Friday, March 23, 2012

ទុក្ខវេទនា​របស់​ភរិយា ដែល​ប្ដី​ប្រើ​ហិង្សា - Shame on Khmer men who use violence against women

២១-មីនា-២០១២៖ លោក​ស្រី កាន់ ចរិយា បង្ហាញ​ស្នាម​រលាក​ទឹក​ក្ដៅ ដែល​ប្ដី​ចាក់​ទឹក​លើ។ (RFA/Vohar Cheath)

2012-03-22
ដោយ វោហារ ជាតិ
Radio Free Asia

បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​តែ​កើត​មាន​ឡើង​ជា​បន្តបន្ទាប់ បើ​ទោះបីជា រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ព្យាយាម​លប់​បំបាត់​យ៉ាងណា​ក៏ដោយ។

ជាក់​ស្ដែង នៅ​ខេត្ត​ព្រះសីហនុ មានអំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​នៅ​ពេល​ថ្មី​នេះ ដោយប្ដី​ដើម​រួម​ដៃ​ជាមួយ​ប្អូន​ស្រី​វាយ​ធ្វើ​បាប​ប្រពន្ធ ដោយ​ចាប់​វាយ​បញ្ច្រក​ទឹក​ក្ដៅ​កំពុង​ដាំ​ពុះ ហើយ​ស្រោច​លើ​ខ្លួន និង​ថែម​ទាំង​កាប់​ប្រពន្ធ​ទៀត។​

លោក ស្រី កាន់ ចរិយា ជា​ភរិយា​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ភរិយា​ដទៃ​ៗ​ទៀត ត្រូវ​បាន​ប្ដី​វាយ​ធ្វើ​បាប​ ដែល​ភាសា​បច្ចុប្បន្ន ហៅ​ថា ជា​ជន​រងគ្រោះ​នៃ «អំពើ​ហិង្សា​ក្នុង​គ្រួសារ»។

លោក​ស្រី កាន់ ចរិយា អាយុ ៤៥ ឆ្នាំ រស់​នៅ​ក្នុង​ផ្ទះ​តូច​មួយ ក្នុង​ភូមិ​ទី​១ ស្ថិត ក្នុង​តំបន់​ព្រៃ​អាកាស្យា ជា​ភូមិ​ដាច់​ស្រយាល​មួយ ក្នុង​សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ។

ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេញ​ខ្លួន គាត់​មិន​អាច​ពាក់​អាវ​បាន​ទេ។ លោក​ស្រី​ឲ្យ​ដឹង​ថា ប្ដី និង​បង​ថ្លៃ​ស្រី​បាន​វាយ​ធ្វើ​បាប កាប់​នឹង​ពូថៅ ហើយ​ចាក់​ទឹក​ក្ដៅ​លើ​ខ្លួន កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ


សព្វថ្ងៃ​នេះ​អ្នក​ស្រី​គ្មាន​ប្រាក់​ព្យាបាល​របួស​បន្ត​ទេ បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្រុង​ព្រះសីហនុ​មួយ​រយៈ​មក។ មិន​ត្រឹម​តែប៉ុណ្ណោះ លោក​ស្រី​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​កូន​ ៥​ នាក់​ទៀត៖ «ខ្ញុំ​នៅ​រលួយ​ក្រោម​ក្លៀក រលួយ​ក្រោម​ក្លៀក​ខ្លាំង​ណាស់»។

ទាក់ទង​រឿង​ទំនាស់​ក្នុង​គ្រួសារ ដែល​បណ្ដាលឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ដូច្នេះ លោក​ស្រី​បាន​រំលឹក​ថា គឺ​បង្ក​ឡើង​ដោយ​ប្ដី​​ក្រោយ ឈ្មោះ សួរ សារីម អាយុ ៥២ ឆ្នាំ និង​ប្អូន​ស្រី​ប្ដី​របស់​គាត់​ឈ្មោះ សឿ ពៅ។ អ្នក​ទាំង​ពីរ​បាន​ផឹក​ស្រវឹង ហើយ​មាន​ទំនាស់​ពាក្យ​សម្ដី​បន្តិចបន្តួច​រឿង​ប្ដី​ទារ​លុយ​ទិញ​ស្រាបៀរ​បន្ថែម ​ក៏​ព្រួត​គ្នា​វាយ​ធ្វើ​បាប​គាត់។

លោក​ស្រី​រំលឹក​ថា៖ «ទាត់​ខ្ញុំ​ពីរ​ជើង​ហើយ​ប្ដី​ខ្ញុំ​ចុះ​មក​ចាប់​វ៉ៃ​ខ្ញុំ ប្ដី​ខ្ញុំ​ដាល់​ខាង​ឆ្វេង គេ​ដាល់​ខាង​ស្ដាំ គេ​ដាល់​សៀតផ្កា​ខ្ញុំ។ គេ​ចាប់​ខ្ញុំ​ជាប់ ហើយ​ប្អូន​គេ​ស្ទុះ​ទាញ​ពូថៅ​មក​កាប់​ខ្ញុំ​ចំ​មុខ​នឹង​មួយ​ពូថៅ​ខ្ញុំ​សន្លប់ ដួល​ខ្ពោក​នៅ​នឹង​តែ​ម្ដង។ ដួល​ហើយ​គេ​យក​កំសៀវ​ទឹក​ស្រោច​លើ​មុខ​ខ្ញុំ ស្រោច​ចូល​ភ្នែក។ ខ្ញុំ​ដឹងខ្លួន​ខ្ញុំ​ស្រែក គេ​ចាក់​ទឹក​ក្ដៅ​ចូល​មាត់ ច្របាច់​មាត់​ចាក់​ទឹក​ក្ដៅ​ចូល​ទៀត។ ចាក់​ទឹក​ក្ដៅ​ចូល​មាត់​ហើយ ចាក់​រោយ​ពេញ​ទាំង​ខ្លួន គេ​ថា ង៉ែង​ងាប់​ទៅ​ង៉ែង​ជេរ​ម៉ែ​អញ»។

លោក​ស្រី​បន្ត​ថា នៅ​ពេល​កើត​ហេតុ​នោះ លោក​ស្រី​មាន​កូន​ប្រុស​ពីរ​នាក់​នៅ​ជា​មួយ គឺ​កូន​វ័យ​ជំទង់​ម្នាក់ និង​កូនប្រុស​ពៅ​ម្នាក់​អាយុ ៥ ឆ្នាំ។ តែ​កូន​ប្រុស​វ័យ​ជំទង់​ត្រូវ​ឪពុក​ដេញ​កាប់​នៅ​ពេល​ព្យាយាម​ជួយ​សង្គ្រោះ​ម្ដាយ ហើយ​ក៏​រត់​គេច​ខ្លួន​បាត់។ នៅ​សល់​តែ​កូន​ពៅ​តូច​មួយ​ព្យាយាម​ជួយ​សង្គ្រោះ​ម្ដាយ ប្រឈម​មុខ តតាំង​ជាមួយ​ឪពុក​ចុង ដែល​កំពុង​រួម​ដៃ​ជា​មួយ​ប្អូន​ស្ត្រី​ខ្លួន​បង្កើត វាយ​ធ្វើ​បាប​​អ្នក​ម្ដាយ។

លោក​ស្រី​បន្ត​៖ «ហើយ​ដល់​ហើយ​ខ្ញុំ​រើ កូន​ខ្ញុំ​ចេះតែ​ដង​ទឹក​យក​មក​ចាក់ ម៉ាក់​អើយ មុខ​ម៉ាក់​ឯង​សុទ្ធ​ឈាម​ ដងទឹក​មក​ចាក់​មុខ​ម្ដាយ ហើយ​លុត​ជង្គង់​សំពះ​គេ​ថា អ៊ី​ពៅ​អើយ! បានហើយ ងាប់​ម៉ែ​ឥឡូវ​ហើយ។ លុតជង្គង់​សំពះ​គេ ហើយ​មី​នឹង​ជះ​ទឹក​ក្ដៅ​លើ​កូន​ខ្ញុំ​ទៀត»។

ក្នុង​ពេល​កំពុង​ធ្វើ​បទ​សម្ភាស ជាមួយ​ម្ដាយ​ជា​ស្ត្រី​រងគ្រោះ កូន​ពៅ​ឈ្មោះ ទីណូ ដែល​តែង​តែ​ស្ថិត​នៅ​ក្បែរ​ម្ដាយ​ជានិច្ច​នោះ បាន​លូក​មាត់​ឆ្លើយ​កាត់​បទ​សម្ភាស​ជា​ញឹកញាប់។

កុមារា ទីណូ បាន​ឆ្លើយ​កាត់​ថា ខ្លួន​បាន​ឃើញ​ឈាម​ស្រោច​លើ​មុខ​និង​ខ្លួន​របស់​ម្ដាយ ហើយ​ក៏​ខ្លោច​ចិត្ត​អាណិត​អ្នក​ម្ដាយ រួច​ក៏​ព្យាយាម​ជួយ​ម្ដាយ ដោយ​លុត​ជង្គង់​សំពះ​អង្វរ​គេ​កុំ​ឲ្យ​គេ​ធ្វើ​បាប​ម្ដាយ​តទៅ​ទៀត

កុមារា ទីណូ៖ «ខ្ញុំ​អាណិត​ម៉ែ​ពេក ឃើញ​ឈាម​អ៊ីចឹង​ខ្ញុំ​អាណិត​ណាស់ ឈាម​ច្រើន​ណាស់ ពេញមុខ​នឹង ឈាម​ជោក​អាវ​អស់​។ ចាក់​ទឹក​ក្ដៅ​ ទឹក​ក្ដៅ​ឪ​ណាស់។ ទឹក​ក្ដៅ​កំពុង​ពុះ ចាក់​ឈូ​អីចឹង​ណា។ វ៉ៃ​មុខ ប៉ា​ចាប់​ឲ្យ​មីង​ពៅ​វ៉ៃ ​ប៉ាំង!»។

វោហារ ជាតិ៖ ចុះ​គេ​វ៉ៃ​អ៊ីចឹង អត់​មាន​ជួយ​អី​បាន​ទេ​ចុះ?

កុមារា ទីណូ៖ បានខ្ញុំ​ជួយ ជួយ​សំពះ អ៊ីពៅ​អ៊ើយ​ឈប់​វ៉ៃ​ម៉ាក់​ខ្ញុំ

ដោយសារ​តែ​​ភូមិ​ដាច់ស្រយាល ហើយ​ក្នុង​រឿង​ហេតុ​នោះ​មិន​មាន​មនុស្ស​ធំ​ជួយ មានតែ​កុមារា ទីណូ រឿង​នេះ បាន​ពន្យារ​ពេល​ដល់​យប់​ទើប​​គេ​ដឹង៖ «គេ​មក​ជួយ។ គេ​ឮ​តិចៗ គេ​មក​ជួយ អ្នក​ជិត​ខាង​នៅ​ហ្នឹង​តើ»។

លោក ង៉ែត ស៊ីងី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ មាន​ប្រសាសន៍​ថា ក្រុម​ប៉ូលិស​របស់​លោក បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ជា​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ ហើយ​បាន​ចាប់​ជន​សង្ស័យ​ទាំងពីរ​នាក់​ភ្លាម​ៗ ដែរ ហើយ​ក៏បាន​បញ្ជូន​ជន​រងគ្រោះ​ទៅ​មន្ទីរ​ពេទ្យ។ លោក​បាន​ហៅ​ករណី​នេះ​ថា ជា​ករណី​សាហាវ​មួយ​ដែល​មិន​ធ្លាប់​មាន

កញ្ញា ណាប់ សូម៉ាលី មន្ត្រី​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​សរសើរ​ចំណាត់​ការ​របស់​ប៉ូលិស​មូលដ្ឋាន ចាត់​ការ​បង្ក្រាប​អំពើ​ហិង្សា ដែល​កញ្ញា​ហៅថា ជា​រឿង​កាច​សហាវ។

ក៏ប៉ុន្តែ កញ្ញា​ព្រួយបារម្ភ​អំពី​ស្ថានភាព​ជំងឺ​របស់​លោក​ស្រី កាន់ ចរិយា ដែល​គ្មាន​ថ្នាំ​ព្យាបាល​បន្ត និង​មិន​អាច​ប្រកប​របរ​ចិញ្ចឹម​កូនៗ នៅ​ពេល​ដែល​លោក​ស្រី​មិន​ទាន់​ជា​សះស្បើយ​នៅ​ឡើយ។

របាយ​ការណ៍​អង្គការ​ពារ​សិទ្ធិមនុស្ស លីកាដូ ខេត្ត​ព្រះសីហនុ បង្ហាញ​ថា ការ​រំលោភ​សិទ្ធិ​នារី បានកើន​ឡើង​ខ្ពស់ ចាប់​តាំង​ពី ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១២។ ពោល​គឺ នៅ​ឆ្នាំ ២០១០ ករណី​រំលោភ​ស្ត្រី និង​កុមារ​មាន ១២ ករណី។ ចំនួន​នេះ​កើន​ឡើង​ដល់ ១៤ ករណី នៅ​ឆ្នាំ ២០១១។ ក្នុង​រយៈ​ពេល​ពីរ​ខែ​ដើម​ឆ្នាំ ២០១២ នេះ ករណី​រំលោភ​សិទ្ធិ​នារី បាន​កើត​មាន​ពីរ​ករណី​ទៅ​ហើយ៕

4 comments:

Anonymous said...

This is the direct result from the culture of impunity in Cambodia.

We must change it by starting from the top dog which has only one eye.

Anonymous said...

Good graphic design.

Anonymous said...

WHAT ABOUT OTHER MEN BESIDE KHMER WHO USE VIOLENCE AGAINST WOMEN, ARE NOT SHAME??

IF YOU CAN'T TRANSLATE, GET ANOTHER JOB OR JUMP OFF THE BRIDGE!!

Anonymous said...

why people put up with violence? i don't get it! they don't know how to divorce? that is so stupid, you know!