មនុស្សគិតគូរគំរោងការរបស់ខ្លួន,
តែការសំរេចស្ថិតនៅលើព្រះអម្ចាស់។
មនុស្សរមែងនឹកស្មានថា
អំពើទាំងអស់ដែលខ្លួនប្រព្រឹត្ត សុទ្ធតែត្រូវ,
ប៉ុន្តែ ព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស។
ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់,
នោះគំរោងការរបស់អ្នក មុខជាបានសំរេច។
អ្វីៗដែលព្រះអម្ចាស់ធ្វើសុទ្ធតែមានគោលដៅ,
គឺសូម្បីតែមនុស្សអាក្រក់ ក៏ព្រះអង្គបានគ្រោងទុកសំរាប់ទទួលទណ្ឌកម្ម
នៅថ្ងៃព្រះអង្គវិនិច្ឆ័យទោសដែរ។
ព្រះអម្ចាស់ មិនសព្វព្រះហឫទ័យនឹងមនុស្សវាយឫកខ្ពស់ទេ,
ព្រះអង្គពិតជាដាក់ទោសគេមិនខាន។
ព្រះជាម្ចាស់ លើកលែងទោសអោយអ្នកដែលមានចិត្តសប្បុរស
និងចិត្តស្មោះត្រង់។
អ្នកគោរពកោតខ្លាចព្រះអម្ចាស់ រមែងចៀសផុតពីអំពើបាប។
កាលណាព្រះអម្ចាស់
សព្វព្រះហឫទ័យនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់,
សូម្បីតែខ្មាំងសត្រូវរបស់គេ ក៏ព្រះអង្គផ្សះផ្សាអោយជានាគ្នាវិញដែរ។
រកបានប្រាក់តិចដោយយុត្តិធម៌
ប្រសើរជាងរកបានប្រាក់ច្រើនដោយអយុត្តិធម៌។
មនុស្សគិតគូរពីផ្លូវដែលខ្លួនត្រូវដើរ,
តែព្រះអម្ចាស់ជាអ្នកណែនាំផ្លូវ។
ស្ដេចតែងតែមានរាជឱង្ការ,
ក្នុងនាមព្រះជាម្ចាស់ទ្រង់ជំនុំជំរះក្ដីដោយឥតលំអៀង។
ជញ្ជីង
និងកូនទម្ងន់ត្រឹមត្រូវ ជាទីគាប់ព្រះហឫទ័យរបស់ព្រះអម្ចាស់,
ហើយព្រះអង្គ ក៏សព្វព្រះហឫទ័យ នឹងការលក់ដូរទៀងត្រង់ដែរ។
ស្ដេចមិនត្រូវប្រព្រឹត្តអំពើអាក្រក់ទេ,
ដ្បិតរាជសម្បត្តិអាចរឹងមាំបាន
ដោយសារសេចក្ដីសុចរិត។
ស្ដេចសព្វព្រះហឫទ័យនឹងអ្នកនិយាយត្រង់,
ហើយស្រឡាញ់អ្នកនិយាយការពិត។
សេចក្ដីក្រោធរបស់ស្ដេច
ប្រៀបបាននឹងពេជ្ឈឃាតនាំគេយកទៅសម្លាប់,
តែមនុស្សមានប្រាជ្ញា អាចទប់កំហឹងរបស់ស្ដេច។
ព្រះភក្ត្ររីករាយរបស់ស្ដេច
រមែងផ្ដល់ជីវិត,
ហើយព្រះហឫទ័យសប្បុរសរបស់ស្ដេច ប្រៀបបាននឹងទឹកភ្លៀងនៅដើមរដូវ។
ស្វែងរកប្រាជ្ញាប្រសើរជាងរកមាស;
ស្វែងរកការចេះដឹង ប្រសើរជាងរកប្រាក់។
ផ្លូវរបស់មនុស្សទៀងត្រង់ ស្ថិតនៅឆ្ងាយពីអំពើអាក្រក់។
អ្នកណាចេះប្រយ័ត្នខ្លួន,
អ្នកនោះចេះរក្សាជីវិត។
អំនួត រមែងនាំអោយអន្តរាយ;
ចិត្តព្រហើន រមែងនាំអោយវិនាស។
ដាក់ខ្លួនរស់នៅជាមួយជនក្រីក្រ
ប្រសើរជាងចែកជយភ័ណ្ឌជាមួយមនុស្សអួតអាង។
អ្នកណាចេះគិតគូរមុននឹងធ្វើកិច្ចការអ្វីមួយ,
អ្នកនោះ រមែងចំរុងចំរើន,
រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់ រមែងមានសុភមង្គល។
មនុស្សដែលចេះគិតពិចារណា
ជាមនុស្សឈ្លាសវៃ,
រីឯអ្នកដែលចេះនិយាយទន់ភ្លន់
រមែងធ្វើអោយគេទុកចិត្ត។
សុភនិច្ឆ័យ ប្រៀបដូចជាប្រភពនៃជីវិតសំរាប់អ្នកចេះគិតគូរ,
រីឯជនល្ងង់ខ្លៅត្រូវ ទទួលទោស
ព្រោះតែភាពល្ងង់ខ្លៅរបស់ខ្លួន។
មនុស្សដែលចេះពិចារណា រមែងរិះគិតមុននឹងនិយាយ,
ហើយអ្វីៗដែលអ្នកនោះនិយាយ
រមែងធ្វើអោយគេទុកចិត្ត។
សំដីទន់ភ្លន់ ប្រៀបបាននឹងទឹកឃ្មុំ,
មានរសជាតិឆ្ងាញ់ជាទីគាប់ចិត្ត,
ហើយផ្ដល់សុខភាពល្អ។
មនុស្សខ្លះយល់ថា
ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ,
ប៉ុន្តែ
នៅទីបំផុត ផ្លូវនោះ នាំទៅរកសេចក្ដីស្លាប់។
ការអត់ឃ្លាន បង្ខំអោយមនុស្សធ្វើការ
ដ្បិតក្រពះគេទាមទារ។
មនុស្សចោលម្សៀត គិតតែពីប្រព្រឹត្តអំពើអាក្រក់,
អណ្ដាតរបស់គេ ប្រៀបដូចជាភ្លើងឆេះបំផ្លាញ។
មនុស្សទុយ៌ស រមែងបង្កជំលោះ,
ហើយអ្នកអុជអាល រមែងបំផ្លាញមិត្តភាព។
មនុស្សឃោរឃៅ តែងតែបោកបញ្ឆោតមិត្តសម្លាញ់របស់ខ្លួន
ដើម្បីនាំគេអោយដើរក្នុងផ្លូវអាក្រក់។
អ្នកណាបិទភ្នែកហើយខាំបបូរមាត់,
អ្នកនោះ ក៏ដូចជាបានប្រព្រឹត្តអំពើអាក្រក់
ដែលខ្លួនគ្រោងទុករួចហើយ។
សក់ស្កូវ ជាមកុដដ៏រុងរឿង;
មានតែមនុស្សសុចរិតទេ
ដែលទទួលមកុដនេះ។
មនុស្សមិនចេះខឹង ប្រសើរជាងវីរបុរស,
រីឯមនុស្សចេះទប់ចិត្ត
ប្រសើរជាងអ្នកវាយយកបានទីក្រុងមួយ។
មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា,
ប៉ុន្តែ
គឺព្រះអម្ចាស់ទេ ដែលសំរេចអ្វីៗទាំងអស់។
1 comment:
All pieces of junky news from religion posted on Ki-Media!!!!!
Post a Comment