លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ (Photo: CCHR) |
ដោយ: មុនីរ័ត្ន
Cambodia Express News
ភ្នំពេញ: លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានជនមិនស្គាល់មុខ បាញ់សម្លាប់នៅចំណុចឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង នាវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។ ក្នុងហេតុការណ៍នោះ មានការបាត់ខ្លួនអ្នកកាសែត The Cambodia Daily ពីរនាក់ (ម្នាក់ខ្មែរ)។
លោក ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានឲ្យដឹងថា “ចំពោះករណីនេះ ខាងកងរាជអាវុធហត្ថកំពុងធ្វើការអង្កេត ថាករណីបាញ់សម្លាប់នេះ កើតឡើងដោយសារអ្វី? ហើយសមត្ថកិច្ចកំពុងធ្វើការសាកសួរអ្នកនៅកន្លែងកើតហេតុ”។
ចំពោះព័ត៌មានដែលថា មន្ត្រីកងរាជអាវុធហត្ថ ជាអ្នកបាញ់សម្លាប់ប្រធានអង្គការបរិស្ថាន ត្រូវបានលោកមេបញ្ជាការបញ្ជាក់ថា “គឺកំពុងតែចាំសួរអ្នកដែលនៅកន្លែងកើតហេតុ ទើបបានដឹងច្បាស់”។
ជាការកត់សម្គាល់ លោក ឈុត វុទ្ធី ជាសកម្មជនការពារបរិស្ថាន ដែលធ្លាប់ធ្វើការជាមួយនឹងអង្គការការពារបរិស្ថាន Global Witness ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៩០៕
No comments:
Post a Comment