ត្រូវប្រយ័ត្ននឹងស្ត្រីដែលក្បត់ប្ដី
កូនអើយ ចូរយកចិត្តទុកដាក់នឹងប្រាជ្ញារបស់ឪពុក, ហើយចាប់អារម្មណ៍នឹងតម្រិះរបស់ឪពុកដែរ, ដើម្បីអោយកូនស្គាល់ការរិះគិត និងការនិយាយស្ដីដឹងខុសត្រូវ។ ធម្មតា ស្ត្រីក្បត់ប្ដីតែងតែនិយាយមាយាផ្អែមដូចទឹកឃ្មុំ, ហើយមាត់រអិលដូចប្រេង, តែតាមពិត ស្ត្រីនោះ ប្រៀបបាននឹងផ្លែស្លែង ដែលមានជាតិល្វីង, ហើយមុតដូចដាវមុខពីរ។ ស្ត្រីប្រភេទនេះ បណ្ដាលអោយអ្នកត្រូវស្លាប់, ដ្បិតផ្លូវរបស់គេតម្រង់ទៅរកមច្ចុរាជ។ ផ្លូវរបស់ស្ត្រីនេះ មិននាំទៅកាន់ជីវិតទេ, តែនាំអោយគេវង្វេងដោយមិនដឹងខ្លួន។
ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុក។ កុំងាកចេញពីឱវាទរបស់ឪពុកឡើយ។ ចូរដើរវាងអោយឆ្ងាយពីស្ត្រីប្រភេទនេះ។ កុំទៅជិតមាត់ទ្វារផ្ទះរបស់គេអោយសោះ, ក្រែងលោអ្នកផងទាំងពួងប្រមាថមាក់ងាយកេរ្តិ៍ឈ្មោះកូន, ហើយមនុស្សគ្មានចិត្តមេត្តា បំផ្លាញជីវិតកូន។ ក្រែងលោអ្នកដទៃមករឹបអូសយកទ្រព្យសម្បត្តិរបស់កូន,
ហើយអ្វីៗដែលកូនរកបានដោយកម្លាំងញើស
ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង។ នៅទីបំផុត កូនលែងមានកម្លាំងអ្វីទៀត, ហើយកូននឹងស្រែកថ្ងូរដូចសត្វ។
ពេលនោះ កូននឹងពោលថា «ហេតុអ្វីបានជាខ្ញុំស្អប់ដំបូន្មាន, ហើយមិនយកចិត្តទុកដាក់ស្ដាប់ការប្រៀនប្រដៅដូច្នេះ? ហេតុអ្វីបានជាខ្ញុំមិនស្ដាប់ពាក្យសំដីគ្រូ, ហើយក៏មិនផ្ទៀងត្រចៀកស្ដាប់អ្នកបង្រៀនខ្ញុំដូច្នេះ? ខ្ញុំវិះតែអាម៉ាស់មុខ នៅក្នុងចំណោមសហគមន៍របស់ប្រជាជន។»
ប្រពន្ធរបស់កូន ប្រៀបបាននឹងប្រភពទឹក ដែលផុសចេញពីអណ្ដូងរបស់កូនផ្ទាល់។
ចូរប្រើទឹកនេះតែម្នាក់ឯងបានហើយ, កុំចែកអោយអ្នកដទៃ។
ចូរផ្ដល់សុភមង្គលអោយភរិយារបស់កូន។
ចូររួមរស់យ៉ាងសប្បាយជាមួយភរិយា ដែលកូនបានរៀបការតាំងពីកំលោះក្រមុំ។ ភរិយារបស់កូនមានចរិយាសមសួនគួរអោយស្រឡាញ់, សំរស់របស់នាងគួរជាទីគាប់ចិត្ត។
ចូរត្រេកត្រអាលនឹងសម្ផស្សរបស់នាង។
ចូរស្រឡាញ់នាងយ៉ាងអស់ពីចិត្តរហូតតទៅ។
កូនអើយ, ហេតុអ្វីបានជាកូនមានចិត្តស្រឡាញ់ប្រពន្ធរបស់គេទៅវិញ?
ហេតុអ្វីបានជាកូនចង់សប្បាយជាមួយស្រីផ្សេងដូច្នេះ?
អ្វីៗដែលមនុស្សលោកប្រព្រឹត្ត
ព្រះអម្ចាស់ជ្រាបទាំងអស់។ ព្រះអង្គទតឃើញកិរិយាមារយាទរបស់គេ។
កំហុសរបស់មនុស្សអាក្រក់ជាចំណងចងខ្លួន, ហើយអំពើបាបជាអន្ទាក់ដែលធ្វើអោយខ្លួនគេរើពុំរួច។ គេនឹងត្រូវស្លាប់ ព្រោះខ្វះការអប់រំ។ គេនឹងត្រូវវិនាស ព្រោះតែអំពើលេលាហួសល្បត់របស់ខ្លួន។
No comments:
Post a Comment