្ងន់ថា ក្នុងចំណោមលក្ខខណ្ឌទាំង ១៥ចំណុច ដែលពួកគេទាមទារ គឺតម្រូវឲ្យថៅកែរោងចក្រដកប្រធាន និងមន្ត្រីរដ្ឋបាលចំនួន ៣នាក់ ចេញពីការងារ ទើបពួកគេព្រមចូលធ្វើការវិញ។
លោក ឈិន សៅ ប្រធានរដ្ឋបាលរោងចក្រវិនស៊ីងធិច បានថ្លែងថា លក្ខខណ្ឌចំនួន ១៥ចំណុច ដែលកម្មករទាមទារ គឺខាងមន្ត្រីក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានចុះសម្របសម្រួលរួច និងបានចេញសេចក្ដីបង្គាប់ឲ្យកម្មករចូលធ្វើការវិញ កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១២ ប៉ុន្តែកម្មករមិនបានគោរពតាមទេ។
លោកចោទថា ការធ្វើកូដកម្មរបស់ក្រុមកម្មករបណ្ដាលមកពីការញុះញង់របស់មេដឹក នាំសហជីពក្នុងរោងចក្រ ទាក់ទងនឹងទំនាស់ផលប្រយោជន៍។
យ៉ាងណាក៏ដោយ លោក សាន ស៊ីផា ជាមន្ត្រីផ្នែកច្បាប់របស់សហភាពការងារកម្ពុជា បានស្នើទៅថៅកែក្រុមហ៊ុន និងមន្ត្រីដោះស្រាយវិវាទនៃក្រសួងការងារ ត្រូវជួយរកដំណោះស្រាយជូនកម្មករឲ្យបានសមស្រប ដើម្បីបញ្ចប់ជម្លោះឲ្យបានឆាប់។
ទាក់ទងបញ្ហានេះ លោក វ៉ា យុវវឌ្ឍនា ជាប្រធានការិយាល័យវិវាទការងារនៃក្រសួងការងារ បានឲ្យដឹងថា វិវាទរវាងក្រុមកម្មករ និងថៅកែរោងចក្រវិនស៊ីងធិច មន្ត្រីជំនាញកំពុងចុះសម្របសម្រួល ប៉ុន្តែក្រុមកម្មករមិនទាន់ទទួលយកដំណោះស្រាយនោះទេ។ លោកថា វិវាទនេះ លោកបានបញ្ជូនទៅមន្ត្រីក្រុមប្រឹក្សាអាជ្ញាកណ្ដាលរកដំណោះស្រាយ បន្ត។
អ្នកស្រី បូ ចន្ទវាសនា ជាមន្ត្រីក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលបន្ទុកដោះស្រាយវិវាទ ការងារ។ អ្នកស្រី បានឲ្យដឹងថា វិវាទនៅរោងចក្រវិនស៊ីងធិច មន្ត្រីជំនាញគ្រោងនឹងកោះហៅភាគីទំនាស់ទាំងពីរ មកសម្របសម្រួល ដើម្បីបញ្ចប់ជម្លោះ។ អ្នកស្រីបានអំពាវនាវឲ្យក្រុមកម្មករចូលធ្វើការជាធម្មតាវិញ ដើម្បីទុកពេលឲ្យមន្ត្រីជួយរកដំណោះស្រាយ។
ទោះយ៉ាងណា ក្រុមកម្មករបានព្រមានថា ពួកគេនឹងបន្តធ្វើកូដកម្មទៀត ប្រសិនថៅកែរោងចក្រវិនស៊ីងធិច និងមន្ត្រីពីក្រសួងការងារ មិនជួយដោះស្រាយជូនពួកគេឲ្យបានសមរម្យទេនោះ៕
No comments:
Post a Comment