រយៈពេល៣ថ្ងៃ CCHR រកឃើញ សកម្មភាព អណាធិបតេយ្យ ដ៏ធំនៅតំបន់ ព្រៃឡង់ ដោយពុំមាន ការទប់ស្កាត់
Monday, 07 May 2012
ដោយៈសេង ផល្លាភ
DAP-News
ភ្នំពេញ៖ មជ្ឈណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) បន្ទាប់ពីបានធ្វើការ ស្រាវជ្រាវអស់ រយៈពេល៣ថ្ងៃរួមមក បានរកឃើញ នូវសកម្មភាព អាណាធិបតេយ្យ បំផ្លិចបំផ្លាញ ធនធានធម្មជាតិ ក្នុងតំបន់ព្រៃឡង់ ដែលបង្កឡើង ដោយក្រុមហ៊ុនចិន បានឃុបឃិតគ្នា ជាមួយកម្លាំង ប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ក្នុងតំបន់ នោះ ផ្ទាល់ ហើយករណីនេះដែរ CCHR សុំឲ្យមានការស៊ើប អង្កេតជាបន្ទាន់ ដើម្បីទប់ស្កាត់ សកម្មភាពទាំងនេះ។
យោងតាម របាយការណ៍ របស់មជ្ឈណ្ឌល សិទ្ធិមនុស្សកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២នេះ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ CCHR បានរកឃើញ សកម្មភាពអាណាធិបតេយ្យ ដ៏ធំនៅតំបន់ព្រៃឡង់ ដែលអាច និយាយថា ជាវិនាសកម្មធនធានធម្មជាតិ និងបំពុលផ្នែក បរិស្ថាននោះគឺ ការជីករុករករ៉ែមាស យ៉ាងអាណាធិបតេយ្យ ដោយពុំមានការ ទប់ស្កាត់។
សកម្មភាពទាំងនេះ គឺកើតឡើងនៅ ក្នុងតំបន់ព្រៃឡង់ ភាគខាងត្បូង ចំណុច ប្រសព្វពីរខេត្ត គឺខេត្តក្រចេះ និងកំពង់ធំ (២០គីឡូម៉ែត្របួនជ្រុង ជុំវិញតំបន់ភ្នំជី) មានចំណុច សោមដេប៉ូ ផ្សាតាកែវ រោងជប៉ុន រលួសតូច រលួសធំ ថ្មពួយ អន្សមផ្អូម អូរស្ពង់ អូរនាង អូរចោទ អូរអន្លុង និងកន្លែងដទៃទៀត។
យោងតាម របាយការណ៍ របស់មជ្ឈណ្ឌល សិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងទៀតថា តាមការអះអាង របស់ប្រជាពលរដ្ឋ ឈ្មោះ ខេន កេង រកស៊ីជីកមាស និងលក់ទិញនៅ ចំំណុច សោមដេប៉ូ បាននិយាយថា ម៉ាស៊ីនដែលជីកកកាយ មាសក្នុងព្រៃឡង់ បច្ចុប្បន្ននេះមាន ច្រើនណាស់ដើរ រាប់មិនអស់ទេ អាចថាមាន ប្រហែលជា ២៥០០គ្រឿង ទៅ៣០០០គ្រឿង ហើយម៉ាស៊ីនទាំងនោះ មានចាប់ពីកម្លាំង១៥ សេសឡើងទៅ។ចំពោះសកម្មករ វិញមានចំនួន រាប់ពាន់នាក់ ភាគច្រើនមកពី ខេត្តក្រចេះ គឺគ្រប់គ្រងដោយ យោធាខេត្ត និងអាវុធហត្ថខេត្ត មានឈ្មោះជា អ្នកគ្រប់គ្រង។
ក្នុងរបាយការណ៍នោះ បានអះអាង បន្ថែមថា តាមការពិនិត្យ ផ្ទាល់ និងជួបជាមួយ កម្មករ បានបញ្ជាក់ថា ក្នុងម្ចាស់អាជីវកម្ម ម្នាក់ គឺត្រូវមានអាង សម្រាប់ត្រាំរ៉ែ ពី១ ទៅ២អាង ដែលមាន ទំហំយ៉ាងតិច ៣ម៉ែត្របួនជ្រុង នៅពេលដែលត្រំាថ្មរ៉ែ ក្នុងអាងខាងលើ គឺគេត្រូវដាក់ មេអាស៊ីត (ចំនួន ពី៥០គីឡូក្រាម ទៅ១០០គីឡូក្រាម) ទៅតាមទំហំអាង និងរ៉ែ។ ក្រោយពីរំលាយរួច ទឹកអាស៊ីតទាំងនោះ បានបង្ហូរកាត់ព្រៃចុះ ទៅតាមអូរ ស្ទឹង និងទីទំនាបដែលនៅជិតៗ។ស្ថានភាពពិនិត្យជាក់ស្តែង កន្លែងដែលធ្វើរ៉ែ គឺ៧០ភាគរយ ដើមឈើងាប់ ទឹកស្ទឹងនិងអូរកង្វក់ ពុំមានសត្វរស់នៅ។
កម្មករពិការ ដៃម្ខាងម្នាក់ នៅចំណុចកំលាប់ បានអះអាងថា រយៈពេលជាង១ឆ្នាំមកនេះ ក្រុមសហគមន៍ពលរដ្ឋដែលរស់នៅចំណុចស្នងអន បានកើតជំងឺប្លែកៗ ក្រៅពីក្រុនចាញ់ គ្រុនឈាម គឺជំងឺរាគរូស ជំងឺក្រពះ-ពោះវៀន និងវិលមុខ មិនធា្លប់ជួបពីមុន។ ចំពោះក្នុងមួយរដូចៗ មានសត្វគោក្របីឈឺ និងងាប់យ៉ាងតិច៥០ក្បាល ដែលមកពីសត្វទាំងនោះផឹកទឹកអូរ ឬស្ទឹង នៅចំណុចស្ទឹងពោរោង និងភ្នំស្នងអន។
ទាក់ទងនឹងបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងសុំការបំភ្លឺពីខាងមន្រ្តីដែលជាប់ពាក់ព័ន្ធបានទេ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២នេះ។ យោងតាមរបាយការណ៍ របស់មជ្ឈណ្ឌលសិទ្ធិ មនុស្សកម្ពុជាដដែល បានសង្កត់ធ្ងន់ថា សកម្មភាពបំផ្លិចបំផ្លាញ ធនធានធម្មជាតិ និងបំពុលបរិស្ថាន ដែលមានសភាព ធ្ងន់ធ្ងរនេះ បើតាមការអះអាង ពីកម្មករខ្មែរ គឺពុំមានមន្រ្តីជំនាញ ណាមួយត្រួតពិនិត្យ និងរារាំងនោះទេ គឺពួកគេចុះជាប្រចាំខែ ប្រមូលលុយរួច ត្រឡប់ទៅវិញ។
សកម្មភាព នៃការជីកកកាយ រុករករ៉ែមាស របស់ក្រុមហ៊ុន អាណាធិបតេយ្យ ទាំងពីរខេត្តដែលកំពុង ដំណើរការបច្ចុប្បន្ននេះ គឺមានម៉ាស៊ីនជីក រ៉ែគិតជាមធ្យមមិនតិច ជាង៣០០០គ្រឿងនោះទេ ហើយជាតិពុលដែល ហូរចេញពីអាងទាំងអស់ នោះ ពុំមាននណាដឹងពិតប្រាកដថា អ្នករស់នៅជុំវិញតំបន់នោះមានប៉ះពាល់អ្វីខ្លះនោះឡើយ? ទាំងអស់នេះតម្រូវឲ្យមានការស៊ើបអង្កេតបន្ទាន់មួយ និងអន្តរាគមន៍ ទប់ស្កាត់ដ៏មាន ប្រសិទ្ធភាពពី សំណាក់រាជរដ្ឋាភិបាល៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment