ព្រះយេស៊ូទតឃើញមហាជនទាំងនេះ, ព្រះអង្គយាងឡើងទៅលើភ្នំ, រួចព្រះអង្គគង់នៅទីនោះ។ សិស្សនាំគ្នាចូលមកគាល់ព្រះអង្គ។ ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖
The Beatitudes
អំបិល និងពន្លឺ
«អ្នករាល់គ្នាជាអំបិល សំរាប់មនុស្សលោក។ ប៉ុន្តែ បើអំបិលបាត់ជាតិប្រៃហើយ, តើគេនឹងយកអ្វីមកធ្វើអោយប្រៃឡើងវិញបាន? អំបិលនោះ គ្មានប្រយោជន៍អ្វីទៀតទេ, គឺមានតែបោះចោលទៅខាងក្រៅ អោយមនុស្សដើរជាន់ប៉ុណ្ណោះ។
«អ្នករាល់គ្នាជាពន្លឺ សំរាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់បំបាំងក្រុងណាដែលសង់នៅលើភ្នំបានឡើយ។ គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ, គឺគេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ, ហើយចង្កៀងនោះ បំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។ ចូរអោយពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ។ គេនឹងឃើញអំពើល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត, ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ។
ព្រះបន្ទូលអំពីគម្ពីរវិន័យ
«សុំកុំនឹកស្មានថា ខ្ញុំមកលុបបំបាត់គម្ពីរវិន័យ ឬគម្ពីរព្យាការីចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ, គឺខ្ញុំមកធ្វើអោយគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាបានដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ, ដរាបនោះគ្មានក្បៀស ឬបន្តក់ណាមួយក្នុងគម្ពីរវិន័យ ត្រូវរលុបបាត់ឡើយ, គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ អ្នកណាល្មើសបទបញ្ជាតូចមួយនេះ, ហើយបង្រៀនអ្នកផ្សេងអោយធ្វើតាម, អ្នកនោះ នឹងមានឋានៈតូចជាងគេ ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្តតាមបទបញ្ជាទាំងនេះ, ហើយបង្រៀនអ្នកផ្សេងអោយប្រព្រឹត្តតាម, អ្នកនោះ នឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ ខ្ញុំសុំប្រាប់អោយ អ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នា មិនប្រសើរជាងសេចក្ដីសុចរិត របស់ពួកអាចារ្យ និងពួកផារីស៊ីទេ, អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ។
ព្រះបន្ទូលអំពីកំហឹង
«អ្នករាល់គ្នា ធ្លាប់ឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរសថា “កុំសម្លាប់មនុស្ស”។ អ្នកណាសម្លាប់គេ, អ្នកនោះ នឹងត្រូវគេផ្ដន្ទាទោស។ រីឯខ្ញុំវិញ, ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន, អ្នកនោះ នឹងត្រូវគេផ្ដន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្តាសាបងប្អូន, អ្នកនោះ នឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់កាត់ទោស, ហើយ អ្នកណាត្មះតិះដៀលគេ, អ្នកនោះ នឹងត្រូវគេផ្ដន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវិចី។
«ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់, ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនណាម្នាក់មានទំនាស់នឹងអ្នក។ ចូរទុកតង្វាយរបស់អ្នក នៅកន្លែងថ្វាយតង្វាយ, ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន, រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។
«កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក, ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម, ចៅក្រមបញ្ជូនអ្នកទៅនគរបាល, ហើយអ្នកត្រូវជាប់គុក។ ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ, អ្នកនឹងមិនរួចខ្លួនឡើយ។»
No comments:
Post a Comment