អ្នកណាមិនរវីរវល់នឹងអ្នកដទៃ,
អ្នកនោះ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន,
ហើយបដិសេធយោបល់ទាំងប៉ុន្មានរបស់អ្នកឯទៀតៗ។
មនុស្សខ្លៅ មិនចូលចិត្តការយល់ដឹងទេ,
គឺគិតតែចង់បញ្ចេញគំនិតខ្លួនវិញ។
ការអាក្រក់មាននៅទីណា,
ការប្រមាថក៏មាននៅទីនោះ,
ហើយទីណាមានការមាក់ងាយ, ទីនោះ ក៏មានការអាម៉ាស់មុខដែរ។
សំដីរបស់មនុស្ស មានជំរៅដូចបាតសមុទ្រ;
ប្រភពនៃប្រាជ្ញា ប្រៀបដូចជាជ្រោះទឹក
ដែលហូរចេញមកយ៉ាងខ្លាំង។
អត់អោនអោយមនុស្សពាល,
ហើយមិនរកយុត្តិធម៌អោយមនុស្សសុចរិត ជាការមិនល្អទេ។
សំដីរបស់មនុស្សខ្លៅ បណ្ដាលអោយមានការឈ្លោះប្រកែកគ្នា,
ពេលណាអ្នកនោះនិយាយ រមែងធ្វើអោយមានការវាយតប់គ្នា។
មាត់របស់មនុស្សខ្លៅ រមែងធ្វើអោយខ្លួនវិនាស,
ហើយពាក្យសំដីរបស់អ្នកនោះ
ជាអន្ទាក់សំរាប់ដាក់ខ្លួនឯង។
ពាក្យសំដីរបស់មនុស្សអុជអាល
ប្រៀបដូចជាចំណីយ៉ាងឆ្ងាញ់ជាប់ក្នុងចិត្ត។
អ្នកធ្វេសប្រហែសក្នុងការងារ
និងអ្នកបំផ្លាញការងារ ជាបងប្អូននឹងគ្នា។
ព្រះនាមរបស់ព្រះអម្ចាស់ ជាបន្ទាយដ៏រឹងមាំ
ដែលមនុស្សសុចរិត រត់មកជ្រកកោន
ដើម្បីអោយបានសុខ។
រីឯអ្នកមានវិញ គេចាត់ទុកទ្រព្យសម្បត្តិរបស់ខ្លួន ជាទីក្រុងមួយដែលមានកំពែងរឹងមាំ។
គេនឹកស្មានថា
សម្បត្តិនេះ ជាកំពែងការពារខ្លួនគេអោយបានសុខ។
ចិត្តអំនួត រមែងនាំអោយអន្តរាយ។
មុននឹងទទួលសិរីរុងរឿង តោងដាក់ខ្លួនជាមុនសិន។
អ្នកណាប្រញាប់ឆ្លើយមុននឹងស្ដាប់,
អ្នកនោះ ជាមនុស្សល្ងង់, ហើយត្រូវបាក់មុខ។
ចិត្តចង់រស់ ជួយគាំទ្រមនុស្សក្នុងគ្រាមានជំងឺ,
តែបើបាត់ទឹកចិត្តវិញ គ្មានអ្វីជួយបានឡើយ។
មនុស្សឈ្លាសវៃ រមែងរកបានចំណេះ,
រីឯមនុស្សមានប្រាជ្ញា តែងតែស្ដាប់
ដើម្បីស្វែងរកចំណេះ។
ជំនូន អាចបើកផ្លូវ អោយមនុស្ស ចូលទៅជិតអ្នកធំបាន។
ដើមចោទ តែងតែយល់ថា ក្ដីរបស់ខ្លួនត្រឹមត្រូវ,
លុះចុងចោទមកដល់, គេអោយដើមចោទនោះ បង្ហាញភស្ដុតាង។
ការស្បថស្បែ អាចបញ្ឈប់ជំលោះ,
ហើយ អារកាត់រឿងរ៉ា វរវាងអ្នកមានអំណាចផង។
ពេលបងប្អូនណាម្នាក់របួសផ្លូវចិត្ត
នោះពិបាកចូលទៅជិត
ជាងវាយយកទីក្រុងមួយ ដែលមានកំពែងរឹងមាំទៅទៀត។
រីឯជំលោះ ប្រៀបបាន នឹងរនុកទ្វារដែកមួយ។
មនុស្សអាចរកអាហារបាន ដោយសារពាក្យសំដី,
ហើយអ្វីៗដែលគេនិយាយ ធ្វើអោយគេអាចចិញ្ចឹមជីវិតបាន។
ស្លាប់ ឬរស់ ព្រោះតែសំដី។
អ្នកណាចូលចិត្តនិយាយ, អ្នកនោះ ត្រូវទទួលផលពីពាក្យសំដីរបស់ខ្លួន។
អ្នកណារកបានប្រពន្ធ ក៏ដូចជារកឃើញសុភមង្គល
ដែលជាព្រះអំណោយទាន មកពីព្រះអម្ចាស់ដែរ។
ជនក្រីក្រ តែងតែពោលពាក្យអង្វរករ,
រីឯអ្នកមាន ឆ្លើយតបទាំងគំរោះគំរើយ។
អ្នកណាមានមិត្តភក្ដិច្រើន, អ្នកនោះ រមែងកើតទុក្ខ,
តែមិត្តភក្ដិខ្លះ មានចិត្តស្មោះត្រង់ លើសបងប្អូនបង្កើតទៅទៀត។
No comments:
Post a Comment