Friday, April 27, 2012

សកម្មជន​បរិស្ថាន​ត្រូវ​គេ​សម្លាប់​អ្នក​កាសែត​ពីរ​នាក់​ត្រូវ​ចាប់​ឃុំ​ខ្លួន

លោក ឈុត វុទ្ធី នាយក​អង្គការ ការពារ​ធនធាន​ធម្មជាតិ បើកបរ​ដើម្បី​ពិនិត្យ​មើល​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​កោះកុង​នា​ពេល​កន្លង​មក កាលពី​ពេល​លោក​នៅ​រស់​​​។ រូបថត Will Baxter
លោក ឈុត វុទ្ធី​ កាល​ពីពេល​លោកនៅរស់​​​។ រូបថត ហុង មិនា

Friday, 27 April 2012 12:03
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post

កោះកុងៈ សកម្មជន​បរិស្ថាន​សកម្ម​បំផុត​ម្នាក់​លោក ឈុត វុទ្ធី ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ និង​អ្នក​កាសែត​ពីរ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​ចំណុច​វាល​បី ក្នុង​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ខណៈ​ពួក​គេ​ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ក្រុម​កាប់​ឈើ​ខុស​ច្បាប់ នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ភ្នំក្រវាញ​ភាគ​កណ្ដាល។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច និង​សង្គមស៊ីវិល។

លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កងរាជ​អាវុធហត្ថ ​បាន​ថ្លែង​ថា លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ចំណុច​វាល​បី​ក្នុង​ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ​ខេត្ត​កោះកុង នៅ​វេលា​ម៉ោង​១២:៣០​នាទី ហើយ​មន្រ្តី​កងរាជ​អាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា អាយុ​៣១​ឆ្នាំ ក៏​បាន​ស្លាប់​ផង​ដែរ នៅ​ក្នុង​ឧប្បត្តិហេតុ​នោះ។ លោក បាន​បន្ត​ថា៖ «​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ការ​បាញ់​នេះ ​គឺ​ដោយ​សារ​ មន្រ្តី​អង្គការ​នេះ​បាន​ព្យាយាម​ថតរូប​នៅ​ក្នុង​ក្រុមហ៊ុន​មួយ ដែល​មិន​អនុញ្ញាត​ឲ្យ​គាត់​ថតរូប ហើយ​គាត់​នៅ​តែ​ព្យាយាម​ធ្វើ​ដូច្នោះ ​ហើយ​ក្រុមហ៊ុន​បាន​សុំ​ឲ្យ​កងរាជ​អាវុធហត្ថ​ក្នុង​តំបន់​នោះ​មក​ធ្វើ ​អន្តរាគមន៍ ហើយ​ក្រោយ​មក​ការ​បាញ់​នេះ ក៏​បាន​កើត​មាន​ឡើង​»។

លោក និយាយ​ថា ​លោក​មិន​ដឹង​ច្បាស់​នោះ​ទេ​ថា តើ​នរណា ជា​អ្នក​បាញ់​មុន ​ពីព្រោះ​លោក​មិន​ទាន់​ទទួល​បាន​របាយការណ៍​ណាមួយ​ពី​មន្រ្តី​របស់​លោក​នៅ ​ឡើយ​ទេ ហើយ​ពួក​គេ​នៅ​កំពុង​ធ្វើ​ការងារ​លើ​ករណី​នេះ​។


លោក ថុង ណារ៉ុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង បាន​ថ្លែង​ថា លោក​បាន​ទទួល​ព័ត៌មាន​អំពី​ការ​បាញ់​នេះ​នៅ​វេលា​ម៉ោង​ប្រហែល​១​រសៀល ​ប៉ុន្តែ​លោក​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​អំពី​មូលហេតុ​ដែល​បាន​កើត ​ឡើង​នេះ​ពីព្រោះ​មន្រ្តី​របស់​លោក​កំពុង​ធ្វើ​ការងារ​លើ​ករណី​នេះ​។

លោក អ៊ិន គង់ចិត្ត មន្រ្តី​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត បាន​ថ្លែង​ថា ​នគរបាល​បច្ចេកទេស​បាន​ប្រាប់​លោក​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ការ​បាញ់​នេះ គឺ​ដោយ​សារ លោក ឈុត វុទ្ធី ទៅ​ធ្វើ​ការ​ថតរូប​នៅ​ក្នុង​កន្លែង​នោះ​ដែល​មាន​ឈើ​ជាច្រើន​កំពុង ត្រូវ​បាន​គេ​កាប់ ហើយ​បន្ទាប់​មក​មន្រ្តី​កង​រាជ​អាវុធហត្ថ​ម្នាក់ បាន​មក​សុំ​យក​មេម៉ូរី​ពី​គាត់ ប៉ុន្តែ​គាត់​មិន​ព្រម​ឲ្យ ដូច្នេះ​មន្រ្តី​ម្នាក់​នេះ​ដែល​ឈ្មោះ អ៊ិន រតនា ​បាន​និយាយ​ថា ប្រសិន​បើ​មិន​ព្រម​ប្រគល់​ឲ្យ គាត់​នឹង​បាញ់ ហើយ​បន្ទាប់​មក​នៅ​ពេល​លោក ឈុត វុទ្ធី បើក​ឡាន​របស់​គាត់​ចេញ អ៊ិន រតនា ​បាន​យក​កាំភ្លើង​អាកា មក​បាញ់​លោក ឈុត វុទ្ធី ក្នុង​ចម្ងាយ​ប្រហែល​២​ម៉ែត្រ ខណៈ​លោក ឈុត វុទ្ធី នៅ​ក្នុង​ឡាន​។ លោក បន្ថែម​ថា៖ «គ្រាប់​កាំភ្លើង​ដំបូង​បាញ់​ទៅ​ប៉ះ​ជង្គង់​របស់​លោក វុទ្ធី ហើយ​បន្ត​ទៅ​ប៉ះ​ពោះ​របស់​គាត់ ដូច្នេះ​បាន​បណ្តាល​ឲ្យ​លោក ឈុត វុទ្ធី ស្លាប់ ហើយ​គ្រាប់​កាំភ្លើង​ពីរ​គ្រាប់​ទៀត​ទៅ​ប៉ះនឹង​ឡាន​របស់​លោក វុទ្ធី ​ហើយ​ប្លាត​ត្រឡប់​មក​ត្រូវ អ៊ិន រតនា វិញ និង​បណ្តាល​ឲ្យ​ស្លាប់»។

លោក ឈើយ ធួន អាយុ​៤១​ឆ្នាំ​ជា​ប្អូន​ប្រុស​ពៅ​បង្កើត​របស់​លោក ឈុត វុទ្ធី ​បាន​ថ្លែងថា ​គ្រួសារ​របស់​លោក​មាន​បង​ប្អូន​បង្កើត​ចំនួន​៨​នាក់ ​ស្រី​៣ ប្រុស​៤ ​ហើយ​លោក វុទ្ធី ​ដែល​មាន​អាយុ​៤៨​ឆ្នាំ​ គឺជា​កូន​ប្រុស​ទី​៧ នៅ​ក្នុង​ចំណោម​បង​ប្អូន​ទាំង​៨​នាក់​ ហើយ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​ដូនពេញ គាត់​បាន​ទៅ​សិក្សា​នៅ​សាលា​ទាហាន​នៅ​ប្រទេស​រុស្ស៊ី​អស់​រយៈ​ពេល​៦ ឆ្នាំ ​ហើយ​គាត់​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ឆ្នាំ​១៩៩០ និង​មាន​កូន​៣​នាក់ ​ហើយ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​កៀនស្វាយ។

លោក បាន​បន្ត​ថា លោក ឈុត វុទ្ធី កើត​នៅ​ក្នុង​ភូមិ​ស្វាយមាស ឃុំ​វិហារសួគ៌ ​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។ ​នៅ​យប់​នេះ សព​របស់​លោក​នឹង​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​ដែល​ស្ថិត​នៅ​ក្នុង ភូមិ​ស្វាយមាស ហើយ​ពិធីបុណ្យ​ចាប់ផ្តើម​ពី​យប់​នេះ ហើយ​លោក​នឹង​និយាយ​ជាមួយ​ភរិយា​របស់​គាត់​ថា​តើ​នឹង​ត្រូវ​ធ្វើ​អ្វី ទៀត​នៅ​ថ្ងៃ​បន្ទាប់​។ លោក​បន្ថែម​ថា​៖ «ការងារ​បង​ប្រុស​របស់​ខ្ញុំ​ គឺ​ធ្វើ​ដោយ​មិន​ខ្លាច​មន្រ្តី​ជាន់​ខ្ពស់ ឬ​ជន​មាន​អំណាច​»។

លោក ស្វាយ ផឿន តំណាង​អ្នក​ភូមិ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​ធ្វើ​ការងារ​ជាមួយ​លោក ឈុត វុទ្ធី ​ក្នុង​ការ​បង្ក្រាប​ក្រុម​កាប់​ឈើ​ខុស​ច្បាប់​ បាន​ថ្លែង​ថា ​វាជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​អ្នក​ភូមិ​នៅ​ក្នុង​សហគមន៍​​ដែល​ធ្វើ​ការងារ​ជាមួយ​គាត់​ប្រឆាំង​នឹង​ក្រុម​កាប់​ ឈើ​ខុស​ច្បាប់​នៅ​ព្រៃ​ឡង់។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ គាត់​ស្លាប់​ក៏​ដោយ ក៏​អ្នក​ភូមិ​នៅ​តែ​ចងចាំ​គាត់ ហើយ​នឹង​បន្ត​ធ្វើ​តាម​ការ​ងារ​របស់​គាត់​ទៀត​។ លោក​បន្ថែម​ថា៖ «​បេះ​ដូង ឈុត វុទ្ធី មួយ បាន​ទៅ​បាត់​ហើយ ប៉ុន្តែ​បេះ​ដូង​ ឈុត វុទ្ធី ​រាប់​ពាន់​ទៀត នៅ​រស់​នៅ​ឡើយ យើង​មិន​ខ្លាច​ជន​សម្លាប់​លោក ឈុត វុទ្ធី ​ថា ​ជា​ការដាក់​សម្ពាធ​មក​លើ​យើង​ដើម្បី​ឲ្យ​បញ្ឈប់​ការ​ប្រឆាំង​ជាមួយ ពួក​កាប់​ឈើ​ខុស​ច្បាប់​នោះ​ទេ ​យើង​មិន​ដែល​ភ័យខ្លាច​ទេ​»។

លោក​បន្ថែម​ថា​ រាង្គ​កាយ​របស់​លោក ឈុត វុទ្ធី បាន​ទៅ​បាត់​ហើយ ប៉ុន្តែ​សកម្មភាព​របស់​គាត់​នៅ​តែ​មាន។ អ្នក​ភូមិ​ទាំង​អស់​គ្នា​នឹង​មិន​ធ្វើ​ឲ្យ​ព្រលឹង​របស់​គាត់​អស់​សង្ឃឹម​ ទេ​ ​អ្នក​ភូមិ​នឹង​ធ្វើ​ខ្លាំងៗ​ឡើង​ជាង​មុន​ទៀត​។

លោក​បន្ត​ថា៖​ «ពួក​កាប់​ឈើ​ខុស​ច្បាប់​នឹង​រីករាយ​ជាមួយ​ដំណឹង​នេះ ប៉ុន្តែ​យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​នៅ​ពេល​ក្រោយ​ថា​តើ​អ្វី​នឹង​កើត​ឡើង​បន្ទាប់​ពី​លោក ឈុត វុទ្ធី បាន​ស្លាប់​»។

ចំណែកឯ​អ្នក​កាសែត​ពីរ​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន រួម​មាន កញ្ញា​ ផន បុប្ផា និង Olesia Plokhii ​បម្រើ​ការងារ​ឲ្យ​កាសែត ឌឹ ខេមបូឌាដេលី។ លោក Kenvin Doyle និពន្ធ​នាយក​ឲ្យ​ស្ថាប័ន​កាសែត​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ កាសែត​របស់​លោក​ទាំង​ពីរ​នាក់​ដោយ​សុវត្ថិភាព។

ក្លិប​អ្នក​កាសែត​កម្ពុជា កាលពី​ម្សិលមិញ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ដោយ​លើក​ឡើង​ពី​ការ​ព្រួយរម្ភ​ចំពោះ​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា និង​សុវត្ថិភាព​របស់​អ្នក​កាសែត​អ្នក​ទាំង​ពីរ​រូប​ដែល​កំពុង​តែ​បាត់​ខ្លួន។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ ​ក៏បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​និង​ស្វែង​រក​ចាប់​ខ្លួន​ឃាតករ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់៕

1 comment:

Anonymous said...

ពួកអាឆ្កែកញ្ជះដាច់ថ្លៃរបស់យួនហាណូយសាហាវព្រៃផ្សៃ
ឃោរឃៅយង់ឃ្នងខាង បាញ់បោក,វ៉ៃទាត់ធាក់, កាប់សម្លាប់ ,
ឆក់ប្លន់, រំលោភ,ដុតផ្ទះ មកលើប្រជារាស្រ្តស្លូតត្រង់ដោយគ្មាន
ត្រាប្រណីឡើយ។

ពួកអាឆ្កែកញ្ជះដាច់ថ្លៃរបស់យួនហាណូយប៉ិនប្រសប់ខាងលប់
បំបាត់ភស្ដុតាងហើយចោទឬទំលាក់កំហុសលើខ្លួនដ៏ទៃ
ឱ្យងាប់ជំនួសវិញ។


អានេះគឺជាល្បិចប្ដូរសំបករបស់ពួកអាក្រុមពាលស៊ីពាលនៃ
រដ្ឋាភិបាលអាយ៉ងយួនហាណូយដែលមានមេដឹកនាំ
ដោយអាខ្វាក់ហ៊ុន សែន។