RFA/Tin Zakariya 2012-04-02
អាជ្ញាធរខណ្ឌចំការមន បានរារាំងតំណាងអ្នកភូមិបឹងកក់ចំនួន ៥រូប មិនឲ្យយកញត្តិដាក់នៅស្ថានទូតចិន នៅព្រឹកថ្ងៃទី២ មេសា ឆ្នាំ២០១២ នៅពេលអ្នកភូមិបឹងកក់ បានធ្វើដំណើរមកដល់ស្ថានទូតចិន នារាជធានីភ្នំពេញ។ មន្ត្រីនគរបាលខ្លះស្លៀកពាក់ស៊ីវិល ខ្លះស្លៀកពាក់ឯកសណ្ឋានប្រមាណ ២០នាក់ បានតាមអ្នកភូមិបឹងកក់ តាំងពីពួកគាត់ចេញពីផ្ទះនៅតំបន់បឹងកក់ ឆ្ពោះមកកាន់ស្ថានទូតចិន ក្នុងគោលបំណងយកញត្តិដាក់ជូនប្រធានាធិបតីចិន ដើម្បីសុំឲ្យជួយដោះស្រាយបញ្ហាជម្លោះដីធ្លីតំបន់បឹងកក់ជូន ពួកគាត់ ប៉ុន្តែស្ថានទូតចិនមិនទទួលនោះទេ ដោយគេលើកហេតុផលថា មន្ត្រីនៃស្ថានទូតចិន បានឈប់សម្រាកពីការងារពីថ្ងៃទី២៨ មីនា ដល់ថ្ងៃទី៥ មេសា ទើបគេចូលធ្វើការវិញ។
ការរារាំងមិនឲ្យអ្នកភូមិបឹងកក់យកញត្តិមកដាក់នៅស្ថានទូតចិន ខាងអាជ្ញាធរបានលើកហេតុផលថា ដោយសារគេមិនចង់ឲ្យខូចសណ្ដាប់ធ្នាប់ទីក្រុង ខណៈដែលកម្ពុជា កំពុងដំណើរការបើកកិច្ចប្រជុំកំពូលអាស៊ានពីថ្ងៃទី៣០ មីនា ដល់ថ្ងៃទី៤ មេសា ឆ្នាំ២០១២ នេះ។ទោះបីជាមានការអះអាងយ៉ាងនេះក្ដី ក្រុមអ្នកភូមិបានលើកឡើងថា ពួកគាត់មកកាន់ស្ថានទូតចិន មានគ្នាតែ ៥នាក់ទេ ហើយពុំមានជាលក្ខណៈធ្វើកូដកម្មអ្វីដែរ។ បញ្ហាសំខាន់ដែលពួកគាត់ចង់បាន គឺចង់ឲ្យប្រធានាធិបតីចិន ជួយដោះស្រាយរឿងដីធ្លីជូនពួកគាត់ ពីព្រោះថា អាជ្ញាធរកម្ពុជា មិនទាន់បានដោះស្រាយរឿងជម្លោះដីធ្លីរវាងអ្នកភូមិបឹងកក់ និងក្រុមហ៊ុនស៊ូកាគូ (Shukaku) នេះឲ្យបានសមរម្យនៅឡើយ៕
http://www.rfa.org/khmer/indepth/authorities_ban_bkl_residents_2put_petition-04022012002236.html
http://www.rfa.org/khmer/indepth/authorities_ban_bkl_residents_2put_petition-04022012002236.html
No comments:
Post a Comment