Monday, April 30, 2012

ទាហាន​ខ្មែរ និង​ថៃ បាញ់​​គ្នា​មួយ​ប្រាវ នៅ​ជាំ​ក្សាន្ត

ទាហាន​ខ្មែរ​ពិនិត្យ​មើល​កាំភ្លើង​យន្ត​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ក្នុង​ ខែត្រ​ព្រះវិហារ កាលពី​ថ្ងៃ​៥ មេសា ២០០៩។ (RFA Photo/Savyouth)

2012-04-29
ដោយ ហង្ស សាវយុត
Radio Free Asia

មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​មួយ រវាង​ទាហាន​ខ្មែរ និង​ថៃ ដែល​ការពារ​ព្រំដែន​នៃ​ទឹក​ដី​នៃ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ជាប់​នឹង​ព្រំដែន ខេត្ត​អ៊ូប៊ុន​របស់​ថៃ កាល​ពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​អាទិត្យ​ទី ២៩ ខែ​មេសា។

ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​នោះ មាន​រយៈ​ពេល​ប្រហែល ១០ នាទី នៅ​ចម្ងាយ​ប្រមាណ ២ គីឡូ​ម៉ែត្រ ភាគ​ខាង​លិច​ច្រក​ព្រំដែន​អាន​សេះ និង​ភាគ​ខាង​ត្បូង​ឆៀង​ខាង​កើត ចម្ងាយ​ប្រមាណ​ជាង ៣០ គីឡូ​ម៉ែត្រ ពី​តំបន់​ប្រាសាទ​ព្រះវិហារ។

ប្រភព​ពី​កង​ទាហាន​ខ្មែរ​មួយ​រូប​នៃ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ព្រះវិហារ ដែល​ប្រចាំការ​នៅ​តំបន់​នោះ បាន​ឱ្យ​ដឹង​ថា ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​នោះ បាន​កើត​ឡើង​នៅ​ពេល​ដែល​កង​ការពារ​ព្រំដែន​ខ្មែរ​ចំនួន ៧ នាក់ បាន​ដើរ​ល្បាត​តាម​បន្ទាត់​ព្រំដែន ដើម្បី​រារាំង​សកម្មភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន កុំ​ឱ្យ​លួច​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ។


សំឡេង៖ «យើង​ដើរ​ល្បាត។ សភាពការណ៍​ប៉ុន្មាន​ថ្ងៃ​មុន ពួក​អ្នក​ស្រុក​ច្រើន គឺ​យើង​កំពុង​ការពារ​កុំ​ឱ្យ​ឡើង (ទៅ​កាប់​ឈើ​ខុស​ច្បាប់) នៅ​មុខ​តំបន់​ឈើ​ទាល​គង តាទុំ។ ទាហាន​ពួក​វា​នៅ​ទល់​មុខ​យើង​ វា​លួច​បាញ់ ព័ទ្ធ​បាញ់​តែ​ម្ដង»។

ប្រភព​ពត៌មាន​ដដែល បាន​ឱ្យ​ដឹង​ទៀត​ថា ទាហាន​ខ្មែរ​ម្នាក់​រង​របួស។ ក៏​ប៉ុន្តែ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា ទាហាន​ថៃ​រង​របួស​ចំនួន​ប៉ុន្មាន​នាក់​ដែរ​ឬ​ទេ។

ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​យោធា​ខ្មែរ​សំខាន់ៗ ជា​ច្រើន​រូប ដែល​​មាន​តួនាទី​គ្រប់គ្រង​តាម​បន្ទាត់​ព្រំ​ដែន​ ទីនោះ បាន​ព្យាយាម​មិន​បង្ហើប​ឱ្យ​ដឹង​ព័ត៌មាន​នេះ​ទេ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី ២៩ ខែ​មេសា ឆ្នាំ ២០១២៕

No comments: