http://www.youtube.com/watch?v=QRUliE5lwyA
ថ្ងៃ សុក្រ 20 មេសា 2012
ដោយ លាង ដឺលុច
RFI
ហង្ស វុទ្ធីហៅយមរាជ ជាអតីតប៉ូលីសរាជធានីភ្នំពេញដែលបានលួចរត់ចេញពីមន្ទីរឃុំឃាំងព្រៃសកាលពីឆ្នាំ២០០៦នោះនៅថ្ងៃនេះស្រាប់តែលេចមុខចេញសារភាពដើម្បីចូលក្នុងមន្ទីរឃុំឃាំងវិញ។ យមរាជដែលគេឃើញជូនដំណើរដោយមេធាវី កៅ ស៊ូផាបានបង្ហាញខ្លួននៅឯទីស្នាក់ការកណ្តាលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូនិងក្រសួងមហាផ្ទៃដើម្បីស្វែងរកការជួយការពារសុវត្ថិភាព។ ហង្ស វុទ្ធីហៅយមរាជ អតីតមន្ត្រីប៉ូលីសរាជធានីភ្នំពេញគឺជាមនុស្សម្នាក់ក្នុងចំណោមមន្ត្រីប៉ូលីសមួយចំនួនទៀតដែលត្រូវចាប់ខ្លួនកាត់ទោសជាមួយលោកហេង ពៅអតីតស្នងការរាជធានីភ្នំពេញដែលត្រូវបានសង្ស័យថាបានប្រព្រឹត្តិអំពើឧក្រិដ្ឋជាច្រើនករណី។
កាលពីឆ្នាំ២០០៦ មានព័ត៌មានស្តីពីអ្នកទោសមួយក្រុមហែកគុកព្រៃសចេញ ហើយក្នុងចំណោមនោះ គឺមានឈ្មោះហង្ស វុទ្ធីហៅយមរាជដែលត្រូវបានចាប់ខ្លួនកាត់ទោសជាមួយក្រុមអតីតស្នងការរាជធានីភ្នំពេញហេង ពៅ ក្នុងសំណុំរឿងឧក្រិដ្ឋជាច្រើន។
នៅរសៀលថ្ងៃសុក្រទី២០មេសានេះ យមរាជដែលគេឃើញមានការរួមដំណើរពីលោកមេធាវីកៅ ស៊ូផាផងនោះបានមកដល់ទីស្នាក់ការកណ្តាលរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ មុនធ្វើដំណើរទៅក្រសួងមហាផ្ទៃ។ ហង្ស វុទ្ធីបាននិយាយប្រាប់អ្នកកាសែតថា លោកចេញមកសារភាពចូលពន្ធនាគារវិញ ហើយលោកបានអះអាងថាលោកមិនបានហែកគុកចេញនោះទេ។ ទោះយ៉ាងនេះក្តី ក្រោយពីចេញរួចផុតពីពន្ធនាគារព្រៃស ហង្ស វុទ្ធីហៅយមរាជបានប្រាប់ថា ខ្លួនបានបន្លំខ្លួនធ្វើជាកម្មករនេសាទនៅក្នុងខេត្តកំពត និងបន្ទាប់ធ្វើជាកម្មករអូសរទេះនៅ ប៉ោយប៉ែត។
ការលេចមុខរបស់យមរាជនៅពេលនេះគឺជារឿងដ៏គួរអោយចម្លែកមួយ។ ប៉ុន្តែលោកកៅ ស៊ូផាដែលគ្រួសាររបស់ពិរុទ្ធរូបនេះពឹងពាក់អោយនាំខ្លួនមកសារភាពចំពោះសមត្ថកិច្ចនេះបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា គ្មានអ្នកណារត់គេចផុតពីច្បាប់បានទេ។ លោកបន្តថា ហង្ស វុទ្ធីចង់ចេញមុខបកស្រាយថា គេមិនបានហែកគុកទេ ហើយគេក៏មិនបានប្រព្រឹត្តិអំពើល្មើសអ្វីដែរ។
គួរបញ្ជាក់ថា ហង្ស វុទ្ធីហៅយមរាជនៅមិនទាន់ជ្រើសរើសលោកកៅ ស៊ូផាធ្វើជាមេធាវីជាផ្លូវការនៅឡើយទេ៕
No comments:
Post a Comment