Friday, April 27, 2012

ប្រវត្តិ​និង​សកម្មភាព​ការងារ​របស់​លោក ឈុត វុទ្ធី

Chut Wutty (Posted on Facebook)
2012-04-26
ដោយ ទីន ហ្សាការីយ៉ា
Radio Free Asia

Click the control below to listen to the audio program:

លោក ឈុត វុទ្ធី ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ភាគ​ច្រើន​ទទួល​​ស្គាល់​ថា ជា​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​សកម្ម​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា។ ការ​បាញ់​សម្លាប់​នេះ គឺ​នៅ​ក្នុង​បេសកកម្ម​របស់​លោក​នៅ​ខែត្រ​កោះកុង ដែល​លោក​បាន​ចុះ​ទៅ​ពិនិត្យ និង​ថតរូប​សកម្មភាព​បទល្មើស​ព្រៃ​ឈើ​នៅ​ខែត្រ​កោះកុង។

ការ​ស្លាប់​របស់​សកម្មជន​ការពារ​ព្រៃ​ឈើ​នេះ គឺ​ជា​ការ​សោកស្ដាយ​ជា​ទីបំផុត​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នានា ពីព្រោះ​ថា កន្លង​មក​គេ​ចាត់​ទុក​លោក ឈុត វុទ្ធី ជា​មនុស្ស​មាន​សេចក្ដី​ក្លាហាន មាន​ឆន្ទៈ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ដែល​កំពុង​កើត​ឡើង​នៅ​កម្ពុជា​បច្ចុប្បន្ន។

លោក ឈុត វុទ្ធី បាន​ចុះ​ទៅ​ខែត្រ​កោះកុង កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ជាមួយ​នឹង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចំនួន​ពីរ​រូប គឺ​មាន​កញ្ញា ផន បុប្ឆា ជា​ជន​ជាតិ​ខ្មែរ និង​មួយ​រូប​ទៀត​ជា​ជនជាតិ​បរទេស។


គោល​បំណង​សំខាន់​ក្នុង​ការ​ចុះ​ទៅ​ខែត្រ​កោះកុង របស់​លោក ឈុត វុទ្ធី នេះ ដើម្បី​ទៅ​ពិនិត្យ​មើល​ក្រុមហ៊ុន​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ក្រវាញ​ភាគ​កណ្ដាល ស្ថិត​នៅ​ក្នុង​ស្រុក​ថ្មបាំង។ ប៉ុន្តែ​ជា​អកុសល​លោក ឈុត វុទ្ធី ត្រូវ​បាន​កងកម្លាំង​ការពារ​ក្រុមហ៊ុន​បាញ់​សម្លាញ់​ទៅ​វិញ នៅ​ខណៈ​លោក​បាន​ទៅ​ថត​រូបភាព​អំពី​ការ​កាប់​ឈើ​របស់​ក្រុមហ៊ុន​ឯកជន​មួយ។

លោក ឈឹម សាវុធ អ្នក​សម្របសម្រួល​គំរោង​វេទិកា​សាធារណៈ និង​បណ្ដុះបណ្ដាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​មនុស្ស​ជិតស្និទ្ធ​ជាមួយ​លោក ឈុត វុទ្ធី នោះ មាន​ប្រសាសន៍​ថា នៅ​មុន​ពេល​លោក ឈុត វុទ្ធី ទៅ​ខែត្រ​កោះកុង មួយ​ថ្ងៃ លោក ឈុត វុទ្ធី បាន​ប្រាប់​លោក​ថា លោក​ទៅ​កោះកុង នៅ​ថ្ងៃ​ទី​២៤ ដើម្បី​ទៅ​ប្រមូល​យក​ភស្តុតាង​របស់​ក្រុមហ៊ុន និង​ជនល្មើស​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ក្រវាញ​ភាគ​កណ្ដាល ដើម្បី​យក​ភស្តុតាង​ទាំង​នោះ​ដាក់​ជូន​រដ្ឋាភិបាល។

លោក ឈុត វុទ្ធី មាន​អាយុ​ជាង ៤០​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខែត្រ​កណ្ដាល។ លោក​មាន​កូន​ចំនួន​បី​នាក់ ប្រុស​ម្នាក់ ស្រី ២​នាក់។

លោក ឈុត វុទ្ធី បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ទាហាន​មក​ពី​ប្រទេស​រុស្សី។ បន្ទាប់​ពី​លោក​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​១៩៩២ លោក ឈុត វុទ្ធី បាន​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា និង​ធ្វើ​ជា​គ្រូ​បង្ហាត់​នាយ​ទាហាន​នៅ​ក្រសួង​ការពារ​ជាតិ។

លុះ​ដល់​ឆ្នាំ​២០០៣ លោក ឈុត វុទ្ធី បាន​បម្រើ​ការងារ​នៅ​អង្គការ គ្លបល វីនេស (Global Witness) មាន​តួនាទី​ជា​នាយក​រង​នៃ​អង្គការ​អន្តរជាតិ​មួយ​នេះ ដែល​ធ្វើ​ការ​ឃ្លាំមើល​អំពី​ការ​កាប់​ព្រៃ​ឈើ​នៅ​កម្ពុជា។

ក្រោយ​ពី​រដ្ឋាភិបាល​បាន​បណ្ដេញ​អង្គការ គ្លបល វីនេស ចេញ​ពី​កម្ពុជា លោក ឈុត វុទ្ធី បាន​បង្កើត​អង្គការ​មួយ​ឈ្មោះ​ថា អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​គេ​ដឹង​ថា អង្គការ​របស់​លោក​មាន​ជំនួយ​ពី​ប្រទេស​អាល្លឺម៉ង់ ដែល​មាន​សកម្មភាព​ការងារ​ផ្ដោត​សំខាន់​លើ​ការ​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ រហូត​ដល់​បច្ចុប្បន្ន។

លោក ឈឹម សាវុធ បាន​រំលឹក​អនុស្សាវរីយ៍​ដែល​មិន​គួរ​ឲ្យ​បំភ្លេច​បាន​ជាមួយ​លោក ឈុត វុទ្ធី កាល​លោក​នៅ​រស់​ថា លោក ឈុត វុទ្ធី បាន​ប្រាប់​លោក​ថា គាត់​ធ្វើ​ការ​រាល់​ថ្ងៃ​នេះ មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​របស់​លោក​ទេ គឺ​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​មនុស្ស​ជំនាន់​ក្រោយ។

លោក ឈឹម សាវុធ បញ្ជាក់​ថា លោក ឈុត វុទ្ធី បាន​ប្រាប់​លោក​ទៀត​ថា លោក​ដឹង​ខ្លួន​គ្រប់​ពេល​ថា ការងារ​របស់​គាត់​ធ្វើ​កន្លង​មក​ប្រឈម​នឹង​សេចក្ដី​ស្លាប់ ពីព្រោះ​ថា ជនល្មើស​កាប់​ឈើ​មិន​សប្បាយ​ចិត្ត​នឹង​សកម្មភាព​របស់​គាត់​ទេ។

នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ លោក ឈុត វុទ្ធី បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​បទល្មើស​កាប់​ព្រៃ​ឈើ ពិសេស​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ នៃ​ខែត្រ​កោះកុង ពីព្រោះ​ថា តំបន់​នោះ​សកម្មភាព​កាប់​ព្រៃ​ឈើ​បាន​កើត​មាន​យ៉ាង​អនាធិបតេយ្យ។

កូន​ប្រុស​ច្បង​របស់​លោក ឈុត វុទ្ធី ឈ្មោះ ឈយ ឧត្តមរស្មី បាន​រៀបរាប់​ទាំង​ស្រក់​ទឹក​ភ្នែក​អាណិត​ស្រណោះ​ឪពុក​របស់​ខ្លួន​ថា កាល​ពី​ឪពុក​របស់​លោក​នៅ​រស់ លោក ឈុត វុទ្ធី បាន​អប់រំ​លោក​ឲ្យ​តែ​ធ្វើ​អំពើ​ល្អ និង​ធ្វើ​អ្វីៗ​ដើម្បី​ផល​ប្រយោជន៍​សង្គម និង​កុំ​ធ្វើ​អ្វី​ខុស​ពី​ច្បាប់​សង្គម។

ការ​ស្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ​នៅ​ពេល​នេះ ជា​ការ​សោកស្ដាយ​របស់​មនុស្ស​ភាគ​ច្រើន​នៅ​កម្ពុជា ដែល​គេ​បាន​ស្គាល់​រូប​លោក។ ផ្ទុយ​ទៅ​វិញ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា ក្រុម​អ្នក​ប្រព្រឹត្ត​បទល្មើស​កាប់​ឈើ សប្បាយ​ចិត្ត​ចំពោះ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី នេះ។ ពីព្រោះ​ថា លោក ឈុត វុទ្ធី បាន​ប្រមូល​ភស្តុតាង​ជា​ច្រើន​អំពី​ជនល្មើស រួម​ទាំង​ក្រុម​អ្នក​មាន​អំណាច​កាប់​ឈើ​នៅ​កម្ពុជា ហើយ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី ប្រៀប​ដូច​ជា​ការ​ដក​បន្លា​ចេញ​ពី​ដើម​ទ្រូង​របស់​ជនល្មើស​កាប់​ឈើ​ទាំង​នោះ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​រក​យុត្តិធម៌​ជូន​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​នេះ។

ប្រភព​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា កាល​លោក ឈុត វុទ្ធី នៅ​រស់ លោក​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​គំរាម និង​ក្រុម​ឈ្មួញ​គំរាម​សម្លាប់​ជា​ច្រើន​លើក។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ឈុត វុទ្ធី នៅ​តែ​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​ការពារ​សម្បត្តិ​ធម្មជាតិ​នៅ​កម្ពុជា។

លោក ឈុត វុទ្ធី បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ធ្វើ​ការងារ​ការពារ​ធនធាន​ធម្មជាតិ ពិសេស​ការពារ​ការ​កាប់​ព្រៃ​ឈើ ឬ​ព្រៃឡង់។ សកម្មភាព​របស់​លោក​ខ្លាំង​ក្លា​នោះ​មាន​នៅ​ខែត្រ​កោះកុង ក្រចេះ ព្រះវិហារ និង​ខែត្រ​កំពង់ធំ ជាដើម។ លោក ឈុត វុទ្ធី បាន​បង្កើត​ជា​សហគមន៍​ការពារ​ព្រៃ​ឈើ​ជា​ច្រើន​នៅ​ខែត្រ​ទាំង​នេះ។

លោក ឈឹម សាវុធ បាន​លើក​ឡើង​ថា សកម្មភាព​ការងារ​របស់​លោក ឈុត វុទ្ធី គឺ​ទទួល​បាន​ជោគជ័យ​លើ​ការងារ​បទល្មើស​កាប់​ព្រៃ​ឈើ ប៉ុន្តែ​បញ្ហា​សំខាន់ អាជ្ញាធរ​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ ដូច្នេះ​ហើយ​ទើប​បទល្មើស​កាប់​ព្រៃ​ឈើ​បាន​កើត​មាន​ជា​បន្តបន្ទាប់​ដល់​បច្ចុប្បន្ន។

នៅ​ក្នុង​ប្រវត្តិ​របស់​លោក ឈុត វុទ្ធី។ លោក ឈុត វុទ្ធី បាន​សរសេរ​ចក្ខុវិស័យ​របស់​លោក​នៅ​ក្នុង​ប្រវត្តិ​នោះ​ថា "ខ្ញុំ​ប្រាថ្នា​បញ្ឈប់​បទល្មើស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​នៅ​កម្ពុជា តាម​រយៈ​ការ​កសាង​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​របស់​រដ្ឋាភិបាល និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ជា​ពិសេស​គឺ​មាន​រចនាសម្ព័ន្ធ​ដែល​ប្រសើរ​គង់វង្ស​ឋិតថេរ និង​មាន​ប្រសិទិ្ធភាព៕

No comments: