ដោយ សុ ជីវី
2012-04-22
មន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួន អតីតមន្ត្រីនគរបាលក្រុងភ្នំពេញ លោក យមរាជ ទៅសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១២។
ការបញ្ជូនខ្លួនលោក ហង្ស វុទ្ធី ហៅ ទិវា១៦ ឬ «យមរាជ» ដែលជាអតីតកូនចៅលោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ចេញពីក្រសួងមហាផ្ទៃនេះ បន្ទាប់ពី គេបានចេញមុខមកសារភាពកាលពីថ្ងៃសុក្រ ទី ២០ ខែមេសា នៅអង្គការ លីកាដូ (LICADHO) ពាក់ព័ន្ធនឹងករណីរួចរត់ចេញពន្ធនាគារកាលពីឆ្នាំ ២០០០។
ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសាកសួរ លោក ហង្ស វុទ្ធី ហៅ ទិវា១៦ ឬ យមរាជ ចំនួន ៤ ករណី ទាក់ទិននឹងសំណុំរឿងឧក្រិដ្ឋជាមួយនឹង លោក ហេង ពៅ រួមទាំងករណីលួចរត់ចេញពីពន្ធនាគារផង។
លោកមេធាវី កៅ ស៊ូផា ការពារក្ដីអោយលោក ហង្ស វុទ្ធី ឬ យមរាជ បានឲ្យដឹងថា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរច្រើនពីសំណុំរឿង ដែលតុលាការបានកាត់ក្ដី ដោយកំបាំងមុខ និងសាកសួរតិចតួចពីការរត់ចេញពីពន្ធនាគារ។
លោក កៅ ស៊ូផា បន្តថា តាមច្បាប់តុលាការនឹងចាប់ផ្ដើមនីតិវិធីសើរើរឿងក្ដីទាំងអស់ទាក់ទិននឹង លោក ហង្ស វុទ្ធី ហៅ យមរាជ។
លោក កៅ ស៊ូផា៖ «រឿងទាំងអស់នេះនឹងត្រូវសើរើធ្វើឡើងវិញ។ ទាំងរឿងដែលគេចោទប្រកាន់ថា គាត់រត់ចេញពីពន្ធនាគារ ក៏ត្រូវតុលាការធ្វើការកាត់ក្ដីឡើងវិញ ធ្វើការស៊ើបអង្កេតឡើងវិញ។ ហើយរឿងដទៃទៀតក៏យ៉ាងដូច្នោះដែរ គឺត្រូវធ្វើដូច្នោះដែរ គឺត្រូវការកាត់ក្ដីឡើងវិញ។ អីចឹងហើយចំពោះការបន្ធូរបន្ថយទោស ឬយ៉ាងណាអាស្រ័យលើឆន្ទៈរបស់ចៅក្រមម្នាក់ៗ ដែលគេយល់ឃើញថា គួរបន្ថយទោស ឬយ៉ាងម៉េច»។
លោក កៅ ស៊ូផា បន្តថា បន្ទាប់ពីបានសាកសួរ តុលាការសម្រេចបញ្ជូន ហង្ស វុទ្ធី ហៅ យមរាជ ទៅពន្ធនាគារព្រៃស។
លោក ហង្ស វុទ្ធី ដែលមានរហស្សនាមថា "យមរាជ" និង "ទិវា ១៦" បានបង្ហាញមុខ ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល នៅទីស្នាក់ការអង្គការសិទ្ធិមនុស្ស លីកាដូ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១២ នៅរាជធានីភ្នំពេញ។
អមដោយមេធាវីផង លោក ហង្ស វុទ្ធី បានស្រែកទាមទារយុត្តិធម៌ ក្នុងសំណុំរឿងឧក្រិដ្ឋជាច្រើនពាក់ព័ន្ធនឹង លោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ និងការចោទប្រកាន់ថា លោករត់ចេញពីពន្ធនាគារ។ ជាមួយគ្នានេះ លោក ហង្ស វុទ្ធី បានទាមទារឲ្យមានការសើរើរឿងរបស់លោកឡើងវិញ ពាក់ព័ន្ធនឹងការចោទប្រកាន់ និងការកាត់ទោស ក្នុងសំណុំរឿងឧក្រិដ្ឋសម្លាប់មនុស្ស ដែលត្រូវបានតុលាការកាត់ទោស ជាមួយនឹងលោក ហេង ពៅ ព្រមទាំងបក្ខពួកជាច្រើនរូបផ្សេងទៀត។
លោក ហង្ស វុទ្ធី៖ «ទី១ ខ្ញុំយល់ថាខ្ញុំអត់បានធ្វើអីខុស។ ខ្ញុំត្រូវមករកការពិត អ្វីដែលគេចោទថាខ្ញុំអីបានធ្វើឃាត សេដ្ឋា មុន្នី បានឡើងរបងលោក សៅ សុខា អី។ ឡើងរបង អ៊ុក សាវុធ អ៊ុក អីខ្ញុំអត់បានធ្វើ។ ដល់អីចឹងខ្ញុំត្រូវមក។ មកអោយដឹងថា កាត់ទោសចេះតែកាត់ៗ វាអត់មានសាក្សី អត់មានភស្តុតាង។ អីចឹងខ្ញុំមកហ្នឹង មកទាមទាររកយុត្តិធម៌អោយខ្ញុំផងបាទ តែប៉ុណ្ណឹង។ ហើយសុំអំពាវនាវដល់សម្ដេច និងលោកជំទាវ មេត្តាជួយមើលរឿងហ្នឹងឡើងវិញផង បាទ។ ជួយខ្ញុំផង។ ព្រោះខ្ញុំអត់ធ្វើអីខុស បានខ្ញុំចូលមកសារភាព បើខុសខ្ញុំមកធ្វើអី មិនអីចឹង? បាទខ្ញុំមិនមកទេ មកពីអត់ធ្វើអីខុសបានខ្ញុំមក»។
លោក ហង្ស វុទ្ធី អតីតមន្ត្រីនគរបាល និងជាដៃស្ដាំរបស់លោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ត្រូវបានចាប់ខ្លួន និងកាត់ទោស ក្នុងសំណុំរឿងឃាតកម្ម បាញ់សម្លាប់អតីតចៅក្រម សុខ សេដ្ឋាមុនី ព្រមទាំងសំណុំរឿងលួចធ្វើឃាតលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសំណុំរឿងលួចធ្វើឃាតលោក អ៊ុក សាវុធ អតីតព្រះរាជអាជ្ញាតុលាការរាជធានីភ្នំពេញជាដើម។
កាលពីឆ្នាំ ២០០៨ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក ហេង ពៅ និងកូនចៅ រួមមាន លោក លី រ៉ាស៊ី លោក អ៊ុំ សំខេង និងលោក ហង្ស វុទ្ធី ដែលបាន “ហែកគុករត់” កាលពីឆ្នាំ ២០០៦ ឱ្យជាប់ពន្ធនាគារក្នុងម្នាក់រយៈពេល ១៨ ឆ្នាំ ក្នុងសំណុំរឿងប៉ុនប៉ងបាញ់សម្លាប់អតីតប្រធានសាខាអគ្គិសនីកម្ពុជា លោក គឹម ដារាវុធ កាលពីឆ្នាំ២០០៥៕
1 comment:
អាថ្លើម!
អាអ្ហែងធ្លាប់ជាសត្វសាហាវយង់ឃ្នងម៉ាក្បាល
រឿងនេះគួរតែកាត់ក្បាលអាអ្ហែងព្យួរកណ្ដាល
ទីក្រុងឱ្យប្រជាជនស្គាល់អា "យមរាជ" ឯងឱ្យច្បាស់មែនទែនពីអំពើឧក្រិដ្ឋកម្មដ៏សាហាវ
យង់ឃ្នងរបស់អាអ្ហែងកន្លងមក ។
អា "យមរាជ" ងាប់ទៅ !
Post a Comment