Sunday, April 01, 2012

ការ​ប្រកាន់​ នយោបាយ ​ផ្កាប់មុខ​ ទៅរក​ម្ខាងៗ ​មិន​មែន ​ជា​នយោបាយ​ ដ៏​ឆ្លាត​វៃ​នោះ​ឡើយ - Unbalanced relationship is not a smart move!


កម្ពុជា-ចិន ទំនាក់ទំនង​ដល់​កម្រិត​កំពូល​មួយ

សៅរ៍ 31 មីនា 2012
ដោយ ប៉ែន បូណា
RFI
នៅ​ពេល​ដែល​ចិន​និង​ សហរដ្ឋអាមេរិក​កំពុង​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​និយាយ​ជារួម​ និង​តំបន់​អាស៊ី​ប៉ែក​អាគ្នេយ៍​និយាយ​ដោយ​ឡែក​ ទីក្រុង​ប៉េកាំង​ត្រូវ​ការ​ចាំបាច់​សម្ពន្ធ័មិត្ត​ជិត​ស្និទ្ធ​ដូច​ជា​ កម្ពុជា ​ខណៈ​ដែល​សមាជិក​អាស៊ាន​មួយចំនួន​ជាពិសេស​វៀតណាម​ និង​ហ្វីលីពីន​ជាដើម​មាន​និន្នាការ​ទៅរក​សហរដ្ឋអាមេរិក។​ ដូច្នេះ ​ ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ឥទ្ធិពល​មហា​អំណាច​នៅ​ក្នុង​តំបន់​គឺជា​រឿង​ សំខាន់​មួយ។ ​ប៉ុន្តែ​គេគួរ​ចងចាំ​ថា​ ការ​ប្រកាន់​នយោបាយ​ផ្កាប់មុខ​ទៅរក​ម្ខាងៗ​មិន​មែន​ជា​នយោបាយ​ដ៏​ឆ្លាត​វៃ​ នោះ​ឡើយ។
លោក ​ហ៊ូ ជិនតាវ​ ( Hu Jintao )​ ប្រធានាធិបតី​ចិន​កំពុងតែ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​៤​ថ្ងៃ​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃទី​៣០​ខែ​មីនា ​ដល់​ថ្ងៃទី​២ ​ខែ​មេសា ​ឆ្នាំ​២០១២​នេះ​។​វត្តមាន​ជាលើក​ទី១​របស់​មេដឹកនាំ​កំពូល​បំផុត​នៃ​មហាយក្ស​ចិន​លើ​ទឹកដី​កម្ពុជា​ក្នុង​អំឡុង​ពេល​ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​បាន​កើត​ឡើង​ជួន​ចំ​ពេល​ដែល​កម្ពុជា​កំពុង​តែ​រៀបចំ​ជំនួប​កំពូល​អាស៊ាន​ក្នុង​ឋានៈ​ជា​ប្រធាន​ប្តូរវេន​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​ប៉ែក​អាគ្នេយ៍។​ ទស្សនកិច្ច​​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ​បាន​ផ្តល់​រូបភាព​នៃ​ទំនាក់ទំនង​កម្រិត​កំពូល​មួយ​រវាង​ទីក្រុង​ប៉េកាំង​ និង​ភ្នំពេញ​ដែល​មេដឹកនាំ​ទាំងពីរ​តែង​ចង់​បាន។

ចិន​និង​កម្ពុជា​បាន​និង​កំពុង​ពូន​ជ្រំចំណង​ទាក់ទង​របស់​ខ្លួន​ឲ្យ​ឈាន​ដល់​កម្រិត​កំពូល​មួយ។​ នេះ​ជា​ពាក្យ​ដែល​គេ​ធ្លាប់​បាន​លឺ​ជាញឹកញាប់​ចេញ​ពី​បបូរ​មាត់​របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ។ ក្តី​ប្រាថ្នា​នេះ​ហាក់​បាន​សម្រេច​ហើយ​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​មេដឹកនាំ​កំពូល​បំផុត​នៃ​ទីក្រុង​ប៉េកាំង ​គឺ​លោក​ប្រធានាធិបតី​ ហ៊ូ ជិនតាវ។


វត្តមាន​របស់​លោក​ ហ៊ូ ​នៅ​កម្ពុជា​នា​ពេល​នេះ​ប្រហែល​ជា​មិនមែន​ជារឿង​ចៃដន្យ​ឡើយ។ មិន​ចៃដន្យ​ដោយ​ហេតុ​ថា​ ម្យ៉ាង​ ដំណើរ​ទស្សនកិច្ច​នេះ​បាន​កើត​ឡើង​ចំ​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើជា​ប្រធាន​អាស៊ាន ​ជាពិសេស​ចំ​ថ្ងៃ​ដែល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បាន​ចាប់ផ្តើម​ឡើង​តែម្តង។ និង​ម្យ៉ាង​ទៀត​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​សម្រាប់​លោក​ ហ៊ូ ជិនតាវ ​មុន​ពេល​ដែល​លោក​ត្រូវ​ចាក​ចេញ​ពី​តំណែង​មេដឹកនាំ​កំពូល​នៃ​មហាយក្ស​ចិន​នា​ខែ​តុលា​ខាង​មុខ​នេះ។ នៅ​ក្នុង​បរិបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ូ ជិនតាវ ​នៅ​កម្ពុជា​នា​ពេល​នេះ​ពិតជា​មាន​អត្ថន័យ​ធំធេង​មួយ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ទំនាក់ទំនង​ចាក់​ទឹក​មិន​លិច​រវាង​ភ្នំពេញ​និង​ប៉េកាំង។ ​អ្វី​ដែល​គេ​អាច​កត់​សម្គាល់​បាន​ជា​បឋម​បំផុត​នោះ​គឺ ខុស​ពី​ជំនួប​កំពូល​នៅ​វៀតណាម ​និង​នៅ​ឥណ្ឌូនេស៊ី​ កាលពី​ដំបូង​ឡើយ​ ប្រធានបទ​ស្តីពី​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ប៉ែក​ខាង​ត្បូង​គ្មាន​ឡើយ​នៅ​ក្នុង​របៀបវារៈ​នៃ​ជំនួប​កំពូល​អាស៊ាន​នៅ​ភ្នំពេញ​(មុន​ការ​មក​ដល់​របស់​លោក ​ហ៊ូ ជិនតាវ)។

អវត្តមាន​នៃ​របៀបវារៈ​ដ៏​រសើប​មួយ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំហរ​របស់​កម្ពុជា​ដែល​ស្រប​ទៅ​នឹង​ការ​ចង់​បាន​របស់​ចិន។ ប៉ុន្តែ ទីបំផុតទៅ​ ទីក្រុង​ប៉េកាំង​បាន​សុខចិត្ត​ផ្តល់​សិទ្ធិ​ឲ្យ​អាស៊ាន​ជា​អ្នក​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ពីព្រោះ​ទោះ​ជា​គ្មាន​របៀបវារៈ​ផ្លូវការ​ក៏​ដោយ​ ក៏​បញ្ហា​នេះ​គង់តែ​ត្រូវ​គេ​លើក​មក​និយាយ​ក្នុង​អង្គ​ប្រជុំ​តែ​ដដែល​ទេ។ ​ម្យ៉ាង​ទៀត​ ប្រធាន​អាស៊ាន​នៅ​ពេល​នេះ​គឺជា​ប្រទេស​កម្ពុជា​ដែល​ចិន​ទុកចិត្ត​បំផុត។

ងាក​ទៅ​មើល​កិច្ច​សហប្រតិបត្តិការ​ខាង​វិស័យ​ពាណិជ្ជកម្ម​ និង​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ​វិញ​ក៏​កំពុង​បាញ់​ព្រួញ​ឡើង​លើ​យ៉ាង​លឿន​ណាស់​ដែរ។ ​ជាក់ស្តែង​ ទំហំ​នៃ​ពាណិជ្ជកម្ម​រវាង​ចិន​និង​កម្ពុជា ​បាន​កើន​ពី​ ២២៤ ​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០០​រហូត​ដល់​ជិត​ ២.៥០០ ​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១១​ពោលគឺ​កើន​១១​ដង​ក្នុង​អំឡុង​មួយ​ទសវត្សរ៍។ ​គិត​ត្រឹម​ចុង​ឆ្នាំ​២០១១ ​ក្រុមហ៊ុន​ចិន​ដែល​ចូល​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​មាន​ចំនួន​៣៧១​ ក្រុមហ៊ុន​ ដែល​មាន​សាច់​ប្រាក់​វិនិយោគ​ជិត​៩ ០០០​លាន​ដុល្លារ​អាមេរិក​ ផ្ដោត​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ វារីអគ្គិសនី ​កសិកម្ម​ រ៉ែ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ រោង​ម៉ាស៊ីន​កិន​ស្រូវ​ជាដើម។ ទាំង​នេះ​គឺជា​ផ្លែ​ផ្កា​នៃ​ចំណង​ទាក់ទង​យ៉ាង​ស្អិត​ល្មួត​រវាង​កម្ពុជា​ចិន​ដែល​តែង​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក​គ្រប់​កាលៈទេសៈ។

កិច្ចព្រមព្រៀង​មួយចំនួន​ទៀត​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​ ហ៊ូ ជិនតាវ ​នៅ​ពេល​នេះ។ ​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ពេញ​ចិត្ត​ជាង​គេ ​គឺ​ជំនួយ​របស់​ចិន​មិន​ដែល​ភ្ជាប់​ដោយ​លក្ខខណ្ឌ​សាំញ៉ាំ​ដូច​ជា​ជំនួយ​មក​ពី​បណ្តា​ប្រទេស​លោក​ខាងលិច​មួយចំនួន​នោះ​ឡើយ។ ​យ៉ាងណា​ក៏ដោយ​ មជ្ឈដ្ឋាន​មួយចំនួន​បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​ព្រោះ​ថា ​នៅ​លើ​លោក​នេះ​ ប្រហែល​ជា​គ្មាន​ឡើយ​ជំនួយ​ឥត​ចំណង។ នេះ​ក៏​ជា​ទស្សនទាន​មួយ​ដែល​កម្ពុជា​គួរ​ពិចារណា។

ក្រៅពី​ផល​ប្រយោជន៍​ទ្វេភាគី ​ទំនាក់ទំនង​ចាក់​ទឹក​មិន​លិច​រវាង​កម្ពុជា​ចិន​ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​ កំពុង​តែ​ស្ថិត​ក្នុង​បរិបទ​នៃ​នយោបាយ​ក្នុង​តំបន់​ និង​ពិភពលោក​ផង​ដែរ។ នៅ​ពេល​ដែល​ចិន​និង​សហរដ្ឋអាមេរិក​កំពុង​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​និយាយ​ជារួម​ និង​តំបន់​អាស៊ី​ប៉ែក​អាគ្នេយ៍​និយាយ​ដោយ​ឡែក​ ទីក្រុង​ប៉េកាំង​ត្រូវ​ការ​ចាំបាច់​សម្ពន្ធ័មិត្ត​ជិត​ស្និទ្ធ​ដូច​ជា​កម្ពុជា ​ខណៈ​ដែល​សមាជិក​អាស៊ាន​មួយចំនួន​ជាពិសេស​វៀតណាម​ និង​ហ្វីលីពីន​ជាដើម​មាន​និន្នាការ​ទៅរក​សហរដ្ឋអាមេរិក។​ ដូច្នេះ​ ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ឥទ្ធិពល​មហា​អំណាច​នៅ​ក្នុង​តំបន់​គឺជា​រឿង​សំខាន់​មួយ។ ​ប៉ុន្តែ​គេគួរ​ចងចាំ​ថា​ ការ​ប្រកាន់​នយោបាយ​ផ្កាប់មុខ​ទៅរក​ម្ខាងៗ​មិន​មែន​ជា​នយោបាយ​ដ៏​ឆ្លាត​វៃ​នោះ​ឡើយ។

No comments: