Wednesday, April 18, 2012

In celebration of WISDOM -- សុភាសិត ១១


 ព្រះអម្ចាស់​ ស្អប់​អ្នក​បន្លំ​ភ្នែក​ជញ្ជីង, 
តែ​ព្រះអង្គ ​គាប់​ព្រះហឫទ័យ​ នឹង​អ្នក​ដែល​ប្រើ​កូន​ជញ្ជីង​ត្រឹម​ត្រូវ។

 អ្នក​ណា​វាយ​ឫក ​ក្រអឺតក្រទម។  អ្នក​នោះ​ នឹង​ត្រូវ​គេ​មើលងាយ។  
រីឯ​អ្នក​មាន​ចរិយា​សុភាព ទើប​ហៅ​ថា​មាន​ប្រាជ្ញា។ 

 ចិត្ត​ទៀង​ត្រង់ ​តែងតែ​នាំ​ផ្លូវ​មនុស្ស​ត្រឹម​ត្រូវ។  
រីឯ​ចិត្ត​វៀចវេរ​វិញ, តែងតែ​នាំ​មនុស្ស​ពាល​អោយ​វិនាស។ 

 នៅ​ថ្ងៃ​ព្រះអម្ចាស់​វិនិច្ឆ័យ​ទោស, ទ្រព្យ​សម្បត្តិ​គ្មាន​ប្រយោជន៍​អ្វី​ទេ, 
គឺ​មាន​តែ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ ទើប​អាច​ជួយ​អោយ​រួច​ពី​ស្លាប់​បាន។ 

 សេចក្ដី​សុចរិត​របស់​មនុស្ស​គ្មាន​កំហុស រមែង​តម្រង់​ផ្លូវ​របស់​ខ្លួន។  
រីឯ​មនុស្ស​ពាល​វិញ តែងតែ​ស្លាប់​ដោយសារ​អំពើ​ពាល​របស់​ខ្លួន។ 

 សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀងត្រង់ រមែង​ជួយ​ការពារ​ខ្លួន​គេ។  
រីឯ​មនុស្ស​វៀចវេរ តែងតែ​ជាប់​អន្ទាក់​ដោយសារ​ចិត្ត​លោភលន់​របស់​ខ្លួន។

 ពេល​មនុស្ស​អាក្រក់​ស្លាប់ សេចក្ដី​សង្ឃឹម​របស់​គេ​ក៏​វិនាស, 
ហើយ​ការ​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បត្តិ ​ក៏​រលាយ​សូន្យ​ទៅ​ជា​មួយ​ដែរ។ 

 ព្រះជាម្ចាស់ ​តែងតែ​រំដោះ​មនុស្ស​សុចរិត​ អោយ​រួច​ពី​ទុក្ខ​កង្វល់, 
តែ​ព្រះអង្គ​ អោយ​មនុស្ស​អាក្រក់ ​រង​ទុក្ខ​ជំនួស​វិញ។ 

 មនុស្ស​ទមិឡ ​តែងតែ​បំផ្លាញ​អ្នក​ដទៃ ដោយសារ​ពាក្យ​សំដី​របស់​ខ្លួន។  
រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​រួច​ខ្លួន​ដោយសារ​ការ​ចេះ​ដឹង។

 ពេល​មនុស្ស​សុចរិត​មាន​សុភមង្គល អ្នក​ក្រុង​ទាំង​មូល​នឹង​សប្បាយ​រីករាយ។  
ពេល​មនុស្ស​អាក្រក់​អន្តរាយ ​គេ​បែរ​ជា​នាំ​គ្នា​ស្រែក​ហ៊ោ​វិញ។

 ពេល​មនុស្ស​ត្រឹម​ត្រូវ​ទទួល​ពរ, ទីក្រុង​ទាំង​មូល​ក៏​ចំរុងចំរើន​ដែរ។  
ផ្ទុយ​ទៅ​វិញ, ដោយសារ​ពាក្យ​សំដី​របស់​មនុស្ស​អាក្រក់, ទីក្រុង​ត្រូវ​រលំ។

 អ្នក​ណា​មើលងាយ​អ្នក​ដទៃ, អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា។  
រីឯ​មនុស្ស​ចេះ​ដឹង​ តែងតែ​នៅ​ស្ងៀម។ 

 អ្នក​និយាយ​ដើម​គេ មិន​អាច​រក្សា​រឿង​សំងាត់​ជិត​ឡើយ។  
រីឯ​អ្នក​ដែល​គេ​ទុក​ចិត្ត តែងតែ​លាក់​រឿង​សំងាត់​ទាំង​នោះ​បាន។ 

 ប្រទេស​ដែល​គ្មាន​អ្នក​ដឹក​នាំ, ប្រជាជន​តែងតែ​វិនាស។  
រីឯ​ប្រទេស​ដែល​មាន​ទី​ប្រឹក្សា​ច្រើន តែងតែ​មាន​ជោគជ័យ។ 

 អ្នក​ណា​ធានា​រ៉ាប់​រង​អ្នក​ដទៃ, អ្នក​នោះ​តែងតែ​កើត​ទុក្ខ។  
រីឯ​អ្នក​ដែល​មិន​ព្រម​ធានា តែងតែ​បាន​សុខ។ 

 ស្ត្រី​រូប​ស្អាត ​តែងតែ​មាន​គេ​សរសើរ។  
រីឯ​មនុស្ស​ស្វាហាប់ តែងតែ​រក​ទ្រព្យ​បាន។ 

  អ្នក​មាន​ចិត្ត​សប្បុរស តែងតែ​ធ្វើ​អោយ​ខ្លួន​មាន​សុភមង្គល។  
រីឯ​មនុស្ស​ឃោរឃៅ រមែង​ធ្វើ​អោយ​រូប​កាយ​របស់​ខ្លួន​កាន់​តែ​រង​ទុក្ខ​វេទនា។ 

 មនុស្ស​ពាល ​រក​បាន​តែ​សម្បត្តិ​ក្ដៅ​ក្រហាយ។  
រីឯ​មនុស្ស​ដែល​សាប​ព្រោះ​សេចក្ដី​សុចរិត រមែង​ទទួល​ផល​ដែល​មិន​ចេះ​សាប​សូន្យ។ 

 សេចក្ដី​សុចរិត ​តែងតែ​នាំ​ទៅ​កាន់​ជីវិត។  
រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អាក្រក់ ​រមែង​ស្លាប់​ខ្លួន។ 

 ព្រះអម្ចាស់​ ស្អប់​មនុស្ស​វៀចវេរ។  
តែ​ព្រះអង្គ ​គាប់​ព្រះហឫទ័យ ​នឹង​មនុស្ស​ទៀងត្រង់។ 

 មនុស្ស​ទុច្ចរិត ​ត្រូវ​តែ​ទទួល​ទោស ​ចៀស​មិន​ផុត។  
រីឯ​ពូជពង្ស​របស់​មនុស្ស​សុចរិត នឹង​រួច​ជីវិត។ 

 ស្ត្រី​មាន​រូប​ស្អាត ​តែ​ឥត​គំនិត 
ប្រៀប​ដូច​ជា​ចិញ្ចៀន​មាស, ដែល​គេ​យក​ទៅ​ពាក់​នៅ​ច្រមុះ​ជ្រូក។ 

 មនុស្ស​សុចរិត​ មាន​បំណង​តែ​មួយ​គត់, គឺ​ធ្វើ​អំពើ​ល្អ។  
រីឯ​សេចក្ដី​ប៉ងប្រាថ្នា​របស់​មនុស្ស​អាក្រក់ ​រមែង​ធ្វើ​អោយ​ខ្លួន​ទទួល​ទោស។

 មនុស្ស​មាន​ចិត្ត​ទូលាយ រឹត​តែ​មាន​ទ្រព្យ​ច្រើន។  
រីឯ​មនុស្ស​កំណាញ់ ធ្វើ​អោយ​ខ្លួន​កាន់​តែ​ក្រ​ទៅៗ។ 

 មនុស្ស​មាន​ចិត្ត​សទ្ធា តែងតែ​បាន​ចំរុងចំរើន។  
រីឯ​អ្នក​ដាក់​ទាន​ទឹក​អោយ​គេ តែងតែ​ទទួល​ទឹក​ពី​គេ​វិញ។ 

 អ្នក​ដែល​ទុក​ស្រូវ​ក្នុង​ឃ្លាំង ដើម្បី​ដំឡើង​ថ្លៃ ​តែងតែ​ត្រូវ​ប្រជាជន​ដាក់​បណ្ដាសា។  
រីឯ​អ្នក​ដែល​សុខ​ចិត្ត​លក់​ស្រូវ​របស់​ខ្លួន ​នឹង​បាន​ទទួល​ពរ។ 

 ព្រះជាម្ចាស់​ គាប់​ព្រះហឫទ័យ ​នឹង​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ត​ល្អ។  
រីឯ​អ្នក​ដែល​គិត​តែ​ពី​ប្រព្រឹត្ត​អាក្រក់ តែងតែ​ទទួល​ផល​អាក្រក់។ 

 មនុស្ស​ដែល​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បត្តិ មុខ​ជា​ត្រូវ​អន្តរាយ។  
រីឯ​មនុស្ស​សុចរិត ​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​លាស់​ខៀវ​ខ្ចី។

 អ្នក​ណាធ្វើ​អោយ​គ្រួសារ​របស់​ខ្លួន​មាន​ទុក្ខ​កង្វល់, 
អ្នក​នោះ​នឹង​មិន​ទទួល​ផល​អ្វី​ទាំង​អស់។  

 មនុស្ស​ល្ងីល្ងើ នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បំរើ​ 
របស់​មនុស្ស​មាន​ប្រាជ្ញា។ 

 អំពើ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​ ប្រៀប​បាន​នឹង​ដើម​ឈើ​ផ្ដល់​ជីវិត, 
ហើយ​អ្នក​ប្រាជ្ញ ​តែងតែ​ទាក់ទាញ​ចិត្ត​មនុស្ស។ 

 មនុស្ស​សុចរិត​ តែងតែ​ទទួល​រង្វាន់ នៅ​លើ​ផែនដី​នេះ។  
រីឯ​មនុស្ស​អាក្រក់ និង​មនុស្ស​បាប ​តែងតែ​ទទួល​ផល តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។

 
 

No comments: