Tuesday, April 17, 2012

ក្នុង​ឆ្នាំ​២០១១៖ ពល​រដ្ឋ​ខ្មែរ ១% ចេះ​ប្រើ​អ៊ីនធឺណិត

2012-04-15

វិទ្យាស្ថាន​ស្ទង់​មតិ​អាមេរិកាំង​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ស.រ.អា. បាន​ចេញ​សេចក្ដី​រាយការណ៍​អំពី​សុខុមាល​ភាព​មនុស្ស​នៅ​ក្នុង​ប្រទេស​ចំនួន​ ១៤៦ ក្នុង​ពិភព​លោក។

វិទ្យាស្ថាន​នេះ​ស្រាវជ្រាវ​ឃើញ​ថា ពល​រដ្ឋ​ខ្មែរ ដែល​គេ​ចាត់​ទុក​ថា មាន​ភាព​ចំរើន​រុង​រឿង​សម្រេច​គោលដៅ រីក​រាយ​ពេញ​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន​ជា​និច្ច អង់គ្លេស​ហៅ​ថា thriving មាន ២% គឺ​ធ្លាក់​ពី​៣% នៅ​ឆ្នាំ​២០១០។

របាយការណ៍​ពី​ខែ​មេសា ដល់​ខែ​ឧសភា ឆ្នាំ​២០១១ រក​ឃើញ​ថា ពល​រដ្ឋ​ខ្មែរ ៧២% ប្រឹង​តស៊ូ​ទ្រាំ​រស់ អង់គ្លេស​ហៅ​ថា struggling គឺ​ចុះ​ពី ៧៤% នៅ​ឆ្នាំ​២០១០។ ពល​រដ្ឋ​ខ្មែរ​ដែល​រស់​ក្នុង​ភាព​ទុគ៌ត ខ្លោច​ផ្សា អង់គ្លេស​ហៅ​ថា suffering មាន ២៦% កើន​ពី ២៣% នៅ​ឆ្នាំ​២០១០។ ពល​រដ្ឋ​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រើប្រាស់​មាន ១% ចំណែក​ឯ​អសន្តិសុខ​ស្បៀង​អាហារ​មាន ៥៦%។

អ្នក​គ្មាន​ការងារ​ធ្វើ​សោះ​មាន ៥% អ្នក​មាន​ការងារ​ធ្វើ​មិន​ពេញ​ពេល​វេលា​មាន ១៥% ទៅ​២៤% ហើយ​អ្នក​មាន​ការ​ងារ​ធ្វើ​ពេញ​ពេល គឺ​ពេញ​ថ្ងៃ និង​ពេញ​សប្ដាហ៍ មាន​ពី ២០% ទៅ​២៩%៕

No comments: