Monday, April 09, 2012

ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ!

ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ
 
នៅ​ព្រឹក​ថ្ងៃ​អាទិត្យ កាល​នៅ​ងងឹត​នៅ​ឡើយ នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដាឡា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ផ្នូរ, ហើយ​ឃើញ​ថា​មាន​គេ​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ផុត​ទៅ​ហើយ។  នាង​ក៏​រត់​មក​ជំរាប​លោក​ស៊ីម៉ូន​ពេត្រុស និង​សិស្ស​ម្នាក់​ទៀត ដែល​ព្រះយេស៊ូ​ស្រឡាញ់​ ថា៖ «គេ​យក​ព្រះអម្ចាស់​ចេញ​ពី​ផ្នូរ​បាត់,​ហើយយើង​មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ទេ!»
លោក​ពេត្រុស និង​សិស្ស​ម្នាក់​ទៀត​នោះ ក៏​ចេញ​ទៅ​ផ្នូរ។  សិស្ស​ទាំង​ពីរ​រត់​ទៅ​ជា​មួយ​គ្នា ​តែ​សិស្ស​ម្នាក់​នោះ ​រត់​លឿន​ជាង​លោក​ពេត្រុស ទៅ​ដល់​ផ្នូរ​មុន។  គាត់​ឈ្ងោក​មើល​ទៅ, ឃើញ​សំពត់​ស្នប, តែ​គាត់​មិន​ចូល​ទៅ​ក្នុង​ផ្នូរ​ឡើយ។  លោក​ស៊ីម៉ូន​ពេត្រុស​រត់​តាម​ក្រោយ​មក​ដល់។  គាត់​ចូល​ទៅ​ក្នុង​ផ្នូរ, ហើយ​សម្លឹង​មើល​សំពត់​ស្នប​នៅ​ទី​នោះ, ព្រម​ទាំង​ក្រណាត់​ដែល​គេ​គ្រប​ព្រះសិរសា​ព្រះអង្គ មូរ​ទុក​ដោយ​ឡែក, គឺ​មិន​នៅ​ជា​មួយ​សំពត់​ស្នប​ទេ។  ពេល​នោះ សិស្ស​ដែល​ទៅ​ដល់​ផ្នូរ​មុន ក៏​ចូល​ទៅ​ខាង​ក្នុង​ដែរ។  គាត់​បាន​ឃើញ​ហើយ​ជឿ។  កាល​ណោះ ពួក​សិស្ស​ពុំ​ទាន់​យល់​អត្ថន័យ​គម្ពីរ ដែល​ចែង​ទុក​មក​ថា ព្រះយេស៊ូ​ត្រូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ឡើយ​ទេ។  បន្ទាប់​មក សិស្ស​ទាំង​ពីរ​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ។
នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា​បាន​ឃើញ​ព្រះយេស៊ូ

នាង​ម៉ារី​ឈរ​យំ​នៅ​ខាង​ក្រៅ ក្បែរ​មាត់​ផ្នូរ។  នាង​ឈ្ងោក​មើល​ទៅ​ខាង​ក្នុង​ផ្នូរ ទាំង​យំ, ឃើញ​ទេវតា​ពីរ​រូប​ ស្លៀកពាក់​ស អង្គុយ​នៅ​ត្រង់​កន្លែង​ដែល​គេ​ដាក់​ព្រះសព​ព្រះយេស៊ូ។  ម្នាក់​អង្គុយ​នៅ​ខាង​ព្រះសិរសា, ម្នាក់​ទៀត​នៅ​ខាង​ចុង​ព្រះបាទា។  ទេវតា​ពោល​មក​កាន់​នាង​ ថា៖ «នាង​អើយ!  ម្ដេច​ក៏​នាង​យំ?» 
នាង​ឆ្លើយ​ទៅ​ទេវតា​វិញ​ថា៖ «មាន​គេ​យក​សព​ព្រះអម្ចាស់​របស់​នាង​ខ្ញុំ​ទៅ​បាត់, មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ឡើយ។» 
ពេល​នាង​កំពុង​តែ​និយាយ​ដូច្នេះ នាង​បែរ​ទៅ​ក្រោយ, ឃើញ​ព្រះយេស៊ូ​ឈរ​នៅ​ទី​នោះ, តែ​នាង​មិន​ដឹង​ថា​ជា​ព្រះអង្គ​ទេ។  
ព្រះយេស៊ូ​សួរ​នាង​ថា៖ «នាង​អើយ!  ម្ដេច​ក៏​នាង​យំ?  នាង​រក​អ្នក​ណា?»
នាង​ស្មាន​ថា​ជា​អ្នក​ថែរក្សា​សួន​ច្បារ, នាង​ក៏​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់!  ប្រសិន​បើ​លោក​បាន​យក​សព​ទៅ, សូម​ប្រាប់​អោយ​នាង​ខ្ញុំ​ដឹង​ផង។  លោក​ដាក់​នៅ​ឯ​ណា​នាង​ខ្ញុំ​នឹង​ទៅ​យក។» 
  
ព្រះយេស៊ូ​មាន​ ព្រះបន្ទូល​ហៅ​នាង​ថា៖ «ម៉ារី!»
នាង​ម៉ារី​ក៏​បែរ​ទៅ​រក​ព្រះអង្គ, ហើយ​ទូល​ព្រះអង្គ​ជា​ភាសា​ហេប្រឺ​ថា៖ «រ៉ាប៊ូនី!» ប្រែ​ថា «ព្រះគ្រូ»។ 
  
ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «កុំ​ឃាត់​ខ្ញុំ​ទុក​អី​, ដ្បិត​ខ្ញុំ​មិន​ទាន់​បាន​ឡើង​ទៅ​ឯ​ព្រះបិតា​ខ្ញុំ​នៅ​ឡើយ។  សុំ​ទៅ​ប្រាប់​ពួក​បង​ប្អូន​ខ្ញុំ​ផង​ថា, ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះបិតា​ខ្ញុំ ដែល​ជា​ព្រះបិតា​របស់​អ្នក​រាល់​គ្នា។  ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ​របស់​ខ្ញុំ​ដែល​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ។»  
នាង​ម៉ារីជា​អ្នក​ស្រុក​ម៉ាដាឡា​ចេញ​ទៅ, ជំរាប​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះអម្ចាស់, ព្រម​ទាំង​ជំរាប​អំពី​សេចក្ដី​ដែល​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​នាង។
ពួក​សិស្ស​បាន​ឃើញ​ព្រះយេស៊ូ

នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នោះ ពួក​សិស្ស​នៅ​ក្នុង​ផ្ទះ​ខ្ទាស់​ទ្វារ​យ៉ាង​ជាប់, ព្រោះ​ខ្លាច​ជន​ជាតិ​យូដា។ ស្រាប់​តែ​ព្រះយេស៊ូ​យាង​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​, មាន​ព្រះបន្ទូល​ថា៖ «សូម​អោយ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត!» 
ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ, ទាំង​បង្ហាញ​ស្នាម​របួស​នៅ​ព្រះហស្ដ និង​នៅ​ត្រង់​ឆ្អឹង​ជំនីរ ​អោយ​គេ​ឃើញ​ផង។   ពួក​សិស្ស​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដោយ​បាន​ឃើញ​ព្រះអម្ចាស់។  ព្រះយេស៊ូ​មាន​ ព្រះបន្ទូល​ទៅ​គេ​សា​ជា​ថ្មី​ថា៖ «សូម​អោយ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត!  ដូច​ព្រះបិតា​បាន​ចាត់​ខ្ញុំ​អោយ​មក​យ៉ាង​ណា ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​អោយ​ទៅ​យ៉ាង​នោះ​ដែរ។»
បន្ទាប់​ពី​មាន​ព្រះបន្ទូល​ហើយ, ព្រះអង្គ​ផ្លុំ​លើ​ពួក​គេ, ទាំង​មាន​ព្រះបន្ទូល​ថា៖ «ចូរ​ទទួល​ព្រះវិញ្ញាណ!  បើ​អ្នក​រាល់​គ្នា​ លើកលែង​ទោស​អ្នក​ណា​អោយ​រួច​ពី​បាប, ព្រះជាម្ចាស់​ក៏​នឹង​លើកលែង​ទោស​អ្នក​នោះ​អោយ​រួច​ពី​បាប​ដែរ។  ផ្ទុយ​ទៅ​វិញ បើ​អ្នក​រាល់​គ្នា​ប្រកាន់​ទោស​អ្នក​ណា, អ្នក​នោះ​មុខ​ជា​ត្រូវ​ជាប់​ទោស​មិន​ខាន។»
ព្រះយេស៊ូ និង​លោក​ថូម៉ាស 
កាល​ព្រះយេស៊ូ​យាង​មក​នោះ លោក​ថូម៉ាស ហៅ​ឌីឌីម ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ទាំង​ដប់ពីរ មិន​បាន​នៅ​ជា​មួយ​ពួក​គេ​ទេ។  សិស្ស​ឯ​ទៀតៗ​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​ព្រះអម្ចាស់!»  ប៉ុន្តែ គាត់​និយាយ​ទៅ​ពួក​គេ​វិញ​ថា៖ «បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​បាត​ដៃ, មិន​បាន​ដាក់​ម្រាម​ដៃ​ក្នុង​ស្នាម​ដែក​គោល, ហើយ​បើ​ខ្ញុំ​មិន​បាន​ដាក់​ដៃ​ត្រង់​ឆ្អឹង​ជំនីរ​របស់​លោក​ទេ, ខ្ញុំ​មិន​ជឿ​ជា​ដាច់​ខាត។»
  
ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ជួបជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​សា​ជា​ថ្មី។  លោក​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ។  ពេល​នោះ ទ្វារ​ផ្ទះ​នៅ​ខ្ទាស់​ជាប់, ​ព្រះយេស៊ូ​យាង​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ, ទាំង​មាន​ព្រះបន្ទូល​ថា៖ «សូម​អោយ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត!»
 

បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​លោក​ថូម៉ាស​ថា៖ «មើល​ដៃ​ខ្ញុំ​នេះ។  ចូរ​ដាក់​ម្រាម​ដៃ​អ្នក​មក, ហើយ​ដាក់​ដៃ​អ្នក​ត្រង់​ឆ្អឹង​ជំនីរ​ខ្ញុំ។  ចូរ​ជឿ​ទៅ!  កុំ​រឹងរូស​មិន​ព្រម​ជឿ​ដូច្នេះ!»
 
លោក​ថូម៉ាស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ពិត​ជា​ព្រះអម្ចាស់ និង​ជា​ព្រះ​របស់​ទូលបង្គំ​មែន!»


ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ជឿ​មក​ពី​អ្នក​បាន​ឃើញ​ខ្ញុំ។  អ្នក​ណា​ជឿ ដោយ​ឥត​បាន​ឃើញ​សោះ, អ្នក​នោះ​ មាន​សុភមង្គល​ហើយ។»
គោលដៅ​របស់​គម្ពីរ​យ៉ូហាន 
ព្រះយេស៊ូ​បាន​ធ្វើ​ទី​សំគាល់​ជា​ច្រើន​ទៀត​អោយ​ពួក​សិស្ស​ឃើញ, តែ​គ្មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​នេះ​ទេ។  រីឯ​សេចក្ដី​ដែល​មាន​កត់ត្រា​មក​នេះ, គឺ​ក្នុង​គោល​បំណង​អោយ​អ្នក​រាល់​គ្នា​ជឿ, ​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះគ្រិស្ដ និង​ពិត​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់, ហើយ​អោយ​អ្នក​រាល់​គ្នា​ដែល​ជឿ​ មាន​ជីវិត ដោយ​រួម​ជា​មួយ​ព្រះអង្គ​។ 
ព្រះយេស៊ូ​បង្ហាញ​ព្រះអង្គ​អោយ​ពួក​សិស្ស​ឃើញ​នៅ​ជិត​មាត់​សមុទ្រ​ទីបេរាស 
ក្រោយ​មក ព្រះយេស៊ូ​បង្ហាញ​ខ្លួន​អោយ​ពួក​សិស្ស​ឃើញ​ម្ដង​ទៀត នៅ​មាត់​សមុទ្រ​ទីបេរាស, គឺ​ព្រះអង្គ​បង្ហាញ​អោយ​គេ​ឃើញ​ដូច​ត​ទៅ៖




លោក​ស៊ីម៉ូន​ពេត្រុស, លោក​ថូម៉ាស ​ហៅ​ឌីឌីម, លោក​ណាថាណែល ពី​ភូមិ​កាណា​ក្នុង​ស្រុក​កាលីឡេ កូន​ទាំង​ពីរ​របស់​លោក​សេបេដេ និង​សិស្ស​របស់​ព្រះយេស៊ូ​ពីរ​នាក់​ទៀត ​នៅ​ជុំ​គ្នា។  លោក​ស៊ីម៉ូន​ពេត្រុស​ និយាយ​ទៅ​កាន់​សិស្ស​ឯ​ទៀតៗ​ថា៖ «ខ្ញុំ​ទៅ​រក​ត្រី។» 

គេ​ពោល​តប​មក​គាត់​វិញ​ថា៖ «យើង​ទៅ​ជា​មួយ​ដែរ។»  គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ចុះ​ទូក​ទាំង​អស់​គ្នា, ប៉ុន្តែ នៅ​យប់​នោះ គេ​ឥត​បាន​ត្រី​សោះ។  ព្រលឹម​ឡើង ព្រះយេស៊ូ​ឈរ​នៅ​មាត់​ច្រាំង, ប៉ុន្តែ ពួក​សិស្ស​មិន​ដឹង​ថា​ជា​ព្រះអង្គ​ទេ។  ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «កូន​ចៅ​អើយ!  មាន​អ្វី​បរិភោគ​ឬ​ទេ?»

គេ​ទូល​ព្រះអង្គ​ថា៖ «គ្មាន​ទេ។»។ 

ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទម្លាក់​អួន​ខាង​ស្ដាំ​ទូក​ទៅ, មុខ​ជា​បាន​ត្រី​មិន​ខាន។» 

គេ​ក៏​ទម្លាក់​អួន, ហើយ​ពុំ​អាច​លើក​អួន​ឡើង​វិញ​បាន​ឡើយ, ព្រោះ​មាន​ត្រី​ច្រើន​ពេក។  ពេល​នោះ សិស្ស​ដែល​ព្រះយេស៊ូ​ស្រឡាញ់ និយាយ​ទៅ​លោក​ពេត្រុស​ថា៖ «ព្រះអម្ចាស់​ទេ​តើ!»  កាល​លោក​ស៊ីម៉ូន​ពេត្រុស​ឮ​ថា ព្រះអម្ចាស់​ដូច្នេះ គាត់​ក៏​ស្លៀកពាក់, ដ្បិត​គាត់​នៅ​ខ្លួន​ទទេ, រួច​លោត​ទៅ​ក្នុង​ទឹក។  សិស្ស​ឯ​ទៀតៗ​នាំ​គ្នា​ចូល​ទូក​ទៅ​មាត់​ច្រាំង, ទាំង​ទាញ​អួន​ដែល​មាន​ត្រី​ពេញ​ទៅ​ជា​មួយ​ផង, ព្រោះ​គេ​មិន​នៅ​ឆ្ងាយ​ពី​ច្រាំង​ប៉ុន្មាន​ទេ, គឺ​ប្រមាណ​ជា​ពីរ​រយ​ហត្ថ​ប៉ុណ្ណោះ។  គេ​ឡើង​ទៅ​លើ​គោក​ឃើញ, ​រងើក​ភ្លើង មាន​ដាក់​ត្រី និង​នំបុ័ង​អាំង​ពី​លើ​ផង។
 

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «សុំ​យក​ត្រី​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​ចាប់​បាន​មក​ណេះ។»


លោក​ស៊ីម៉ូន​ពេត្រុស​ ចុះ​ទៅ​ក្នុង​ទូក, ទាញ​អួន​ដែល​មាន​ត្រី​ពេញ​មក​ដាក់​លើ​គោក, គឺ​មាន​ត្រី​ធំៗ​ចំនួន​មួយ​រយ​ហាសិប​បី។   ទោះ​បី​មាន​ត្រី​ច្រើន​យ៉ាង​នេះ​ក៏​ដោយ ក៏​អួន​មិន​ធ្លាយ​ដែរ។

 ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «នាំ​គ្នា​មក​បរិភោគ​ទៅ។»

គ្មាន​សិស្ស​ណា​ម្នាក់​ហ៊ាន​សួរ​ព្រះអង្គ​ថា «លោក​ជា​នរណាឡើយ» ដ្បិត​គេ​ដឹង​ថា​ជា​ព្រះអម្ចាស់​ទាំង​អស់​គ្នា។  ព្រះយេស៊ូ​យាង​ទៅ​ជិត​ពួក​គេ។  ទ្រង់​យក​នំបុ័ង​មក​ប្រទាន​អោយ​គេ, ហើយ​យក​ត្រី​មក​ប្រទាន​អោយ​គេ​ដែរ។
 តាំង​ពី​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មក, នេះ​ជា​លើក​ទី​បី​ហើយ ដែល​ព្រះយេស៊ូ​សំដែង​ព្រះអង្គ​អោយ​ពួក​សិស្ស​ឃើញ។
ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ផ្ដាំ​លោក​ពេត្រុស 
លុះ​គេ​បាន​បរិភោគ​រួច​រាល់​ហើយ, ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូហាន​អើយ!  តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ?»

គាត់​ទូល​ព្រះអង្គ​ថា៖ «ក្រាប​ទូល​ព្រះអម្ចាស់!  ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ។»

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែរក្សា​កូន​ចៀម​របស់​ខ្ញុំ​ផង!»
 

ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូហាន​អើយ!  តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?»

លោក​ពេត្រុស​ទូល​ថា៖ «ក្រាប​ទូល​ព្រះអម្ចាស់!  ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា​ ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ។»

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»
 

ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូនកូន​លោក​យ៉ូហាន​អើយ!  តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?»

លោក​ពេត្រុស​ព្រួយ​ចិត្ត​ណាស់, ព្រោះ​ព្រះអង្គ​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។  លោក​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់!  ព្រះអង្គ​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់។  ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ។»

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែរក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។  ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​ដឹង​ច្បាស់​ថា កាល​អ្នក​នៅ​ក្មេង, អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង, ហើយ​អ្នក​ទៅ​ណា​តាម​តែ​ចិត្ត​អ្នក​ចង់។  លុះ​ដល់​អ្នក​ចាស់, អ្នក​នឹង​លើក​ដៃ​ឡើង, ហើយ​មាន​ម្នាក់​ទៀត​ក្រវាត់​ចង្កេះ​អោយ​អ្នក, ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ថែម​ទៀត​ផង។»


ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ, បង្ហាញ​អំពី​របៀប​ដែល​លោក​ពេត្រុស​ស្លាប់ ដើម្បី​សំដែង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»
ព្រះយេស៊ូ និង​សិស្ស​ដែល​ព្រះអង្គ​ស្រឡាញ់ 
លោក​ពេត្រុស​ងាក​មើល​ក្រោយ​ឃើញ​សិស្ស ដែល​ព្រះយេស៊ូ​ស្រឡាញ់ ដើរ​តាម​មក​ដែរ។  សិស្ស​នោះ​ហើយ ដែល​បាន​អោន​ទៅ​ជិត​ព្រះឱរា​របស់​ព្រះយេស៊ូ​នៅ​ពេល​ជប់លៀង, ហើយ​ទូល​សួរ​ព្រះអង្គ​ថា “បពិត្រ​ព្រះអម្ចាស់!  តើ​នរណា​នាំ​គេ​មក​ចាប់​ព្រះអង្គ?”  កាល​លោក​ពេត្រុស​ឃើញ​គាត់, លោក​ទូល​សួរ​ព្រះយេស៊ូ​ថា៖ «ព្រះអម្ចាស់​អើយ!  រីឯ​អ្នក​នោះ​វិញ, តើ​នឹង​មាន​កើត​អ្វី​ដល់​គាត់?»

 
ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​ចង់​អោយ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ, តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក?  ឯ​អ្នក សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»

តាំង​ពី​ពេល​នោះ​មក មាន​លេច​ឮ​ពាក្យ​ក្នុង​ចំណោម​ពួក​បង​ប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ។ តាម​ពិត ព្រះយេស៊ូ​ពុំ​បាន​ប្រាប់​លោក​ពេត្រុស​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ឡើយ, ព្រះអង្គ​គ្រាន់​តែ​មាន​ព្រះបន្ទូល​ថា «ប្រសិន​បើ​ខ្ញុំ​ចង់​អោយ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក?»
អវសាន​កថា 

សិស្ស​នោះ​ហើយ ដែល​បាន​ផ្ដល់​សក្ខីភាព អំពី​ហេតុការណ៍​ទាំង​អស់​នេះ, ព្រម​ទាំង​បាន​កត់ត្រា​ទុក​មក​ផង។   យើង​ដឹង​ថា ​សក្ខីភាព​របស់​គាត់ ​ពិត​ជា​ត្រឹម​ត្រូវ​មែន។  ព្រះយេស៊ូ​បាន​ធ្វើ​កិច្ចការ​ឯ​ទៀតៗ​ជា​ច្រើន។  ប្រសិន​បើ​មាន​គេ​កត់ត្រា​ហេតុការណ៍​ទាំង​នោះ​អោយ​បាន​ល្អិតល្អន់, ខ្ញុំ​យល់​ថា ពិភព​លោក​នេះ ​ពុំ​អាច​នឹង​មាន​កន្លែង​ល្មម សំរាប់​ទុក​សៀវភៅ​ដែល​គេ​កត់ត្រា​នោះ​បាន​ឡើយ។



5 comments:

Anonymous said...

ជំនឿភ្នែកខាងសាសនា គឺជារឿងមួយដោយឡែក អំពីនយោបាយ ។ ទំព័វេបសាយនេះសំរាប់ផ្តល់ការបម្រើផ្នែកខាងនយោបាយជួយជាតិ និង ចំណេះដឹងខាងនយោបាយ ដែលពូកយើងអ្នកអានពេញអានរាលអត្ថបទនានាក្មុងគេហទំព័នេះជានយោបាយ។ អ្នកដាក់អត្ថបទសាសនា គ្រឹសក្នុងគេហទំព័គឺជាការរំខានមួយសម្រាប់អ្នកអាន ឬ ក៍គ្មានរកកន្លែងផ្សាយគ្មាន? តាមការយល់ឃើញជនម្នាក់នេះគឺជាអ្នកបម្លាញជាតិ និងឆ្កួតលីលា ពោះពួកគេបានដាក់អត្ថបទសាសនាគ្រឹស ជាដើម្បីជាការរម្ខានដល់អ្នកអាន។ សូមសំណូមពរដល់ម្ចាស់គេហទំព័ មេត្តាដាក់អត្ថបទណាជាលក្ខណនយោបាយដើម្បីបម្រើអារម្មណ៍ដល់អ្នកស្មេហាជាតិសំរាប់ប្រឆាំងនឹងកំហុសឆ្កងរបោះរដ្ឋាភិបាលទីក្រុងភ្នំពេញដូចជា ធ្វើបាបដល់ប្រជារាស្រ្តខ្មែរ មាន រឹបអូសយកដីជាកម្មសិទ្ធិ បណ្តេញប្រជារាស្រ្តចេញពីលំនៅថាន តុលាការពុករលួយ ។ល។

Anonymous said...

4:37PM

Extra VIRGIN Theary Seng is part of this blog team.She is doing away with this KI page for her self promotion.

Send complaint to her funding sources of her unbecoming activities mixing not for profit with religious and poliical incitation.

Layer=Liar ( douche bag)lives off people blood and toil.

Anonymous said...

Dear KI,
I like reading everything from politics to religions,events...The more I read the more I learn different cultures. THANK YOU KI KEEP DOING IT.

Anonymous said...

Ah meak phon teh...

Anonymous said...

Marxist-Lenin was born of Christian civilization and
former Khmer students from France are indoctrinated before
become the murderers of his own people, now
these new young people are baptized to sabotage
and misinform the Khmer Rouge Tribunal, for example
cinema documentary Rithy Pan made a propaganda chief of Tuol Sleng prison Duch name instead of Kaing Guek Eav.

Paris V. 10/04/2012