Tuesday, April 10, 2012

កម្មការិនី​ទី៣ ដែល​ប្តឹង​អតីត​អភិបាលក្រុង​បាវិត​ចូលបំភ្លឺ​តុលាការ

កម្មការិនី ប៊ុត ចិន្តា ដែល​រងរបួស​ពី​ការបាញ់​នៅ​បាវិត​។ រូបថត វីរៈ ម៉ៃ

Monday, 09 April 2012 12:01
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
លោក អំ សំអាត បញ្ជាក់​ថា ៖​«​ករណី​នេះ បាន​បង្ហាញ​ថា តុលាការ​នៅក្រោម​ឥទ្ធិពល​នយោបាយ​»​។
ស្វាយរៀងៈ កម្មករ​ទីបី​ដែល​សន្លប់​ក្នុង​អំឡុង​ពេល​កំពុងរង់ចាំ​ធ្វើការ​បំភ្លឺ​តុលាការ​ពាក់ព័ន្ធនឹង​ករណី​អតីត​អភិបាល​ក្រុងបាវិត លោក ឈូក បណ្ឌិត ដែលបាន​បាញ់​កម្មករ​ឲ្យរបួស​ក្នុង​អំឡុង​ការតវ៉ា​ទាមទារ​អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​ការងារ​ឲ្យ​ប្រសើរ​ឡើង​នឹង​មកធ្វើការ​បំភ្លឺ​នៅថ្ងៃចន្ទ​នេះ​។

អ្នកស្រី សេរី បុត្រ​ចរិយា មេធាវី​ការពារ​ជនរងគ្រោះ​មក​ពី​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍ បានថ្លែង​ឲ្យដឹង​ថា តុលាការ​ខេត្ត​ស្វាយរៀង​បាន​កោះហៅ​កូនក្តី​របស់​អ្នកស្រី មកធ្វើការ​បំភ្លឺ​នៅខែ​មេសា ពាក់ព័ន្ធនឹង​ករណី​បណ្តឹង​លើអភិបាល​ក្រុងបាវិត លោក ឈូក បណ្ឌិត ដែលបាន​បាញ់ទៅលើ​នាង​។ លោកស្រី​បានបន្ថែមថា៖ «​កាលពី​ពេលមុន កូនក្តី​របស់​ខ្ញុំ​មាន​បញ្ហា​សុខភាព ដូច្នេះ តុលាការ​កោះហៅ​នាងឲ្យមក​បំភ្លឺ​នៅ​ថ្ងៃ​ស្អែក​(ចន្ទ)នេះ វិញ​»។


លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញា​អមសាលាដំបូង ខេត្ត​ស្វាយរៀង​ មិន​អាច​ទាក់​ទង​សុំ​ការធ្វើអត្ថាធិប្បាយ​បានទេ កាលពី​ម្សិលមិញ​។

កាលពី​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១២ កម្មករ​បី​នាក់ បានមកបំភ្លឺ​នៅ​តុលាការ​ខេត្ត​ស្វាយរៀង​ពាក់ព័ន្ធនឹង​ករណី​បណ្តឹង​របស់​ពួកគេ​ប្រឆាំងនឹង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ពីបទ​ប៉ុនបង​ធ្វើ​ឃាតកម្ម និង​ទាមទារ​សំណង​ជំងឺចិត្ត​ប្រមាណ​ជា​៤ម៉ឺន​៥ពាន់​ដុល្លារ​អាមេរិក ម្នាក់ៗ ហើយ​ក្នុងអំឡុង​រង់ចាំ​ធ្វើការបំភ្លឺ ពី​កម្មការិនី នុត សាខន បានដួល​សន្លប់​។

កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ មាន​កម្មករ​ប្រមាណ​ជាង​៦ពាន់​នាក់​មកពី​រោងចក្រ​ចំនួន​បួន ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន បាន​ធ្វើការ​តវ៉ា​ទាមទារ​អត្ថប្រយោជន៍​បន្ថែម និង​លក្ខខណ្ឌ​ការងារ​ឲ្យប្រសើរ​ជាងមុន ដែល​នៅពេលនោះ​កម្មករ​បី​នាក់​បានទទួលរង​របួស​ពី​ការបាញ់​របស់​លោក​អភិបាល​ក្រុង​បាវិត ដែល​បានបាញ់​ទៅលើ​ហ្វូងបាតុករ​ទាំងនោះ។ នៅថ្ងៃទី​៧ ខែមីនា មន្ត្រី​ក្រុង​បាវិតរូប​នេះ​បានព្យាយាម​ទៅ​ទិញ​ទឹកចិត្ត​ជន​រងគ្រោះ​ទាំងបីនាក់នោះ​ជាមួយនឹង​ប្រាក់​ចំនួន​ពី ៥០០​ ទៅ​១ពាន់​ដុល្លារ​អាមេរិក ដើម្បី​កុំឲ្យ​ដាក់ពាក្យ​ប្តឹងលោក​។

លោក អំ សំអាត មន្ត្រីស៊ើប​អង្កេត​ជាន់ខ្ពស់​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បានថ្លែងថា លោក​នៅមាន​ក្តីបារម្ភ​អំពី​បញ្ហា​និទ្ទណ្ឌភាព ដោយ​ជនល្មើស​នៅមិនទាន់​ត្រូវបាន​ចោទជាផ្លូវការ​ដោយ​តុលាការ​នៅឡើយទេ ប្រសិនបើ​ធៀបនឹង​ករណី​ដទៃ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី ដែល​ក្រុមហ៊ុន​ដាក់​ពាក្យ​បណ្តឹង​ទៅលើ​ប្រជាជន តុលាការ​ចាត់ការ​យ៉ាងលឿន ប៉ុន្តែ​ ករណីនេះ​ជនល្មើស​ប្រហែល​ជា​ចង់​ពន្យារ​ពេល​លើ​សំណុំ​រឿង​នោះ។

លោក អំ សំអាត បញ្ជាក់​ថា ៖​«​ករណី​នេះ បាន​បង្ហាញ​ថា តុលាការ​នៅក្រោម​ឥទ្ធិពល​នយោបាយ​»​។

លោកថា ក្នុង​នាមកម្ពុជា​ជា​ប្រធាន​អាស៊ាន រដ្ឋាភិបាល​គួរតែ​ចាត់ការ​ស្វែងរក​ជនល្មើស​មកផ្តន្ទាទោស​ទៅតាម​ច្បាប់៕PS

No comments: