ព្រះយេស៊ូអធិស្ឋាននៅលើភ្នំដើមអូលីវ
ព្រះយេស៊ូយាងចេញពីផ្ទះនោះ ឆ្ពោះទៅភ្នំដើមអូលីវ តាមទម្លាប់របស់ព្រះអង្គ។ សិស្សក៏នាំគ្នាតាមព្រះអង្គទៅដែរ។ កាលយាងទៅដល់ហើយ, ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអធិស្ឋាន, កុំអោយចាញ់ការល្បួងឡើយ។» បន្ទាប់មក ព្រះអង្គយាងទៅឆ្ងាយពីពួកសិស្ស, ចម្ងាយប្រហែលគេចោលដុំថ្មមួយទំហឹងដៃ។ ព្រះអង្គលុតជង្គង់, ចុះទូលអង្វរថា៖ «ឱព្រះបិតាអើយ!
ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ, សូមដកយកពែងនៃទុក្ខលំបាកនេះ
ចេញអោយឆ្ងាយពីទូលបង្គំទៅ។ ប៉ុន្តែ
សូមកុំអោយសំរេចតាមចិត្តទូលបង្គំឡើយ,
គឺអោយសំរេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ។» ពេលនោះ មានទេវតាមួយរូបចុះពីស្ថានបរមសុខមក, អោយព្រះអង្គឃើញ ដើម្បីលើកទឹកចិត្តព្រះអង្គ។ ព្រះយេស៊ូព្រួយ
អន្ទះអន្ទែងពន់ប្រមាណ, ព្រះអង្គទូលអង្វរកាន់តែខ្លាំងឡើងៗ,
តំណក់ញើសរបស់ព្រះអង្គ ដូចជាតំណក់ឈាមស្រក់ចុះដល់ដី។
កាលព្រះអង្គទូលអង្វររួចហើយ ទ្រង់ក្រោកឡើង ត្រឡប់ទៅរកពួកសិស្ស, ឃើញគេកំពុងដេកលក់ ដោយព្រួយចិត្ត។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាដេកលក់ដូច្នេះ?
ចូរក្រោកឡើង, អធិស្ឋាន, កុំអោយចាញ់ការល្បួង។»
គេចាប់ព្រះយេស៊ូ
នៅពេលព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ, ស្រាប់តែបណ្ដាជនមកដល់,
នាំមុខដោយឈ្មោះយូដាស ជាសិស្សមួយរូប ក្នុងក្រុមទាំងដប់ពីរ។
គាត់ចូលមកជិតព្រះយេស៊ូ, ហើយថើបព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ! អ្នកធ្វើជាថើប ដើម្បីបញ្ជូនបុត្រមនុស្សឬអី?»
ពួកអ្នកនៅជាមួយព្រះយេស៊ូ ឃើញហេតុការណ៍ដែលហៀបនឹងកើតឡើង, ក៏ទូលសួរព្រះអង្គថា៖
«ព្រះអម្ចាស់, តើអោយយើងខ្ញុំហូតដាវកាប់គេឬ?» សិស្សម្នាក់បានកាប់អ្នកបំរើរបស់លោកមហាបូជាចារ្យមួយដាវដាច់ស្លឹកត្រចៀកស្ដាំ។
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ប៉ុណ្ណឹងបានហើយ!» ព្រះអង្គក៏ពាល់ត្រចៀកបុរសនោះ, ហើយប្រោសគាត់អោយបានជាដូចដើមវិញ។
បន្ទាប់មក
ព្រះអង្គមានព្រះបន្ទូលទៅពួកនាយកបូជាចារ្យ, មេក្រុមរក្សាព្រះវិហារ
និងពួកព្រឹទ្ធាចារ្យ ដែលមកចាប់ព្រះអង្គនោះថា៖ «ខ្ញុំជាចោរព្រៃឬ,
បានជាអស់លោកកាន់ដាវ, កាន់ដំបង មកចាប់ខ្ញុំដូច្នេះ? ខ្ញុំនៅក្នុងព្រះវិហារជាមួយអស់លោកជារៀងរាល់ថ្ងៃ,
តែអស់លោកពុំបានចាប់ខ្ញុំទេ។ ឥឡូវនេះ ជាពេលរបស់អស់លោកហើយ,
គឺជាពេលដែលម្ចាស់នៃសេចក្ដីងងឹតបញ្ចេញអំណាច។»
លោកពេត្រុសបដិសេធមិនស្គាល់ព្រះយេស៊ូ
ពួកគេចាប់ព្រះយេស៊ូ, បណ្ដើរនាំចូលទៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ។ លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ។ គេបានដុតភ្លើងនៅកណ្ដាលទីលាន, ហើយអង្គុយជុំវិញ។ លោកពេត្រុសក៏អង្គុយនៅកណ្ដាលចំណោមពួកគេដែរ។ ស្ត្រីបំរើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង សម្លឹងមើលគាត់ហើយពោលថា៖ «ម្នាក់នេះជាបក្សពួករបស់យេស៊ូ។»
មួយស្របក់ក្រោយមក
មានម្នាក់ទៀតឃើញគាត់, ក៏ពោលថា៖ «អ្នកឯងជាបក្សពួកគាត់ដែរ។»
លោកពេត្រុសឆ្លើយទៅអ្នកនោះថា៖ «ទេ! មិនមែនខ្ញុំទេ!»
ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយបែបប្រាកដប្រជាថា៖
«អ្នកនេះពិតជាបក្សពួករបស់យេស៊ូមែន,
ព្រោះគាត់ជាអ្នកស្រុកកាលីឡេដូចគ្នា។» លោកពេត្រុសឆ្លើយថា៖ «ខ្ញុំមិនដឹងជាអ្នកចង់និយាយអំពីរឿងអ្វីសោះ។»
គាត់កំពុងតែនិយាយនៅឡើយ ស្រាប់តែមាន់រងាវឡើង។
ព្រះអម្ចាស់បែរព្រះភក្ត្រទតមកលោកពេត្រុស។ លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអង្គថា៖ «យប់នេះ មុនមាន់រងាវ, អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ។» លោកពេត្រុសចាកចេញពីទីនោះ, ហើយយំសោកយ៉ាងខ្លោចផ្សា។
គេវាយដំជេរប្រមាថព្រះយេស៊ូ
ពួកអ្នកយាមព្រះយេស៊ូចំអកដាក់ព្រះអង្គ, ហើយវាយតប់ព្រះអង្គផង។ គេយកក្រណាត់គ្របព្រះភក្ត្រព្រះអង្គ, ហើយសួរថា៖ «ទាយមើល៍! អ្នកណាវាយឯង?» រួចគេជេរប្រមាថព្រះអង្គជាច្រើនថែមទៀតផង។
ព្រះយេស៊ូនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
លុះព្រឹកឡើង
ពួកព្រឹទ្ធាចារ្យរបស់ប្រជាជនពួកនាយកបូជាចារ្យ
និងពួកអាចារ្យ ជួបជុំគ្នា,
បង្គាប់អោយគេនាំព្រះយេស៊ូចូលមកឈរនៅខាងមុខក្រុមប្រឹក្សាជាន់ខ្ពស់របស់គេ។ ពួកគេសួរព្រះអង្គ
ថា៖ «ប្រាប់យើងមកមើល៍, តើអ្នកជាព្រះគ្រិស្ដឬ?»
ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «បើខ្ញុំប្រាប់អស់លោក ក៏អស់លោកពុំជឿខ្ញុំ។ ហើយបើខ្ញុំសួរអស់លោកវិញ ក៏អស់លោកមិនឆ្លើយនឹងខ្ញុំដែរ។ ប៉ុន្តែ អំណើះតទៅ បុត្រមនុស្សនឹងអង្គុយ នៅខាងស្ដាំព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព។»
ពេលនោះ គេសួរព្រមគ្នាឡើងថា៖ «បើដូច្នេះ អ្នកជាព្រះបុត្រារបស់ព្រះជាម្ចាស់ឬ?»
ព្រះអង្គមានព្រះបន្ទូលតបថា៖ «អស់លោកមានប្រសាសន៍ត្រូវមែន, គឺខ្ញុំនេះហើយ។»
គេក៏និយាយឡើងថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ ដ្បិតយើងបានឮពាក្យរបស់អ្នកនេះផ្ទាល់តែម្ដង!»
3 comments:
Ah meak phon teh...
Sathuk sathuk sathuk...
I think if you want to propagate about Christ you can build your own blog about this separately. Don't make this blog for your own business. the blogger is free pls go for it. Don't try to separate Khmer people by believe I beg. Khmer people have many problems to solve now don't make up mores if you love Khmer people. To propagate Religion must do by honesty not by converting people mind. You have many ways to propagate your religion but not here. I am sorry if I say something wrong.
Post a Comment