អ្នកភូមិបឹងកក់ ទៅអង្គុយរង់ចាំ តំណាងរបស់ពួកគាត់ នៅខាងមុខសាលាដំបូងរាជធានី កាលពីពេលកន្លងមក។ រូបថត ម៉េង គីមឡុង |
ឃុត សុភចរិយា
The Phnom Penh Post
ភ្នំពេញៈ តំណាងក្រុមអ្នកតវ៉ា ក្នុងតំបន់បឹងកក់ចំនួន ៦ នាក់ នឹងឡើងទៅបំភ្លឺនៅសាលាដំបូងរាជធានី នៅព្រឹកថ្ងៃសុក្រនេះ ពាក់ព័ន្ធសំណុំរឿងចោទប្រកាន់ពីបទជេរប្រមាថ គំរាមកំហែង និងរំលោភលើសិទ្ធិបុគ្គល ប្ដឹងដោយអ្នកស្រីលី មុំ អតីតតំណាងក្រុមអ្នកតវ៉ាម្នាក់ ក្នុងតំបន់បឹងកក់ កាលពីអំឡុងឆ្នាំ ២០០៧ ដល់ចុងឆ្នាំ ២០១១។
កាលពីថ្ងៃទី ២៦ និង ថ្ងៃ ២៧ ខែមេសាឆ្នាំ ២០១២ សាលាដំបូងរាជធានី បានចេញដីកាកោះហៅឲ្យអ្នកស្រី ទេព វន្នី អ្នកស្រី ហេង មុំ អ្នកស្រី ង៉ែត ឃុន និង អ្នកស្រី ឆេង លាភ រស់នៅភូមិ ២២ អ្នកស្រី តុល ស្រីពៅ និង អ្នកស្រី ចាន់ថា (គង់ ចាន់ថា) រស់នៅភូមិ ២៤ ឲ្យចូលខ្លួនទៅបំភ្លឺ ពាក់ព័ន្ធនឹងបទចោទប្រកាន់ខាងលើ ប៉ុន្តែពួកគេ បានស្នើសុំឲ្យមានការពន្យារពេល ដើម្បីមានពេលគ្រប់គ្រាន់ស្វែងរកមេធាវីការពារ។
តំណាងម្នាក់ក្នុងចំណោម ៦ នាក់ ដែលរងការប្ដឹងចោទប្រកាន់ ពីបទខាងលើនេះ អ្នកស្រីទេព វន្នី បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ពួកគាត់ នឹងទៅឆ្លើយបំភ្លឺ នៅតុលាការ នៅព្រឹកថ្ងៃសុក្រនេះ ដោយនាំទាំងក្រដាសប្រាក់ដុល្លារមួយចំនួន ដែលគេប្រើសម្រាប់ដុតសែនខ្មោចយកទៅជាមួយ ដើម្បីដុតសែនជូនដល់ព្រលឹងខ្មោច ដែលអ្នកស្រីនឹងអ្នកភូមិជាច្រើននាក់ អះអាងថា ចូលសណ្ឋិតនៅក្នុងចិត្តរបស់អ្នកស្រីលី មុំ ផងដែរ។ អ្នកស្រីថ្លែងថា៖«យើងយល់ថា មានតែធ្វើបែបនេះទេ ទើបអាចជួយបណ្ដេញព្រលឹងខ្មោចលោភលន់ ចេញពីក្នុងចិត្តរបស់អ្នកស្រីលី មុំ បាន»។
អ្នកស្រីបានបន្ថែមថា៖«យើងរំពឹងថា តុលាការ នឹងស្វែងរកការពិត ដើម្បីផ្ដល់ភាពយុត្តិធម៌ សម្រាប់យើងខ្ញុំ»។
អ្នកស្រីលី មុំ បានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា គាត់គ្មានវិញ្ញាណខ្មោច ព្រាយបិសាចអ្វី មកសណ្ឋិតនោះទេ ផ្ទុយទៅវិញគឺគាត់ពិតជាបានទទួលរងនូវការជេរប្រមាថ រំលោភបំពានសិទ្ធិ និងគំរាមកំហែងដល់អាយុជីវិត តាមរយៈត្រាក់ ដែលគាត់អះអាងថា ជាការប្រព្រឹត្តរបស់ក្រុមអ្នកស្រីទេព វន្នី ដែលមាននៅក្នុងដៃរបស់គាត់ ទុកជាភស្ដុតាង បង្ហាញនៅតុលាការ។
អ្នកស្រីបានបន្តថា ពលរដ្ឋជាច្រើន ដែលជឿលង់នៅក្នុងការអូសទាញរបស់អ្នកស្រីទេព វន្នី ក៏បានមកជេរប្រមាថ ប្រទេចផ្ដាសា មកលើរូបគាត់ និងក្រុមគ្រួសារផងដែរ ប៉ុន្តែគាត់អាចលើកលែង និងអត់ឱនឲ្យបាន តែទោះជាបែបណាក្ដីអ្នកទាំង ៦ នាក់ ដែលគាត់បានប្ដឹងនោះ គឺគាត់មិនអាចអត់ឱនឲ្យទេ ព្រោះពួកគេ បានប្រព្រឹត្តអំពើល្មើសផ្ទុយនឹងច្បាប់។
គាត់បានបន្ថែមថា៖ «ខ្ញុំនៅតែតម្កល់ពាក្យបណ្ដឹងរបស់ខ្ញុំ និងការទាមទារសំណងជំងឺចិត្ត ពីពួកគេ ក្នុងម្នាក់ៗ ១ ម៉ឺនដុល្លារ និងស្នើឲ្យតុលាការ ដាក់ស្ថានទម្ងន់ទោសបន្ថែម ទៅលើពួកគេ ទៅតាមផ្លូវច្បាប់»។
ទោះជាបែបណាក្ដី ក្រុមអ្នកឃ្លាំមើលមួយចំនួន បាននិយាយថា ជម្លោះរវាងអ្នកភូមិ និងអ្នកភូមិខាងលើនេះ មិនមានផលចំណេញសម្រាប់ពួកគេទេ តែវានឹងផ្ដល់ផលចំណេញបន្ថែមទៀត ដល់ក្រុមមនុស្សមួយចំនួន ដែលកំពុងសម្លឹងមើលពីផលប្រយោជន៍នៃជម្លោះនេះ ។
កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ លោកហូ សិទ្ធី នាយកខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានចេញលិខិតមួយច្បាប់ដោយស្នើឲ្យលោកអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ពិនិត្យដោះស្រាយ នូវសំណើតវ៉ា ទាមទាររបស់ប្រជាពលរដ្ឋបុរីកីឡា ដែលនៅមិនទាន់បានផ្ទះ និងប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ ដែលនៅមិនទាន់បានដី និងជួយដោះស្រាយជីវភាពពួកគាត់ ដែលកំពុងតែខ្វះខាត។
លោកកើត ឆែ អនុប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ មិនអាចទំនាក់ទំនងសុំការអធិប្បាយបានទេកាលពីម្សិលមិញ ជុំវិញបញ្ហានេះ៕
No comments:
Post a Comment