Tuesday, May 08, 2012

សកម្មជន​ការពារ​ព្រៃឈើ​ ៦០០ នាក់ នឹង​ទៅ​កន្លែង​គេ​បាញ់​លោក ឈុត វុទ្ធី

(Photo: RFA/Tin Zakariya)

ដោយ ជិន ជេដ្ឋា
2012-05-08​
Radio Free Asia

តំណាង​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ និង​ក្រុម​សិទ្ធិ​មនុស្ស ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ៨ ខែ​ឧសភា​ថា ប្រជា​សហគមន៍​ព្រៃ​ឡង់ និង​សកម្មជន​ការពារ​ព្រៃឈើ​ប្រមាណ ៦០០ នាក់ មក​ពី​ខេត្ត​ចំនួន ៨ នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កោះកុង កន្លែង​ដែល​គេ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ផ្ទាល់

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ មក​ពី​ខែត្រ​ចំនួន ៤ តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់ នា​សួន​សេរីភាព ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១១។

ការ​នាំ​គ្នា​ទៅ​កាន់​ទី​នោះ គឺ​ដើម្បី​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក ឈុត វុទ្ធី។ ក្រុម​សកម្មជន​ព្រៃ​ឈើ​អះអាង​ថា នៅ​ពេល​នោះ​ពួក​គេ​នឹង​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ​ក្នុង​ការ​ចុះ​ល្បាត ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ភ្នំក្រវ៉ាញ​ភាគ​កណ្ដាល ក្នុង​គោល​បំណង​ប្រមូល​យក​ភស្តុតាង​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​នោះ

សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​ឧសភា ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី ១០ ឧសភា ខាង​មុខ​នេះ សកម្មជន​ការពារ​ធនធាន​ធម្មជាតិ ព្រមទាំង​មន្ត្រី​សិទ្ធិ​មនុស្ស​ជា​ច្រើន​នាក់ នឹង​ទៅ​ជួប​អ្នក​ឃុំ​ជី​ខ​លើ ហើយ​បន្ត​ស្នាក់​នៅ​ពេញ​មួយ​យប់​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះ​កុង។

នៅ​ថ្ងៃ​ទី ១១ ឧសភា សកម្មជន​ទាំង​នោះ​នឹង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​គេ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ដើម្បី​អុជ​ធូប និង​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក។


បន្ទាប់​ពី​នោះ ពួក​គេ​នឹង​ធ្វើ​ដំណើរ​ចូល​ព្រៃ ក្នុង​គោល​បំណង​រុករក​ភស្តុតាង​បទ​ល្មើស​ព្រៃ​ឈើ មាន​ដូច​ជា​រណា ត្រង់តឺន័រ គំនរ​ឈើ និង​ភស្តុតាង​ផ្សេងៗ ទៀត ដែល​ទាក់ទង​ទៅ​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់។ ការ​ប្រមូល​ភស្តុតាង​នេះ ត្រូវ​ចំណាយ​ពេល​មួយ ឬ​ពីរ​ថ្ងៃ ព្រោះ​ពួក​គាត់​យល់​ថា មាន​ក្រុមហ៊ុន​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ​ច្រើន។

នៅ​ថ្ងៃ​ទី ១៣ ខែ​ឧសភា ពួក​គេ​នឹង​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា លោក​នឹង​ចូលរួម និង​ដឹកនាំ​សកម្មជន​ការពារ​ព្រៃ​ឈើ​ទាំង​នោះ​ផ្ទាល់ ដោយ​ពុំ​មាន​ការ​ភ័យ​ខ្លាច​ឡើយ។

លោក អ៊ូ វីរៈ៖ «គាត់​នឹង​ចូល ហើយ​គាត់​នឹង​មើល ព្រោះ​អី​អា​ហ្នឹង​ជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​របស់​ជាតិ ហើយ​យើង​យល់​ថា អាជ្ញាធរ​ថ្នាក់​ខេត្ត​កោះកុង​ហ្នឹង គឺ​ពិបាក​ទុក​ចិត្ត​ដែរ និង​ការ​ស៊ើបអង្កេត ដែល​អត់​ត្រឹម​ត្រូវ​មួយ។ យើង​ពិបាក​នឹង​ទុក​ចិត្ត​អាជ្ញាធរ​ខេត្ត​ណាស់ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​នូវ​បទល្មើស​ព្រៃឈើ​ទាំង​ឡាយ។ អាជ្ញាធរ​ពុករលួយ​យក​លុយ​អ្នក​បំផ្លាញ គឺ​ជា​សារ​មួយ ការ​កាប់​សម្លាប់​លោក ឈុត វុទ្ធី មួយ​មិន​មែន​ជា​ការ​អាច​បិទ​មាត់​ពួក​យើង​បាន​ទាំង​អស់​គ្នា​ទេ»។

លោក ដួង ឌឺម ជា​តំណាង​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ នៅ​ពី​ខេត្ត​សៀមរាប។ លោក​មាន​ប្រសាសន៍​ថា លោក​មាន​សមាជិក​ចូលរួម​ចំនួន ៥០ នាក់​នឹង​ជិះ​ឡាន​ឈ្នួល​មក​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ដើម្បី​តាម​ដាន​បទល្មើស​ព្រៃ​ឈើ​នៅ​ទី​នោះ។

លោក ដួង ឌឺម៖ «ទៅ​នេះ​យើង​ប្រឈម​នឹង​បញ្ហា​ដែរ។ ប៉ុន្តែ ខ្ញុំ​មាន​ភាព​តស៊ូ។ បញ្ហា​រឿង​ដី​ធ្លី យើង​មាន​ការ​ប្រឈម ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​រហូត​ដល់​គេ​តាម​ចាប់​ដាក់​គុក ដាក់​ច្រវាក់ ខ្ញុំ​អត់​ខ្លាច​ផង​ហ្នឹង។ សមត្ថកិច្ច​ដែល​លោក​រារាំង​យ៉ាង​ម៉េច​ត្រូវ​តែ​មាន​ការ​តស៊ូ បើ​លោក​រារាំង​បាន​ន័យ​ថា លោក​មិន​ជួយ​ចូលរួម​ការពារ​ព្រៃ​ឈើ​ទេ មាន​តែ​ចូលរួម​ការ​បំផ្លាញ​ព្រៃ​ឈើ​ណា​បង»។

អភិបាល​ខេត្ត​កោះកុង លោក ប៊ុន លើត មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ ជុំ​វិញ​ការ​ជួប​ជុំ​គ្នា​របស់​សកម្មជន​ការពារ​ព្រៃ​ឈើ​នៅ​ពេល​នេះ។ ប៉ុន្តែ អភិបាល​ស្រុក​មណ្ឌលសីមា លោក ស៊ុន គឿន មាន​ប្រសាសន៍​ថា លោក​នឹង​ស្វាគមន៍ និង​ជួយ​សម្រួល​ដល់​ការ​ជួបជុំ​គ្នា​នេះ ប្រសិន​បើ​មាន។

លោក ស៊ុន គឿន៖ «បើ​គេ​មក​ជួបជុំ​គ្នា​ខ្ញុំ​សម្រួល​ឲ្យ​គេ​និយាយ​គ្នា ខ្ញុំ​អត់​និយាយ​ច្រើន​ទេ ឲ្យ​តែ​គេ​មក ហើយ​យើង​មក​ជួប​ជុំ​គ្នា សម្រួល​គ្នា​ទៅ កន្លែង​គេ​ប្រជុំ​គ្នា​នៅ​កន្លែង​ណា​ពិភាក្សា​គ្នា​ទៅ»។

តំណាង​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ ដែល​មក​ពី​ខេត្ត​ចំនួន ៨ គឺ​សៀមរាប ក្រចេះ ស្ទឹងត្រែង កំពង់ធំ ព្រះវិហារ ពោធិ៍សាត់ កំពង់ស្ពឺ និង​ខេត្ត​កោះកុង នឹង​ដឹកនាំ​សមាជិក​របស់​ខ្លួន​ទៅ​កាន់​ទីតាំង ដែល​លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់ ដើម្បី​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក។

លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់ នៅ​ថ្ងៃ​ទី ២៦ មេសា ឆ្នាំ ២០១២ ដោយសារ​លោក​ប្រឹងប្រែង​ការពារ​ព្រៃ​ឈើ​ពី​សំណាក់​ក្រុមហ៊ុន​កាប់​បំផ្លាញ​ព្រៃ​ឈើ៕

No comments: