Sunday, April 22, 2012

អ្នក​ភូមិ​ចោទ​មន្ត្រី​មូលដ្ឋាន​ថា រំលោភ​យក​ដី​ធ្វើ​ស្នាក់​ការ​បក្ស​ប្រជាជន

2012-04-22

នៅ​ឯ​ខេត្ត​ស្ទឹងត្រែង​មាន​ប្រជា​ពលរដ្ឋ​មួយ​គ្រួសារ​ប៉ុនប៉ង​យក​ សាំង​ដុត​កម្ទេច​គ្រឿងចក្រ ដែល​អាជ្ញាធរ​ប្រើប្រាស់​ឈូស​ឆាយ​ដី​របស់​គ្រួសារ​គាត់ ធ្លាប់​បាន​រស់​នៅ និង​គ្រប់គ្រង​ជាង ២០ ឆ្នាំ​កន្លង​មក​ហើយ។

ប្រជា​ពលរដ្ឋ​អ្នក​តវ៉ា បាន​ចោទ​មន្ត្រី​មូលដ្ឋាន​ថា បាន​រំលោភ​បំពាន​យក​ដី​នោះ​ធ្វើ​ជា​ស្នាក់​ការ​គណបក្ស​ប្រជាជន។

អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​ទី ២២ ខែ​មេសា ឆ្នាំ ២០១២ ថា ក្រុម​ប៉ូលិស​មូលដ្ឋាន​ប្រមាណ ១០ នាក់ បាន​ព្យាយាម​ដណ្ដើម​ដប​សាំង​ពី​ស្ត្រី​ម្នាក់ ដែល​ប៉ុនប៉ង​យក​សាំង​នោះ​ដុត​គ្រឿងចក្រ​ឈូស​ឆាយ​ដី​របស់​ក្រុម​អាជ្ញាធរ​ ក្រុង។ ស្ត្រី​នោះ​បាន​បញ្ចេញ​សកម្មភាព ដើម្បី​ការពារ​ដី​មួយ​កន្លែង ដែល​គាត់​បាន​កាន់កាប់ តាំង​ពី​ឆ្នាំ ១៩៨៥ រហូត​មក។

បុគ្គលិក​ផ្នែក​អង្កេត​សមាគម អាដហុក (ADHOC) ខេត្ត​ស្ទឺងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​បញ្ជាក់​ថា ប៉ូលីស​បាន​បញ្ឈប់​សកម្មភាព​ប៉ុនប៉ង​ប្រើ​អំពើ​ហិង្សា​នេះ បាន​ទាន់​ពេល​វេលា ដោយ​រឹប​អូស​បាន​ដប​សាំង​ចំណុះ ៥០ សង្ទីរ​លីត្រ​ចំនួន ៨ ដប​ពី​ស្ត្រី​ឈ្មោះ ម៉ន សម្បូរ អ្នក​តវ៉ា​ប្រឆាំង​ទៅ​នឹង​សកម្មភាព​យក​គ្រឿងចក្រ​ឈួស​ឆាយ​យក​ដី​គ្រួសារ​ គាត់។

លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន បាន​យក​គ្រឿងចក្រ​ប្រភេទ​កាយ​ដី និង​រថយន្ត​ដឹក​ជញ្ជូន​ដី​ប្រមាណ ១០ គ្រឿង មក​កាយ​នៅ​លើ​ដី​ទួល​ផ្នែក​ខាង​ក្រោយ​ដី​របស់​ស្ត្រី​អ្នក​តវ៉ា ហើយ​ដឹក​ជញ្ជូន​ដី​ចេញ និង​ធ្វើ​ដី​ទី​នោះ​ឲ្យ​រាបស្មើ ដើម្បី​ធ្វើ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ឃុំ​ព្រះបាទ។

លោក ហូ សំអុល៖ «ឃើញ​ប៉ូលីស​គេ​រត់​ប្រសេចប្រសាច​ចាប់​យក​សាំង​ពី​ គាត់​អ៊ីចឹង ៨ ដប​កន្លះៗ លីត្រ។ អា​ដប​ទឹក​សុទ្ធ​យើង​អា​តូចៗ។ យើង​បាន​ហាម​គាត់​អ៊ីចឹង កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា»។

ដី​ដែល​មាន​ទំនាស់​មាន​ទំហំ​ទទឹង ២២០ ម៉ែត្រ និង​បណ្ដោយ ៦៥០ ម៉ែត្រ ឋិត​ក្នុង​ភូមិ​បាចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ ចំពោះ​អ្នកស្រី ម៉ន សម្បូរ អះអាង​ថា ដី​នេះ​បន្សល់​ពី​ឪពុក​របស់​គាត់​សំរាប់​ចែក​កូន​ចៅ ៩ នាក់។ អ្នកស្រី​ចោទ​មន្ត្រី​អាជ្ញាធរ​ប្រើ​អំណាច​រំលោភ​យក​ដី​នោះ
ដោយ​បំពាន​ច្បាប់។

អ្នកស្រី ម៉ន សម្បូរ៖ «ហ៊ឹៗ ខ្ញុំ​ឈឺ​ចាប់​ណាស់!ដែល​គេ​មក​យក​ដី​ឃុំ​ខ្ញុំ​គ្មាន​ដី​នៅ​ទេ​នៅ​សល់​ដី​តែ ​បន្តិច​ហ្នឹង​ហើយ​បង​ប្អូន​បួន​ដប់​នាក់​គ្មាន​ដី​នៅ​ទេ។ ខ្ញុំ​ពិបាក​ចិត្ត​ណាស់»។

យោង​ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​ពី​សមាគម អាដហុក ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ១៩៩៧ លោក ម៉ែន សាម៉ន ជា​ឪពុក​របស់​ស្ត្រី​ឈ្មោះ ម៉ន សម្បូរ បាន​ធ្វើ​លិខិត​សុំ​កាន់កាប់​ដី​ខាង​លើ ដែល​គាត់​បាន​រស់​នៅ​លើ​ដី​នោះ តាំង​ពី​ឆ្នាំ ១៩៨៦ មក។ ចំណែក​អាជ្ញាធរ​ភូមិ និង​ឃុំ​បាន​ចុះ​ហត្ថលេខា​បញ្ជូន​លិខិត​ស្នើសុំ​នេះ មក​អាជ្ញាធរ​ស្រុក​ជា​អ្នក​សំរេច ក៏​ប៉ុន្តែ​ក្នុង​លិខិត​ស្នើសុំ​នោះ​មិន​មាន​អាជ្ញាធរ​ស្រុក​សំរេច​ថា​យ៉ាង​ ណា​ទេ។

ទាក់ទិន​ករណី​នេះ ចៅ​សង្កាត់​ព្រះបាទ គឺ​លោក សិត គឹម តេង និង​ជា​អតីត​មេ​ឃុំ​ព្រះបាទ កាល​ពី​ឆ្នាំ ១៩៩៧។ លោក​បាន​ទទួល​ស្គាល់​ថា ក្រុម​គ្រួសារ​ស្ត្រី ឈ្មោះ ម៉ន សម្បូរ ពិត​ជា​បាន​រស់​នៅ​លើ​ដី​ទំនាស់​ច្រើន​ឆ្នាំ​មែន និង​បាន​ស្នើសុំ​សិទ្ធិ​កាន់កាប់​ដី​នោះ ក៏​ប៉ុន្តែ អាជ្ញាធរ​ក្រុង​មិន​បាន​ចុះ​ហត្ថលេខា​ប្រគល់​ដី​នោះ​តាម​សំណើ​ឡើយ។

លោក​បន្ត​ថា ដី​កំពុង​មាន​ទំនាស់​ជា​ដី​ទី​ទួល​សុវត្ថិភាព​របស់​អ្នក​ភូមិ បាចុង ហើយ​អាជ្ញាធរ​ក្រុង​គ្រោង​សាងសង់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ឃុំ​ព្រះបាទ​ នៅ​ទី​នោះ ដូច្នេះ​ស្ត្រី​អ្នក​តវ៉ា​អាច​ជួប​ពិភាក្សា​ជា​មួយ​អាជ្ញាធរ​ក្រុង ដើម្បី​ដោះស្រាយ​បញ្ហា។

លោក សិត គឹម តេង៖ «កន្លែង​ពួក​ខ្ញុំ​ទៅ​ធ្វើ​ហ្នឹង​យក​ធ្វើ​ ទីស្នាក់ការ ព្រោះ​អា​ហ្នឹង​មិន​មែន​ដី​គាត់​ទេ។ដី​គាត់​លក់​ឲ្យ​តា​ទ្រី​អស់​ហើយ។ លោភលន់​ពេក»។

វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​អាទិត្យ​ទី ២២ ខែ​មេសា ឆ្នាំ ២០១២ មិន​អាច​ទាក់ទង​អភិបាល​ក្រុង​ស្ទឹងត្រែង គឺ​លោក ផឹក សុបិន្ត ដើម្បី​សុំ​បញ្ជាក់​ពី​ករណី​នេះ​បាន​ទេ។ យ៉ាង​នេះ​ក្តី​បុគ្គលិក​ផ្នែក​អង្កេត​សមាគម អាដហុក លោក ហូ សំអុល ផ្ដល់​យោបល់​ថា អាជ្ញាធរ​ក្រុង​គួរ​ដោះស្រាយ​បញ្ហា​ជា​មួយ​ប្រជា​ពលរដ្ឋ​អ្នក​រស់​នៅ​លើ​ដី​ នេះ​ឲ្យ​បាន​រួចរាល់​សិន មុន​នឹង​ធ្វើ​ការ​ឈូស​ឆាយ ចៀស​វាង​ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា។

ចំណែក​ភាគី​ស្ត្រី​រស់​នៅ​លើ​ដី​នោះ​គួរ​ប្ដឹង​ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ផ្អាក​ការ​ឈូស​ឆាយ​នេះ​ជា​បណ្ដោះអាសន្ន ហើយ​រង់ចាំ​ការ​ស៊ើប​អង្កេត និង​ការ​សំរេច​ពី​ស្ថាប័ន​តុលាការ ដើម្បី​កំណត់​ថា តើ​អ្នក​ណា​ជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់​លើ​ដី​នេះ៕

1 comment:

Anonymous said...

The people gonna has a blams but the the governmemt da reason!What a men use a law the shit,dumb,Just on person that feeble.Indeed,I want go to shoot all the governmemt and chiness,veitnam,thai......such send them to hell.Why people can't say enything and win those animal??Realy injust in world!LOVER KHMS