ព្រះយេស៊ូអធិស្ឋាននៅក្នុងសួនកេតសេម៉ានី
ព្រះអង្គយាងទៅដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ជាមួយពួកសិស្ស។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាអង្គុយនៅទីនេះហើយ
ចាំខ្ញុំអធិស្ឋានសិន។» ព្រះអង្គនាំលោកពេត្រុស, លោកយ៉ាកុប និងលោកយ៉ូហាន ទៅជាមួយ។ ពេលនោះ
ព្រះអង្គចាប់ផ្ដើមភ័យតក់ស្លុត, ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖
«ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់។
អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី។»
ព្រះអង្គ
យាងទៅមុខបន្តិច, ក្រាបចុះដល់ដី,
ទូលអង្វរសូមអោយទុក្ខលំបាកនេះចេញឆ្ងាយពីព្រះអង្គទៅ
បើសិនជាអាចកន្លងផុតទៅបាន។ ព្រះអង្គទូលថា៖
«អ័ប្បា ឱព្រះបិតាអើយ! ព្រះអង្គអាចសំរេចគ្រប់កិច្ចការទាំងអស់បាន។
សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញអោយឆ្ងាយពីទូលបង្គំទៅ។ ប៉ុន្តែ
សូមកុំតាមបំណងចិត្តទូលបង្គំឡើយ,
គឺសូមអោយបានសំរេចតាមព្រះហឫទ័យព្រះអង្គវិញ។»
ព្រះអង្គយាងទៅរកពួកសិស្ស, ឃើញគេកំពុងតែដេកលក់។
ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «ស៊ីម៉ូនអើយ,
ម្ដេចក៏អ្នកដេកលក់ដូច្នេះ? អ្នកនៅស៊ូទ្រាំប្រុងស្មារតី
សូម្បីតែមួយម៉ោងក៏មិនបានដែរឬ? ចូរប្រុងស្មារតី
ហើយអធិស្ឋាន, កុំអោយចាញ់ការល្បួង។
វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន, ប៉ុន្តែ គេនៅទន់ខ្សោយ
ព្រោះនិស្ស័យលោកីយ៍។»
ព្រះអង្គយាងចេញទៅឆ្ងាយពីគេសាជាថ្មី, ហើយទូលអង្វរដោយប្រើពាក្យដដែល។ ព្រះអង្គវិលត្រឡប់មករកពួកសិស្សម្ដងទៀត, ឃើញគេដេកលក់, ដ្បិតគេងងុយពេក, បើកភ្នែកមិនរួច, មិនដឹងទូលព្រះអង្គដូចម្ដេច។
ព្រះយេស៊ូវិលមករកគេ
ជាលើកទីបី, មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់។
អ្នករាល់គ្នាសំរាកដល់អង្កាល់ទៀត? ប៉ុណ្ណឹងល្មមហើយ! ឥឡូវនេះ
ពេលកំណត់មកដល់ហើយ។
បុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប។ ចូរក្រោកឡើង! យើងនាំគ្នាទៅ, ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»
គេចាប់ព្រះយេស៊ូ
ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសិស្សម្នាក់,
ក្នុងចំណោមសិស្សទាំងដប់ពីររូប មកដល់ ដោយមានបណ្ដាជនមួយក្រុម,
កាន់ដាវ, កាន់ដំបង មកជាមួយផង។ ពួកនាយកបូជាចារ្យ, ពួកអាចារ្យ
និងពួកព្រឹទ្ធាចារ្យ បានចាត់អ្នកទាំងនោះអោយមក។
យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ, បានសន្មតជាមួយអ្នកទាំងនោះនូវសញ្ញាមួយថា៖
«ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ។
សុំចាប់គាត់ នាំយកទៅដោយប្រយ័ត្នប្រយែងអោយមែនទែន។» កាលមកដល់ភ្លាម យូដាសដើរតម្រង់មករកព្រះយេស៊ូ, ពោលថា៖ «លោកគ្រូ!» រួចគាត់ថើបព្រះអង្គ។ ពួកគេនាំគ្នាចាប់ព្រះយេស៊ូ។ មានម្នាក់ដែលនៅទីនោះ ហូតដាវកាប់អ្នកបំរើរបស់មហាបូជាចារ្យដាច់ស្លឹកត្រចៀកម្ខាង។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំជាចោរព្រៃឬ, បានជាអស់លោកកាន់ដាវ, កាន់ដំបង មកចាប់ខ្ញុំដូច្នេះ?។ ជារៀងរាល់ថ្ងៃ,
ខ្ញុំនៅក្នុងព្រះវិហារជាមួយអស់លោក ទាំងបង្រៀនផង,
តែអស់លោកពុំបានចាប់ខ្ញុំទេ។
ការណ៍ទាំងនេះ កើតឡើងដើម្បីអោយបានស្របតាមសេចក្ដី
ដែលមានចែងទុកក្នុងគម្ពីរ។» ពេលនោះ ពួកសិស្សបោះបង់ព្រះយេស៊ូចោល, ហើយរត់បាត់អស់ទៅ។
មានកំលោះម្នាក់ដែលបានទៅតាមព្រះអង្គ, មានតែសំពត់មួយផ្ទាំងបិទបាំងកាយប៉ុណ្ណោះ។ គេបានចាប់គាត់ដែរ, តែគាត់ចោលសំពត់រត់ទៅខ្លួនទទេ។
ព្រះយេស៊ូនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
គេបណ្ដើរព្រះយេស៊ូ,
នាំយកទៅដល់ដំណាក់របស់លោកមហាបូជាចារ្យ។ ពួកនាយកបូជាចារ្យ,
ពួកព្រឹទ្ធាចារ្យ និងពួកអាចារ្យ មកជួបជុំទាំងអស់គ្នានៅទីនោះ។ លោកពេត្រុស ដើរតាម
ព្រះអង្គពីចម្ងាយ, រហូតដល់ខាងក្នុងទីធ្លាដំណាក់មហាបូជាចារ្យ, ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាព្រះវិហារ។
ពួកនាយកបូជាចារ្យ
និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល នាំគ្នារកពាក្យចោទប្រកាន់
ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ, តែរកមិនបានសោះ។
មនុស្សជាច្រើនបានប្រឌិតរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គ, ប៉ុន្តែ ពាក្យចោទទាំងនោះ មិនស្របគ្នាឡើយ។ មានអ្នកខ្លះក្រោកឈរឡើង, ពោលរឿងក្លែងក្លាយ, ចោទប្រកាន់ព្រះអង្គថា៖ «យើងបានឮអ្នកនេះ
ពោលថា “ខ្ញុំនឹងរុះព្រះវិហារដែលសង់ឡើងដោយដៃមនុស្សចោល
ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ព្រះវិហារមួយផ្សេងទៀត
ដែលមិនមែនសង់ដោយដៃមនុស្សទេ។”» ប៉ុន្តែ ទោះបីក្នុងរឿងនេះក៏ដោយ ក៏ពាក្យរបស់គេនៅតែពុំស្របគ្នាដដែល។
ពេលនោះ
លោកមហាបូជាចារ្យក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់,
សួរព្រះយេស៊ូថា៖
«ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់លោកទាំងនេះ?» ព្រះយេស៊ូនៅស្ងៀម,
ពុំឆ្លើយតបទាល់តែសោះ។
លោកមហាបូជាចារ្យសួរព្រះអង្គម្ដងទៀតថា៖
«តើអ្នកពិតជាព្រះគ្រិស្ដ, ជាព្រះបុត្រារបស់ព្រះ
ដែលយើងសរសើរតម្កើងមែនឬ?»
ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «មែន, គឺខ្ញុំហ្នឹងហើយ។ អស់លោកនឹងឃើញ
បុត្រមនុស្សគង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាព, ហើយនឹងយាងមកជាមួយពពក*នៅលើមេឃ។»
លោកមហាបូជាចារ្យឮដូច្នេះ ក៏ហែកអាវរបស់លោក ,ហើយមានប្រសាសន៍ថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ។ អស់លោកឮជននេះពោលពាក្យប្រមាថព្រះជាម្ចាស់ស្រាប់ហើយ។ តើអស់លោកគិតដូចម្ដេច?»
គេបានសំរេចចិត្តទាំងអស់គ្នា កាត់ទោសប្រហារជីវិតព្រះយេស៊ូ។ អ្នកខ្លះនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ។ គេគ្របព្រះភក្ត្រព្រះអង្គ,
វាយតប់ព្រះអង្គ, ហើយសួរថា៖ «ទាយមើល៍!» កងរក្សាព្រះវិហារយកព្រះយេស៊ូមកទះកំផ្លៀង។
លោកពេត្រុសបដិសេធថាមិនស្គាល់ព្រះយេស៊ូ
ពេលលោកពេត្រុសនៅក្នុងទីធ្លា មានស្ត្រីបំរើម្នាក់របស់លោកមហាបូជាចារ្យមកដល់។ នាងឃើញលោកពេត្រុសកំពុងអាំងភ្លើង, ក៏សម្លឹងមើលមុខគាត់អោយបានច្បាស់, រួចពោលថា៖
«អ្នកឯងក៏ជាបក្សពួករបស់យេស៊ូ, ជាអ្នកភូមិណាសារ៉ែតដែរ។»
ប៉ុន្តែ
លោកប្រកែកឡើងថា៖ «ខ្ញុំមិនដឹងទេ។
ខ្ញុំមិនយល់ថានាងចង់និយាយអំពីរឿងអ្វីឡើយ។» លោកពេត្រុសក៏ចេញពីទីនោះ ឆ្ពោះទៅខ្លោងទ្វារខាងក្រៅ ពេលនោះ
មាន់រងាវឡើង។
ស្ត្រីបំរើឃើញលោកពេត្រុស, ក៏ប្រាប់អស់អ្នកដែលនៅទីនោះម្ដងទៀតថា៖ «អ្នកនេះជាបក្សពួកគេដែរ។»
លោកពេត្រុសប្រកែកសាជាថ្មី។ បន្តិចក្រោយមក
អស់អ្នកដែលនៅទីនោះនិយាយទៅលោកពេត្រុសទៀតថា៖
«អ្នកឯងប្រាកដជាបក្សពួកអ្នកទាំងនោះមែន
ព្រោះអ្នកឯងជាអ្នកស្រុកកាលីឡេដូចគ្នា។»
លោកពេត្រុសក៏និយាយ
ឡើងថា៖ «បើខ្ញុំកុហក, សូមអោយព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះ។
ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ។»
ភ្លាមនោះ មាន់រងាវឡើងជាលើកទីពីរ។
លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូដែលថា,
“មុនមាន់រងាវពីរដង, អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ។”
គាត់ក៏ទ្រហោយំ។
4 comments:
សាធុ !
ក្បាលអ្នកណាសក់អ្នកហ្នឹង
គ្មានអ្នកណាទទួលបាបជំនួសអ្នកណាបានទេ !
មែនហើយ ពិតណាស់ អ្នកណាធ្វើបាប បានបាប
ធ្វើបុណ្យបានបុណ្យ ទោះបីជាតិនេះឬជាតិក្រោយ។
ដូចអាហ៊ុន សែនធ្វើបាបស្ត្រខ្មែរ រាស្ត្រខ្មែរនឹងបាប
វាវិញ។ ពៀរចងពៀរ មិនដែលឃ្លាតឃ្លាពីពៀរ
ឡើយ។
Ah meak phon teh...
I think if you want to propagate about Christ you can build your own blog about this separately. Don't make this blog for your own business. the blogger is free pls go for it. Don't try to separate Khmer people by believe I beg. Khmer people have many problems to solve now don't make up mores if you love Khmer people. To propagate Religion must do by honesty not by converting people mind. You have many ways to propagate your religion but not here. I am sorry if I say something wrong.
Post a Comment