2012-04-24
មន្ត្រីសង្គមស៊ីវិលមួយចំនួនក្នុងប្រទេសកម្ពុជា អំពាវនាវឲ្យសហគមន៍អន្តរជាតិ ឬបណ្ដាប្រទេសម្ចាស់ជំនួយឲ្យជំរុញទៅរដ្ឋាភិបាលខ្មែរ ឲ្យនាំខ្លួនអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត មកផ្ដន្ទាទោស។
មន្ត្រីសិទ្ធិមនុស្សបានថ្លែងរបៀបចំអក ចំពោះចំណាត់ការ របស់អយ្យការសាលាដំបូងតុលាការខេត្តស្វាយរៀង លើករណីផ្ទុះអាវុធបង្កឲ្យកម្មការិនីចំនួន ៣នាក់របួស ប៉ុន្តែជនល្មើសបានចោទត្រឹមបទបង្ករបួសស្នាមដោយអចេតនា បង្ហាញឲ្យឃើញប្រព័ន្ធតុលាការកម្ពុជា ស្ថិតក្រោមបក្សកាន់អំណាច។
លោក រ៉ុង ឈុន ជាប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកមានប្រសាសន៍ថា នៅថ្ងៃទី២៤ ខែមេសា លោកបានផ្ញើលិខិតជូនសហជីពអន្តរជាតិ និងប្រទេសផ្ដល់ជំនួយមកកម្ពុជា ឲ្យផ្ដោតការយកចិត្តទុកដាក់លើសំណុំរឿង អតីតអភិបាលក្រុងបាវិត ឈ្មោះ ឈូក បណ្ឌិត បាញ់ឲ្យកម្មការិនីចំនួន ៣នាក់ឲ្យរងរបួស ប៉ុន្តែជនសង្ស័យមិនទាន់ផ្ដន្ទាទោសទេ។
លោកថា តុលាការកម្ពុជាសព្វថ្ងៃ កាត់ទោសតែចំពោះពលរដ្ឋក្រីក្រទេ ប៉ុន្តែអ្នកមានអំណាច ក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាល ទោះអ្នកទាំងនោះមានកំហុសធំប៉ុណ្ណា តុលាការហាក់ពុំសូវរវល់អើពើនោះទេ។
លោកលើកជាឧទាហរណ៍ដូចជាករណី លោក ឈូក បណ្ឌិត ដែលបានបាញ់ឲ្យកម្មការិនីចំនួន ៣នាក់ឲ្យរងរបួសធ្ងន់ តុលាការសម្រេចចោទប្រកាន់ត្រឹមបទបង្ករបួសស្នាមដោយអចេតនាប៉ុណ្ណោះ។
ដូចគ្នាដែរ លោក អំ សំអាត ជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការការពារសិទ្ធិមនុស្សលីកាដូ។ លោកបានរិះគន់ចំពោះនីតិវិធី ព្រះរាជអាជ្ញាតុលាការដំបូងខេត្តស្វាយរៀងថា មិនបានមើលធាតុផ្សំនៃបទល្មើសឲ្យបានត្រឹមត្រូវទេ។
លោកថាជនល្មើស ឈ្មោះ ឈូក បណ្ឌិត មានចេតនាបាញ់សំដៅទៅលើជនរងគ្រោះទាំង ៣នាក់ ចំកន្លែងអាចត្រូវស្លាប់ ហេតុអីតុលាការចោទពីបទបង្ករបួសស្នាមដោយអចេតនា។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ តំណាងអយ្យការសាលាដំបូងខេត្តស្វាយរៀង សម្រេចចោទប្រកាន់អតីតអភិបាលក្រុងបាវិត ឈ្មោះ ឈូក បណ្ឌិត ដែលបាញ់ឲ្យកម្មការិនីចំនួន ៣នាក់ឲ្យរងរបួស ពីបទបង្ករបួសស្នាមដោយអចេតនា។
សំណុំរឿងនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង លោក ហ៊ីង ប៊ុនជា បានបញ្ជូនសំណុំរឿងទៅចៅក្រម ដើម្បីស៊ើបអង្កេតបន្ទាប់ពីចោទប្រកាន់ជនសង្ស័យ ឈ្មោះ ឈូក បណ្ឌិត ជាផ្លូវការ ពីបទបង្ករបួសស្នាមដោយអចេតនា។
លោកថា សំណុំរឿងនេះពុំមានភស្តុតាងបញ្ជាក់ថា ជនជាប់ចោទមានចេតនាបាញ់ទៅលើកម្មករនោះទេ ដូច្នេះត្រូវបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។
លោក មាស ខេង ជាសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង មកពីគណបក្សសមរង្ស៊ី។ លោកបានថ្លែងរិះគន់ និងចាត់ទុកនីតិវិធី របស់សាលាដំបូងខេត្តស្វាយរៀង ធ្វើឡើងរបៀបក្មេងលេងបាយឡុកបាយឡ បង្ហាញឲ្យឃើញថា ប្រព័ន្ធតុលាការកម្ពុជា ទទួលរងឥទ្ធិពលអ្នកនយោបាយកាន់អំណាច។
លោកថា ចំពោះករណីជនជាប់ចោទ ឈ្មោះ ឈូក បណ្ឌិត សមត្ថកិច្ចត្រូវតែឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានប្រើកាំភ្លើងបាញ់កម្មការិនីចំនួន ៣នាក់របួស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ មកម្លេះ។
យ៉ាងណាក៏ដោយ លោក រ៉ុង ឈុន ក្នុងនាមជាប្រធានសហភាពសហជីពកម្ពុជា បានព្រមានដឹកនាំក្រុមកម្មករតាមរោងចក្រ ធ្វើបាតុកម្មអហិង្សា បើតុលាការមិននាំខ្លួនជនជាប់ចោទ ឈ្មោះ ឈូក បណ្ឌិត មកផ្ដន្ទាទោស ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ។
លោកថា ការធ្វើបាតុកម្មអហិង្សា នឹងប្រមូលផ្ដុំគ្នាតវ៉ានៅពីមុខក្រសួងយុត្តិធម៌ និងមុខតុលាការកំពូល ដោយចាប់ផ្ដើមពីបញ្ហាអយុត្តិធម៌នៅក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជាឲ្យមានឯករាជ្យ និងយុត្តិធម៌។
កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១២ កម្មការិនីរងរបួសចំនួន ៣នាក់ បានចូលខ្លួនទៅបំភ្លឺចំពោះតុលាការខេត្តស្វាយរៀង ដើម្បីការពារបណ្ដឹងរបស់ខ្លួន។ កម្មការិនីចំនួន ៣នាក់ បានប្ដឹងជនសង្ស័យ ឈ្មោះ ឈូក បណ្ឌិត ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា និងទារឲ្យជនជាប់ចោទ សងជំងឺចិត្តពី ៤ម៉ឺន ៥ពាន់ដុល្លារ ទៅ ៥ម៉ឺនដុល្លារ។
កម្មការិនីរងគ្រោះ ឈ្មោះ ប៊ុន ចិន្តា បានថ្លែងថា សព្វថ្ងៃនេះរូបនាងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះជនដៃដល់បាញ់ប្រហារមកលើរូបនាងជាប់សាច់ញាតិមន្ត្រី អ្នកមានអំណាចក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាល។
ទាក់ទងបញ្ហានេះ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ ស៊ីខាវឌូ (C.CAWDU) កាលពីថ្ងៃទី២០ ខែមេសា ក៏បានចេញសេចក្ដីថ្លែងការណ៍ រិះគន់តុលាការខេត្តស្វាយរៀង ដែលចោទប្រកាន់ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ពីបទបង្ករបួសដោយអចេតនា ជារឿងអយុត្តិធម៌សម្រាប់កម្មការិនីរងរបួស និងជាគំរូអាក្រក់សម្រាប់សង្គមខ្មែរ។
កម្មការិនីចំនួន ៣នាក់ ដែលជនសង្ស័យ ឈ្មោះ ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បាញ់ឲ្យរងរបួស មានឈ្មោះ ប៊ុន ចិន្តា របួសត្រូវគ្រាប់ចំដើមទ្រូងធ្លាយក្រោមក្លៀកខាងឆ្វេង។ ឈ្មោះ កៅ នា រងរបួសដៃស្ដាំ និងកម្មការិនី ឈ្មោះ នុត សុខន របួសដៃស្ដាំ និងខ្នង៕
1 comment:
នាំខ្លួនអាហេងបុនជាព្រះរាជអាជាទៅគុកជាមួយឈូកបណ្ឌិត។នាំMen Sam An to jail because she also protect Chhouk Bandit.
Band of Lovea Fruits! CPP is really Lovea Fruit.
Post a Comment