សពលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធនធម្មជាតិ តម្កល់ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះ ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨មេសា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា )
((បើតាមការរៀបចំរបស់ស្ត្រីអ្នកកាសែត The Cambodia Daily ដែល បានរួមដំណើរទៅជាមួយលោក ឈុត វុទ្ធី ឲ្យដឹងថា ក្រុមបុរសស្លៀកពាក់ ប៉េអឹម និងទាហាន ព្រមទាំងស្លៀកពាក់ស៊ីវិល សរុបចំនួន ៥ នាក់ ប្រដាប់ដោយកាំភ្លើង AK 47 ៣ ដើម បានរារាំង មិនឲ្យលោកឈុតវុទ្ធី និងស្ត្រីអ្នកកាសែត បើកឡានចេញពីតំបន់ ដែលគេអះអាងថា ជាតំបន់ហាមឃាត់។ ក្រុមទាហានទាំងនោះ បានចាប់យកម៉ាស៊ីនថតរូបពីអ្នកកាសែត និងលោកឈុតវុទ្ធី ហើយទាមទារឲ្យលោកវុទ្ធី រង់ចាំជួបមេរបស់គេ មុននឹងបាញ់សម្លាប់លោកវុទ្ធី ក្នុងឡាន កាលពីរសៀលថ្ងៃទី២៦មេសា ឆ្នាំ២០១២))៕
ខេត្តកណ្តាល: សពលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានក្រុមគ្រួសារ តម្កល់ក្នុងមឈូស ធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើតរបស់លោក នៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៨មេសា ឆ្នាំ២០១២។ ក្រុមគ្រួសារ នឹងរៀបចំបូជាសពលោក ឈុត វុទ្ធី តាមប្រពៃណី នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២។
នៅកន្លែងប្រារព្ធពិធីបុណ្យសព នៅព្រឹកថ្ងៃទី២៨មេសា ឆ្នាំ២០១២ គេឃើញមានវត្តមានរបស់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាតំណាងអង្គការក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សកម្មជនការពារព្រៃឡង់ តំណាងគណបក្សសមរង្ស៊ី ព្រមទាំងសាច់ញាតិ អ្នកភូមិជាច្រើននាក់ និងសកម្មជនសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានចូលរួមរំលែកទុក្ខ និងហែកម្រង់ផ្កា គោរពវិញ្ញាណក្ខន្ធសពសកម្មជនការពារព្រៃឈើដ៏សកម្មរូបនេះ។
អ្នកស្រី ស្រីណូត ដែលត្រូវជាភរិយាសពលោក ឈុត វុទ្ធី បានសម្តែងនូវទុក្ខសោកសង្រេងជាពន់ពេក ចំពោះមរណភាពរបស់លោក ឈុត វុទ្ធី ដែលត្រូវគេបាញ់សម្លាប់ នៅឯស្រុកថ្មបាំង ខេត្តកោះកុង។
ក្នុងសម្លៀកបំពាក់ស កាន់ទុក្ខសពប្តី អ្នកស្រី ស្រីណូត ដែលមានកូនតូចៗ បីនាក់ បាននិយាយពោរពេញដោយទុក្ខសោកថា "ខ្ញុំមានអារម្មណ៍សោកស្តាយ មានអារម្មណ៍សោកស្តាយគាត់ បាត់បង់ជីវិត ចំពោះរឿងមិនគួរនឹងកើតឡើង។ ខ្ញុំសុំឲ្យរាជរដ្ឋាភិបាលស៊ើបអង្កេត ចាប់ឃាតក មកផ្តន្ទាទោសតាមច្បាប់”។
ការបាត់បង់ជីវិតរបស់លោក ឈុត វុទ្ធី ប្រធានអង្គការការពាធនធានធម្មជាតិ គឺជាការបាត់បង់ឪពុក ដែលមានព្រហ្មវិហារធម៌ សម្រាប់កូនៗ និងបាត់បង់នូវភាពកក់ក្តៅ ក្នុងការគ្រប់គ្រងគ្រួសារ។ លោក វុទ្ធី ជាសកម្មជន ដែលមានឆន្ទៈមុតស្រួច ក្នុងបុព្វហេតុការពារសម្បត្តិធម្មជាតិ។
លោក ចាន់ សុវេត មន្ត្រីអង្គការសិទ្ធិមនុស្ស អាដហុក និងជាដៃគូរួមការងារជាមួយលោក ឈុត វុទ្ធី ក្នុងសកម្មភាពប្រឆាំងនឹងការកាប់ឈើខុសច្បាប់ បានសម្តែងការសោកស្តាយចំពោះការបាត់បង់លោក ឈុត វុទ្ធី។
លោក ចាន់ សុវេត បានលើកឡើងថា "ការបាញ់សម្លាប់ លោក ឈុត វុទ្ធី នៅពេលនេះ បង្ហាញពីការព្រួយបារម្ភរបស់មន្ត្រីសង្គមស៊ីវិលទាំងអស់។ លោក ឈុត វុទ្ធី គឺជាមនុស្ស ដែលធ្លាប់ចេញមុខប្រឈម និងការពារព្រៃឡង់ ព្រមទាំងការពារបរិស្ថានធនធានធម្មជាតិ ហើយការបាញ់សម្លាប់គាត់ (ឈុតវុទ្ធី) មិនមែនដោយសារការប៉ះពារពាក្យសម្តីនោះទេ។
ចំណែកលោក សួន សុភាព តំណាងសហគមន៍ព្រៃឡង់ ដែលបានមកចូលរួមរៀបចំបុណ្យសពលោក ឈុត វុទ្ធី នៅឯស្រុកកំណើតគាត់ ក្នុងឃុំវិហារសួគ៌ បានសម្តែងនូការសោកស្តាយអាយុជីវិត លោក ឈុត វុទ្ធី យ៉ាងខ្លាំង។
លោក សុភាព បាននិយាយទាំងអួលដើមករថា "ការបាញ់សម្លាប់លោក ឈុត វុទ្ធី នឹងអាចធ្វើឲ្យប្រជាពលរដ្ឋ មានការបាក់ទឹកចិត្ត ក្នុងសកម្មភាពប្រឆាំងនឹងការកាប់ឈើខុសច្បាប់នៅកម្ពុជា ពិសេសនៅព្រៃឡង់។ លោកវុទ្ធី កន្លងមក បានចូលរួមយ៉ាងសកម្ម ជាមួយប្រជាសហគមន៍ ដើម្បីការពារព្រៃឡង់ ដែលកំពុងប្រឈមនឹងការកាប់ឈើ នាពេលសព្វថ្ងៃ"។
លោក សួន សុភាព បានបន្តថា "ខ្ញុំគិតថា ការដែលគេបាញ់សម្លាប់បង ឈុត វុទ្ធីគឺជារឿងអយុត្តិធម៌ហួសហេតុពេក ធ្វើឲ្យអ្នកក្រោយក្រោយៗ តស៊ូមានការបាក់ទឹកចិត្ត ដោយសារមានការចាប់ផ្តើមគំរាមកំហែងដូច្នេះ"។
លោក សុភាព បានបញ្ជាក់ថា សហគមន៍ការពារព្រៃឡង់ទាំង ៤ ខេត្ត អំពាវនាវ ទៅដល់រាជរដ្ឋាភិបាល ធ្វើការស៊ើបអង្កេត ចាប់ឃាតក សម្លាប់លោក ឈុត វុទ្ធី មកឲ្យតុលាការផ្តន្ទទោសឲ្យបាន ដើម្បីរកយុត្តិធម៌ ជូនក្រុមគ្រួសារលោកឈុតវុទ្ធី និងស៊ើបអង្វេតពីមូលហេតុនៃការបាញ់សម្លាប់គាត់ឲ្យបានច្បាស់លាស់។
លោក សួន សុភាព បានបញ្ជាក់ថា "នៅក្នុងការបាត់បង់ជិវិតបងឈុតវុទ្ធី ពេលនេះ សហគមន៍ព្រៃឡង់ មានការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ប្រជាជនក្នុងសហគមន៍ ប៉ុន្តែសម្រាប់យើង ជាសកម្មជនការពារព្រៃឡង់ អត់បាក់ទឹកចិត្តទេ។ ពួកយើងនៅតែស្រឡាញ់ព្រៃឈើធម្មជាតិ ដូចបងឈុតវុទ្ធីដែរ។ យើងមានការឈឺចាប់ខ្លាំងណាស់ ចំពោះការបាត់បង់ជិវិតបងឈុតវុទ្ធី។ យើងត្រូវតែខិតខំតស៊ូបន្តទៅមុខទៀត ដើម្បីរួមគ្នាការពារធនធានធម្មជាតិរបស់យើងទាំងអស់គ្នា”។
ចំណែកឯមន្ត្រីស៊ើបអង្កេតរបស់អង្គការលីកាដូ ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា មុនការបាញ់សម្លាប់ លោក ឈុត វុទ្ធី នៅថ្ងៃទី២៦ ខែមេសា គឺលោក ឈុត វុទ្ធី និងអ្នកកាសែត ២នាក់ ដែលរួមដំណើរ បានចុះទៅថតរូប គំនរឈើគ្រញូងដ៏ធំមួយ ដែលគរ នៅក្នុងបរិវេណរបស់ក្រុមហ៊ុនវារីអគ្គិសនីមួយ ស្ថិតនៅចំនុចវាលបី ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយក្រោយមកទើបមានការបាញ់សម្លាប់។
សកម្មជនសិទ្ធិមនុស្ស លោក អ៊ិន គង់ជិត បានលើកឡើងថា “កន្លែង ហ្នឹង គឺជាតំបន់ដែលមានការសម្អាតផ្ទៃអាងអគ្គិសនី បាតអាងអគ្គិសនី។ អញ្ចឹងនៅក្នុងការសម្អាតហ្នឹង វាមានអ្នកខ្លះគេជួញដូរគ្រញូងនៅកន្លែងហ្នឹង ហើយដែលទីកំបាំងរបស់គេ។ គេមិនចង់អោយអ្នកណាដឹង”។
ជាមួយនឹងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនៃមរណភាពលោក ឈុត វុទ្ធី គណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី បានចញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ថ្កោលទោស ចំពោះឃាតកម្មដ៏សាហាវ និងកំសាកបំផុតលើលោក ឈុត វុទ្ធី ជាវីរជនការពារព្រៃឈើដ៏ឆ្នើមបំផុត។
គណបក្សប្រឆាំង ទាំងពីរ បានទាមទារឲ្យរដ្ឋាភិបាលស្វែងរកជនដៃដល់ និងអ្នករួមគំនិតមកផ្តន្ទាទោសតាមច្បាប់ ព្រមទាំងសូមឲ្យរដ្ឋាភិបាល មានវិធានការការពារសុវត្ថិភាពសកម្មជនការពារព្រៃឈើ។
មានអាយុ ៤៥ ឆ្នាំ លោក ឈុត វុទ្ធី មានប្រពន្ធ និងកូនបីនាក់។ លោកជាសកម្មជនការពារព្រៃឈើដ៏សកម្មម្នាក់ ពិសេសនៅព្រៃឡង់ ក្នុងខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ និងខេត្តកំពង់ធំ។ លោក ឈុត វុទ្ធី ក៏ធ្លាប់នាំអ្នកកាសែតច្រើនរូប ចុះទៅពិនិត្យមើលសកម្មភាពកាប់ឈើខុសច្បាប់ នៅព្រៃឡង់ និងនៅដងភ្នំក្រវាយ ពិសេសនៅក្នុងខេត្តកោះកុង ដែលជាកន្លែង ឃាតកបាញ់សម្លាប់លោក ក្នុងឡាន កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
ជុំវិញឃាតកម្មលើរូបលោក ឈុត វុទ្ធី ត្រូវបានប៉េអឹមធ្វើរបាយការណ៍ កាលពីថ្ងៃទី២៧មេសា ឆ្នាំ២០១២ ដោយបង្ហាញថា លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានប៉េអឹមម្នាក់ ឈ្មោះ អ៊ិត រតនា បាញ់សម្លាប់ នៅក្នុងរថយន្តរបស់លោក កាលពីរសៀលថ្ងៃទី២៦មេសា ឆ្នាំ២០១២ នៅខេត្តកោះកុង បន្ទាប់ពីជម្លោះពាក្យសម្តី។ បន្ទាប់មកប៉េអឹមនោះ ក៏បានធ្វើអត្តឃាត បាញ់សម្លាប់ខ្លួនឯង។
ក៏ប៉ុន្តែបើតាមការរៀបចំរបស់ស្ត្រីអ្នកកាសែត The Cambodia Daily ដែល បានរួមដំណើរទៅជាមួយលោក ឈុត វុទ្ធី ឲ្យដឹងថា ក្រុមបុរសស្លៀកពាក់ ប៉េអឹម និងទាហាន ព្រមទាំងស្លៀកពាក់ស៊ីវិល សរុបចំនួន ៥ នាក់ ប្រដាប់ដោយកាំភ្លើង AK 47 ៣ ដើម បានរារាំង មិនឲ្យលោកឈុតវុទ្ធី និងស្ត្រីអ្នកកាសែត បើកឡានចេញពីតំបន់ ដែលគេអះអាងថា ជាតំបន់ហាមឃាត់។ ក្រុមទាហានទាំងនោះ បានចាប់យកម៉ាស៊ីនថតរូបពីអ្នកកាសែត និងលោកឈុតវុទ្ធី ហើយទាមទារឲ្យលោកវុទ្ធី រង់ចាំជួបមេរបស់គេ មុននឹងបាញ់សម្លាប់លោកវុទ្ធី ក្នុងឡាន កាលពីរសៀលថ្ងៃទី២៦មេសា ឆ្នាំ២០១២៕
1 comment:
រឿងឧក្រិដ្ឋកម្មពាលស៊ីពាលនៃរដ្ឋាភិបាលអាយ៉ងយួនហាណូយ
ប៉េអឹមខេត្តកោះកុងឈ្មោះ អ៊ិត រតនា ទទួលបញ្ជាអោយបាញ់
សម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ
ចំណែកឯទាហានបាញ់ទាបញ្ជាអោយបាញ់សម្លាប់ប៉េអឹមខេត្ត
កោះកុងឈ្មោះ អ៊ិត រតនា វិញដើម្បីបំបាត់ភស្ដុតាងមន្រ្តីអ្នកធំ
ជាងគេដែលនៅពីក្រោយខ្នងក្នុងការបំផ្លាញព្រៃឈើនៅទីនោះ។
Post a Comment