Friday, May 18, 2012

រឿង តាថេន ចៅសន ឆ្នាំ២០១២

18 ខែ​ឧសភា 2012
Originally posted at: http://khmersme.wordpress.com/2012/05/18/%E1%9E%9A%E1%9E%BF%E1%9E%84-%E1%9E%8F%E1%9E%B6%E1%9E%90%E1%9F%81%E1%9E%93-%E1%9E%85%E1%9F%85%E1%9E%9F%E1%9E%93-%E1%9E%86%E1%9F%92%E1%9E%93%E1%9E%B6%E1%9F%86%E1%9F%A2%E1%9F%A0%E1%9F%A1%E1%9F%A2/

តាថេនចៅសន ដែលខ្មែរស្មេរបានរៀននៅឆ្នាំ១៩៨៧នោះ បានរៀបរាប់ពីតាបសមួយក្រុមអះ អាង ថា ជាអ្នកសាងភ្នួសពូកែសក្តិសីទ្ធ និង ចង់ជួយអ្នកភូមិឲ្យរួចផុតពីគ្រោះចង្រៃនានា។

តាថេន ត្រូវបានអ្នកនិពន្ធរៀបរាប់ថា ជាតាបសលួចផឹកស្រា ប្រហែលជាចង់ស្រីទៀត តែតាថេន បានហាមអ្នកភូមិមិនឲ្យចូលទៅតំបន់ ដែលខ្លួនកំ ពុងតាំងសមាធិទេ ព្រោះថា នឹងអាច ដាច់ សីល។

តាថេន ត្រូវ ចៅសនលួចចូលទៅ មើលឃើញថា កំពុងផឹកស្រា ស្រែកឡូឡាជាមួយគូកន ហើយទីបំផុត ចៅសន ត្រូវក្រុមតាថេនចាប់បាន រួចយកទៅធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃ បន្ទាប់ មកពួកគេ ក៏រត់ចេញពីវត្តអស់។ឯអ្នកភូមិ ដែលជឿលើបារមី របស់តាថេន ក៏នាំគ្នាជឿថា ចៅសន ពិតជាឆ្កួតមែន ព្រោះបានចូលទៅក្នុងកន្លែងព័ទ្ធសីមា។

ឥឡូវនេះ រឿងនេះ បានរីក រាលដាល ស្ទើរពេញ ផ្ទៃប្រទេស ទៅហើយ អ្នកណា ដែលដឹង រឿងច្រើន ឬតវ៉ា ចង់ឲ្យ ពលរដ្ឋ មានចំណេះ ដឹង មានលំនៅដ្ឋាន សមរម្យ ច្រើន រក យុត្តិធម៌ ច្រើន ក៏ នឹងត្រូវ គេចោទដូច ចៅសនដែរ។


ករណីបាញ់ឲ្យរបួសកម្មការិនីបីនាក់នៅស្វាយរៀង ដោយលោកឈូក បណ្ឌិត ត្រូវបានតុលាការកែប្រែបទចោទប្រកាន់ថាជា អំពើអចេតនា ហើយលោកឈូកបណ្ឌិត មិនត្រូវ បានចាប់ខ្លួន នោះទេ។ លោកឈូកបណ្ឌិត នៅតែស្ថិតនៅក្រៅឃុំ ហើយយូរៗទៅ រឿងរ៉ាវ ហាក់ចង់បង្វែរ មកចោទប្រកាន់ជនរងគ្រោះវិញ ដែលថា ពួកគេចេះតែចោទ ឬចោទដោយ គ្មានភស្តុតាង។

រឿងបាញ់សម្លាប់លោកឈុត វុទ្ធីសកម្មជនព្រៃឈើ ត្រូវបានគេរាយការណ៍ថា បានចូលទៅ កន្លែងគេដោយខុសច្បាប់ ឬដោយគ្មានការអនុញ្ញាត ហើយថា លោកឈុត វុទ្ធី មានអាវុធចាប់ ខ្លួន។ ការចោទប្រកាន់ នេះពិតជាសាកសមណាស់ ព្រោះពួកគេជាតាបស។ បើពួកគេ បង្វិល រឿង ពីសទៅជាខ្មៅ ពីខ្មៅទៅជាស ក៏គ្មានអ្នកណាហ៊ានថាអ្វីដែរ។

ឯរឿងអាជ្ញាធរ បាញ់ស្លាប់កុមារី នៅខេត្តក្រចេះ ក្នុងទំនាស់ដីធ្លី លោកអភិបាលខេត្តស ចម្រុង (ប្រហែលសែស្រឡាយលោកស ខេង)បានអះអាងថា អាជ្ញាធរមិនស៊ើបអង្កេតទេ ព្រោះ ការ ស្លាប់នេះ ជាការស្លាប់ដោយចៃដន្យ ។គ្រាប់ផ្លាតទៅត្រូវ ពួកគេក៏តាំខ្លួនថាជាតាបសទៀត ដែល គ្មានអ្នកណាម្នាក់ហ៊ាននិយាយថា ពួកគេបានធ្វើខុស ឬប្រព្រឹត្តកំហុសដោយចេតនាទេ។

គេថា តំបន់នោះ មានជនសង្ស័យចង់បង្កើតតំបន់អបគមន៍។សួរថា អ្នកណាអាចធ្វើអបគមន៍បាន បើរដ្ឋាភិបាលមិនអនុញ្ញាតទេនោះ?។តើអាជ្ញាធរដែនដី ពិតជាមិនដឹង ឬបណ្តោយឲ្យពួកគេប្រមួលគ្នារហូតរាប់រយគ្រួសារមែនឬ?។ ហេតុអ្វីពួកគេមិនទប់ស្កាត់តាំងពីការកកើតដំបូងទៅ? ចាំបាច់អីទុករហូត ប្រមូលគ្នាបានច្រើន?។ តើជាអបកំន៍អីទៅ បើគ្មានកងទ័ព គ្មានគ្រឿងសព្វាវុធ? រថក្រោះ យន្តហោះ សម្រាប់ធ្វើចម្បាំងជាដើមនោះ?។

តាម ការយល់ឃើញរបស់ខ្មែរស្មេរ ខ្មែរស្មេរគិតថា ពួកគេកំពុងតែ សម្តែងរីទ្ធ ជាតាបស ដែល ជាតួអង្គក្នុងរឿងព្រេងនោះហើយ។ ឱតាបសឆ្នាំ២០១២ តើពេលណា ទើបអ្នកផ្តល់យុត្តិធម៌ពិត ដល់ជនរងគ្រោះ ដែលកំពុងដង្ហើយហៅ ស្ទើរដាច់ខ្យល់?។

No comments: