អ្នកស្រឡាញ់ការចេះដឹង តែងតែចូលចិត្តទទួលការទូន្មាន។
រីឯអ្នកដែលមិនព្រមទទួលការរិះគន់ ជាមនុស្សល្ងីល្ងើ។
ព្រះអម្ចាស់ គាប់ព្រះហឫទ័យ នឹងមនុស្សសប្បុរស,
តែព្រះអង្គ ដាក់ទោសមនុស្សមានល្បិច។
គ្មាននរណាពង្រឹងអំណាចរបស់ខ្លួន ដោយអំពើឃោរឃៅបានទេ,
តែមនុស្សសុចរិត នឹងមិនត្រូវរង្គើឡើយ។
ភរិយាថ្លៃថ្នូរ តែងតែផ្ដល់កិត្តិយសអោយស្វាមី។
រីឯប្រពន្ធថោកទាប ប្រៀបដូចជាជំងឺមហារីកនៅក្នុងឆ្អឹងរបស់ប្ដី។
មនុស្សសុចរិត គិតតែពីធ្វើអ្វីដែលស្របច្បាប់។
រីឯមនុស្សអាក្រក់ គិតតែពីធ្វើអំពើល្មើសច្បាប់។
ពាក្យសំដីរបស់មនុស្សអាក្រក់ សុទ្ធតែជាអន្ទាក់សម្លាប់គេ។
រីឯសំដីរបស់មនុស្សទៀងត្រង់ តែងតែសង្គ្រោះគេវិញ។
បើមនុស្សអាក្រក់រលំ, គេគ្មាននៅសល់អ្វីឡើយ,
តែពូជពង្សរបស់មនុស្សសុចរិត នៅស្ថិតស្ថេរជានិច្ច។
មនុស្សដែលចេះត្រិះរិះពិចារណាតែងតែមានគេសរសើរ។
រីឯមនុស្សមានចិត្តវៀចវេរ តែងតែមានគេមើលងាយ។
រស់នៅជាមនុស្សសាមញ្ញ, ហើយមានអ្នកបំរើតែម្នាក់,
នោះប្រសើរជាងវាយឫកហ៊ឺហា, តែខ្វះអង្ករច្រកឆ្នាំង។
មនុស្សសុចរិត តែងតែថែទាំសត្វពាហនៈរបស់ខ្លួន។
រីឯមនុស្សអាក្រក់វិញ, គ្មានចិត្តមេត្តាករុណាទាល់តែសោះ។
អ្នកខំប្រឹងធ្វើស្រែចំការ រមែងមានអាហារបរិភោគឆ្អែត។
រីឯអ្នកចូលចិត្តព្រោកប្រាជ្ញ ជាមនុស្សខ្វះការពិចារណា។
មនុស្សពាល តែងតែលោភចង់បានទ្រព្យសម្បត្តិ របស់មនុស្សអាក្រក់។
រីឯអ្វីៗដែលមនុស្សសុចរិតធ្វើ រមែងចំរើនឡើង។
មនុស្សអាក្រក់ ជាប់អន្ទាក់ ដោយសារតែពាក្យសំដីរបស់ខ្លួន។
រីឯមនុស្សសុចរិត តែងតែរួចពីទុក្ខកង្វល់។
មនុស្សម្នាក់ៗ រកបានសុភមង្គល ដោយសារពាក្យសំដី,
ដូចគេរកប្រាក់បាន ដោយសារខំប្រឹងប្រែងធ្វើការដែរ។
មនុស្សខ្លៅ គិតស្មានថាខ្លួនប្រព្រឹត្តត្រូវ។
រីឯមនុស្សដែលសុខចិត្តទទួលយោបល់ពីអ្នកដទៃ ជាមនុស្សមានប្រាជ្ញា។
មនុស្សខ្លៅ ឆាប់ច្រឡោតខឹង។
រីឯមនុស្សឆ្លាត តែងតែចេះទប់ចិត្ត។
មនុស្សនិយាយការពិត រមែងធ្វើអោយមានយុត្តិធម៌។
រីឯសាក្សីក្លែងក្លាយ តែងតែធ្វើអោយមានអយុត្តិធម៌។
អ្នកដែលនិយាយប៉បាច់ប៉ប៉ោច តែងតែធ្វើអោយអ្នកដទៃរបួស,
ដូចចាក់មួយដាវ។
រីឯពាក្យសំដីរបស់មនុស្សមានប្រាជ្ញា ជាឱសថព្យាបាលមុខរបួស។
ពាក្យពិត នៅមានតម្លៃរហូត។
រីឯពាក្យភូតភរ ស្ថិតនៅតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។
អ្នកដែលប៉ុនប៉ងធ្វើអំពើអាក្រក់ តែងតែលាក់ចិត្តវៀចវេរជានិច្ច។
រីឯអ្នកកសាងសន្តិភាព តែងតែមានអំណរ។
គ្មានគ្រោះកាចណាកើតមានដល់មនុស្សសុចរិតទេ។
រីឯមនុស្សអាក្រក់វិញ តែងតែជួបប្រទះនឹងទុក្ខលំបាក។
ព្រះអម្ចាស់ស្អប់មនុស្សកុហក,
តែព្រះអង្គ គាប់ព្រះហឫទ័យ នឹងមនុស្សដែលកាន់ពាក្យសច្ចៈ។
មនុស្សឆ្លាត មិនលាតត្រដាងចំណេះខ្លួនទេ។
រីឯមនុស្សខ្លៅ ចូលចិត្តអួតអាង អំពីអវិជ្ជារបស់ខ្លួន។
មនុស្សឧស្សាហ៍ នឹងក្លាយទៅជាមេគ្រប់គ្រង។
រីឯមនុស្សខ្ជិលច្រអូស នឹងធ្លាក់ខ្លួនជាខ្ញុំគេ។
ការខ្វល់ខ្វាយ តែងតែធ្វើអោយមនុស្សបាក់កម្លាំងចិត្ត។
រីឯពាក្យទន់ភ្លន់ តែងតែធ្វើអោយមានអំណរឡើងវិញ។
មនុស្សសុចរិត តែងតែនាំមិត្តសម្លាញ់របស់ខ្លួនអោយដើរតាមមាគ៌ាល្អ។
រីឯកិរិយារបស់មនុស្សអាក្រក់ នាំអោយគេវង្វេងវិញ។
ព្រានកំជិល គ្មានសាច់អាំងទេ។
ចិត្តឧស្សាហ៍ ជាសម្បត្តិដ៏មានតម្លៃរបស់មនុស្ស។
នៅក្នុងផ្លូវសុចរិត មានជីវិត,
ហើយផ្លូវនេះ មិននាំមនុស្សទៅរកសេចក្ដីស្លាប់ឡើយ។
No comments:
Post a Comment